ហេតុអ្វីបណ្តាប្រទេសលោកខាងលិចចាត់ទុកថ្ងៃសុក្រទី13ជា«ថ្ងៃមិនល្អ»
ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៦:១៨
«ថ្ងៃសុក្រទី១៣»គឺជាថ្ងៃដែលបណ្តាប្រទេសលោកខាងលិចចាត់ទុកថា ជាថ្ងៃមិនល្អ។ វាកើតឡើងនៅថ្ងៃនៃទី១៣នៃខែហើយមានក្នុងប្រតិទិនហ្គ្រីហ្គ័រី ឬប្រតិទិនគ្រឹស្តលោកខាងលិច ។ មិនមានភស្តុតាងណាមួយអះអាងបញ្ជាក់ពីអបិយជំនឿចំពោះ «ថ្ងៃសុក្រទី១៣» មុនសតវត្សរ៍ទី១៩ទេ ហើយអបិយជំនឿនេះកាន់តែអូសបន្លាយរហូតដល់សតវត្សរ៍ទី២០តែម្តង។ ការភ័យខ្លាចចំពោះលេខ១៣ ត្រូវបានគេឱ្យឈ្មោះតាមវិទ្យាសាស្ត្រថា«ទ្រីស្កាដេកាផូបៀ»ហើយពាក្យស្រដៀងគ្នាចំពោះថ្ងៃសុក្រទី១៣ ត្រូវគេហៅថាម្យ៉ាងទៀតថា«ប៉ារ៉ាស្កេវីដេកាទ្រាផូបៀ»។ ប៉ារ៉ាស្កេវី មកពីពាក្យក្រិកមានន័យថា «ថ្ងៃសុក្រ»ចំណែកដេកាទ្រា មានន័យថា «១៣» ។
ប្រវត្តិ
រហូតដល់ពេលបច្ចុប្បន្ននេះពុំមានការអះអាងបញ្ជាក់ចំពោះអបិយជំនឿដ៏ចម្លែកនេះទេ ប៉ុន្តែ«ថ្ងៃសុក្រ» និង«លេខ១៣» ជាថ្ងៃដែលព្រះយ៉េស៊ូគ្រឹស្តត្រូវសម្លាប់លើឈើឆ្កាង ហើយលេខ១៣ គឺជាចំនួនមនុស្សដែលទទួលទានអាហារពេលល្ងាចលើកចុងក្រោយជាមួយព្រះយេស៊ូ ។
យោងតាមការបកស្រាយរបស់សាស្ត្រាចារ្យឯកទេសនរវិទ្យា វិជ្ជាសិក្សាអំពីការវិវត្តន៍របស់មនុស្ស វប្បធម៌ និងសង្គមប្រចាំសាកលវិទ្យាល័យបាហ្វាឡូ(University of Buffalo) សហរដ្ឋអាមេរិកលោក ហ្វ៊ីលីប ស្តេវិនឱ្យដឹងថា មានមនុស្ស១៣នាក់នៅអង្គុយតុអាហារពេលល្ងាចលើកចុងក្រោយ ហើយពួកគេមិនមែនជាមិត្តភក្តិល្អនឹងគ្នាទេ ផ្ទុយទៅវិញជាជនក្បត់ ឬសត្រូវ ។ ការទទួលទានអាហារពេលល្ងាចនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រជាថ្ងៃយកព្រះយេស៊ូទៅឆ្កាង ។ នៅពេលថ្ងៃសុក្រ និងតួលេខ១៣ ជួបគ្នាមានន័យថា ជាថ្ងៃដែលមានគ្រោះអាក្រក់កើតឡើង ផ្ទួនៗគ្នាក្នុងថ្ងៃតែមួយ ។
-ថ្ងៃសុក្រទី១៣ ត្រូវបានគេចាត់ទុកថា ថ្ងៃមិនល្អក្នុងការធ្វើដំណើរទៅទីជិត-ឆ្ងាយ ឬ បង្កើតមុខជំនួញថ្មី ដើម្បីកុំឱ្យជួបប្រទះរឿងមិនល្អគេត្រូវរង់ចាំឱ្យថ្ងៃអាក្រក់មួយនេះកន្លងផុតជាមុនសិន ។
-លោកជីអូអាជីណូ រ៉ូស៊ីនី អ្នកនិពន្ធទំនុកភ្លេងអីុតាលីស្លាប់នៅថ្ងៃសុក្រ ទី១៣ វិច្ឆិកា ឆ្នាំ ១៨៦៨ ។
-តួលេខ១៣ បង្ហាញពីភាពមិនប្រក្រតីដែលប្រាសចាកពីចំនួន១២ ដូចជាខែទាំង១២, ១២ម៉ោង, អាទិទេព អឡាំពើសទាំង ១២អង្គ, កុលសម្ព័ន្ធទាំង១២ ក្នុងរដ្ឋអុីស្លាម, សាវ័កទាំង ១២ រូបរបស់ព្រះយេស៊ូគ្រឹស្ត និងសត្វទាំង១២ ក្នុងរាសីចក្កវាឡចិន ។
-លេខ១៣ ត្រូវបានគេចាត់ទុកថា ជាតួលេខខុសពីក្បួនច្បាប់ដែលបានចងក្រង ។
-អបិយជំនឿមួយថា នៅពេលទទួលទានអាហារល្ងាចដែលមានមនុស្ស១៣នាក់ មានន័យថា ក្នុងចំណោមបុគ្គលម្នាក់ត្រូវស្លាប់បាត់បង់ជីវិតនៅថ្ងៃខាងមុខជាមិនខាន ។
-ថ្ងៃសុក្រទី១៣ តុលា ឆ្នាំ១៣០៧ ទាហានដែលគោរពជឿលើព្រះយេស៊ូគ្រឹស្តKnights Templarរាប់រយនាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង ដោយសារតែបង្កភាពភ័យខ្លាចកាន់តែរីករាលដាលឡើងៗ ។
កត្តាប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងភាពតប់ប្រមល់Stress Management Center និងវិទ្យាស្ថាន Phobia ទីក្រុង អាសេវីល រដ្ឋកាឡូរីណាខាងជើង បា៉ន់ប្រមាណថា មនុស្សពី៧១ទៅ២១លាននាក់ក្នុងសហរដ្ឋអាមេរិករងការប៉៉ះពាល់ផ្លូវចិត្តខ្លាំងដោយសារតែភ័យខ្លាចថ្ងៃសុក្រទី១៣ ហើយបណ្តាវេជ្ជបណ្ឌិត និងគ្រូពេទ្យជាច្រើនរូបទៀតបានកំណត់ថ្ងៃសុក្រទី១៣ ជាផ្លូវការថា «ជាថ្ងៃភ័យខ្លាចបំផុតចូលទៅក្នុងប្រតិទិនកាលបរិច្ឆេទជាប្រវត្តិសាស្ត្រ» ។ ពលរដ្ឋអាមេរិកជាច្រើននាក់មិនហ៊ានធ្វើដំណើចេញពីផ្ទះដោយសាតែភ័យខ្លាចថ្ងៃនោះ ។ ភាពភ័យខ្លាចទាំងនោះរួមមានការប្រកបការងារ ការហោះហើរ និងមិនហ៊ានក្រោកចេញពីគ្រែគេងព្រោះខ្លាចជួបប្រទះរឿងអាក្រក់ទៀតផង ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកDelta Air Lines និងក្រុមហ៊ុន Continental Airlines ប្រកាសថា ក្រុមហ៊ុននឹងដំណើការហោះហើរជាធម្មតា ពោលគឺមិនមានផលប៉ះពាល់ចំពោះថ្ងៃសុក្រទី១៣ទេ ។ ទោះជាយ៉ាងនេះក្តីអ្នកធ្វើដំណើរទូទៅពុំជ្រើសរើសយកថ្ងៃសុក្រទី១៣ ជាការធ្វើដំណើទេ ។
សេដ្ឋកិច្ចអាមេរិកត្រូវបានគេប៉ាន់ប្រមាណថា បាត់បង់ប្រមាណជា៨០០ទៅ៩០០ដុល្លារចំពោះការមិនដំណើការអាជីវកម្មនៅថ្ងៃសុក្រទី១៣ ។ ចំណែកឯប្រទេសហ្វាំងឡង់ អង្គការសម្ព័ន្ធរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច និងសុខា ភិបាលបានលើកកម្ពស់ថ្ងៃបុណ្យគ្រោះថ្នាក់ជាតិនៅថ្ងៃសុក្រទី១៣ទៅវិញ ។
អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ ផ្សេងៗចុះទាបនៅថ្ងៃសុក្រទី១៣
ការសិក្សារបស់កាសែតសុខភាពអង់គ្លេសចេញផ្សាយឆ្នាំ ១៩៩៣ ឱ្យដឹងថា មានអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ ផ្សេងៗចុះអន់ថយ ពោលគឺមានការពាក់ព័ន្ធជាមួយនឹងថ្ងៃសុក្រ ទី១៣ ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃដែលកម្រមានក្នុងចំណោមថ្ងៃផ្សេងទៀតមានចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ ផ្សេងៗឡើងខ្ពស់ ។
ចំណែកមិញមជ្ឈមណ្ឌលស្ថិតិធានារ៉ាប់រងហូឡង់ចេញផ្សាយកាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០០៨ ឱ្យដឹងថា មានសេចក្តីរាយការណ៍ពីហានិភ័យភ្លើងឆេះផ្ទះ និងការឆក់ប្លន់កើតឡើងតិចតួចនៅថ្ងៃសុក្រទី១៣ ពោលគឺប្រជាជនទាំងអស់មិនធ្វើដំណើរចេញទៅក្រៅគេហដ្ឋានទេ ។ ទន្ទឹមគ្នានេះដែរ អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើតមានតិចតួចផងដែរ ៕
0 យោបល់:
Post a Comment