រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទីបី

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទីបី
        ជាងពីរទសវត្សកន្លងមកនេះមាតុភូមិកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលធំៗជាច្រើនបន្តបន្ទាប់ ដែលបានឆ្លុះ​បញ្ចាំអោយឃើញនូវវីរភាពដ៏ត្រចះត្រចង់របស់រាស្រ្តខ្មែរនៅក្នុងពលីកម្មដ៏ធំ​ធេង ដើម្បីការពារ និងស្ថាបនាប្រទេសជាតិ កសាងជីវភាពរស់នៅរបស់ខ្លួនអោយរីកចំរើន ហើយបាន​ផ្តល់​បទពិសោធន៍នានា ដ៏មានតំលៃសំរាប់ជំហានឆ្ពោះទៅមុខទៀត។ សមិទ្ធិផលនៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ថ្ងៃទី២៣ខែ តុលា ឆ្នាំ​ ១៩៩១បានផ្តល់នូវផ្លែផ្កា​ធំធេងណាស់​សំរាប់​​​ប្រទេសកម្ពុជា គឺ បានទទួលនូវសិទ្ធិ និងអធិបតេយ្យភាពពេញលេញរបស់់កម្ពុជា។
           ទោះបីនៅលើមាគ៌ាឆ្ពោះទៅរកថ្ងៃអនាគតដែលប្រកបទៅដោយក្តីសង្ឃឹមរបស់យើងក៏​ដោយ ក៏ព្រះរាជាណាចក្រកម្ពុជាយើងបានជួបនិងការលំបាកដ៏ស្មុគស្មាញជាច្រើនលើក ច្រើនសារ ក្នុងការ​បង្កើត​រាជរដ្ឋាភិបាលដើម្បីដឹកនាំប្រទេសឈានទៅរកភាពរីកចំរើន រុងរឿង។ ប៉ុន្តែទោះបីជា​យ៉ាងណាក្តី ដោយផ្អែកទៅលើមូលដ្ឋាន នៃស្មារតីស្រលាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមព្រះរាជតម្រិះដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះ​ករុណា​​​​​ព្រះបាទ នរោត្តម​ សីហនុ អតីត​ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៣  នៃរដ្ឋសភា​បានបង្កើត​ឡើង។
ប្រវត្តិនៃការកកើតរាជរដ្ឋាភិបាលនីតិកាលទីនៃរដ្ឋសភា
            .ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទីបី៣
          ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៣ជាការបោះឆ្នោតដែលរៀបចំនិងត្រួត​ពិនិត្យក្នុងក្របខណ្ឌជាតិ។ ដើម្បីអោយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នោះ យើងត្រូវតែអនុលោមទៅតាមច្បាប់មួយចំនួនសំរាប់អនុវត្តដូច​ជាៈ​
             /ច្បាប់បោះឆ្នោត
          ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសំរាប់អាណត្តិទី៣ ត្រូវបានរដ្ឋសភា​ ​​អនុម័ត​​​​ ជាឯកច្ឆ័ន្ទនៅថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ១៩៩៧ នាសម័យប្រជុំលើកទី៨ នីតិកាលទី១ត្រូវបាន​ប្រកាស់ឲ្យប្រើជា ផ្លូវការនៅថ្ងៃទី ២៦ខែធ្នូ ឆ្នាំ១៩៩៧
             /ច្បាប់ស្តីពីគណបក្សនយោបាយ
          ច្បាប់នេះត្រូវបានអនុម័តនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៨ នាសម័យប្រជុំលើកទី៨ នីតិ​កាល ទី១ និងត្រូវបានប្រកាសអោយប្រើជាផ្លូវការនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧។ គោលដៅ​សំខាន់នៃ​ច្បាប់នេះ គឺកំណត់បែបបទ និង​ លក្ខខណ្ឌនៃការបង្កើត ការចុះបញ្ជី និង ការធ្វើ​សកម្មភាព​របស់​គណបក្ស​នយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
             /ការបង្កើតឡើងនូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..)
          គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាអង្គការមួយឯករាជ្យ និង​ អព្យាក្រឹត្យមិនចំណុះអោយរាជរដ្ឋាភិបាល ឬ គណបក្សនយោបាយណាមួយឡើយ។ ភារៈកិច្ច​របស់គណៈកម្មាធិការជាតិនេះគឺទទួលខុសត្រូវធ្វើផែនការរៀបចំ និង ចាត់ចែងការបោះឆ្នោត​ទូទាំង​ប្រទេស។
           ច្បាប់នេះក៏បានអនុញ្ញាតអោយ គ.ជ.ប រៀបចំបទបញ្ជា និង នីតិវិធីផ្សេងៗដែលទាក់ទង​ទៅ​នឹង​ការដឹកនាំការបោះឆ្នោត និង ការចេញសេចក្តីណែនាំអោយមន្រ្តីបោះឆ្នោត​អនុវត្តតាម​ផងដែរ។
             /គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំបែបបទ និងនីតិវិធីបោះឆ្នោត
          ដើម្បីបំពេញភារៈកិច្ចរបស់ខ្លួន គ.ជ.ប មានគណៈកម្មាធិការខេត្ត-ក្រុងរៀប​ចំការ​បោះឆ្នោត​​(គ.ខ\ក.ប)ចំនួន២៤ និងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គ.ឃ\ស.ប)ចំនួន​១៦២១ព្រមទាំងគណៈកម្មការការិយាល័យបោះឆ្នោតចំនួន១២៨២៦នៅទូទាំងប្រទេស។
           គណៈកម្មាធិការជាតិទទួលរៀបចំការបោះឆ្នោតទទួលខុសត្រូវធ្វើការរៀបចំ និងចាត់ចែង​ការបោះឆ្នោតទូទាំងប្រទេស។ គ.ជ.ប មានសមត្ថកិច្ចពេញលេញក្នុងការអនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន។
           យោងតាមមាត្រា១៧ថ្មីនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត របៀបរបបធ្វើការរបស់ គ.ជ.ប ត្រូវកំណត់ដោយបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ស្របតាមបញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ និងតាមបទបញ្ជា។
           បេក្ខជនឈរឈ្មោះបោះឆ្នោតជាអ្នកតំណាងរាស្រ្ត ឬ សមាជិគណៈកម្មាធិការនាយក​នៃគណៈបក្សនយោបាយមិនអាចចូលរួមក្នុងសមាសភាព គ.ជ.ប ឬ គណៈកម្មការរៀបចំការ​បោះឆ្នោតគ្រប់លំដាប់ថ្នាក់បានឡើយ។
           មន្រ្តីបោះឆ្នោតទាំងអស់សុទ្ធតែបានបណ្តុះបណ្តាលរៀនសូត្រពីបែបបទ និងនីតិវិធីនៃការ​បោះឆ្នោតទៅតាមលំដាប់នៃការងាររបស់ខ្លួន។
             /ការចុះបញ្ជីគណបក្សនយោបាយ
          តាមប្រតិទិនរបស់ គ.ជ.ប សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ2003នេះគឺកំណត់យក ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០០៣ ធ្វើការចាប់ផ្តើមចុះបញ្ជីបោះឆ្នោតឆ្នាំ២០០៣បើប្រៀប​ធៀបជាមួយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ១៩៩៨ គឺមានចំនូន​តិចជាង​១៦គណបក្ស។​ដោយក្នុងនោះគឺមានគណបក្សតែ៧ទេ ដែលបានដាក់បេក្ខជនអោយចូលរួម​ប្រកួត​ប្រជែង​របស់ខ្លួន​នៅគ្រប់ចំនួន ២៤ ខេត្ត-ក្រុង ទូទាំងប្រទេស គឺ គណបក្សប្រជាជនកម្ពុជា ​គណបក្ស​ហ៊្វុនស៊ិនបិu គណបក្សសមរង្ស៊ីគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ​ គណបក្សព្រលឹងខ្មែរគណបក្ស​ប្រជាធិបតេយ្យខ្មែរ និងគណបក្សខ្មែរអង្គរ
           នៅក្នុងករណីនេះ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទ​ដែលបានកំណត់ដោយ គ.ជ.ប ហើយផ្ញើរមក គ.ជ.ប យ៉ាងយូរ ៧០ថ្ងៃមុនថ្ងៃបោះឆ្នោត
           នៅក្នុងពេលនោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រួតពិនិត្យសំរេចលើពាក្យសុំ​ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃបន្ទាប់ពីបានទទួល​​ពាក្យសុំ
           ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចេញលិខិតបញ្ជាក់ពីការចុះ បញ្ជីគណបក្ស​នយោបាយ​​ឈរឈ្មោះបោះឆ្នោតជូនគណបក្សនយោបាយ​សាមី។ក្នុងករណី​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោតយល់ឃើញថាសំណុំលិខិតរបស់គណបក្សនយោបាយនោះ ពុំបានបំពេញ​លក្ខខណ្ឌ​ណាមួយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវជូនដំណឹងទៅ​គណបក្ស​នយោបាយ​សាមីនោះវិញដើម្បីបំពេញបន្ថែម។ហើយគណបក្សនយោបាយត្រូវបំពេញ​លក្ខខណ្ឌដែលខ្វះខាត យ៉ាងយូរ5ថ្ងៃបន្ទាប់ពីសាមីuគណបក្សទទួលលិខិតជូនដំណឹង
           ក្រោយពីគណបក្សនយោបាយបានចុះបញ្ជី ហើយបានយល់ព្រមចុះឈ្មោះក្នុងបញ្ជីរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណ់កម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយ​​បញ្ជីរាយនាមគណបក្សនយោបាយ និង បេក្ខជនឈរឈ្មោះបោះឆ្នោតតាម ខេត្ត-ក្រុង គឺ នៅថ្ងៃទី​ ១៨ខែ មិថុនា ឆ្នាំ ២០០៣
           យុទ្ធនាការឃោសនាបោះឆ្នោតគឺជាដំណាក់កាលសំខាន់ និង ក្តៅគគុកមួយនៃដំណើរការ​​បោះឆ្នោត។​ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយ និង បេក្ខជន​ឈរឈ្មោះ ត្រូវផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ក្នុងមណ្ឌលរបស់ខ្លួនអំពីកម្មវិធីនយោបាយ​របស់​គណបក្សខ្លួន ដើម្បីអូសទាញសមានចិត្តប្រជាពលរដ្ឋ អោយបោះឆ្នោត​ជូនគណបក្ស​របស់​ខ្លួន។ គ.ជ.ប បានកំណត់រយៈពេល ៣០ថ្ងៃ សំរាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយ​ចាប់ផ្តើម​ពីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០៣
           ក្នុងដំណាក់កាលឃោសនាបោះឆ្នោតយើងសង្កេតឃើញថា មានតែគណបក្សនយោបាយ​ធំៗបីទេ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនបិច និង គណបក្សសមរង្ស៊ី ប៉ុណ្ណោះ ដែលមានសកម្មភាពយ៉ាងគគ្រឹតគគ្រេងរៀងរាល់ថ្ងៃ ចំណែកឯ គណបក្សដទៃទៀតហាក់ដូចជាពុំ​សូវមានសកម្មភាពឃោសនាប៉ុន្មានទេ។
           ដោយឡែកគណបក្សនីមួយៗបានបើកយុទ្ធនាការឃោសនារកសំលេងឆ្នោតតាមរូបភាព​ធ្វើមេទ្ទិញប្រមូលផ្តុំតាមការជួបប្រជុំជាក្រុមតូចៗ តាមការឃោសនាចល័តដោយប្រើឃោសនស័ព្ទ តាមការបិទផ្សាយ តាមទីប្រជុំជន តាមដើមឈើ និងមានការហែរក្បួនយ៉ាង​គគ្រឹតគគ្រេង​ទៀតផង។ ជារួមមកគេអាចវាយតំលៃបានថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះ​ប្រព្រឹត្ត​ទៅបាន​យ៉ាងល្អប្រសើរដោយគ្មានការបំភិតបំភ័យ គ្មានអំពើហឹង្សា និង ធានាបាននូវសណ្តាប់ធ្នាប់ និង របៀបរៀបរយល្អ។
            .​ ការសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការប្រកាសលទ្ធផលបោះឆ្នោត
          ក្រុមប្រឹក្សាធម្មនុញ្ញរួមទាំងសមាជិក  រូបទៀត ក្នុងនោះ ៣រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ៣រូប ទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា ព្រមទាំង៣រូប ទៀតត្រូវបាន​ជ្រើសតាំងដោយ ឩត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងនោះគឺ ឯកឩត្តម ប៊ិន ឈិន ជាប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន បីថ្ងៃជាប់គ្នាគឺថ្ងៃ​ទី២៥២៦ ២៧ ខែ សីហា    ឆ្នាំ ២០០៣ ហើយបានចេញសេចក្តីសំរេចបដិសេធបណ្តឹង​របស់​ស្តេច​ក្រុមឃុននរោត្តម សិរីវុឌ្ឍ ដែល​ជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច ប្តឹងពី គ.ជ.ប បណ្តឹងរបស់ឯកឩត្តមញឹក ប៊ុនឆៃ ដែលជា​អគ្គលេខាធិការរងគណបក្សហ៊្វុនស៊ិនប៉ិច ប្តឹងពី គ.ជ.ប និងបណ្តឹងរបស់ឯកឩត្តមសម រង្ស៊ី ប្រធាន​គណបក្សសមរង្ស៊ី ប្តឹងតវ៉ាអំពីលទ្ធផលបណ្តោះ​អាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​​​នៅឆ្នាំ ២០០៣ នេះ ហើយក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សំរេច​តំកល់សេចក្តីសំរេចរបស់ គ.ជ.ប ទុកជាបានការនិង សំរេចជាស្ថាពរបិទផ្លូវតវ៉ា។
           ផ្អែកតាមសេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប ក៏បានប្រកាសលទ្ធផលជាផ្លូវការ​​នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០៣។តាមលទ្ធផលនៃការបោះឆ្នោត និងផ្អែកលើច្បាប់ស្តីពីការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និង នីតិវិធីរបស់ គ.ជ​.ប បានសំរេច​​បែងចែកអាសនៈក្នុង​មណ្ឌល​នីមួយៗតាមលទ្ធផលនៃការបោះឆ្នោត សំរាប់អាសនៈ​ទាំង​១២៣ ក្នុងរដ្ឋសភាដូចតទៅៈ
           -គណបក្សប្រជាជនកម្ពុជាទទួលបាន ៧៣អាសនៈ គឺមានបេក្ខជនជាប់ឆ្នោត ៧៣នាក់ដោយ​ទទួល បានសំលេងគាំទ្រ ២ ៤៤៧ ២៥៩សំលេង ស្មើនឹង ៤៧.៣៥%
           -គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២៦អាសនៈ គឺមានបេក្ខជនជាប់ឆ្នោត​ ២៦នាក់ដោយ​ទទួល​បាន​សំលេងគាំទ្រ  ០៧២ ៣១៣សំលេងស្មើនឹង ២០.៧៥%
          -គណបក្សសមរង្ស៊ីទទួលបាន ២៤ អាសនៈគឺមានបេក្ខជនជាប់ឆ្នោត ២៤នាក់ដោយទទួល​បាន សំលេង គាំទ្រ​ ១៣០​ ​៤២៣ សមេ្លងស្មើនឹង២១.៨៧%​។ ចំពោះគណបក្សផ្សេងទៀត ពុំមាន​សមេ្លងគ្រប់គ្រាន់ ក្នុងការទទួលអាសនៈនៅតាមមណ្ឌលនីមួយ ដែលខ្លួនបាន​ឈរឈ្មោះ​នោះទេ។
ការព្រមព្រៀងបង្កើតរដ្ឋាភិបាល​​
        ក្រោយពីគជប​ បានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាផ្លូវការរួច គណបក្សហ្វុនស៊ិនប៉ិច និង គណបក្សសមរង្ស៊ី បានបដិសេធមិនទទួលស្គាល់លទ្ធផលនេះទេ។ គណបក្សទាំងពីរបានរួមគ្នាបង្កើតនូវ​ «សម្ព័នភាពអ្នកប្រជាធិបតេយ្យ» មួយដែលមាន សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ​ជាប្រធាន និង​ លោក សម​ រង្ស៊ី ជាអនុប្រធាន។
        នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៣ ព្រះករុណាព្រះបាទ នរោត្តម សីហនុ​​​​ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារកោះប្រជុំរដ្ឋសភាជាតិកម្ពុជាជាលើកដំបូង ដែល​បានគ្រោងនឹងធ្វើនៅថ្ងៃទី២៥ឬ២៦ឬ២៧ ខែកញ្ញា ឆ្នាំ២០០៣
        នៅថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០០៣ ពិធីសម្ភោធបើកសម័យប្រជុំនីតិកាលទី៣ ក្រោម​អធិបតីភាព របស់សម្តេច ជា ស៊ីម ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា អតីត​ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានតែសមាជិក សមាជិកានៃគណបក្ស​ប្រជាជនកម្ពុជា៧៣រូបប៉ុន្នោះ មានវត្តមានចូលរួម ចំពោះគណបក្សហ៊្វុន​ ស៊ិនប៉ិច និង គណបក្សសម រង្ស៊ី ដែលមានសមាជិក៥០រូប ធ្វើពហិកាមិនចូលរួមឡើយ។​​ ក្នុងឳកាសនោះក៏មាន អង្គទូត អង្គការអន្តរជាតិ មួយចំនួនបានចូល អង្គេតការណ៍ផងដែរ។
        នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០០៣ តបតាមការអញ្ជើញរបស់ព្រះករុណា តំណាងរាស្រ្ត​ទាំង១២៣ រូបបានយាង និង អញ្ជើញប្រារពពិធីស្បថសច្ចាប្រណិធាន នៅមុខព្រះស្វេតច្ឆ័ត្រ នៅ​ក្នុង​ប្រាសាទ ទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្រោមរាជាធិបតី ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ នរោត្តមសីហនុ និង ព្រះរាជវត្តមានរបស់សម្តេចព្រះសង្ឃរាជទាំងពីគណៈ​​គឺសម្តេចព្រះ​សុមេធាធិបតី ទេពវង្សសម្តេច ព្រះសង្ឃរាជគណៈមហានិកាយ និង សម្តេចព្រះសុគន្ធាធិបតី ​ប៊ូគ្រី សម្តេចព្រះ​សង្ឃរាជ​គណៈធម្មយុទ្ធិកនិកាយ។ ប៉ុន្តែទោះបីជាបានធ្វើសច្ចាប្រណិធានរួចហើយ​ក៏ដោយ ក៏រដ្ឋសភាជាតិពុំ បានដំណើរការឈានទៅរៀបចំរចនាសម្ព័នដឹកនាំទេ។​ ភាពជាប់គាំង​ផ្នែកនយោបាយបានបន្តអស់រយៈពេល១១ខែ បន្ទាប់ពីការបោះឆ្នោត មុននឹងរដ្ឋាភិបាលនីតិកាល​ទីបី នៃរដ្ឋសភាបានបង្កើតចេញ ជារូបរាងពេញលក្ខណៈ។នេះក៏ដោយសារតែកង្វះឆន្ទៈ​នយោបាយ​​​របស់គណបក្សនយោបាយទាំងបី។

ការចរចារលើពិធីសារ
        ដោយឃើញថារដ្ឋសភាជាតិមិនអាចដំណើរការបាន​ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៣ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានផ្ញើររាជសារអញ្ជើញមេដឹកនាំគណបក្សប្រជាជនកម្ពុជា មាន សម្តេច ជា ស៊ីមជាប្រធាន​ និង​ សម្តេច ហ៊ុន​ សែន​ ជាអនុប្រធាន មេដឹកនាំគណបក្ស ហ៊្វុន ស៊ិនប៉ិច មាន សម្តេចក្រុមព្រះ នរោត្ត រណឬទ្ធិ ជាប្រធាន មេដឹកនាំគណបក្ស សមរង្ស៊ី មានលោកសម រង្ស៊ី ជាប្រធាន​ មកជួបប្រជុំកំពូលជាមួយព្រះអង្គ នៅថ្ងៃពុធ​ ទី៥ ខែវិច្ឆកា ឆ្នាំ២០០៣នៅម៉ោង ៨ព្រឹក​ ក្នុងព្រះបរមរាជវាំង។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដោះ​ស្រាយភាព​ជាប់គាំងផ្នែក នយោបាយដែលបានជាប់គាំអស់ជាច្រើនខែមកហើយនោះ។​ កិច្ចប្រជុំកំពូលេនេះ​បាន​ប្រារព្វធ្វើនៅ ប្រាសាទ សិរីមង្គល ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១៣រសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា​ និង វត្តមានចូលរួមពីគណៈបក្សធំៗទាំងបីគឺ គណបក្សប្រជាជនកម្ពុជា មាន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន​ លោក  ខេងលោក សាយ ឈុំ លោក ប្រាក់ សុខុន លោក ឳម យិនទៀង និង​ លោក ម៉មសារិន ជាលេខាកត់ត្រានៃកិច្ចប្រជុំសម្រាប់គណបក្សប្រជាជនកម្ពុជា។ គណៈបក្សហ៊្វុន ស៊ិនប៉ិច មានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សម្តេចក្រុមឃុន នរោត្តម​ សិរីវុឌ្ឍ លោក​ កុលផេង លោក ស៊ុន​ ចាន់ថុល និង លោក គង់ វិបុល ជាលេខាគណបក្ស។ គណបក្សសម រង្ស៊ីមាន លោក សម រង្ស៊ី លោក​ អេង ឆៃអ៊ាង លោក អ៊ូ ប៊ុនឡុង លោកស្រី ជូឡុងសូម៉ារ៉ា និង​ លោក អ៊ឹង ប៊ុនអាង ជាលេខាកត់ត្រារបស់គណបក្ស។​ លទ្ធផលនៃកិច្ចប្រជុំមានចេញសេចក្តីថ្លែងការរួមមួយដែល​មាន​បី​ចំនុចសំខាន់់ៗគឺៈ
-          គណៈបក្សប្រជាជនកម្ពុជា ថ្វាយតំណែងជាព្រះប្រធានរដ្ឋសភាដល់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ តែអនុប្រធានពិររូបមកពីគណបក្សប្រជាជនកម្ពុជា។
-          រៀបចំរាជរដ្ឋាភិបាលមានបីគណបក្ស ហើយគណបក្សប្រជាជនស្នើតែងតាំងសម្តេចហ៊ុន សែន​ ជាបេក្ខភាពនាយករដ្ឋមន្រ្តី។
-          គណបក្សទាំងបីបានឯកភាពគ្នា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កើតឲ្យមាន​អនុប្រធាន​ទីបី នៃរដ្ឋសភាដៃលទទួលដោយគណបក្សសមរង្ស៊ី
ប៉ុន្តែមួយថ្ងៃក្រោយមក ខ្លឹមសារនៃជំនួបកំពូលនេះ ហាក់បីដូចជាត្រូវបានស្លាប់ទៅ​ដោយ​ហេតុ​ថា អ្នកនយោបាយគណបក្សហ៊្វុន ស៊ិនប៉ិច និង គណបក្សសមរង្ស៊ី បានប្រកែកថាខ្លួនពុំបានធានាចំពោះបេក្ខភាពនាយករដ្ឋមន្រ្តីរបស់សម្តេច ហ៊ុន សែន ទេ ដែលករណីនេះបង្កើតឲ្យមាន​បញ្ហាឡើង។
នៅថ្ងៃទី២៨ខែវិច្ឆកា ថ្ងៃទី៤ធ្នូ និងថ្ងៃទី៦ធ្នូ មានកិច្ចប្រជុំបច្ចេកទេសរបស់គណបក្ស នយោបាយទាំងបី ក្រោមអធិបតីភាពរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ប៉ុន្តែពុំបាន​សម្រេច លទ្ទផលអ្វីទេ។ ដោយគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យរៀបចំបោះឆ្នោតជាកញ្ចប់ សម្រាប់ជ្រើស រើសថ្នាក់ដឹកនាំ រដ្ឋសភា និង​ រាជរដ្ឋាភិបាល ដើម្បីធានាការជឿទុកចិត្តគ្នា។ រីឯគណបក្សហ៊្វុន ស៊ិនប៉ិចនិង​ គណបក្សសមរង្ស៊ី វិញស្នើឲ្យពិភាក្សាលើកម្មវិធី​នយោបាយ​ជាមុនសិន។ តែទោះជាយ៉ាងណាក្តី​ គណបក្សទាំងបីបានព្រមព្រៀងគ្នា នឹងចូលរួម​កិច្ចប្រជុំសភាលើកទីមួយ នីតិកាលទី៣ ដែល​កោះ​ប្រជុំដោយព្រឹទ្ធសមាជិកសភា។ កិច្ចប្រជុំនេះបានធ្វើឡើងនៅ​ថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០០៣ ក្រោម អធិបតីភាព លោកជា​ សុទ្ធជាព្រឹទ្ធសមាជិកសភា និងមានវត្តមានសមាជិក សមាជិកា អ្នកតំណាងរាស្រ្តពីគណបក្សទាំងបីដែលមានអសនៈក្នុង​សភា ទាំងអស់១១៨រូប
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៤ ក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុន​​ស៊ិនប៉ិច បានបើកកិច្ចប្រជុំដំបូងមួយ។​ ​របៀបវារៈនៃកិច្ចប្រជុំរួមមានចំនួនបីៈ
·         ពិភាក្សាពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចម្រុះ
·         ពិភាក្សាលើពិធីសារនៃកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងគណបក្សទាំង ពីរ​​ គឺ គណបក្សប្រជាជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច
·         ពិភាក្សាអំពីរចនាសម្ពន្ធដឹកនាំរដ្ឋសភា និង រាជរដ្ឋាភិបាល។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤គណបក្សប្រជាជនកម្ពុជា តំណាងដោយ សម្តេចជា ស៊ីម ជាប្រធានគណបក្ស សម្តេច ហ៊ុន សែន ជាអនុប្រធានគណបក្ស និង គណបក្សហ៊្វុនស៊ិនប៉ិច តំណាងដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទ្រង់ជាព្រះប្រធានគណបក្ស បានប្រារព្ធពិធី ឡាយព្រះហស្ថលេខា ចុះហត្ថលេខា ជាផ្លូវការលើពិធីសារនៃកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាវគណបក្សប្រជាជនកម្ពុជា និង​គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រព្រឹត្តទៅ នៅមន្ទីរព្រឹទ្ធសភា នៃព្រះរាជាណាចកកម្ពុជា ដោយបានព្រមព្រៀងគ្នាដូចខាងក្រោមៈ​
·         លើគោលការជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការលើកម្មវិធីនយោបាយៈ
-          គណបក្សទាំងពីរ បានឯកភាពគ្នា ជ្រើសរើសយកនីតិវិធីនៃការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងរចនាសម្ពន្ធដឹកនាំរដ្ឋសភា និង ផ្តល់ការទុកចិត្តដល់ រាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៣ នៃរដ្ឋសភាក្រោមអធិបតីភាពព្រឹទ្ធសមា ជិកនៃរដ្ឋសភា ក្នុងស្មារតីធានាដំណើរការ ជាប្រក្រតីនៃស្ថាប័នរដ្ឋ។
-          គណបក្សទាំងពីរបានចាត់ទុក កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែល គណ​បក្ស​ទាំងពីរបាន​ ឯកភាកគ្នារួចហើយនោះ ជាមួលដ្ឋាន នៃកិច្ចសហ​ប្រតិ​បត្តិការ​​​​រវាងគណបក្សទាំងពីរ។
-          គណបក្សទាំងពីរបានឯកភាពគ្នា ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើស​តាំងតំណាងរាស្រ្ត និង​ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ រួមទាំងការកែសម្រួលសមាសភាព នៃគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
-          គណបក្សទាំងពីរបានឯកភាពគ្នារៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយដយយឲ្យរដ្ឋសភាពិនិត្យ និង អនុម័តឲ្យបានក្នុងឆ្នាំ២០០៥
·         ចំពោះស្ថាប័នកំពូលទាំងបី
v  ព្រឹទ្ធសភា
-          គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រប្រធានព្រឹទ្ធសភាមកពី គណបក្សប្រជាជនកម្ពុជា​គឺ សម្តេច ជា ស៊ីម
-          គណបក្សទាំងពីរគាំទ្រ អនុប្រធានពីររូប មាកពីគណបក្សហ៊្វុនស៊ិនប៉ិច
-          គណបក្សទាំងពីរបានឯកភាពគ្នាបែងចែក គណកម្មការនៃព្រឹទ្ធសភាដោយ​គណ​បក្សប្រជាជនកម្ពុជាទទួលជាប្រធាន គណកម្មការ៥ រីឯ គណបក្សហ៊្វុនស៊ិនប៉ិចទទួលជាប្រធាន គណកម្មការ៣និង គណបក្សសម រង្ស៊ីទទួលជាប្រធានគណកម្មការមួយ
v  រដ្ឋសភា
-          គណបក្សប្រជាជនកម្ពុជា​គាំទ្រសម្តេចក្រុមព្រះ នរោត្ត រណឬទ្ធិ ព្រះ​ប្រធាន​​​​​គណបក្សហ៊្វុនស៊ិនប៉ិច ជាប្រធានរដ្ឋសភា។
-          គណបក្សទាំងពីរគាំទ្រអនុប្រធានរដ្ឋសភាពីររូប មកពីគណបក្សប្រជាជនកម្ពុជា
-          គណបក្សទាំងពីរឯកភាពគ្នា បែងចែកគណកម្មការរដ្ឋសភាដោយ គណ​បក្ស​ប្រជាជនកម្ពុជាទទួលជាប្រធានគណកម្មការ៥ គណបក្ស​ហ៊្វុនស៊ិនប៉ិចទទួលជាប្រធានគណកម្មា៣និង គណបក្សសមរង្ស៊ីទទួលជា​ប្រធានគណកម្មការមួយ តែជាក់ស្តែងគណបក្សសមរង្ស៊ីពុំទទួលបាន តំណែងជាប្រធានគណកម្មការនៃរដ្ឋសភា តាមការព្រមព្រៀងនេះទេ គឺ គណបក្សហ៊ុនស៊ិនប៉ិចយកទាំងអស់

v  រាជរដ្ឋាភិបាល
-          គណបក្សហ៊ុនស៊ិនប៉ិច គាំទ្រ សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃរាជ រដ្ឋាភិបាលអាណត្តិទីបី
ការបោះឆ្នោតទុកចិត្តរបស់រដ្ឋសភា
          នៅព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០០៤រដ្ឋសភាជាតិបានដំណើរការប្រជុំបន្តលើកទីមួយ នីតិ កាលទីបី ក្រោមការដឹកនាំរបស់លោក ជា សុទ្ធ ជាព្រឹទ្ធសមាជិករដ្ឋសភា ដោយមានវត្តមាន​តំណាងរាស្ត្រចំនួន៩៦រូប។ របៀបវារៈសំខាន់ក្នុងកិច្ចប្រជុំនេះ គឺ ពិនិត្យ និង អនុម័តលើសេចក្តី ស្នើច្បាប់់ធម្មនុញ្ញបន្ថែម។ ក្នុងការប្រេជុំនេះ គណបក្សសមរង្ស៊ី បានធ្វើពហិការមិនចូលរួមប្រជុំ ឡើយ ដោយយល់ឃើញថា ការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមនេះ វាគ្មានប្រយោជន៍ ហើយវាផ្ទុយនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ទៀតផង។ អង្គប្រជុំបានអនុម័តដោយសម្លេងគាំទ្រជាឯកច្ឆ័ន្ទគឺ ៩៦លើ៩៦សម្លេង។
        ក្រោយពេលដែលរដ្ឋសភាបានអនុម័តរួចហើយ ច្បាប់ធម្មនុញ្ញបន្ថែមនេះ បានបញ្ជូនទៅឲ្យ ព្រឹទ្ធសភា ហើយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៤ព្រឹទ្ធសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បី ពិភាក្សា និង អនុម័តលើច្បាប់ធម្មនុញ្ញបន្ថែម ក្រោមអធិបតីភាពរបស់លោក ញឹក ប៊ុនឆៃ ជាប្រធាន ព្រឹទ្ធសភាស្តីទី។​ សម័យប្រជុំបានអនុម័តយល់ព្រមក្នុងសម្លេង ៤៨ លើ​ ៤៩ គាំទ្រ​ចំពោះ​​សេចក្តីស្នើច្បាប់ធម្មនុញ្ញបន្ថែម ក្រោយពេលដែលសេចក្តីស្នើច្បាប់់ ត្រូវបានព្រឹទ្ធសភា​ពិនិត្យ និង អនុម័តរួច ហើយគឺមានការប្រទាញប្រទង់ទៅលើការចុះហត្ថលេខា ប្រកាសឲ្យប្រើ​ច្បាប់​នេះ ពីព្រោះនៅពេល នោះអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះទ្រង់គង់ប្រថាប់​នៅទីក្រុង ព្យុងយា់ងនៃសាធារណរដ្ឋ កូរ៉េ ដែលនៅពេលនោះសម្តច ជា ស៊ីម ជាប្រមុខ​រដ្ឋស្តីទី។ដោយសារអតីតព្រះមហាក្សត្រពុំព្រម ឡាយព្រះហស្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យ​ប្រើ​ច្បាប់ធម្មនុញ្ញបន្ថែមនេះ ចំណែកឯសម្តេច ជា ស៊ីម វិញក៏សុំច្បាប់ពីព្រះករុណា ទៅ ព្យាបាលរោគនៅឯប្រទេសថៃ ដែលមានរយៈពេលពីមួយសប្តាហ៍ទៅពីរសប្តាហ៍។ ក្រោយពេល ដែលសម្តេច​ ជា ស៊ីមបានចាកចេញពីប្រទេសកម្ពុជាទៅ តួនាទីប្រមិខរដ្ឋស្តីទី ត្រូវបានប្រគល់ឲ្យ លោក ញឹក ប៊ុនឆៃ។​ ក្រោយពីលោក ញឹក ប៊ុនឆៃ មានទួនាទីជាប្រមុខរដ្ឋស្តីទី គឺនៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០០៤ លោកក៏បានចុះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់​ច្បាប់ធម្មនុញ្ញបន្ថែម
រចនាសម្ពន្ធរបស់រាជរដ្ឋាភិបាលអាណត្តិទី៣
.​​​ រចនាសម្ពន្ធរដ្ឋបាលកណ្ដាល
  .រដ្ឋបាលកណ្ដាល
​    រដ្ឋបាល​​ថ្នាក់កណ្ដាល ​មានពីរលំដាប់ថ្នាក់។​លំដាប់ទីមួយ​ គឺលំដាប់ថ្នាក់​ រដ្ឋាភិបាល​  លំដាប់ទីពីរ​ គឺលំដាប់ថ្នាក់ក្រសួងនិង​ រដ្ឋលេខាធិការ។
                    ..ទីស្ដីការគណៈរដ្ឋមន្រ្តី
​​                   ទីស្ដីការគណៈរដ្ឋមន្រ្តីមានស្ថាប័នបួន ដែលជាចំណុះរួមមាន​ គណៈរដ្ឋមន្រ្តី​  គណៈ​កម្មាធិការ​​អន្តរក្រសួង  អគ្គលេខាធិការនៃរដ្ឋាភិបាល និង ក្រុមប្រឹក្សាអ្នកច្បាប់
. គណៈរដ្ឋមន្រ្តី
នៅក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលមានទីស្តីការគណៈរដ្ឋមន្រ្តីមួយដែលជាស្ថាប័នរដ្ឋបាល របស់រាជ​រដ្ឋា​ភិបាល  រាជរដ្ឋាភិបាលគ្រប់គ្រង បញ្ជា ប្រើប្រាស់​យោធា​ នគរបាល កងកំលាំង​ប្រដាប់​អាវុធផ្សេងៗនិង រដ្ឋបាលសាធារណៈ ក្នុងការធ្វើសកម្មភាពរបស់ខ្លួន​ 
      ទីស្តីការគណៈរដ្ឋមន្រ្តីជាស្ថាប័នរដ្ឋបាលរបស់រដ្ឋាភិបាល ដែលមាន​សមត្ថកិច្ចសំរបសំរួលដឹកនាំកិច្ចការទូទៅរបស់រាជរដ្ឋាភិបាលអោយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែល
រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
         គណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទីបីនៃរដ្ឋសភា    មានសមាជិកទាំងអស់ ១៧១ រូប
នៅក្នុង ២៦ក្រសួងនិង  រដ្ឋលេខាធិការដ្ឋាន។
                                                . គណៈកម្មាធិការអន្តរក្រសួង
            គណៈកម្មាធិការអន្តរក្រសួង ចាត់ចែងឡើងដោយព្រះរាជក្រឹត្យដែលមានភារកិច្ចសម្របសម្រួលតាមរយៈអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល ធ្វើឲ្យសកម្មភាព របស់រាជរដ្ឋាភិបាល ដំណើរការបានក្នុងផ្នែកណាមួយសំខាន់ ដូចជា កិច្ចការសហប្រតិបត្តិការសេដ្ឋកិច្ច រៀបចំដែនដីជាដើម។
          ដោយស្ថិតនៅក្រោមឪវាទរបស់នាយករដ្ឋមន្រ្តី និង ត្រូវបានដឹកនាំដោយ អគ្គលេខាធិការ១ រូបនិង អគ្គលេខាធិការរងជាច្រើនរូប  អគ្គលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាល​ មានតួនាទីក្នុងការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលអនុមត័រួចហើយ និងផ្សព្វផ្សាយរាល់សេចក្តីសម្រេច នានារបស់រាជរដ្ឋាភិបាលផងដែរ ដូចជាការតែងតាំង មន្រ្តីជាន់ខ្ពស់ស៊ីវិល និង​ យោធា ព្រមទាំង សារាចរសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។
                        ក្រុមប្រឹក្សាអ្នកច្បាប់
            ក្រុមប្រឹក្សាអ្នកច្បាប់ មានតួនាទីសិក្សា បង្កើត និង ពិនិត្យមើលវិធានការ និង​បទបញ្ជា រដ្ឋបាលដែលទាក់ទងនឹងការប្រព្រឹត្តទៅនៃ រាជរដ្ឋាភិបាល និង ជាទីប្រឹក្សាច្បាប់ឲ្យគណៈរដ្ឋមន្រ្តីរួមមានការតាក់តែង សេចក្តីព្រាងច្បាប់ វិធាន និង បទបញ្ជានានា និង ពិនិត្យឡើងវិញនូវវិធានច្បាប់នានា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិនានា ដែលបានដាក់ជូនរាជរដ្ឋាភិបាល។

               .. ទីស្ដីការក្រសួង និង រដ្ឋលេខាធិការដ្ឋាន
      តាមន័យទូលាយ ក្រសួង ឬ   រដ្ឋលេខាធិការដ្ឋានសុទ្ធតែជាអង្គការដែលរោបចំឡើងនូវសេចក្តី
សំរេចរដ្ឋបាលឬជាអង្គការអនុវត្តភារកិច្ចរដ្ឋបាលនៅក្នុងផ្នែកដោយឡែកណាមួយ។ចំនួនក្រសួង និងរដ្ឋលេខាធិការដ្ឋាន ប្រែប្រួលទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
​    តាមអនុក្រឹតលេខ ២០ ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួង និង  រដ្ឋលេខាធិការដ្ឋាន “  អង្គភាពរដ្ឋបាលរបស់រដ្ឋ ត្រូវបានប្រមូលផ្តុំស្ថិត
នៅក្រោមការគ្រប់គ្រងរបស់ក្រសួង ឬ រដ្ឋលេខាធិការដ្ឋាន “។
        ក្រសួង     រដ្ឋលេខាធិការដ្ឋានីមួយៗ  ត្រូវបានដាក់នៅក្រោមការដឹកនាំដោយរដ្ឋមន្រ្តីមួយ
រូប ឬ រដ្ឋលេខាធិការដ្ឋានមួយរូប  លើកលែងតែក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ត្រូវដឹកនាំ
ដោយសហរដ្ឋមន្រ្តី។ ហើយ ទីស្ដីការក្រសួង និង រដ្ឋលេខាធិការដ្ឋានមានស្ថាប័នចំនុះឲ្យគឺ៖ក្រុមខុទ្ទកាល័យ  ក្រុមរដ្ឋបាលកណ្តាល  ក្រុមអធិការកិច្ច និង ត្រួតពិនិត្យ  
  . អាជ្ញាធររដ្ឋបាលកណ្តាល
               ..១ព្រះមហាក្សត្រ
                 ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិរដ្ឋធម្មនុញ្ញ “គឺជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ប៉ុន្តែរដ្ឋធម្មនុញ្ញឆ្នាំ​ ១៩៩៣ បានថ្វាយព្រះមហាក្សត្រនូវព្រះរាជ
កិច្ចពីរ គឺ ព្រះរាជកិច្ចជាអធិបតី និង ព្រះរាជកិច្ចជារដ្ឋបាល។
          ក.ព្រះរាជកិច្ចជាអធិបតីរួមមាន៖
-        ព្រះមហាក្សត្រទ្រង់ជាអធិបតីនៃឧត្តមក្រុមប្រឺក្សាការពារជាតិ។ ព្រះមហាក្សត្រទ្រង់
ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។
-        ព្រះមហាក្សត្រទ្រង់ជាអធិបតីនៃឧត្តមក្រុមប្រឺក្សានៃអង្គចៅក្រម ។
-        ព្រះមហាក្សត្រទ្រង់ជាអធិបតីនៃសមាជជាតិ​។
-        ព្រះមហាក្សត្រទ្រង់ជានិមិត្តិរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។
ខ.ព្រះរាជកិច្ចជារដ្ឋបាលរួមមាន៖
-        តែងតាំង ផ្លាស់ប្ដូរ មន្រ្តីជាន់ខ្ពស់ស៊ិវិលយោធា​ នគរបាលមួយចំនួនធំដោយ​ព្រះរាជក្រិត្យតាមសេចក្តីស្នើរបស់គណៈរដ្ឋមន្រ្តី​ ។
-        តែងតាំង ផ្លាស់ប្ដូរ ចៅក្រមផ្នែកយុត្ថាធិការ តាមសេចក្តីស្នើរបស់ឧត្តមនៃអង្គក្រម។
-        ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញ
សមត្ថភាពនៃក្រៅប្រទេសមកប្រចាំកម្ពុជា ។
-        ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រមឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ
សន្ធិសញ្ញាអន្តរជាតិ ប្រកាសឲ្យប្រើប្រាស់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភា
បានពិនិត្យចប់សព្វគ្រប់ ។
-        ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។
-        ព្រះមហាក្សត្រទ្រង់តែងតាំងដោយផ្ទាល់ព្រះអង្គ  ដោយពុំចាំបាច់មានការស្នើសុំពី
គណៈរដ្ឋមន្រ្តីតាមព្រះរាជក្រឹត្យរួមមាន ឧត្តមក្រុមប្រឺក្សាផ្ទាល់ព្រះអង្គ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញបីរូប  ប្រធាន អនុប្រធានទីមួយ​​ ​អនុប្រធានទីពីរ និង
សមាជិកពីររូបនៃព្រឹទ្ធសភា។
              .. នាយករដ្ឋមន្រ្តី
    នាយករដ្ឋមន្រ្តីដឹកនាំការងារ របស់គណៈរដ្ឋមន្រ្តី ចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាល
លើគ្រប់វិស័យ។    នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំ និង ជាអធិបតីនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
 ហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បីដោះស្រាយកិច្ចការទូទៅរបស់រដ្ឋាភិបាល ការចរចារលើកិច្ច​ប្រតិ
បត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម  វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេស ។ ល ។ជាមួយបណ្តាប្រទេសនានា
និងអនុម័តលើសេចក្តីព្រាងច្បាប់មុនដាក់ជូនរដ្ឋសភា ព្រឹទ្ធសភា អនុម័ត។
         នាយករដ្ឋមន្រ្តីអាចប្រគល់សិទ្ធិជូនសមាជិកណាមួយ ដើម្បីកោះប្រជុំ និងធ្វើជាអធិបតីនៃអង្គ
ប្រជុំអន្តរក្រសួង ។នាយករដ្ឋមន្រ្តីចុះហត្ថលេខាលើអនុក្រឹត្យ    សេចក្តីសំរេច       និងសារាចររបស់
គណៈរដ្ឋមន្រ្តី      លិខិតបទដ្ឋាននានាដែលមានអានុភាពទូទៅរបស់រាជរដ្ឋាភិបាលត្រូវចុះក្នុងរាជ
កិច្ច។
         នាយករដ្ឋមន្រ្តីលើកសំណើ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាឲ្យ​កោះប្រជុំសភាវិសាមញ្ញ​លើសេចក្តីព្រាងច្បាប់ និង សំណើតែងតាំងផ្លាស់ប្ដូរបញ្ចប់ភារៈកិច្ចសមាជិក​​រាជរដ្ឋាភិបាល​​ជូន​រដ្ឋសភាអនុម័ត ។
         នាយករដ្ឋមន្រ្តីលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្ដូរ បញ្ចប់ភារៈកិច្ច ដោយ​ព្រះ​រាជក្រឹត្យ នូវមន្រ្តីជាន់ខ្ពស់ដស៊ិវិល និងយោធា នគរបាលចាប់ពី ឧត្តមសេនីយ៍ឡើងទៅ។
         មុខងារនិងក្របខណ្ឌមន្រ្តីរាជការស៊ិវិល និងយោធា នគរបាលមួយចំនួនផ្សេងទៀតនឹងត្រូវ
តែងតាំងផ្លាស់ប្ដូរបញ្ចប់ភារកិច្ចដោយនាយករដ្ឋមន្រ្តី ដែលស្របតាមការកំណត់ក្នុងលិខិតបទដ្ឋាន
ដោយឡែកដែលបង្កើតដោយស្ថាប័ននោះ ។
   ​​    ​ ​នាយករដ្ឋមន្រ្តី  តែងតាំង ផ្លាស់ប្ដូរ  បញ្ចប់ភារៈកិច្ចដោយអនុក្រឹត្យនូវ មន្រ្តីរាជការស៊ិវិល និងយោធា នគរបាល  ថ្នាក់វរៈសេនីយ៍ឯក មន្រ្តីការទូត អភិបាលខេត្ត ក្រុង និងអភិបាលស្រុក ខ័ណ្ឌ​។
          ក្នុងករណីពិសេស ឬ ប្រធានសកិ្តយស ​ ​នាយករដ្ឋមន្រ្តី  មានសិទ្ធិបញ្ជាចំណាយក្រៅពីការ
កំណត់ក្នុងថវិការជាតិដើម្បីដោះស្រាយកិច្ចការចាំបាច់ជាបន្ទាន់ រួចហើយរាយការណ៍ជូនរដ្ឋសភា
ភ្លាមៗ​។
.. រដ្ឋមន្រ្តី និង​ រដ្ឋលេខាធិការប្រធានស្ថាប័ន
       រដ្ឋមន្រ្តី និង​ រដ្ឋលេខាធិការជាសមាជិករាជរដ្ឋាភិបាល គឺមានន័យថាជាអ្នកនយោបាយ។  អ្នកនយោបាយជាអ្នកដាក់ទិសអោយមន្រ្តីរាជការដើរតាមបំរើនយោបាយរបស់រាជរាដ្ឋាភិបាល តាមកម្មវិធីនយោបាយដែលគេប្រកាសជូនរដ្ឋសភានៅពេលសុំសេចក្តីទុកចិត្តពីររដ្ឋសភា។ សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលដែលដឹកនាំគ្រប់គ្រងក្រសួង ឬ រដ្ឋលេខាធិការដ្ឋានហៅថា  ប្រធានស្ថាប័ន។
 រចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋាន
        ​ក្នុងការរៀបចំគ្រប់គ្រងរដ្ឋបាលថ្នាក់សមូហភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជាកគេធ្វើការ
បែងចែកជា​ ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ។
       ជាទូទៅអាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ជាមណ្ឌលរដ្ឋបាលមូលដ្ឋានជា   ស្ថាប័នចំណុះក្រសួងមហាផ្ទៃនិងតំណាងឲ្យ រាជរដ្ឋាភិបាលដែលមានសមត្ថកិច្ចជាអាទិភាពក្នុង ការរៀបចំគ្រប់គ្រងដែនដីការរក្សាសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់លិខិត​បទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច  វប្បធម៌  វិទ្យាសាស្រ្ត  ការពារសិទ្ធិមនុស្ស  ក្នុងក្របខណ្ឌសមត្ថកិច្ច
របស់​​​ខ្លួន។





១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា          ២១ កញ្ញា ១៩៩៣
២. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសំរាប់អាណត្តិទី៣        ១៩  ធ្នូ ១៩៩៧
៣.​ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១១៧​      ១៤ កក្កដា ២០០៤ស្តីពីការតែងតាំង​នាយករដ្ឋមន្រ្តី
៤.​ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណរដ្ឋមន្រ្តី
៥. ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
៦. ប្រកាសលេខ​ ០៣១​ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ស្តីពីភារកិច្ច សិទ្ធិ និងរចនាសម្ព័នរបស់ រដ្ឋបាលខេត្ត ក្រុង
៧. ប្រកាសលេខ៣៤៨ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០០ ស្តីពីតួនាទី ភារកិច្ចរបៀបរបបការងារ និង រចនា នៃសាលាស្រុក ខណ្ឌ
៨. ពិធីសារនៃកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្ស​ហ៊្វុនស៊ិន ប៉ិច

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment