លោកបណ្ឌិត ឡុង ដារ៉ា ជាសមាជិកក្រុមប្រឹក្សា និងជាប្រធានក្រុមការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយច្បាប់នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់បទសម្ភាសជាមួយភ្នំពេញប៉ុស្ដិ៍ លើការប្រើពាក្យក្នុងផ្លូវច្បាប់ «ដីការក្សាការពារ» ដែលមានខ្លឹមសារជាអាទិ៍ដូចខាងក្រោម ៖
ក្នុងផ្លូវច្បាប់ទាំងភាសានិយាយនិងការសរសេរពាក្យ «ដីកាឬដីការក្សាការពារ» តើមានន័យងាយយល់យ៉ាងណាដែរក្នុងផ្លូវច្បាប់?
មុននឹងធ្វើការបកស្រាយសំណួរទាំងអស់ពាក់ព័ន្ធនឹងដីការក្សាការពារ ខ្ញុំ សូមពន្យល់អំពីពាក្យថា ៖ ដីកា និង រក្សាការពារ ជូនជ្រាបជាមុនសិន។
- ពាក្យថា ដីកាៈ គឺជាសេចក្ដីសម្រេច ឬ សេចក្ដីបញ្ជារបស់អាជ្ញាធរតុលាការដល់អាជ្ញាធរពាក់ព័ន្ធឲ្យអនុវត្ត តាមខ្លឹមសារនៃដីកានោះ។
- ពាក្យថា រក្សាការពារៈ គឺជាវិធានការចាត់ចែងរក្សាការពារជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ សិទ្ធិ និងផលប្រយោជន៍របស់ភាគីក្នុងវិវាទ(ដែលគេប្រើពាក្យថាៈម្ចាស់បំណុល និងកូនបំណុល) ។
- ពាក្យថា ដីកាៈ គឺជាសេចក្ដីសម្រេច ឬ សេចក្ដីបញ្ជារបស់អាជ្ញាធរតុលាការដល់អាជ្ញាធរពាក់ព័ន្ធឲ្យអនុវត្ត តាមខ្លឹមសារនៃដីកានោះ។
- ពាក្យថា រក្សាការពារៈ គឺជាវិធានការចាត់ចែងរក្សាការពារជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ សិទ្ធិ និងផលប្រយោជន៍របស់ភាគីក្នុងវិវាទ(ដែលគេប្រើពាក្យថាៈម្ចាស់បំណុល និងកូនបំណុល) ។
ដូចម្តេចដែលហៅថា ដីការក្សាការពារ?
ដីការក្សាការពារ គឺជាដីកាសម្រេចមុនអង្គសេចក្តី ដើម្បីហាមឃាត់ទ្រព្យសម្បត្តិ និងសិទ្ធិរបស់កូនបំណុល មិនឲ្យចាត់ចែង ឬក៏រឹបអូសទ្រព្យសម្បត្តិដែលកំពុងមានវិវាទ រក្សាទុក ឬប្រគល់ឲ្យភាគីណាមួយគ្រប់គ្រងជាបណ្តោះអាសន្ន រង់ចាំតុលាការអង្គសេចក្តីសម្រេចចប់ជាស្ថាពរ។
តើដីការក្សាការពារនេះ ប្រើប្រាស់ដើម្បីអ្វី?
ដីការក្សាការពារ ប្រើប្រាស់ដើម្បី ហាមឃាត់និងទប់ស្កាត់នូវទ្រព្យសម្បត្តិរបស់កូនបំណុល មិនឲ្យចាត់ចែងទៅឲ្យអ្នកដទៃជាបណ្តោះអាសន្ន ក្នុងគោលបំណងរក្សាការពារ ទុកសម្រាប់អនុវត្តដោយបង្ខំ ក្នុងការទូទាត់សំណងទៅឲ្យម្ចាស់បំណុល នៅពេលសាល ក្រម ឬសាលដីការបស់តុលាការអង្គសេចក្តីមានអានុភាពអនុវត្តតាមផ្លូវ ច្បាប់។
តើដីការក្សាការពារ ចេញបាននៅ ពេលណាខ្លះ?
ដីការក្សាការពារអាចចេញបាននៅ ពេលភាគីវិវាទ(ជាពិសេស គឺម្ចាស់បំណុល) បានដាក់ពាក្យប្ដឹងសុំឲ្យតុលាការចេញដីការក្សាការពារហាម ឃាត់ទ្រព្យសម្បត្តិរបស់កូនបំណុលមិនឲ្យលក់ ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ធ្វើអំណោយ អច្ច័យទាន មរតកសាសន៍ ។ល។ តាមសំណូមពររបស់ខ្លួន ក្នុង ករណីដែលមានមូលហេតុសមស្រប តាមក្រមនីតិវិធីរដ្ឋប្បវេណី ។
ឧទាហរណ៍ ៖ កូនបំណុលមិនបាន បំពេញកាតព្វកិច្ចតាមកិច្ចសន្យាក្នុងការ ទូទាត់បំណុលទៅឲ្យម្ចាស់បំណុល។ ធ្វើឲ្យម្ចាស់បំណុលមានការបារម្ភថា នៅពេលប្តឹងប្ដល់ទៅតុលាការ ដូច្នេះ មុននឹងប្តឹងទាមទារសំណង ឬ ក្នុង ពេលកំពុងប្តឹងទាមទារសំណង ម្ចាស់ បំណុលត្រូវប្តឹងសុំឲ្យតុលាការចេញ ដីការក្សាការពារ ហាមឃាត់នូវទ្រព្យ សម្បត្តិរបស់កូនបំណុល មិនឲ្យលក់ ដូរ ជួល ផ្ទេរ បញ្ចាំ ធ្វើអំណោយ អច្ច័យទាន មរតកសាសន៍។ល។ ទៅឲ្យអ្នកដទៃជាបណ្តោះអាសន្ន រង់ចាំតុលាការសម្រេចអង្គសេចក្តីដោះស្រាយចប់ជាស្ថាពរសិន។
តើដីការក្សាការពារនេះ ប្រើចំពោះតែទ្រព្យសម្បត្តិ ឬ ប្រើចំពោះមនុស្សបានដែរឬទេ?
តាមអត្ថន័យនិងខ្លឹមសារច្បាប់ ដែលភាគច្រើនយើងធ្លាប់អនុវត្តកន្លងមក គឺដីការក្សាការពារច្រើនសំដៅលើវត្ថុ និងសត្វ ដែលជាទ្រព្យសម្បត្តិកូនបំណុល (មានចលនវត្ថុ ឬ អចលនវត្ថុ) តែ ប៉ុណ្ណោះ។ ប៉ុន្តែក្នុងខ្លឹមសារនិងអត្ថន័យនៃក្រមនីតិវិធីរដ្ឋប្បវេណីថ្មី ក្នុងមាត្រា ៥៣០ និង៥៣១ នេះ ក៏បង្កប់នៅពាក្យទំនាក់ទំនងសិទ្ធិ និងឋានៈបុគ្គលផង ដែរ។ ដូច្នេះ បើនិយាយពីពាក្យថា សិទ្ធិ និង ឋានៈ គឺសំដៅទៅលើមនុស្សមិន មែនវត្ថុ ឬ សត្វឡើយ។
ឧទាហរណ៍ ៖ ក្នុងរឿងអាពាហ៍ពិពាហ៍និងគ្រួសារ ឬ អំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។ តុលាការអាច ចេញដីការក្សាការពារហាមឃាត់ភាគី មិនឲ្យរស់នៅជាមួយគ្នាបណ្តោះអាសន្ន (បំបែកលំនៅសង្វាស់) បាន។
តើដីការក្សាការពារនេះ មានកំណត់រយៈពេលដែរឬទេ?
តាមច្បាប់ដីការក្សាការពារមិនមាន រយៈពេលកំណត់ជាក់លាក់ឡើយ។ ប៉ុន្តែ ដីកានេះ នឹងអស់សុពលភាពនៅពេលសំណុំរឿងអង្គសេចក្តីបានអនុវត្តចប់ជាស្ថាពរឬកូនបំណុលបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនរួចហើយឬករណី ម្ចាស់បំណុលមិនបានដាក់ពាក្យបណ្ដឹងអង្គសេចក្ដី ក្នុងរយៈពេល២សប្ដាហ៍ ឬការសុំលុប ដោយមានផ្លាស់ប្ដូរស្ថានភាព។ល។
ឧទាហរណ៍ ៖ ម្ចាស់បំណុលប្តឹងសុំ ឲ្យតុលាការចេញដីការក្សាការពារហាមឃាត់ផ្ទះរបស់កូនបំណុល មិនឲ្យលក់ ដូរ ជួល ផ្ទេរ បញ្ចាំ ធ្វើអំណោយ អច្ច័យទាន មរតកសាសន៍ ទៅឲ្យអ្នកដទៃ បណ្តោះអាសន្ន រង់ចាំតុលាការសម្រេចដល់អង្គសេចក្តីចប់ជាស្ថាពរ។
ប៉ុន្តែ នៅពេលតុលាការអង្គសេចក្តី សម្រេចឲ្យកូនបំណុលទូទាត់សំណង ទៅម្ចាស់បំណុលនូវចំនួនទឹកប្រាក់ជាក់លាក់ណាមួយ ហើយកូនបំណុលក៏បានយល់ព្រមទូទាត់សំណងទៅឲ្យម្ចាស់បំណុល តាមអំណាចសាលក្រមរបស់តុលាការហើយដែរ។ បើដូច្នេះ តុលាការត្រូវតែចេញដីកាផ្ទុកផ្តាក់ឲ្យ អាជ្ញាធរពាក់ព័ន្ធ លុបចោលនូវដីកា រក្សាការពាររបស់កូនបំណុលវិញភ្លាមតែម្តង៕
0 យោបល់:
Post a Comment