ចំណាត់ថ្នាក់​បទល្មើស, អាជ្ញាយុកាល និង​អាជ្ញាអស់ជំនុំ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌខ្មែរ

ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បោះពុម្ព​​ដោយ​ក្រសួង​យុត្តិធម៌​ ឆ្នាំ​២០១០

ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បោះពុម្ព​​ដោយ​ក្រសួង​យុត្តិធម៌​ ឆ្នាំ​២០១០
RFI/Dyna Seng
ដោយ សេង ឌីណា
នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ កាល​ពីឆ្នាំ​២០០៩ បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​បែងចែក​ជា​បីថ្នាក់ គឺ បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ​ចម្លើយ​ជុំវិញ​​បទល្មើស​ទាំងបី​ថ្នាក់​នេះ។
សំណួរ-តើ​​បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ​ខុសគ្នា​​ត្រង់ចំណុច​ណាខ្លះ?
បទល្មើស​ទាំងបី​ថ្នាក់នេះ ខុសគ្នា ទៅតាម​ទម្ងន់ទោស។

បទឧក្រិដ្ឋ គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិតទោស​​​​អតិបរមា ​ជាទោស​ជាប់ពន្ធនាគារ ចាប់ពី​ ៥ឆ្នាំ រហូតដល់​មួយជីវិត។ ឧទាហរណ៍៖ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្ម​សង្រ្គាម, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ, បទឃាតកម្ម, បទ​រំលោភ​សេពសន្ថវៈ, បទលួច​ដោយ​មាន​អំពើ​ហិង្សា (ឬ​ប្លន់) ។ល។

បទមជ្ឈិម គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​​អតិបរមា ជាទោស​ជាប់​ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់​ ៥ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាត​ដោយ​អចេតនា, លួច, បង្ក​របួសស្នាម (ហិង្សា​ដោយ​ចេតនា), បទឆបោក, រំលោភលើ​សេចក្តីទុកចិត្ត ។ល។

បទលហុ គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​អតិបរមា ជាទោស​ជាប់ពន្ធនាគារ តិច​ជាង ៦ថ្ងៃ ឬ​ជា​បទល្មើស ដែល​ត្រូវ​ផ្តន្ទាទោស​ត្រឹមតែ​ជា​ប្រាក់​ពិន័យ​សុទ្ធសាធ ដោយ​គ្មាន​ទោស​ពន្ធនាគារ។ឧទាហរណ៍៖ ការបើកបរ​ដោយ​មិន​គោរពច្បាប់​ចរាចរណ៍, ការជេរប្រមាថ​មន្រ្តីរាជការ​សាធារណៈ, ការ​បរិហាកេរ្តិ៍ ឬ​ជេរប្រមាថ​ជា​សាធារណៈ, ការបង្ហាញ​នូវ​ភាពស្រវឹង​នៅ​ទីសាធារណៈ ។ល។

សំណួរ-តើ​អ្វីទៅជា​អាជ្ញាយុកាល? ហើយ​បើសិន​ជា​ក្នុងករណី​ផុតអាជ្ញាយុកាល តើ​នឹង​មាន​អ្វីកើតឡើង?

អាជ្ញាយុកាល ត្រូវ​ចែកជា​ពីរ៖ អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា និង​អាជ្ញាយុកាល​នៃ​ទោស។

អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា
 
អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា គឺ​ជា​រយៈពេល​កំណត់មួយ ដែល​បណ្តឹង​អាជ្ញា​អាច​ធ្វើឡើង​បាន។ បើ​ផុត​រយៈពេល​កំណត់​នេះ គេ​លែង​អាច​ធ្វើ​ការ​ចោទប្រកាន់ និង​កាត់ទោស​ជនល្មើស​បាន​ទៀត​ហើយ។ នៅ​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ខ្មែរ (មាត្រា ១០) អាជ្ញា​យុកាល​​នៃ​បណ្តឹង​អាជ្ញា គឺ​មាន៖
  • ១៥ឆ្នាំ សម្រាប់​បទឧក្រិដ្ឋ
  • ៥ឆ្នាំ សម្រាប់​បទ​មជ្ឈិម
  • ១ឆ្នាំ សម្រាប់​បទលហុ
គួរកត់សម្គាល់​ថា អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា​នេះ ត្រូវ​គិត​ចាប់​ពី​ពេល​ដែល​អំពើ​ល្មើស​ត្រូវ​បាន​ប្រព្រឹត្ត។

ឧទាហរណ៍៖ បុគ្គលឈ្មោះ “ក” បាន​លួច​ទ្រព្យ​គេ ដែល​ជា​បទមជ្ឈិម ក៏ប៉ុន្តែ គ្មាន​បណ្តឹង គ្មាន​ការ​ស៊ើបអង្កេត គ្មានការ​ចោទប្រកាន់​អ្វី​ទាំងអស់។ ៥ឆ្នាំ ក្រោយ​ថ្ងៃ​ដែល “ក” បាន​ប្រព្រឹត្ត​អំពើ​ល្មើស អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា​ត្រូវ​ផុត ដូច្នេះ តុលាការ​លែង​​អាច​យក​​ជនល្មើស “ក” នេះ​ មក​ជំនុំជម្រះ​បាន​ទៀតហើយ។

មាន​ប្រភេទ​បទល្មើស​ធំៗ​មួយចំនួន រួមមាន ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ គឺ​ជា​ប្រភេទ​បទឧក្រិដ្ឋ​ដែល​គ្មាន​អាជ្ញាយុកាល​ទេ។ មានន័យថា បើទោះបី​ជា​​នៅក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ល្មើស​ប៉ុន្មាន​ឆ្នាំក៏ដោយ ក៏​តុលាការ​អាច​យក​ជនល្មើស​មក​កាត់ទោស​បាន​ដែរ។
 
អាជ្ញាយុកាល​នៃ​ទោស

អាជ្ញាយុកាល​នៃ​ទោស គឺ​ទាក់ទង​នឹង​រយៈពេល​ដែល​ត្រូវ​អនុវត្ត​ទោស មានន័យថា ក្នុងករណី ដែល​ជនល្មើស​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​រួចហើយ ប៉ុន្តែ គេ​មិន​អាច​ចាប់​ពិរុទ្ធជន​នេះ​ឲ្យ​មក​អនុវត្ត​ទោស​បាន។ ដល់​ផុត​អាជ្ញា​យុកាល ទោស​នេះ​លែង​អាច​អនុវត្ត​ទៀត​បានហើយ ពោលគឺ ពិរុទ្ធជន​ត្រូវ​រួចខ្លួន។

អាជ្ញាយុកាល​នៃ​ទោស ក៏​ត្រូវ​បែងចែក​ទៅតាម​ចំណាត់ថ្នាក់បទល្មើស​ដែរ គឺ៖
  • ទោស​ដែល​ប្រកាស​ចំពោះ​បទឧក្រិដ្ឋ មាន​អាជ្ញាយុកាល ២០ឆ្នាំ
  • ទោស​ដែល​ប្រកាស​ចំពោះ​បទមជ្ឈិម មាន​អាជ្ញាយុកាល ៥ឆ្នាំ
  • ទោស​ដែល​ប្រកាស​ចំពោះ​បទលហុ មាន​អាជ្ញាយុកាល ១ឆ្នាំ
ចំណុច​ចាប់ផ្តើម​នៃ​អាជ្ញា​យុកាល (២០ឆ្នាំ, ៥ឆ្នាំ និង​ ១ឆ្នាំ ខាងលើនេះ) គឺ​ត្រូវ​ចាប់ផ្តើម​រាប់ ពី​ថ្ងៃ​ដែល​សេចក្តីសម្រេច​ផ្តន្ទាទោស ចូលជា​ស្ថាពរ។

ឧទាហរណ៍៖ បុគ្គលឈ្មោះ “ក” បាន​​​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដែល​ជា​បទឧក្រិដ្ឋ ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ  ក៏ប៉ុន្តែ ជាការ​កាត់ទោស​ដោយ​កំបាំងមុខ ដោយសារ​តែ "ក" បាន​រត់គេចខ្លួន​បាត់ ហើយ​គេ​មិន​អាច​ចាប់​ "ក" យក​មកដាក់​ក្នុង​ពន្ធនាគារ​បាន។ ២០ឆ្នាំ ក្រោយ​ពី​ថ្ងៃ​ប្រកាស​សាលក្រម​ស្ថាពរ ទោស​​ដែល​ដាក់​លើ “ក” នេះ នឹង​ត្រូវ​ផុត​អាជ្ញាយុកាល។ បើទោះបីជា​ “ក” វិលត្រឡប់មកវិញ ក៏​គេ​មិន​អាច​ចាប់ "ក" ដាក់​ពន្ធនាគារ​បាន​ដែរ។
 
សំណួរ-ទាក់ទង​នឹង​អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា។ ឧបមាថា នៅសល់តែ ពីរ-បីថ្ងៃ មុនពេល​ផុតអាជ្ញាយុកាល ទើប​គេ​ចាប់ផ្តើម​មាន​តម្រ៉ុយ​ អំពី​​ជនសង្ស័យ ហើយ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត។ ក៏ប៉ុន្តែ ការ​ស៊ើបអង្កេត​ត្រូវ​ចំណាយពេល​ជាច្រើន​ខែ។ ទម្រាំ​តែ​ស៊ើបអង្កេត​ចប់ អាជ្ញាយុកាល​ក៏​ត្រូវ​ផុត។ ក្នុងករណីនេះ តើ​តុលាការ​​នៅតែ​អាច​យក​ជនល្មើស​មក​កាត់ទោស​បាន ឬ​ក៏​ត្រូវ​​បិទបញ្ចប់​បណ្តឹង​អាជ្ញា​?
 
ក្នុងករណីនេះ តុលាការ​នៅតែ​អាច​យក​ជនល្មើស​មក​កាត់ទោស​បាន​ដដែល ពីព្រោះ​ថា នៅ​ក្នុង​ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ១១ ចែងថា “អាជ្ញាយុកាល​ត្រូវ​ផ្តាច់ដោយ​គ្រប់កិច្ចនៃ​ការ​ចោទប្រកាន់ ឬ​កិច្ចស៊ើបសួរ”។ មានន័យថា ឲ្យតែ​មាន​ការ​ចោទប្រកាន់ ឬ​ការ​បើក​ការស៊ើបអង្កេត​លើ​បទល្មើស​ណាមួយ​ហើយ អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា​លើ​បទល្មើស​នោះ នឹង​ត្រូវ​ផ្តាច់ លែង​រាប់តទៅទៀតហើយ។

ដូច្នេះ សរុបមកវិញ ទោះបី​ជា​នៅ​សល់​ត្រឹមតែ​១ថ្ងៃ​ទៀត​ត្រូវ​ផុតអាជ្ញាយុកាល​ក៏ដោយ ឲ្យ​តែ​មាន​ការ​បើក​ការស៊ើបអង្កេត អាជ្ញាយុកាល​នឹង​ត្រូវ​ផ្តាច់​លែង​រាប់តទៅទៀត ហើយ​ទោះបី​​ការស៊ើបអង្កេតនេះ​ត្រូវ​ចំណាយ​ពេល​រាប់ខែ​ក៏ដោយ បើ​សិន​ជា​មាន​សំណុំរឿង​គ្រប់​គ្រាន់ តុលាការ​នៅ​តែ​អាច​ធ្វើការ​ចោទប្រកាន់ និង​ជំនុំជម្រះ​ជនល្មើស ដោយ​បទល្មើស​នេះ​មិន​ត្រូវ​ផុតអាជ្ញាយុកាល​នោះទេ។
 
សំណួរ-តើ​អ្វីទៅជា “អាជ្ញាអស់ជំនុំ”?

អាជ្ញាអស់ជំនុំ គឺមានន័យថា ជនណា​ក៏ដោយ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​រួចខ្លួន​ជាស្ថាពរ​ហើយ គេ​មិន​អាច​យក​ជននោះ​មក​កាត់ទោស​ចំពោះ​អំពើ​ដដែល​នោះ​ទៀត​បានទេ បើទោះជា​ការ​កាត់ទោស​នោះ​ធ្វើ​ឡើង​ក្រោម​ការ​កំណត់​ឈ្មោះ​បទល្មើស​ថ្មី​ផ្សេង​ក៏ដោយ ឬ​កាត់ទោស​​ដោយ​តុលាការ​ណាមួយ​ផ្សេងទៀត​ក៏ដោយ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment