ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៤:៤៣
ខេត្ដសៀមរាប ៖ ស្ត្រីជនជាតិអាមេរិកចំនួន២នាក់បងប្អូនត្រូវប៉ូលិសទេចរណ៍ និងអាជ្ញាធរអប្សរានាំខ្លួនមកតុលាការដើម្បីកាត់ទោសក្នុងករណីពួកគេនាំគ្នាថតរូបអាសអាភាសនៅក្នុងប្រាសាទព្រះខ័ន កាលពីព្រឹកថ្ងៃទី០៦ កុម្ភៈ ២០១៥ ហើយសំណុំរឿងនេះត្រូវបើកសវនាការភ្លាមៗ ក្រោមការជំនុំជំរះដោយចៅក្រម កូយ សៅ និងលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង, ក្រឡាបញ្ជីលោក យ៉េង ដា មេធាវីលោក ភុំ ប៊ុនផាន់ ព្រមទាំងសមត្ថកិច្ចចូលរួមមាន អាជ្ញាធរអប្សរា, នគរបាលទេសចរណ៍ រួមទាំងសាក្សីមួយចំនួនផងដែរ។
លោក កូយ សៅ ចៅក្រមជំនុំជំរះបានសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន៦ខែ និងពិន័យជាប្រាក់ម្នាក់ៗ១លានរៀល ពីបទជួញដូររូបភាពអាសអាភាស និងបទបង្ហាញកេរ្តិ៍ភេទ ក្នុងមាត្រា៣៩កថាខណ្ឌទី៣នៃច្បាប់ស្តីពីការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទក្នុងមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែទោសទាំងអស់នេះត្រូវបានព្យួរទាំងមូលស្របតាមមាត្រា១០៧, ១០៩, ១១១នៃក្រមព្រហ្មទណ្ឌ ដោយគ្រាន់តែពិន័យក្នុងម្នាក់ៗចំនួន១លានរៀល និងមិនអនុញ្ញាតឲ្យជនទាំង២នាក់នោះចូលមកស្នាក់នៅប្រទេសកម្ពុជារយៈពេល៤ឆ្នាំ ក្នុងនោះតុលាការសម្រេចដកហូតយកវត្ថុតាងមួយចំនួនទុកជាសម្បត្តិរដ្ឋ រួមមានទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយស៊ិចចំនួន១គ្រឿង, មេម៉ូរី១, ម៉ាស៊ីនថតរូប១ រីឯសម្ភារៈក្រៅពីនោះត្រូវប្រគល់ឲ្យជនជាប់ចោទវិញ។
ជនជាប់ចោទទាំង២នាក់នោះបានសារភាពនៅចំពោះមុខតុលាការថា ខ្លួនពិតជាបានថតរូបអាក្រាតយ៉ាងដូច្នេះមែន ហើយពួកគេនឹងធ្វើការសុំទោសចំពោះប្រជាជនកម្ពុជាទាំងអស់ ដូច្នេះពួកគេនឹងឈប់ប្រព្រឹត្តយ៉ាងនេះទៀតហើយ។
ជនជាប់ចោទទាំង២នាក់ជាជនជាតិអាមេរិកមានទី១-ឈ្មោះ Lindsey kate adams អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៤៦០៦១៩៩១៦ និង២-ឈ្មោះ leslie jan adams អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៥២០២២៦១៤៧៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
0 យោបល់:
Post a Comment