​តើ​អ្វី​ទៅជា​បទ​បរិហារកេរ្តិ៍​?


តើ​អ្វី​ទៅជា​បទ​បរិហារកេរ្តិ៍​?​    ​
​បរិហារកេរ្តិ៍ ជា​មូលដ្ឋាន គឺជា​ការនិយាយ​, ការសរសេរ​, ឬ​គំនូរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិយស​អ្នកដទៃ​។​
​     ​ការបរិហារកេរ្តិ៍​ក្លាយទៅជា​បទល្មើស​ដែល​អាច​ផ្តន្ទាទោស​បាន លុះត្រា​ណា​តែ​ការបរិហារកេរ្តិ៍ នោះ​ធ្វើជា​សាធារណៈ​។  មានន័យថា ការបរិហារកេរ្តិ៍​ត្រូវបានធ្វើ​នៅ​ទីកន្លែង​សាធារណៈ ឬ​តាម​ម​ធ្យោ បាយ​ណាមួយ​ដែល​ពាក្យ​បរិហារកេរ្តិ៍​នោះ​ត្រូវ​បានឮ​ឬ​ឃើញ​សុះសាយ​ជា​សាធារណៈ ដូចជា​តាម កាសែត វិទ្យុ ទូរទស្សន៍ ឬ​អ៊ិន​ទែ​ណែ​ត​ជាដើម​។ ពាក្យ​បរិហារកេរ្តិ៍​នៅ​ទីកន្លែង​ឯកជន​មិន​ត្រូវបាន​ផ្តន្ទា ទោស​ទេ​។ ហេតុដូច្នេះ​ហើយ​បានជា​ច្បាប់​ខ្មែរ​មានតែ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តែ​មិន​បទ បរិហារកេរ្តិ៍​ជា​ឯកជន​ទេ​។​ 
​ តាម​ក្រមព្រហ្មទណ្ឌ​ខ្មែរ បទ​បរិហារកេរ្តិ៍​គឺជា​បទល្មើស​មជ្ឈិម តែ​មិន​មានទោស​ពន្ធនាគារ​ទេ​។  អ្នក​ដែល​ជាប់ទោស​ពីបទ​បរិហារកេរ្តិ៍​នេះ​គ្រាន់តែ​ត្រូវ​ពិន័យ​ជា​ប្រាក់​ ពី មួយ​សែន រៀល​ទៅ​ដប់​លាន​រៀល និង​ត្រូវ​សង​សំណង​ខូចខាត​ដល់​ជន​ដែល​ត្រូវ​បរិហារកេរ្តិ៍​ប៉ុណ្ណោះ​។  មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា​៖
​ គ្រប់​ការអះអាង​បំផ្លើស ឬ ការ​ទំលាក់កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ឬ​កិត្តិ​ស័ព្ទ​នៃ​បុគ្គល​ឬ​នៃ​ស្ថាប័ន​គឺជា​ការបរិហារកេរ្តិ៍​។​
​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០ (​មួយ​សែន​) រៀល ទៅ ១០.០០០.០០០ (​ដប់​លាន​)​រៀល បទ​បរិហារកេរ្តិ៍​ដែល​ប្រព្រឹត្ត​តាម​មធ្យោបាយ​ណាមួយ​ដូចតទៅ​៖

    ១.​    ​តាម​សំដី ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​បញ្ចេញ​នៅ​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​។​
    ២.​    ​តាម​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​សាធារណជន​ឬ​ដាក់តាំង​ឲ្យ​សាធារណជន​មើល​។​
    ៣.​    ​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សា​ធារ​ជន​។​

​តើ​គ្រប់ការ​បរិហារកេរ្តិ៍​សុ​ទ្ទ​តែ​ត្រូវបាន​ផ្តន្ទាទោស​ទាំងអស់​ដែរឬទេ​?
​ ពាក្យ​បរិហារកេរ្តិ៍​ខ្លះ​អាច​ត្រូវ​អនុគ្រោះ​បាន ដោយសារ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ការពារ​សេរីភាព​ក្នុងការ​និយាយ ក្នុងការ​សរសេរ​។  បទបញ្ញត្តិ​ច្បាប់​ស្តី​ពីបទ​បរិហារកេរ្តិ៍ ត្រូវ​ថ្លឹងថ្លែង​សេរីភាព ក្នុងការ​និយាយ​និង​សរសេរ​ជាមួយនឹង​ការការពារ​កិត្តិយស​របស់​បុគ្គល​។​
​ដូច្នេះ ពាក្យ​ខ្លះ​ដែល​ចាត់ទុកថា​បរិហារកេរ្តិ៍ អាច​អនុគ្រោះ​ពី​ការទទួលខុសត្រូវ​បាន​បើ​៖


    ១.​    ​ការនិយាយ​ឬ​ការសរសេរ​នោះ​ធ្វើឡើង​ដោយ​សុទ្ធចិត្ត​
    ២​    ​ការនិយាយ​ឬ​ការសរសេរ​នោះ​ជាការ​ពិត​
    ៣.​    ​ការនិយាយ​ឬ​ការសរសេរ​នោះ​ជា​សេចក្តី​ថ្លែង​មតិ​។​

​តើ​អ្វី​ទៅ​ដែល​ហៅថា​”​សុទ្ធចិត្ត​”?

​ សុទ្ធចិត្ត តាម​ភាសា​សាមញ្ញ គឺជា​អ្វីដែល​ធ្វើឡើង​ដោយស្មោះ​សរ​គ្មាន​បង្កប់​នូវ​គំនិត​ទុច្ចរិត​។  ក្នុងន័យ​នៃ​ច្បាប់​បរិហារកេរ្តិ៍ សុទ្ធចិត្ត​មានន័យ​ជា​មូលដ្ឋាន​ថា​ជន​ដែល​ត្រូវ​ចោទថា​បរិហារកេរ្តិ៍​គេ​នោះ បាន​បន្លឺ​ពាក្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មនុស្ស​ម្នាក់ទៀត ដោយសារ​គាត់​ចង់​ឲ្យ​អ្នកដទៃ​ទៀត​ដឹង​ពី រឿង​អ្វីមួយ តែ​គាត់​មិន​នឹកស្មានថា​ពាក្យ​ដែល​បន្លឺ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ​មនុស្ស​ម្នាក់ទៀត ឬ គាត់​គ្មាន​ចេតនា​ចង់​បំផ្លាញ​មនុស្ស​នោះទេ​។​
​ ច្បាប់​ខ្មែរ​យើង​មិនបាន​កំណត់ថា​កត្តា​អ្វីខ្លះ​ដែល​ហៅថា​សុទ្ធចិត្ត​នោះទេ ​។ ប៉ុន្តែ តុលាការ​បារាំង បានកំណត់​កត្តា​បួន​យ៉ាង​ដែល​អាច​យកមក​ពិចារណា​ថា តើ​ពាក្យសំដី​មួយ​ជា​ពាក្យ​ដែល​បន្លឺឡើង ដោយ​សុទ្ធចិត្ត ឬ អ​សុទ្ធចិត្ត មានន័យថា​ចង់​បំផ្លាញ​គេ​ឬ​យ៉ាងណា​។ កត្តា​ទាំង​បួន​យ៉ាងនោះ​គឺ​៖
     ១.​    ​ជន​ដែល​ជាប់ចោទ​ពីបទ​បរិហារកេរ្តិ៍ គ្មាន​ភាពជា​សត្រូវ​ជាមួយ​នឹង​មនុស្ស​ត្រូវ​រង​ការបរិហារកេរ្តិ៍​។ នេះ​មានន័យថា ជនជាប់ចោទ​មិនមែន​និយាយ​បរិហារកេរ្តិ៍​មនុស្ស​ម្នាក់ទៀត​ដោយសារតែ​ខ្លួន​ ស្អប់​គាត់ ឬ​មាន​គំនុំ​ជាមួយ​គាត់​ពីមុន​ម​នោះទេ​។​
     ២​    ​ពាក្យសំដី​ដែល​ជនជាប់ចោទ​និយាយ ឬ​សរសេរ​នោះ​ធ្វើឡើង​ក្នុង​គោលដៅ​សមស្រប ដូចជា​ក្នុង​គោលដៅ​ចង់​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​នឹង​បញ្ហា​អ្វីមួយ​ដែល​ សំខាន់ ដល់​សុខុមាលភាព​របស់​សហ​គម​ន៍ ឬ សង្គម ឬ ប្រទេស​។​
     ៣.​    ​ពាក្យសំដី​ដែល​ជនជាប់ចោទ​បាន​និយាយ ឬ​សរសេរ​នោះ​ត្រូវបាន​គាត់​អង្កេត​ម៉ត់ចត់ ជាមួយ​ប្រភព ឬ​ឯកសារ​នានា គឺ​មិនមែន​និយាយ ឬ​សរសេរ​តាម​ការ​នឹក​ស្រម័យ របស់ ខ្លួន​នោះឡើយ​។ ឧទាហរណ៍ អ្នកកាសែត​មុននឹង​សរសេរ​អត្ថបទ​មួយ គាត់​បាន ព្យាយាម​រក​ប្រភព​មួយចំនួន​ដើម្បី​បញ្ជា​ក់លើ​ព័ត៌មាន​របស់គាត់​។ ការពិត ទោះបី​គេ​ព្យាយាម​រក​ប្រភព​បាន​ច្រើន​មក​បញ្ជាក់​យ៉ាងណាក្តី ពេលខ្លះ ព័ត៌មាន​ដែល​ផ្សាយ​នោះ​នៅតែ​មិន​ពិត​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ អ្នកដទៃ​។ ទោះជា​យ៉ាងណាក្តី ក្នុងករណី​បែបនេះ អ្នកកាសែត​នោះ​នៅ​ទទួល​បានទទួល​គុណប្រយោជន៍​ពី​កត្តា​មួយ នៃ​បណ្តា​កត្តា​សុទ្ធចិត្ត​ដែរ​។​
     ៤.​    ​ពាក្យសំដី​ដែល​ជនជាប់ចោទ​បាន​និយាយ​ឬ​សរសេរ​នោះ​មាន​តុល្យភាព​ឬ​មានការ​ ថ្លឹងថ្លែង​។ នេះ​មានន័យថា គាត់​មិន​មើល​តែមួយ​ជ្រុង​នៃ​ព័ត៌មាន​ទេ គាត់​ត្រូវ​បង្ហាញ​គ្រប់​ជ្រុងជ្រោយ​នៃ​ព័ត៌មាន​។ ឧ​ទា​ហរ​ណ៏ អ្នកកាសែត​ដែល​រាយ​ការ​ណ៏​ពី​អំពើពុករលួយ​នៃ​មន្ត្រីរាជការ​ណា​ម្នាក់ ត្រូវ​បង្ហាញ​ពី​ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​មន្ត្រី​នោះដែរ​ដើម្បី​ឲ្យ​គាត់ ​មាន​ឳ​កាស​បំភ្លឺ​ពី​ករណី​របស់គាត់​ដែរ​។ ម្យ៉ាងវិញទៀត ការប្រើ​សំដី​ត្រូវ​ឲ្យ​ល្មម គឺ​មិនត្រូវ​ហក់​ចូល​ក្នុងការ​សន្និដ្ឋានថា​អ្នកនេះ​ជា​ឧក្រិដ្ឋជន ឬ ជា​ជន​ក្បត់ជាតិ​នោះទេ​។​


​តើ​ពាក្យ​ពិតជា​បទ​បរិហារកេរ្តិ៍​ដែរឬទេ​?
​ ជា​ចំណុច​គោល អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ​ជាការ​បរិហារកេរ្តិ៍​។ តែ​ច្បាប់​អនុគ្រោះ​ដល់​អ្នក​និយាយ​ការពិត ទោះបី​ពាក្យ​ដែល​បន្លឺឡើង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ក​ត្តិ​យស​អ្នកដទៃ​ក៏ដោយ ​។ មានន័យថា​ច្បាប់​មិន​ផ្តន្ទាទោស​អ្នក​ដែល​និយាយ​ឬ​សរសេរ​ការពិត​នោះទេ​។​


​តើ​ការនិយាយ​ឬ​សរសេរ​សំដែង​មតិ​ជា​បទ​បរិហារកេរ្តិ៍​ដែល​ត្រូវ​ផ្តន្ទាទោស​ដែរឬទេ​?
​ រដ្ឋធម្មនុញ្ញ​ខ្មែរ មាត្រា ៤១ ធានា​សេរីភាព​ក្នុងការ​សំដែង​មតិ​។ ដូច្នេះ ច្បាប់​ក៏​មិន​ដាក់ទោស​ចំពោះ​ការ​ថ្លែង​មតិ​ដែរ​។ បើ​ក្រឡេកមើល​មាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំ​ពីបទ​បរិហារកេរ្តិ៍​សាធារណៈ មាត្រា​នេះ​ផ្តន្ទាទោស​តែ​ការ​ថ្លែង​ពី ”​អំពើ​” គឺ​អ្វីដែល​បានធ្វើ ឬ​ព្រឹត្តិការ​ណ៏​ណាមួយ​ដែល​បាន​កើតឡើង តែ​មិនបាន​ផ្តន្ទាទោស​ការ​ថ្លែង​មតិ​ទេ​។


មាន​សំណួរ​ចោទ​សួរថា​អ្វី​ជា “​អំពើ​”  អ្វី​ជា ”​មតិ​”?
​ អំពើ​កើតឡើង​ដោយ​មនុស្ស​ធ្វើ និយាយ​រួម​គឺជា​ព្រឹត្តិការ​ណ៏​កើតឡើង​ដោយ​ស្នាដៃ​អ្នក​ណាមួយ​(​យើង​មិន​ និយាយ​ពី​បាតុភូតធម្មជាតិ​ នៅ ទីនេះ​ទេ​)​។ ដូច្នេះ ព្រឹត្តិការ​ណ៏​ជា​អ្វីដែល​យើង​អាច​ផ្ទៀងផ្ទាត់​បាន​ថា វា​ពិតជា​បានកើត​ឡើង​មែន ឬ​ពិតជា​មិនបាន​កើតឡើង​ទេ​។  មតិ​មិនមែនជា​ព្រឹត្តិការ​ណ៏​ទេ​។ មតិ​ជាការ​យល់ឃើញ​របស់​ម​នុស្ស​ម្នាក់​លើ​បញ្ហា​ណាមួយ​ឬ​លើ​ព្រឹត្តិការណ៍​ ណាមួយ​។ ដូច្នេះ គេ​មិនអាច​ថា​មតិ​មួយ​ពិត​ឬ​មិន​ពិត​ទេ តែ​គេ​អាច​និយាយថា “​មតិ​របស់លោក​អាច​ទទួលយកបាន ឬ​មិនអាច​ទទួលយកបាន​” “​មតិ​របស់លោក​សមរ​ម្យ​ដែរ​” ឬ “​មតិ​របស់លោក​មិន​សមរម្យ​ទេ​”​។​
​ឧទាហរណ៍​នៃ ”​អំពើ​” ៖ កាលពី​ខែ​មិនា​ព្រះរាជអាជ្ញា​នៃ​តុលាការខេត្ត​ព្រះសីហនុ​បាន​ទៅ​អនុវត្ត​សាលក្រម​បណ្តេញ​អ្នកភូមិ​ទឹកផុស​។​
​ឧទាហរណ៍​នៃ “​មតិ​” ៖ ការបណ្តេញ​អ្នកភូមិ​ទឹកផុស​ចេញពី​ភូមិ​ជា​ការមិន​សមរម្យ ព្រោះ​គាត់​បានរស់នៅ​លើទឹក​ដី​នេះ​យូរហើយ​។​

អំពើ​
៖ គេ​អាច​ផ្ទៀងផ្ទាត់​បាន​ថា​ការបណ្តេញចេញ​បាន​កើតឡើង​ពិតមែន​នៅ​ទឹកផុស ព្រោះ​គេ​អាច​មើល​តាម​របាយការណ៍​សារពត៌មាន ឬ​ចុះទៅពិនិត្យ​ផ្ទាល់​ដល់ទី​កន្លែង​។​
មតិ
៖ នេះ​ជា​មតិ​របស់​មនុស្ស​ម្នាក់ ថា​ការបណ្តេញចេញ​នេះ​មិន​សមរម្យ​។ មនុស្ស​ខ្លះ​ថា​មិន​សមរម្យ​បើ​គិត​ទៅតាម​ការកាន់កាប់​ដី​យូរ​មកហើយ រីឯ​មនុស្ស​ខ្លះ​ទៀតថា​សមរម្យ បើ​យោងទៅតាម​ការសំរេចរ​បស់​សាលក្រម​តុលាការ​។ មនុស្ស​ពីរ​នាក់​អាច​មើល​រឿង​តែមួយ​តែ​ឃើញ​ខុសគ្នា ទៅតាម​ការយល់ឃើញរ​បស់​ខ្លួន​។​


​តើ​អ្នកណាខ្លះ​ដែល​អាចដាក់​ពាក្យបណ្តឹង​ពីបទ​បរិហារកេរ្តិ៍​បាន​?
​ អ្នក​ដែល​អាច​ប្តឹង​មនុស្ស​ម្នាក់ទៀត​ពីបទ​បរិហារកេរ្តិ៍​បាន លុះត្រាតែ​ជន​នោះ​យល់ឃើញថា ក​តិ្ត​យស​របស់ខ្លួន​ត្រូវបាន​ប៉ះពាល់​។ ថ្វីបើ​បទ​បរិហារ​ក​រ្តិ៍ ស្ថិតក្នុង​ចំណោម​បទល្មើស​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញា​មិនអាច​ផ្តើម​បណ្តឹង​នេះ​ដោយ​ឯកឯង​បានទេ​។ កង​នគរបាល​ក៏​មិនអាច​ប្តឹង​អ្នកណាម្នាក់​ពីបទ​បរិហារកេរ្តិ៍ ជំនួស​ឲ្យ​ជនរងគ្រោះ​ពីបទ​បរិហារកេរ្តិ៍​បានដែរ​។ បណ្តឹង​ត្រូវតែ​ចេញ​ផ្ទា​ល់ពី​ជនរងគ្រោះ​។​


​តើ​ពេលណា​កិត្តិយស​របស់​អ្នកណាម្នាក់​ត្រូវបាន​ប៉ះពាល់​?

​ កិត្តិយស​ត្រូវបាន​ប៉ះពាល់​នៅពេល ពាក្យសំដី​ដែល​ប្រើ​នោះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​នោះ ចុះថយ ឬ​បាត់បង់​ការ​រាប់អាន​ពី​សង្គម បាត់បង់​ឳ​កាស​ការងារ ឳ​កាស​សេដ្ឋកិច្ច​។​ល​។ ឧទាហរណ៍ ការនិយាយ​ថា​ហាង​ទំនិញ​មួយ​លក់​របស់​ក្លែងក្លាយ ធ្វើ​ឲ្យ​ម្ចាស់​ហាង​នោះ​បាត់បង់​នូវ​អតិថិជន​របស់គេ​។ ការ​និយាយថា​អ្នកណាម្នាក់​ជា​ឧក្រិដ្ឋជន ជា​មនុស្ស​ពុករលួយ ធ្វើ​ឲ្យ​ជន​នោះ​បាត់បង់​ការ​រាប់អាន​ពី​អ្នកដទៃ ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម ឬ​បាត់បង់​ការងារ​។​
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment