លោក ខាន់ សិរីវុទ្ធី គឺជាសមាជិកនៃក្រុមមេធាវី ប៊ូ នូ អ៊ុកសហការី
លោកមេធាវី ខាន់ សិរីវុទ្ធី កើតនៅថ្ងៃ ទី១ ខែមិថុនា ឆ្នាំ១៩៧០ នៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន លោក ខាន់ សិរីវុទ្ធី គឺជាសមាជិកនៃក្រុមមេធាវី ប៊ូ នូ & អ៊ុក ដែលមានការិយាល័យ នៅក្នុងអគារ F៤ មជ្ឈមណ្ឌលភ្នំពេញ កែងមហាវិថីសុធារស និងមហាវិថីព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លោកក៏ជាអតីតសមាជិកក្រុមមេធាវីការពារក្តីនៅអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ផងដែរ។ លោកមេធាវីបានផ្តល់កិច្ចសម្ភាសជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ ពាក់ព័ន្ធនឹងច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារមានខ្លឹមសារជាអាទិ៍ដូចខាងក្រោមនេះ៖
នៅពេលដែលបុរសម្នាក់និងនារីម្នាក់ប្រកាសពីការរៀបអាពាហ៍ពិពាហ៍របស់ខ្លួន តើជនណាខ្លះដែលមានសិទ្ធិប្តឹងទាស់លើអាពាហ៍ពិពាហ៍ពួកគេបានឬមិនបានហើយតើយកអ្វីជាសម្អាងបានបើផ្អែកលើច្បាប់ជាធរមាន?
បុរសនារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ត្រូវដាក់ពាក្យសុំច្បាប់រៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ នៃលំនៅឋានសាមីខ្លួនខាងនារី។ អាពាហ៍ពិពាហ៍និងចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈច្បាប់បានលុះត្រាតែបុរសនិងនារីដែលស្ម័គ្រចិត្តទទួលគ្នាជាប្តីប្រពន្ធ ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ខាងលំនៅឋានរបស់នារី។ កិច្ចសន្យានេះត្រូវចុះក្នុងសៀវភៅអាពាហ៍ពិពាហ៍ហើយត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាននិងផ្តិតមេដៃប្តីប្រពន្ធនិងសាក្សីគ្រប់អាយុការចំនួន ០២ នាក់ផង។ ខ្ញុំសុំលើកអំពីតួនាទីនៃមន្ត្រីដែលមានសមត្ថកិច្ចនិងតួនាទីបំពេញ មុខងារជាមន្ត្រីអត្រានុកូលដ្ឋានគឺមេឃុំឬចៅសង្កាត់ ជាមន្ត្រីអត្រានុកូលដ្ឋាន ក្នុងដែនដីឃុំ ឬសង្កាត់ដែលខ្លួនគ្រប់គ្រងដែលត្រូវមានភារកិច្ចពិនិត្យឲ្យបានហ្មត់ចត់នូវពាក្យសុំនោះ ដោយផ្អែកទៅលើលក្ខខណ្ឌនៃអាពាហ៍ពិពាហ៍ដែលបានកំណត់នៅក្នុងមាត្រា ៩៤៨: អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍, មាត្រា ៩៤៩: ការហាមឃាត់មិនឲ្យមានទ្វេពន្ធភាព, មាត្រា ៩៥០: អំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត, មាត្រា ៩៥១: ការហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត និងមាត្រា ៩៥២: ការហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ នៃក្រមរដ្ឋប្បវេណី។
អនុលោមតាមមាត្រា ៩៥៥ នៃក្រមរដ្ឋប្បវេណីនិងមាត្រា ២៩ នៃអនុក្រឹត្យលេខ ១០៣ អនក្រ.បក ស្តីពីអត្រានុកូលដ្ឋានៈ មន្ត្រីអត្រានុកូលដ្ឋានត្រូវបិទប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដែលគ្រោងនឹងធ្វើនោះផ្សាយជាសាធារណៈ នៅលំនៅឋាននិងនៅនឹងសាលាឃុំឬសង្កាត់នៃសាមីខ្លួននារី ០១ ច្បាប់។ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ០២ ច្បាប់ទៀតត្រូវផ្ញើទៅជូនមន្ត្រីអត្រានុកូលដ្ឋានឃុំឬសង្កាត់ខាងបុរសដើម្បីយកទៅបិទផ្សាយនៅលំនៅឋាន និងបិទនៅសាលាឃុំឬសង្កាត់នៃសាមីខ្លួនបុរស ០១ ច្បាប់។ ប័ណ្ណប្រកាសត្រូវចុះ៖ ១.នាម ត្រកូលនាមខ្លួន អាយុ មុខរបរ និងលំនៅនៃអនាគតប្តីប្រពន្ធ។ ២.នាមត្រកូល នាមខ្លួន អាយុ មុខរបរនិងលំនៅរបស់ឪពុកម្តាយនៃអនាគតប្តីប្រពន្ធ បើឪពុកឬម្តាយស្លាប់ត្រូវដាក់ថាស្លាប់។ ៣. រយៈពេលប្តឹងជំទាស់។ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ត្រូវបិទផ្សាយក្នុងរយៈពេល ១០ ថ្ងៃមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើម្បីឲ្យជនដែលមានផលប្រយោជន៍ក្នុងរឿងនេះអាចប្តឹងជំទាស់ នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមិនយល់ស្របនឹងអាពាហ៍ពិពាហ៍នោះ។
តើជនណាខ្លះ ដែលមានសិទ្ធប្តឹងជំទាស់? គឺមានសាមីខ្លួន អនាគតប្តីប្រពន្ធ ឬតំណាង, ញាតិសន្តាន, ជនដែលមានផលប្រយោជន៍ក្នុងរឿងនេះឬតំណាងអយ្យការអាចនឹងប្តឹងជំទាស់មិនឲ្យរៀបអាពាហ៍ពិពាហ៍បាន។ផុតរយៈពេល ១០ ថ្ងៃ អាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្តឹងជំទាស់។ បើមានបណ្តឹងជំទាស់ និងអាចរៀបអាពាហ៍ពិពាហ៍បាន លុះត្រាតែបណ្តឹងជំទាស់ត្រូវបានសមត្ថកិច្ចដោះស្រាយចប់។
ប្រសិនជាបុគ្គលដែលមានសិទ្ធិគាត់ប្តឹងជំទាស់ទៅនឹងអាពាហ៍ពិពាហ៍ណាមួយនោះ តើគាត់គួរប្តឹងនៅពេលណា ហើយពាក្យបណ្តឹងនោះត្រូវធ្វើដោយរបៀបណា?
គាត់គប្បីប្តឹងក្នុងរយៈពេលនៃការបិទប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ គឺក្នុងរយៈពេល ១០ ថ្ងៃ។ ពាក្យបណ្តឹងជំទាស់នេះនឹងយកជាការបាន លុះណាតែអ្នកប្តឹងជំទាស់ចុះហត្ថលេខា លើពាក្យបណ្តឹងដោយផ្ទាល់ដៃខ្លួនឯង។ បណ្តឹងនេះត្រូវចង្អុលបង្ហាញពីមូលហេតុច្បាស់លាស់ដូចមានកំណត់ក្នុងលក្ខខណ្ឌនៃការរៀបអាពាហ៍ពិពាហ៍ខាងលើ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏បុគ្គលមួយចំនួនដូចជាប្តីមុន ឬប្រពន្ធមុន ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់ត្រូវបានរំលាយនោះ នៅតែមានសិទ្ធិប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍ថ្មីនេះបានជានិច្ច ទោះផុតរយៈពេលនៃការបិទប្រកាសនេះក៏ដោយឲ្យតែការណ៍នេះបាននិងកំពុងតែប្រព្រឹត្តជាក់ស្តែងដោយផ្អែកទៅលើច្បាប់ស្តីពីឯកពន្ធភាព។ ចំណុចនេះ គាត់អាចប្តឹងទៅមេឃុំឬចៅសង្កាត់ ឬមេបុស្តិ៍តែម្តង ព្រោះតែពួកគាត់ជាមន្ត្រីនគរបាលយុត្តិធម៌។
តើមន្ត្រីថ្នាក់ណា នៅកន្លែងណាខ្លះដែលមានសមត្ថកិច្ចពិនិត្យនិងសម្រេចចាត់ការទៅលើបណ្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះ?
បណ្តឹងទាស់នេះអ្នកប្តឹងជំទាស់ ឬតំណាងរបស់ខ្លួនយកទៅជូនមេឃុំ ឬចៅសង្កាត់ដែលជាមន្ត្រីអត្រានុកូលដ្ឋានក្នុងដែនដីដែលខ្លួនគ្រប់គ្រងខាងលំនៅឋានអនាគតប្រពន្ធ ត្រូវមាន សមត្ថកិច្ចពិនិត្យសម្រេចចាត់ការទៅលើបណ្តឹង ជំទាស់នឹងការរៀបអាពាហ៍ពិពាហ៍នោះ។ មេឃុំឬចៅសង្កាត់ ត្រូវសម្រេចក្នុងរយៈពេលឲ្យបានឆាប់និងយ៉ាងយូរក្នុងរយៈពេល ០៣ ថ្ងៃ គិតពីថ្ងៃទទួលបណ្តឹងទាស់។ បើអ្នកប្តឹងជំទាស់ឬ អនាគតប្តីប្រពន្ធ មិនសុខចិត្តនឹង សេចក្តីសម្រេចនេះទេ មេឃុំឬក៏ចៅសង្កាត់ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ក្នុងរយៈពេល ០៥ ថ្ងៃយ៉ាងយូរគិតពីថ្ងៃទទួលបណ្តឹងទាស់ដើម្បីសម្រេច។ ម្យ៉ាងទៀត ក្នុងករណីដែលជាបទល្មើសទ្វេពន្ធភាពឬបទស្មន់ ឬបទផិត ប្តីឬប្រពន្ធមុន ឬសាច់ញាតិ អាចប្តឹងទៅមេ ឬប្រធាន នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ក៏បានដែរ ដើម្បីឲ្យធ្វើការត្រួតពិនិត្យបទល្មើសកំណត់អត្តសញ្ញាណ និងចាប់ជនល្មើសព្រមទាំងប្រមូលភ័ស្តុតាង ហើយនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Casinos in the UK - Lucky Club
ReplyDeletePlay online casino games in the UK. This site luckyclub was established in 2014 and it's considered one of the best gambling sites for UK players. Find out which online casinos have the best casino