លោក ពិន វណ្ណៈ បច្ចុប្បន្នជាមេធាវីបម្រើការនៅក្រុមមេធាវីកម្ពុជាអន្តរជាតិ និងជាសមាជិកមេធាវីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវីកើតនៅ ឆ្នាំ១៩៧៦ នៅ ភូមិអូរឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបញ្ចប់ការសិក្សានិង ទទួលបានបរិញ្ញាបត្រច្បាប់នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបច្ចុប្បន្ន) នៅក្នុង ឆ្នាំ១៩៩៨។
លោកមេធាវី ពិន វណ្ណៈ បានផ្តល់កិច្ចសម្ភាសជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ លើប្រធានបទទាក់ទងនឹងបណ្តាំមរតកនិងការបែងចែកទ្រព្យសម្បត្តិនៅក្នុងគ្រួសារនៅពេលឪពុកម្តាយអនិច្ចកម្មបាត់ទៅ ដែលមានខ្លឹមសារជាអាទិ៍ ដូចខាងក្រោម៖
យោងតាមច្បាប់កម្ពុជាបច្ចុប្បន្ននេះ តើមានតម្រូវឲ្យគ្រប់ក្រុមគ្រួសារត្រូវតែធ្វើបណ្តាំមរតកទុក ឬ ត្រូវមានកេរដំណែលទុកចែកជូនប្រពន្ធកូន ឬ កូនចៅរបស់ខ្លួនឬយ៉ាងណា?
ដូចបានរៀបរាប់នៅក្នុងអត្ថបទចុះផ្សាយលើកមុនរួចហើយ គោលការណ៍នៃការបង្កើតបណ្តាំមរតក គឺដើម្បីអាចឲ្យម្ចាស់បណ្តាំអាចចាត់ចែងទ្រព្យសម្បត្តិតាមឆន្ទៈរបស់ខ្លួនទៅឲ្យអ្នកដែលខ្លួនចង់ឲ្យ។ ដូច្នេះច្បាប់មិនចាប់បង្ខំឲ្យត្រូវតែបង្កើតបណ្តាំមរតកទេ។ ប៉ុន្តែបើករណីដែលម្ចាស់បណ្តាំ ធ្វើបណ្តាំមរតក ច្បាប់តម្រូវឲ្យដាច់ខាត ត្រូវធ្វើឲ្យស្របតាមទម្រង់ដែលច្បាប់កំណត់។
នៅក្នុងគ្រួសារមួយដែលមិនបានធ្វើបណ្តាំមរតកនិងមានកូនជាច្រើនក្នុងបន្ទុក នៅពេលដែលមេគ្រួសារ (ប្តីឬ ប្រពន្ធ) ណាម្នាក់បានស្លាប់បាត់ទៅ។ តើនរណា ជាអ្នកមានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិក្នុងគ្រួសារ? ចុះនៅពេលដែលមេគ្រួសារទាំង ២ នាក់ស្លាប់បាត់ទៅ តើអ្នកណា ឬកូនណាមានសិទ្ធិគ្រប់គ្រងនិងថែរក្សានិងបែងចែកសម្បត្តិទាំងនោះ? តាមច្បាប់តើត្រូវបែងចែងទ្រព្យសម្បត្តិទាំងនោះដូចម្តេចដែរ?
នៅក្នុងសំណួរនេះ ត្រូវយល់ជាមុនសិនថា តើអ្នកណាមានឋានៈជាសន្តតិជន (ជនដែលត្រូវទទួលបានមរតក)។ ក្នុងករណីនេះ បើប្តីស្លាប់ មានន័យថា ប្រពន្ធនិងកូនជាសន្តតិជន ឬ បើប្រពន្ធស្លាប់ មានន័យថា ប្តី និងកូនជាសន្តតិជន។ យើងអាចសួរទៀតថា ចុះបើគ្មានបណ្តាំមរតក តើអ្នកណាដែលមានសិទ្ធិគ្រប់គ្រង? បើគ្មានបណ្តាំមរតកទេ ត្រូវយករបបសន្តតិកម្មទៅតាមច្បាប់មកប្រើ។ ក្នុងករណីនេះ សន្តតិជនមួយណាក៏មានសិទ្ធិគ្រប់គ្រងនិងថែរក្សាទ្រព្យរបស់មរតកជន (អ្នកដែលស្លាប់) ជាបណ្តោះអាសន្នដើម្បីរង់ចាំការបែងចែកបានដែរ។
ក្នុងករណីដែលមានការបែងចែកទ្រព្យទាំងនោះមិនដាច់ស្រេចឬថាមានជម្លោះក្នុងចំណោមកូនចៅ។ តើគេត្រូវប្តឹងប្ដល់ទៅណា? ហើយតើច្បាប់នឹងចាត់វិធានការបញ្ឈប់ឬបញ្ចប់ជម្លោះតាមវិធីណាដែរ?
ក្នុងករណីដែលមានវិវាទទាក់ទងនឹងការគ្រប់គ្រងនិងថែរក្សាទ្រព្យសម្បត្តិ (មានន័យថា ឈ្លោះគ្នា) សន្តតិជនណាម្នាក់ឬទាំងអស់ អាចដាក់ពាក្យសុំទៅតុលាការតែងតាំងនរណាម្នាក់ធ្វើជាអ្នកគ្រប់គ្រងបណ្តោះអាសន្នរង់ចាំការបែងចែកទ្រព្យសម្បត្តិបាន។
ទាក់ទងនឹងការបែងចែកវិញសន្តតិជន អាចបែងចែកទ្រព្យសម្បត្តិរបស់អ្នកដែលស្លាប់បានតាមការព្រមព្រៀង។ ប៉ុន្តែក្នុងករណីដែលការព្រមព្រៀងមិនទទួលបានជោគជ័យទេ សន្តតិជនអាចដាក់ពាក្យសុំទៅតុលាការឲ្យបែងចែកទ្រព្យសម្បត្តិរបស់អ្នកស្លាប់នោះបាន។
ចំពោះកូនឥតខាន់ស្លា តើពួកគេមានសិទ្ធិទាមទារកេរមរតកពីឪពុកដែលស្លាប់ចោលបានទេ? តាមច្បាប់តើពួកគេអាចមានសិទ្ធិអ្វីខ្លះលើកេរមរតកឪពុក?
កូនឥតខាន់ស្លា (ជាកូនក្រៅចំណងអាពាហ៍ពិពាហ៍)។ កូនក្រៅចំណងអាពាហ៍ពិពាហ៍ អាចមានសិទ្ធិទទួលបានកេមរតកពីឪពុកម្តាយ។ ប៉ុន្តែមុន នឹងអាចទទួលសិទ្ធិទទួលបានមរតក នេះកូនក្រៅចំណងអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យបណ្តឹងទាមទារឲ្យឪពុកទទួលស្គាល់ថា ជាកូនទៅតុលាការជាមុនសិន (បណ្តឹងនេះ ហៅថា បណ្តឹងទាមទារឲ្យទទួលស្គាល់)។ ចំណុចនេះអាចចោទសួរដែរថា ចុះបើឪពុកស្លាប់ទៅហើយ តើទៅប្តឹងឲ្យឪពុកទទួលស្គាល់នោះម្តេចនឹងកើត? តាមច្បាប់នៅតែអាចធ្វើបាន គឺកូននោះអាចសុំឲ្យតុលាការ ធ្វើកោសល្យវិច័យ តាមរយៈ DNA ឬមានសាក្សី ជាអាទិ៍។ ក្នុងករណីដែលតុលាការចេញសេចក្តីសម្រេចតាមការស្នើសុំ របស់កូនហើយនោះ កូននោះនឹងទទួលបាននូវសិទ្ធិទទួលបានមរតកនោះពេញលេញ ដូចកូនមានខាន់ស្លា (កូនក្នុងចំណងអាពាហ៍ពិពាហ៍) ដែរពោលគឺទទួលបានចំណែកដូចគ្នានឹងកូនៗមានខាន់ស្លាដែរ៕
0 យោបល់:
Post a Comment