លោកមេធាវី ឡាច សំរោង សមាជិកគណៈកម្មការព្រហ្មទណ្ឌនៃគណៈមេធាវីបានផ្តល់សម្ភាសដល់ភ្នំពេញប៉ុស្តិ៍ ដោយបានលើកឡើងអំពីបណ្តឹងពីរគឺ បណ្តឹងអាជ្ញានិងបណ្តឹងរដ្ឋប្បវេណី និងបានពន្យល់ផ្អែកលើខ្លឹមសារច្បាប់ ដែលមានអត្ថន័យដូចខាងក្រោម ៖
តើអ្វីទៅជាបណ្តឹងអាជ្ញា?
បណ្តឹងអាជ្ញា គឺជាបណ្តឹងសុំឱ្យពិន័យជាប្រាក់ ឬដាក់ពន្ធនាគារមានកាលកំណត់ ឬដាក់ពន្ធនាគារអស់មួយជីវិត ឬ ប្រហារជីវិត នៅព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នគ្មានទោសប្រហារជីវិតទេ) ចំពោះជនដែលប្រព្រឹត្តអំពើដែលនាំឱ្យគ្រោះថ្នាក់ ដល់សង្គម ឬប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌ។ បច្ចុប្បន្ន បណ្តឹង អាជ្ញា ត្រូវបានគេមើលឃើញថា ជាបណ្តឹងប្រឆាំងនឹងជនល្មើសដែលប្រព្រឹត្តបទល្មើសណាមួយ ដោយទាមទារឱ្យតុលាការ ផ្តន្ទាទោសជននោះទៅតាមច្បាប់។
តើការចាប់ផ្តើមនៃបណ្តឹងអាជ្ញា កើតឡើងនៅពេលណា?
បណ្តឹងអាជ្ញាត្រូវបានអនុវត្តដោយអយ្យការ ក្នុងនាមការពារឲ្យផលប្រយោជន៍សាធារណៈ។ ការចាប់ផ្តើម បណ្តឹងអាជ្ញាដោយអយ្យការ មានន័យថា តំណាងអយ្យការធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ (អាចជាបទឧក្រិដ្ឋ មជ្ឈិម ឬលហុ) និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរនិងយុត្តាធិការជំនុំជម្រះ។ ការចាប់ផ្តើមបណ្តឹងអាជ្ញាដោយជនរងគ្រោះ ជាគោលការណ៍ថ្មីនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដែលអនុញ្ញាត ឱ្យជនរងគ្រោះ អាចដាក់ពាក្យបណ្តឹងដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី នៅចំពោះមុខចៅក្រមស៊ើបសួរ។
ពាក្យបណ្តឹងនេះមានអានុភាពប្តឹងដល់ចៅក្រមស៊ើបសួរ អំពីបណ្តឹងអាជ្ញានៅក្នុងលក្ខខណ្ឌ ដែលបានបញ្ញត្តិដោយ មាត្រា ១៣៩ (ការបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់) នៃក្រមនេះ។ ការចាប់ផ្តើមបណ្តឹងអាជ្ញាដោយវិធីនេះ មានលក្ខណៈប្រថុយប្រថានខ្លាំង ព្រោះថាជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹង ដោយមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីអាចត្រូវបានទទួលការផាកពិន័យដោយចៅក្រមស៊ើបសួរនិងសងការខូចខាត ប្រសិនបើបណ្តឹងនោះ ធ្វើដោយរំលោភ ឬអូសបន្លាយពេលវេលា។
អ្វីទៅជាកម្មវត្ថុនៃបណ្តឹងអាជ្ញា?
បណ្តឹងអាជ្ញាអនុវត្តលើបុគ្គលគ្រប់រូប ទាំងរូបវន្តបុគ្គល ទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធានឬស្ថានភាពឯទៀតឡើយ។ផ្អែកតាម ក្រមព្រហ្មទណ្ឌថ្មី គ្រប់បុគ្គលទាំងអស់ ត្រូវតែទទួលខុសត្រូវព្រហ្មទណ្ឌ ទោះជានីតិបុគ្គល។ នីតិបុគ្គលថ្វីដ្បិតតែជាបុគ្គលសិប្បនិមិ្មត ដែលបង្កើតឡើងដោយច្បាប់ ក៏ត្រូវតែទទួលខុសត្រូវព្រហ្មទណ្ឌដែរ មានន័យថា នីតិបុគ្គលនោះអាចទទួលរងនូវការពិន័យជាប្រាក់ឬទទួលរងនូវទោសបន្ថែមណាមួយដូចជា ការរំលាយនីតិបុគ្គលជាដើម។ ចំណែក ឯរូបវន្តបុគ្គល តំណាងឱ្យនីតិបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះក៏មិនអាចគេចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែរ (មាត្រា៣“ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
តើបណ្តឹងអាជ្ញាមានគោលបំណងដើម្បីអ្វី?
បណ្តឹងអាជ្ញា មានគោលបំណងពិនិត្យទៅលើអត្ថិភាពនៃបទល្មើស និងបង្ហាញឲ្យឃើញនូវពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះ តាមច្បាប់កំណត់។ ដូចនេះ គោលបំណងនៃបណ្តឹងអាជ្ញាគឺ កំណត់ពីអត្ថិភាពនៃបទល្មើសនិងផ្តន្ទាទោសជនល្មើសតាមច្បាប់ជាធរមាន។
តើអ្វីទៅជាបទល្មើស?
ច្បាប់បញ្ញត្តិថា អំពើខ្លះរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបង្កចលាចល ដល់សង្គម ជាបទល្មើស។ យោងតាមការកំណត់និយមន័យនេះ ទ្រឹស្តីព្រហ្មទណ្ឌបានកំណត់ពីចរិតនៃបទល្មើស ដូចខាងក្រោមនេះ ៖ អំពើដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សង្គម, អំពើដែលច្បាប់ព្រហ្មទណ្ឌបានកំណត់ថា ជាបទល្មើស,គោលការណ៍នៃកំហុស ដោយចេតនា ឬអចេតនា ។
ជាគោលការណ៍ មានតែអំពើដែលច្បាប់បានកំណត់ថាជាបទល្មើស ទើបអាចត្រូវបានផ្តន្ទាទោស ដែលហៅថា គោលការណ៍នីត្យានុកូលនៃបទល្មើស ហើយមានតែទោស ដែលមានចែងដោយច្បាប់ទេ ទើបអាចសម្រេចផ្តន្ទាទោសបានដែលហៅថា គោលការណ៍នីត្យានុកូលនៃទោស។ ដូចនេះប្រសិនបើជនណាមួយបានប្រព្រឹត្តនូវអំពើណាមួយ បើទោះជាអំពើនោះមានការប៉ះពាល់ដល់សង្គមក៏ដោយ តែអំពើនោះពុំមានច្បាប់កំណត់ថា ជាបទល្មើសជននោះមិនត្រូវបានតុលាការផ្តន្ទាទោសឡើយ។
តើបណ្តឹងអាជ្ញារលត់នៅពេលណា?
ការរលត់បណ្តឹងអាជ្ញាមានដូចជាៈ
- មរណភាពនៃជនល្មើស។
- ការផុតអាជ្ញាយុកាល។
- ការលើកលែងទោសជាទូទៅ។
- និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ។
- អាជ្ញាអស់ជំនុំ (មាត្រា ៧ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
- ការផុតអាជ្ញាយុកាល។
- ការលើកលែងទោសជាទូទៅ។
- និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ។
- អាជ្ញាអស់ជំនុំ (មាត្រា ៧ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
កាលណាបណ្តឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងព្រហ្មទណ្ឌ មិនអាចចាប់ផ្តើមបានទៀតទេ ឬ ត្រូវតែ បញ្ឈប់។ ឧទាហរណ៍ ៖ ប្រសិនបើជនសង្ស័យបានទទួលមរណភាពក្នុងដំណាក់កាលតំណាងអយ្យការ កំពុងធ្វើការចោទប្រកាន់ នោះមានន័យថា បណ្តឹងអាជ្ញាត្រូវបានរលត់ តំណាងអយ្យការត្រូវតែតម្កល់រឿងទុកឥតចាត់ការ ។
អ្វីទៅជាមូលហេតុនៃការរលត់បណ្តឹងអាជ្ញា?
កាលណាច្បាប់ដោយឡែក បានចែងដោយជាក់លាក់ នោះបណ្តឹងអាជ្ញាក៏អាចផុតរលត់បានដែរ ៖
- ដោយការសម្របសម្រួលជាមួយរដ្ឋ។
- ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យប្តឹងនេះ ជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។
- ដោយការបង់ប្រាក់ពិន័យសរុប ឬពិន័យសម្របសម្រួល (មាត្រា ៩ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
- ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យប្តឹងនេះ ជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។
- ដោយការបង់ប្រាក់ពិន័យសរុប ឬពិន័យសម្របសម្រួល (មាត្រា ៩ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
តែទោះជាក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់អំពីមូលហេតុ នៃការរលត់បណ្តឹងអាជ្ញាខាងលើក៏ដោយ ក៏មានបទឧក្រិដ្ឋ មួយចំនួនដែលគ្មានអាជ្ញាយុកាលកំណត់ ដូចជា បទឧក្រិដ្ឋប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋសង្គ្រាមជាដើម។
គួរកត់សម្គាល់ថា មូលហេតុផ្សេងទៀតនៃការរលត់បណ្តឹងអាជ្ញានេះ គឺលុះត្រាតែមានចែងក្នុងច្បាប់ណាមួយ ជាក់ លាក់ ជាឧទាហរណ៍ៈ នៅក្នុងច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ មាត្រា៣៦ចែងថា“ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះជានីតិជនដោយបទល្មើសនោះជាបទមជ្ឈិម ស្រាល ឬបទលហុ។ (សូមរង់ចាំអានវគ្គបន្ត)
0 យោបល់:
Post a Comment