សេង ឌីណា
©RFI
ដោយ សេង ឌីណា
សិទ្ធិខាងរូបភាព គឺជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលទទួលបានការការពារដោយក្រមរដ្ឋប្បវេណី។ មាត្រា ១០ នៃក្រមរដ្ឋប្បវេណីខ្មែរ ចែងថា៖ “សិទ្ធិរបស់បុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិតរូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀត ដែលជាផលប្រយោជន៍ ទាក់ទងនឹងលក្ខណៈបុគ្គល”។ ខាងក្រោមនេះ ជាសំណួរ-ចម្លើយជុំវិញសិទ្ធិខាងរូបភាពនៃបុគ្គល។សំណួរ-តើអ្វីទៅជាសិទ្ធិខាងរូបភាពនៃបុគ្គល?
ចម្លើយ-សិទ្ធិខាងរូបភាព គឺជាសិទ្ធិរបស់បុគ្គលក្នុងការហាមឃាត់អ្នកដទៃមិនឲ្យថត ឬផ្សព្វផ្សាយរូបភាពរបស់ខ្លួន។
ដូច្នេះ បើទោះបីត្រឹមតែថតរូប ហើយមិនយករូបថតទៅផ្សព្វផ្សាយក៏ដោយ ក៏ជាការរំលោភលើសិទ្ធិខាងរូបភាពដែរ ប្រសិនបើគ្មានការព្រមព្រៀងពីម្ចាស់រូប។
សំណួរ-តើអ្នករំលោភលើសិទ្ធិខាងរូបភាពនេះ អាចត្រូវទទួលទោសបែបណា?
ចម្លើយ-អ្នករំលោភលើសិទ្ធិខាងរូបភាពអាចនឹងត្រូវទទួលទោសខាងរដ្ឋប្បវេណីផង និងខាងព្រហ្មទណ្ឌផង។
យោងតាមក្រមរដ្ឋប្បវេណី ក្នុងករណីមានការថត ឬផ្សព្វផ្សាយរូបភាពដោយគ្មានការព្រមព្រៀងពីម្ចាស់រូប ម្ចាស់រូបមានសិទ្ធិ៖
- ទាមទារឲ្យបញ្ឈប់ (មាត្រា ១១)៖ ដូចជា ពេលឃើញគេលើកម៉ាស៊ីនថតចង់ថត សាមីខ្លួនអាចហាមឃាត់មិនឲ្យថត។
- ទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភ (មាត្រា ១២)៖ បើសិនជារូបភាពត្រូវបានថតរួចទៅហើយ សាមីខ្លួនអាចទាមទារឲ្យលុបរូបនេះចេញពីម៉ាស៊ីនថតវិញ។ បើសិនជារូបថតនេះ ត្រូវបានយកទៅចុះផ្សាយរួចហើយ (ដូចជាចុះផ្សាយនៅលើទំព័រវិបសៃត៍ជាដើម) ម្ចាស់រូបអាចទាមទារឲ្យដករូបនេះចេញវិញ។
- ទាមទារសំណងការខូចខាត (មាត្រា ១៣)៖ ប្រសិនបើការថតរូប ឬការផ្សព្វផ្សាយរូបភាពនេះ បានបង្កការខូតខាតណាមួយ ម្ចាស់រូបអាចទាមទារសំណងខូតខាតពីអ្នកប្រព្រឹត្តល្មើសបាន។ សិទ្ធិទាមទារសំណងខូតខាតនេះ អាចអនុវត្តព្រមគ្នាជាមួយសិទ្ធិទីពីរខាងលើ មានន័យថា ម្ចាស់រូបអាចទាមទារឲ្យបញ្ឈប់ការចុះផ្សាយរូបភាពផង ហើយអាចទាមទារឲ្យសងការខូតខាតផង។
“អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ពី១សែន ទៅ ២លានរៀល លើកលែងតែក្នុងករណីដែលច្បាប់អនុញ្ញាត”។
សំណួរ-ដូច្នេះ មានន័យថា រាល់ពេលដែលចង់ថតរូបអ្នកណាម្នាក់ គឺដាច់ខាតត្រូវតែមានការព្រមព្រៀងពីសាមីខ្លួនជាមុនជានិច្ចឬយ៉ាងណា?
ចម្លើយ-ជាគោលការណ៍ គឺត្រូវតែមានការព្រមព្រៀងពីម្ចាស់រូបជាមុនសិន ទាំងការថតរូប និងការយករូបថតទៅផ្សព្វផ្សាយ ព្រោះថា ការព្រមព្រៀងឲ្យថត មិនមែនមានន័យថា ឲ្យយករូបថតនេះទៅផ្សព្វផ្សាយទេ។
ការព្រមព្រៀងឲ្យថត ឬឲ្យចុះផ្សាយរូបថត អាចជាការព្រមព្រៀងដោយជាក់ច្បាស់ (ម្ចាស់រូបប្រាប់អ្នកថតថា ខ្លួនអនុញ្ញាតឲ្យថតរូប ឬយករូបថតទៅផ្សព្វផ្សាយ) ឬដោយតុណ្ហី (ម្ចាស់រូបដឹងដែរថា គេថត តែមិនជំទាស់ ឬដឹងដែរថា គេយករូបទៅចុះផ្សាយតែមិនជំទាស់ គឺមានន័យស្មើនឹងយល់ព្រមឲ្យគេថតរូប ឬឲ្យគេយករូបថតទៅចុះផ្សាយ)។
ក៏ប៉ុន្តែ អ្នកថតគួរតែស្វែងរកការព្រមព្រៀងឲ្យបានជាក់ច្បាស់ពីម្ចាស់រូប ប្រសើរជាងការព្រមព្រៀងដោយតុណ្ហី ជាពិសេស បើចង់យករូបថតគេទៅផ្សព្វផ្សាយ ពីព្រោះថា បើ គ្មានការព្រមព្រៀងដោយជាក់ច្បាស់ជាមុនទេ ម្ចាស់រូបមិនត្រឹមតែអាចទាមទារឲ្យដករូបនេះចេញវិញទេ ប៉ុន្តែ ថែមទាំងអាចទាមទារសំណងជំងឺចិត្តទៀតផង។
សំណួរ-តើការថតរូបភាពក្រុមមនុស្សកកកុញ ត្រូវតែសុំការអនុញ្ញាតពីម្ចាស់រូបគ្រប់ៗគ្នាឬយ៉ាងណា?
ចម្លើយ-ការថតរូប ឬចុះផ្សាយរូបថតក្រុមមនុស្ស មិនចាំបាច់មានការព្រមព្រៀងពីម្ចាស់រូបនោះទេ ប្រសិនបើក្នុងរូបថតនេះ គេមិនអាចមើលដឹងថាជារូបរបស់អ្នកណាច្បាស់លាស់ទេ។
តាមការពិត ទោះបីថតរូបមនុស្សច្រើនគ្នាជាក្រុមក៏ដោយ ឬថតមនុស្សម្នាក់ឯងក៏ដោយ ឲ្យតែមនុស្សក្នុងរូបថត គេមិនអាចមើលស្គាល់ទេ គឺមិនមានការប៉ះពាល់ដល់សិទ្ធិខាងរូបភាពទេ។ ដូច្នេះ គេមិនចាំបាច់សុំការព្រមព្រៀងពីម្ចាស់រូបទេ។
សំណួរ-ការថត ឬចុះផ្សាយរូបថត របស់មន្រ្តីរដ្ឋាភិបាល ក្នុងទំព័រសារព័ត៌មាន ដោយគ្មានការអនុញ្ញាត តើជាការប៉ះពាល់ដល់សិទ្ធិខាងរូបភាពដែរឬទេ?
ចម្លើយ-ការថតរូប ឬចុះផ្សាយរូបថត របស់មន្រ្តីដែលកាន់មុខងារសាធារណៈ មិនមែនជាការប៉ះពាល់ដល់សិទ្ធិខាងរូបភាពនោះទេ ប្រសិនបើរូបថតនោះ ត្រូវយកទៅប្រើប្រាស់ក្នុងផលប្រយោជន៍សាធារណៈ។ បុគ្គលដែលកាន់មុខងារសាធារណៈ (ដូចជា រដ្ឋមន្រ្តី ប្រធានស្ថាប័នសាធារណៈ ឬមន្រ្តីនាំពាក្យស្ថាប័នសាធារណៈ ជាដើម) សុទ្ធតែបានដឹងខ្លួនជាមុនថា ខ្លួនអាចត្រូវគេថតរូប និងចុះផ្សាយរូបថត ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ដូច្នេះ គេសន្មត់ជាទូទៅថា បុគ្គលសាធារណៈទាំងនោះ បានព្រមព្រៀងជាមុន ឲ្យគេថតរូប និងចុះផ្សាយរូបថតរបស់ខ្លួន។ ប៉ុន្តែ រូបថតនោះអាចប្រើបាន តែក្នុងគោលដៅផលប្រយោជន៍សាធារៈប៉ុណ្ណោះ មិនអាចប្រើក្នុងគោលដៅបម្រើផលប្រយោជន៍ឯកជន ឬគោលដៅពាណិជ្ជកម្មបានទេ៕
Milan Tomic
0 យោបល់:
Post a Comment