ដកស្រង់ចេញពី សៀវភៅ
នីតិព្រហ្មទណ្ឌទូទៅ បោះពុម្ភលើកទី២ រៀបរៀងដោយ សាស្រ្តាចារ្យ រុន ពណ្ណារិទ្ធ ២០១២
របៀបធ្វើបរមាធិប្បាយ
បរមាធិប្បាយជាវិធីសាស្ត្រមួយអនុញ្ញាតឲ្យនិស្សិតពន្យល់ឲ្យបានច្បាស់
លាស់ពីចំណេះដឹងទាំងឡាយដែលខ្លួនមាន។ ប៉ុន្តែការបញ្ចេញចំណេះដឹង
ត្រូវតែគោរពទៅតាមរបៀបលំដាប់មួយជាក់លាក់
ដោយនិស្សិតត្រូវចេះរៀបចំគំនិតរបស់ខ្លួនឲ្យបានសមរម្យ និង
តាមលំដាប់លំដោយមានលក្ខណៈតក្កវិជ្ជា។
ដើម្បីធ្វើបរមាធិប្បាយមួយឲ្យបានល្អ
និស្សិតចាំបាច់ត្រូវតែគោរពដំណាក់កាលដូចខាងក្រោម ៖
- អានប្រធានបទ ៖
និស្សិតត្រូវអានប្រធានឲ្យបានច្បាស់លាស់ និង
ពិនិត្យពិច័យទៅលើពាក្យពេចន៍នីមួយៗដែលបានប្រើប្រាស់ក្នុងប្រធានបទ។
និស្សិតត្រូវព្យាយាមយល់ពីអត្ថន័យនៃប្រធានបទអ្វីដែលគេចង់ឲ្យនិស្សិតធ្វើបរមាធិប្បាយឲ្យពិតប្រាកដ។
- ផ្តល់និយមន័យលើពាក្យគន្លឹះ
៖
និស្សិតត្រូវកំណត់មើលថា តើពាក្យណាដែលជាពាក្យគន្លឹះ
ហើយកំណត់និយមន័យឲ្យបានច្បាស់លាស់តាមចំណេះដឹងដែលនិស្សិតមាន។
-
ការប្រមូលចំណេះដឹងផ្សេងៗ ៖
និស្សិតត្រូវប្រមែប្រមូលចំណេះដឹងទាំងឡាយដែលខ្លួនមាន
ហើយដែលពាក់ព័ន្ធនឹងប្រធានទាំងអស់ កត់ចំណាំលើក្រដាស ព្រាង។
-
ការតាក់តែងប្លង់ ៖
ការតាក់តែងប្លង់ត្រូវធ្វើឡើងដោយឆ្លុះបញ្ចាំងពីលំដាប់លំដោយនៃគំនិត។
គេអាចតាក់តែងប្លង់ជាពីរផ្នែក ឬច្រើនផ្នែកបាន
អាស្រ័យទៅតាមចំនួនគំនិតមាននៅក្នុងប្រធានបទ។
-
ការសរសេរបរមាធិប្បាយ ៖
បរមាធិប្បាយត្រូវសរសេរតាមរបៀបដូចតទៅ ៖
សេចក្តីផ្តើម៖ ត្រូវធ្វើឡើងក្នុងលក្ខណៈជាសាជីជ្រុង
ដោយចាប់ផ្តើមពីអ្វីដែលមានលក្ខណៈទូទៅ (លំនាំបញ្ហា)
រួចចូលអ្វីដែលមានលក្ខណៈពាក់ព័ន្ធនឹងប្រធាន បទ (ចំណូលបញ្ហា)
ដោយពុំភ្លេចពន្យល់ពាក្យគន្លឹះរបស់ប្រធានបទឡើយ។
បន្ទាប់មកទៀតនិស្សិតត្រូវធ្វើការប្រកាសប្លង់បានសេចក្តីថា
ធ្វើការប្រកាសគំនិតទាំងប៉ុន្មានដែលខ្លួននឹងធ្វើអត្ថាធិប្បាយនៅខាងក្រោម។
តួសេចក្តី៖ និស្សិតត្រូវពន្យល់
និង អត្ថាធិប្បាយគំនិតរបស់ខ្លួនទៅតាមប្លង់ដែលបានរកឃើញ។ ត្រង់ចំនុចនេះ
និស្សិតពុំត្រូវធ្វើឃ្លាភ្ជាប់សេចក្តីឡើយ
មុននឹងឆ្លងពីគំនិតមួយទៅពន្យល់គំនិតមួយទៀត។
សេចក្តីសន្និដ្ឋាន៖ និស្សិតអាចធ្វើសេចក្តីសន្និដ្ឋានក៏បានប្រសិនបើខ្លួនមានគំនិតថ្មី។
ប្រសិនបើនិស្សិតពុំមានគំនិតអ្វីថ្មីទេនិស្សិតពុំចាំបាច់ធ្វើសេចក្តីសន្និដ្ឋានឡើយ។
0 យោបល់:
Post a Comment