សង្ខេបរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចែកជា១៦ជំពូក និងមាន១៥៨មាត្រា។ខ្ញុំបាទសូមធ្វើការសង្ខេបអត្ថន័យសំខាន់ៗតាមជំពូកនីមួយៗដូចតទៅ៖
v ជំពូកទី១: អំពីអធិបតេយ្យ (មាត្រាទី១-៦)
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ និងជារដ្ឋមិនអាចបំបែកបាន។ បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ។ ភសា និង អក្សរ ដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ។
v ជំពូកទី២: អំពីព្រះមហាក្សត្រ(មាត្រាទី៧- ៣០)
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះអង្គជាប្រមុខរដ្ឋអស់មួយជីវិត ហើយអង្គព្រះមហាក្សត្រមិនអាចមាន នរណារំលោភបំពានបានឡើយ។ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះរាជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រ ទ្រង់មានតួនាទី៖
· ធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ការគោរពសិទ្ធិ និងសេរីភាពរបស់ ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។
· ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឲ្យមានភាពទៀងទាត់។
· តែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីតាមបែបបទដែលមានចែងក្នុមាត្រា១០០។
· ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ តែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ ខ្ពស់ ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញ្ញសមត្ថភាព តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្រ្តី។
· ឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬដកហូតចៅក្រមផ្នែក យុត្តាធិការ តាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
· ប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និង ប្រកាសសង្រ្គាម
· ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ
· ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
· បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ តាមសេចក្តីស្នើពីគណៈរដ្ឋមន្រ្តី
v ជំពូកទី៣: អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ(មាត្រា៣១-៥០)
ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិការសញ្ញា ព្រមទាំង អនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និង មានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិត មិនត្រូវឲ្យ មានឡើយ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិផ្នែកសង្កម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។
v ជំពូកទី៤: អំពីរបបនយោបាយ(មាត្រា៥១-៥៥)
ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ច នូវនយោបាយអព្យាក្រឹត្យអចិន្រ្តៃយ័ និងមិនចូលបក្សសម្ព័ន្ធ។
v ជំពូកទី៥: អំពីសេដ្ឋកិច្ច(មាត្រា៥៦-៦៤)
ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្ម។ រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល និងគ្រប់គ្រងទីផ្សារ ជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
v ជំពូកទី៦: អំពី អប់រំ វប្បធម៌ និងសង្គម(មាត្រា៦៥-៧៥)
រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិត និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហ៊ានៗ ដើម្បីឲ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិសាស្រ្តឡើងវិញ។
សុខភាពរបស់ប្រជាពលរដ្ឋត្រូវបានធានា។ ប្រជារាស្រ្តក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។
v ជំពូកទី៧: អំពីរដ្ឋសភា(មាត្រា៧៦-៩៨)
រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច១២០រូប។ តំណាងរាស្រ្ត ក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងរាស្រ្តក្នុងមណ្ឌលរបស់ខ្លួននោះទេ។ អាណត្តិអាជ្ញាបញ្ជាទាំងឡាយត្រូវទុកជាមោឃៈ។ តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា។
នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់ ដំណែង។
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយការបោះឆ្នោតតាមការកោះប្រជុំ របស់ព្រះមហាក្សត្រ។ រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬ សេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិកាអចិន្ត្រៃយ៍រដ្ឋសភាកោះប្រ ជុំរដ្ឋសភាជាវិសាមញ្ញ។
រដ្ឋសភាជាអង្គការដែលមានអំណាចនីតិបញ្ញតិ្ត ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ រដ្ឋសភាមានសមត្ថកិច្ច៖
· អនុម័តថវិការជាតិ ផែនការរដ្ឋ ការឲ្យរដ្ឋខ្ចីប្រាក់ពីគេ ការឲ្យរដ្ឋឲ្យប្រាក់គេខ្ចី ការសន្យា នានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬលុបចោលពន្ធដារ។
· ឲ្យសេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល។
· អនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅ។
· អនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ ។
· អនុម័តច្បាប់ស្តីពីការប្រកាសសង្គ្រាម
· រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយ អនុម័តញត្តិស្តីបន្ទោសតាមសម្លេងពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមួល។
សមាជិករដ្ឋសភាមានសមត្ថកិច្ចៈ
· ផ្តួចផ្តើមគំនិតធ្វើច្បាប់
· ស្នើធ្វើវិសោធនកម្មច្បាប់
· ដាក់សំណួរដល់រាជរដ្ឋាភិបាល
v ជំពូកទី៨ថ្មីៈ អំពីព្រឹទ្ធសភា(មាត្រា៩៩ថ្មី-១១៥ថ្មី)
ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ សមាជិកព្រឹទ្ធសភាមានយ៉ាងច្រើនស្មើនឹងពាក់កណ្តាលសមាជិករដ្ឋសភា។ សមាជិកព្រឹទ្ធសភាចំនួនពីររូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ពីររូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និងសមាជិកឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច ៤០ ឆ្នាំមានសញ្ញាតិខ្មែរតាំងពីកំណើត។ សមាជិកព្រឹទ្ធិសភាមានអភ័យឯកសិទ្ធិសភា។ អាណត្តិនៃសមាជិកព្រឹទ្ធសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម ជាមួយមុខងារជាតំណាងរាស្ត្រ និង ជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។ ព្រឹទ្ធសភាបើកសម័យប្រជុំដំបូងហ៊ុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះរបស់ព្រះមហាក្សត្រ។ ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ដែលសម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្តីស្នើសុំពីនាយករដ្ឋមន្រ្តី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។
ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និង រដ្ឋាភិបាល។ ព្រឹទ្ធិសភាមានសមត្ថកិច្ច៖
· ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយ
· សុំឲ្យរដ្ឋសភាកែសម្រួលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់
· បដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់
v ជំពូកទី៩ថ្មីៈ អំពីសមាជរដ្ឋសភា និងព្រឹទ្ធសភា(មាត្រ១១៦ថ្មី-១១៧ថ្មី)
ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
v ជំពូកទី១០ថ្មីៈ អំពីរាជរដ្ឋាភិបាល(មាត្រា១១៨ថ្មី-១២៧ថ្មី)
គណៈរដ្ឋមន្រ្តីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំនោមតំណាងរាស្រ្តនៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើត រាជរដ្ឋាភិបាល។
មុខងងារនៃសមាជិករាជរដ្ឋាភិបាលមានវិសមិតភាពនឹងសកម្មភាពខាងវិជ្ជាជីវៈផ្នែកពាណិជ្ជកម្ម ឬឧស្សាហកម្ម និងការកាន់កាប់តំណែងណាមួយក្នុងមុខងារសាធារណៈ។
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ទទួលខុសត្រូវរួមគ្នា ចំពោះសភាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន។
គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ ឬជាប្រជុំពិនិត្យស្រាវជ្រាវ។
ជំពូកទី១១ថ្មី់ៈ អំពីអំណាចតុលាការ(មាត្រា១២៨ថ្មី-១៣៥ថ្មី)
អណាចតុលាការជាអំណាចឯករាជ្យ ដែលធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចតុលាការគ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។
មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី ហើយមានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករជ្យនៃអំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុកិច្ចការនេះ។
v ជំពូកទី១២ថ្មីៈ អំពីក្រុមប្រឹក្សាធម្មនុញ្ញ (មាត្រា១៣៦ថ្មី-១៤៤ថ្មី)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់ហើយ។ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបីត្រូវបានផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា បីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសតាំងក្នុងចំណោមឥស្សរជនដែលមានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាឡើងទៅ ខាងច្បាប់ រដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយមានពិសោធន៍ច្រើនក្នុងការងារ។
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពនឹងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធានឬអនុប្រធានគណៈបក្សនយោបាយ ប្រធានឬអនុប្រធានសហជីព្វ។
v ជំពូកទី១៣ថ្មីៈ អំពីការគ្រប់គ្រងរដ្ឋបាល(មាត្រា១៤៥ថ្មី-១៤៦ថ្មី)
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចែកចេញជា ខេត្ត និងក្រុង។ ខេត្តចែកចេញជាស្រុក ស្រុកចែកចេញជាឃុំ។ ក្រុងចែកចេញជាខ័ណ្ឌ ខ័ណ្ឌចែកចេញជាសង្កាត់។
v ជំពូកទី១៤ថ្មីៈ អំពីសមាជជាតិ(មាត្រា១៤៧ថ្មី-១៤៩ថ្មី)
សមាជជាតិបើកឲ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់ អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំណូមពរជូនដល់រដ្ឋអំណាចដោះស្រាយ។
សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។
v ជំពូកទី១៥ថ្មីៈ អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ(មាត្រា១៥០-១៥៣)
រដ្ឋធ្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និង របស់ប្រធានរដ្ឋសភាតាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឲ្យធ្វើ នៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
v ជំពូកទី១៦ថ្មីៈ អំពីអន្តរប្បញ្ញត្តិ(មាត្រា១៥៤ថ្មី-១៥៨ថ្មី)
រដ្ឋធម្មនុញ្ញនេះ ក្រោយពីបានទទួលការអនុម័ត ត្រូវបានប្រកាសឲ្យចូលជាធរមានភ្លាមដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល និងដែលសមស្របទៅនឹងផលប្រយោជន៍ជាតិ ត្រូវមានអានុភាពអនុវត្តបន្តទៅមុខរហូតដល់មានអត្តបទថ្មីមកកែប្រែ ឬលុបចោល លើកលែងតែបទបញ្ញត្តិណា ដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ។
0 យោបល់:
Post a Comment