ថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៦:៤៦
ខេត្តព្រៃវែង ៖ មនុស្សម្នាបានផ្អើលនិយាយតៗគ្នាពេញតំបន់អ្នកលឿងត្រើយខាងកើត ទាក់ទងនឹងរឿងឆ្កែចេះនិយាយដូចមនុស្សនៅស្រុកព្រះស្តេច រហូតធ្វើឱ្យមនុស្សជាច្រើនកើតជាចម្ងល់ និងចង់ដឹងជាខ្លាំងថា តើពិតជាមានឆ្កែចេះនិយាយភាសាមនុស្សមែនឬ?
ដើម្បីបកស្រាយចម្ងល់នេះ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តព្រៃវែង បានចុះទៅដល់ភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ជាកន្លែងដែលគេល្បីថា មានសត្វឆ្កែចេះនិយាយភាសាមនុស្ស ហើយបានជួបសម្ភាសន៍ផ្ទាល់ជាមួយបងស្រី ណាគ្រី អាយុ៤៣ឆ្នាំ ដែលជាម្ចាស់ឆ្កែ បងស្រីបានអះអាងថា ឆ្កែរបស់គាត់ឈ្មោះអាលុច អាយុជាង៥ខែហើយ គឺពិតជាចេះនិយាយ និងស្តាប់ភាសាមនុស្សពិតមែន ហើយពាក្យដែលវាឧស្សាហ៍និយាយច្រើន នាពេលកន្លងមកនេះ គឺពាក្យញុំ ញ៉ាំ ហូប ហេវ ហត់ ខ្លាច ឃ្លាន និងពាក្យហើយៗជាដើម ។
បងស្រី ណាគ្រី បានបន្តទៀតថា សម្រាប់អ្នកដទៃក្រៅពីគាត់ ឆ្កែនេះមិនងាយនឹងនិយាយរកនោះទេ គឺទាល់តែពេលវាឃ្លាន ហើយអ្នកមកសួរនាំនោះមាននំឱ្យវាស៊ី ទើបវានិយាយរកមួយម៉ាត់ ឬ២ម៉ាត់ ប៉ុន្តែចំពោះរូបគាត់វិញ (ណាគ្រី) គឺវានិយាយរកច្រើន ហើយភាគច្រើន គឺនៅពេលព្រលប់ដែលវាទារឡើងដេកលើផ្ទះ និងពេលព្រលឹមដែលវាទារចុះពីលើផ្ទះវិញ ។
ទាក់ទងនឹងប្រវត្តិរបស់វា ត្រូវបានបងស្រី ណាគ្រី ប្រាប់ឱ្យដឹងថា បារបស់អាលុច (ឆ្កែចេះនិយាយ) គឺជាឆ្កែតឿរោមស្រម៉ូវ ប្រភេទឆ្កែបារាំង ចំណែកមេរបស់វា គឺជាឆ្កែស្រុកធម្មតា ប៉ុន្តែពេលដែលផើម ហើយកើតកូនបានតែអាលុចនេះមួយប៉ុណ្ណោះ គឺខុសពីមេឆ្កែគេដទៃ ដែលកើតកូនម្តង៤-១០ក្បាល ហើយពេលដែលអាលុចកើតមក គឺនៅក្នុងស្រោមសំណុំរុំជិត ទាល់តែមេរបស់វាលិតមួយសន្ទុះ ទើបធ្លាយចេញអាលុចមកក្រៅ ហើយ១អាទិត្យក្រោយ មកវាក៏ចេះលិតស៊ីបបរគ្រឿង និង៣ថ្ងៃក្រោយមកទៀត ក៏បើកភ្នែករួច ហើយលែងបៅដោះមេ គឺស៊ីតែបបររហូតបាន១ខែ ក៏ចាប់ស៊ីបាយតែម្តង ។ ហើយបាយដែលវាស៊ីទាល់តែមានសាច់ដុំៗ ហើយដាក់នៅលើផ្តិល ឬចានដែលល្អស្អាត ទើបវាស៊ី ហើយមិនស៊ីលាយឡំជាមួយឆ្កែដទៃទៀតនោះទេ ចំណែកការដេកវាដេកតែនៅលើគ្រែ និងលើពូកដែលមានចងមុងឱ្យប៉ុណ្ណោះ។ រៀងរាល់យប់កណ្តាលអធ្រាត្រវាតែងតែស្រែកដាស់ម្ចាស់ឱ្យបើកទ្វារ ឱ្យវាចុះទៅជុះអាចម៌ ជុះនោមនៅក្នុងព្រៃកៀនរបងផ្ទះ មិនដែលជុះនៅលើផ្ទះ ឬក្រោមផ្ទះផ្តេសផ្តាស់នោះទេ វាគឺជាឆ្កែដែលស្អាត និងមានរបៀបខ្លាំងណាស់ ហើយក្នុង១ថ្ងៃបងស្រី ណាគ្រី មុជទឹកឱ្យវា៣ដង និងដុសធ្មេញឱ្យវាម្តង ។
គួរបញ្ជាក់ផងដែរថា នៅចំពោះមុខអ្នកសារព័ត៌មានកោះសន្តិភាព បងស្រី ណាគ្រី បានព្យាយាមធ្វើឱ្យឆ្កែរបស់គាត់និយាយភាសាមនុស្ស ហើយជាលទ្ធផលអាលុចក៏បាននិយាយភាសាមនុស្សប៉ុន្មានម៉ាត់ដែរ គឺពាក្យហេវ ហត់ ១ឆ្នាំ ជាដើម ប៉ុន្តែសម្តីរបស់វា គឺមិនទាន់ច្បាស់ដូចសម្តីសារិកាដែលចេះនិយាយ ឬសម្តីមនុស្សទាំងស្រុងនោះទេ ពាក្យខ្លះអាចស្តាប់បាន ពាក្យខ្លះឮង៉ុលៗដូចមនុស្សក្រងួ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺវាអាចស្តាប់ភាសាមនុស្ស និងឆ្លើយឆ្លងជាមួយម្ចាស់វាបាន ។
ទោះជាយ៉ាងណាក៏ដោយ បងស្រី ណាគ្រី បានអះអាងថា ពេលនេះវាទើបតែអាយុបានជាង៥ខែប៉ុណ្ណោះ ប្រសិនបើគាត់ព្យាយាមនិយាយជាមួយវាជារៀងរាល់ថ្ងៃទៀតនោះ មិនលើសពី១ឆ្នាំទៀតនោះទេ អាលុច ពិតជាអាចនិយាយភាសាមនុស្សបានច្បាស់មិនខាន ៕
0 យោបល់:
Post a Comment