លោក ជាម យៀប​៖​ បើ​តាម​រដ្ឋធម្មនុញ្ញ តំណាងរាស្ត្រ​CNRP មិន​ទទួលបាន​ប្រាក់បៀវត្សរ៍​ពេល​ពហិការ​សភា​នោះ​ទេ​​


ដោយ៖​ កាន់ វិច្ឆិកា និងស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី24 កក្កដា 2014 

លោក ជាម យៀប ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា


មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យដឹងថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប នឹង​មិន​ទទួលបាន​ប្រាក់បៀវត្សរ៍​ក្នុង​រយៈពេល​ពហិការ​ចូល​ប្រជុំ​សភា​នោះ​ទេ ក្រោម​ហេតុផល​ថា​អ្នក​ទាំងនោះ មិនមែន​ជា​តំណាងរាស្ត្រ​ពេញសិទ្ធិ​។​

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បើ​តាម​រដ្ឋធម្មនុញ្ញ បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ទាំង​៥៥​នោះ នឹង​មិន​អាច​ទទួលបាន​ប្រាក់បៀវត្សរ៍​នោះទេ ដោយសារ​ពួក​គាត់ មិនមែន​ជា​តំណាងរាស្ត្រ​ពេញសិទ្ធិ ដែល​បាន​ចូល​ស្បថ​សច្ចាប្រណិធាន និង​បម្រើប្រជាជន​។​

​លោក​បញ្ជាក់ថា​«​ខ្ញុំ​លើក​យក​តែ​ច្បាប់​និយាយ​ទេ​។ ទី​មួយ​រដ្ឋធម្មនុញ្ញ គឺ​ថា​អ្នក​ដែល​បាន​ទទួល​នូវ​សុពលភាព​រួចរាល់​អស់​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចូល​ទៅ​ស្បថ មិន​ទាន់​ក្លាយទៅជា​តំណាងរាស្ត្រ​ទេ​។​...​យោងទៅតាម​អ្វី​ដែល​រដ្ឋធម្មនុញ្ញ​ចែង នៅពេល​ដែល​គាត់​ធ្វើ​ពិហិការ​មិន​ព្រម​ចូល អាណ្នឹង​គឺ​ថា​យើង​មិន​អាច​ធ្វើបាន​។​គាត់​ទាល់តែ​ស្បថ​ហើយ បាន​គាត់​មាន​នូវ​លក្ខខណ្ឌ​បី ទី​មួយ​ទទួល​បាន​អភ័យឯកសិទ្ធិសភា ទី​ពីរ​ទទួលបាន​ប្រាក់​បំណាច់​របស់​តំណាងរាស្ត្រ​ដែល​រដ្ឋ​ប្រគល់ជូន និង​ទី​បី​ទទួលបាន​នូវ​កៅអី​ឬ​អាសនៈ ដែល​គាត់​ត្រូវ​អង្គុយ​សម្រាប់​ប្រជុំ​ពេញអង្គ​នៅក្នុង​មន្ទីរ​ប្រជុំ​ធំសភា​។​ខ្ញុំ​យល់ឃើញថា អា​នេះ​ខ្លួន​ខ្ញុំ​ទេ មិន​អាច​ទទួល​ប្រាក់បៀវត្សរ៍​របស់​រដ្ឋ​បានទេ ដោយសារ​យើង​មិន​អាច​បំពេញ​ការងារ​ជូន​ម្ចាស់​ឆ្នោត​នៅក្នុង​រដ្ឋសភា​»​។​

​លោក ជាម យៀប ឲ្យដឹងទៀតថា ជា​មធ្យម​ប្រាក់បៀវត្សរ៍​ដែល​តំណាងរាស្ត្រ​មួយ​រូប ទទួលបាន​មាន​ជាង ៨​លាន​រៀល​(​ជាង​២​ពាន់​ដុល្លារ​) ដែល​ក្នុងនោះ​៩៤​ម៉ឺន​រៀល​ជា​ប្រាក់ខែ និង​ក្រៅពីនោះ​ជា​ប្រាក់​ប្រជុំ ប្រាក់​ម៉ោង និង​ប្រាក់​ស្នាក់នៅ​ជា​ដើម​។​

​មាត្រា ៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ឲ្យដឹងថា តំណាងរាស្ត្រ​ទាំងអស់ ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់តំណែង​ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​៥​នៃ​រដ្ឋធម្មនុញ្ញ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​គិត​ពី​រឿង​បើក​ប្រាក់​បៀវត្សរ៍​នោះទេ ដោយសារ​តែ​ជាប់រវល់​ការងារ​កំណែទម្រង់​ជាច្រើន​ទៀត​។ លោក​បញ្ជាក់ថា​«​ខ្ញុំ​មិន​ទាន់​បាន​យក​ការគិត ពេលវេលា​ទៅ​គិត​រឿង​ប្រាក់ខែ ព្រោះ​ពួកយើងខ្ញុំ​ទាំងអស់គ្នា កំពុង​តែ​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព និង​ពិនិត្យ​ច្បាប់​ដែល​ត្រូវ​កែ​ទាំងអស់ ឲ្យស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង ធ្វើ​ម៉េច​គឺ​ត្រូវតែ​កែទម្រង់​គជប កែទម្រង់​រដ្ឋសភា កែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការកែទម្រង់​ផ្សេងៗ​ទៀត​»​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា បើ​តាម​ច្បាប់ បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ទាំងនោះ នឹង​មិន​អាច​ទទួលបាន​ប្រាក់បៀវត្សរ៍​នោះទេ តែ​អ្វីៗ​អាស្រ័យ​លើ​ការចរចា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​។​

​បើ​តាម​ការ​គណនា ក្នុងករណី​តំណាងរាស្ត្រ​ម្នាក់​ទទួលបាន​ប្រាក់បៀវត្សរ៍​ចំនួន​២​ពាន់​ដុល្លារ នោះ​ក្នុង​រយៈពេល​១០​ខែ​នៃ​ការធ្វើ​ពហិការ​របស់​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ទាំង​៥៥​រូប ត្រូវ​ទទួលបាន​១,១​លាន​ដុល្លារ​៕​
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment