អ្វីទៅការជំនុំជម្រះមុនអង្គសេចក្តី
________________________
លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានផ្តល់បទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ ជុំវិញនីតិវិធីនៃការជំនុំជម្រះមុនអង្គសេចក្តីរបស់តុលាការដោយផ្អែកលើនីតិវិធីច្បាប់ជាធរមានដែលមានខ្លឹមសារដូចខាងក្រោម៖
អ្វីទៅជាការជំនុំជម្រះមុនអង្គសេចក្តីរបស់តុលាការ? ហើយតើតុលាការអាចធ្វើទៅបាននៅពេលណា?
ករណីនេះ គឺជាការសម្រេច ឬក៏ជាសវនាការអំពីរឿងក្តីដែលត្រូវគេចោទប្រកាន់។ ឧទាហរណ៍ៈ ដូចជា ការសុំនៅក្រៅឃុំការសុំបដិសេធភ័ស្តុតាងជាដើម ដែលនេះគេហៅថា ជម្រះក្តីមុនអង្គសេចក្តីហើយហើយក៏មិនទាន់ដឹងថា ជននោះមានទោសឬអត់ដែរទេ? ការជម្រះមុនអង្គសេចក្តីនេះ តុលាការអាចដំណើរការទៅបានពេលមានពាក្យបណ្តឹង ដែលលោកចៅក្រមអាចលើកយកសំណុំរឿងនោះមកបើកសវនាការដេញដោលគ្នាតាមដំណើររឿង។
តើតុលាការអាចចោទប្រកាន់និងដាក់ទោសលើជននោះដូចម្តេចក្នុងសំណុំរឿងបែបនេះ?
ការជំនុំជម្រះសំណុំរឿងមុនអង្គសេចក្តីតុលាការមិនអាចដាក់ទោសបានទេដោយគ្រាន់តែនិយាយជុំវិញអង្គសេចក្តី ដែលមេធាវីសុំដាក់ភ័ស្តុតាងបន្ថែមសុំនៅក្រៅឃុំ ឬ ចៅក្រមត្រូវបដិសេធភ័ស្តុតាងណាមួយតែប៉ុណ្ណោះ។
បើតុលាការមិនអាចដាក់ទោសបានហេតុអ្វីតុលាការបន្តឃុំខ្លួនគាត់ទៀត? តើការឃុំខ្លួនជនជាប់ចោទ មានកំណត់ រយៈពេលដូចម្តេចដែរ?
រឿងនេះគឺជាច្បាប់ឃុំខ្លួនរបស់តុលាការដែលត្រូវអនុវត្ត ហើយការឃុំខ្លួនសុទ្ធតែមានមូលហេតុ។ តាមផ្លូវច្បាប់ជាគោលការណ៍មេធាវីត្រូវសុំឲ្យជនជាប់ចោទនៅក្រៅឃុំអ៊ីចឹងហើយ ដើម្បីធានាថា រាល់សវនាការពេលណាមួយត្រូវតែមានវត្តមានរបស់ជនជាប់ចោទជានិច្ច។ តែបើចៅក្រមឲ្យជននោះនៅក្រៅឃុំ គេអាចនឹងរត់គេចឬក៏អាចទៅគាបសង្កត់បំភិតបំភ័យដល់សាក្សី ឬក៏ទៅបំផ្លាញភ័ស្តុតាងពោលគឺមានមូលហេតុច្រើនយ៉ាងទាក់ទងនឹងការឲ្យជនជាប់ចោទនៅក្រៅឃុំ។ ឯរយៈពេលឃុំខ្លួន អាចប្រែប្រួលទៅតាមបទល្មើសដូចជា បទល្មើសមជ្ឈិមផ្សេងបទល្មើសឧក្រិដ្ឋផ្សេង តែបទល្មើសខ្លះជនជាប់ចោទអាយុក្រោម ១២ឆ្នាំ គឺគេឲ្យមានសេរីភាព។
ក្នុងសំណុំរឿងបែបនេះតើជនជាប់ចោទមានសិទ្ធិសុំនៅក្រៅឃុំ នៅក្នុងករណីបែបណាខ្លះ?
ក្នុងសំណុំរឿងមុនអង្គសេចក្តីនេះ មេធាវីរបស់ជនជាប់ចោទឬជនជាប់ចោទផ្ទាល់អាចមានសិទ្ធិសុំនៅក្រៅឃុំបានហើយបើនៅសាលាដំបូងសុំមិនបាន គេអាចសុំក្រោយៗទៀតរហូតដល់តុលាការកំពូល។ បើតុលាការកំពូលមិនឲ្យនៅក្រៅឃុំទៀតជនជាប់ចោទអាចស្នើសុំទៅកាន់សភាស៊ើបសួរ។
តុលាការថ្នាក់ក្រោមតែងបដិសេធការសុំនៅក្រៅឃុំនេះ តើការអនុវត្តនីតិវិធីបែបនេះអាចធ្វើឲ្យខូចដល់ប្រយោជន៍ជនត្រូវចោទឬទេ?
ជាធម្មតា បើតុលាការមិនអនុញ្ញាតឲ្យនៅក្រៅឃុំនោះជនជាប់ចោទអាចបាត់បង់សិទ្ធិសេរីភាព។ តែតុលាការគេមានកំណត់ដែរមិនចេះតែឃុំខ្លួនគេស្រេចតែចិត្តបានទេ។ ឧទាហរណ៍ថា ជនជាប់ចោទសារភាពឬក្មេងក្រោមអាយុ ១៤ឆ្នាំ គឺតុលាការអត់មានសិទ្ធិឃុំខ្លួនគេបានទេ។
ក្នុងករណីខ្លះបើឲ្យជនជាប់ចោទនៅក្រៅឃុំ តើអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់នីតិវិធីតុលាការ?
ដូចខ្ញុំបញ្ជាក់ខាងលើបើតុលាការមិនឲ្យជនជាប់ចោទនៅក្រៅឃុំ គឺគាត់បាត់បង់សេរីភាព។ ប៉ុន្តែបើឲ្យនៅក្រៅឃុំ បានខ្លាចក្រែងគាត់ទៅបង្កបទល្មើសឬធ្វើអ្វីផ្សេងទៀតដែលប៉ះពាល់ដល់នីតិវិធីស៊ើបអង្កេតរបស់តុលាការ។ ដូច្នេះនេះហើយជាមូលហេតុ។
ឧទាហរណ៍ថា ជននោះត្រូវសាលាដំបូងចោទប្រកាន់ពីបទល្មើសអ្វីមួយរហូតដល់តុលាការកំពូលរក្សាតម្កល់បទចោទនោះទុកដដែលតើជនជាប់ចោទត្រូវជាប់ឃុំរហូតដល់ពេលណា?
ការសម្រេចមិនឲ្យជនជាប់ចោទនៅក្រៅឃុំ គឺអស់ត្រឹមតុលាការកំពូល។តែជនជាប់ចោទឬមេធាវីរបស់គាត់អាចសុំនៅសាលាដំបូងម្តងទៀតបាន។ ក្នុងករណីសួរថា តើជនជាប់ចោទត្រូវឃុំខ្លួនប៉ុន្មាននោះ គឺវាអាស្រ័យទៅតាមបទល្មើសមជ្ឈិមឬឧក្រិដ្ឋ ឬតាមអាយុជនជាប់ចោទ។ បើអាយុក្រោម ១៤ឆ្នាំ អត់ឃុំបានទេ តែពី ១៤ ទៅ ១៦ ឆ្នាំ បើបទមជ្ឈឹមឃុំខ្លួនបាន ២៤ ម៉ោង បទឧក្រិដ្ឋអាចឃុំបាន ៣៦ ម៉ោង។បើពីអាយុ ១៦ ទៅ ១៨ ឆ្នាំៈ បទមជ្ឈិម ៣៦ ម៉ោង បទឧក្រិដ្ឋ ៤៥ ម៉ោង។ ជានីតិជនៈបទមជ្ឈិមអាចឃុំខ្លួន ៤ខែ នឹងអាចសុំពន្យារបាន ២ ខែទៀត។ បើបទឧក្រិដ្ឋអាចឃុំខ្លួន ១៨ ខែ ហើយបើបទឧក្រិដ្ឋអន្តរជាតិឃុំបាន ៣ឆ្នាំ ដូចជាករណី ខៀវ សំផន នួន ជា (មេខ្មែរក្រហម) ជាដើម៕
អត្ថបទទាំងស្រុងពី ភ្នំពេញប៉ុស្តិ៍
0 យោបល់:
Post a Comment