​ទស្សនៈ​អ្នកវិភាគ​ជុំវិញ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ថា ​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្លួន​​


ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃអង្គារ ទី8 កក្កដា 2014, 11:59 AM, (1)

ស្តាប់សំឡេង៖​

ចម្លងទុក


នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុមនិស្សិត និង​ព្រះសង្ឃ​ជាង​១០០​អង្គ​/​នាក់ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​សុំទោស​ប្រជាជន​កម្ពុជា​ជា​សាធារណៈ ចំពោះ​ការ​ដែល​មន្ត្រី​ទូត​នេះ ថ្លែង​កាលពី​ដើមខែមិថុនា​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តាំងពី​យូរ​មក​ហើយ មិនមែន​បារាំង​កាត់​ចេញពី​កម្ពុជា​ទេ​។​

ទាក់ទង​នឹង​ការលើកឡើង​នេះ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ជារួម​ប្រទេសមួយ​តែងតែ​ការពារ​អធិតេយ្យភាព​ខ្លួន តែ​ការ​គិតពី​ប្រយោជន៍​ជាតិ​ហួសហេតុ ឬ​ជ្រុលនិយម​អាច​ធ្វើឲ្យ​មាន​កំហឹង​ជាតិ​សាសន៍​។ លោក​ថា វៀតណាម​តែងតែ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ដូចនេះ​ពលរដ្ឋ​ខ្មែរ មិន​ត្រូវ​នៅ​ស្ងៀម​ទេ គឺ​ត្រូវតែ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លួនឯង​ « ​ខ្ញុំ​គិតថា​ជា​កាយវិការ​ល្អ​ហើយ សិទ្ធិ​ធ្វើ​បាតុកម្ម​កូដកម្ម សិទ្ធិ​ជា​មូលដ្ឋាន ហើយ​ចែង​និង​ច្បាប់​ជាតិ​ទៅ​ទៀត​។ ការហាមឃាត់​មិនឲ្យ​ធ្វើ​បាតុកម្ម​កូដ​កម្ម​គឺ​ជា​បទល្មើស​ដែល​កើតឡើង​ដោយ​ អាជ្ញាធរ​។ បាទ​ជាដំបូង​មិនយូរ​មិនឆាប់​ឲ្យតែ​ខ្មែរ​យើង​យុវជន​យើង យល់ដឹង​ច្រើន​អំពី​ប្រវត្តិសាស្ត្រ យល់ដឹង​ច្រើន​អំពី​ព័ត៌មាន ហើយ​ធ្វើ​បាតុកម្ម​កូដកម្ម​រដ្ឋាភិបាល​គង់​តែ​ដួលរលំ​ទេ​»។

ជាងនេះទៀត លោក​កែម ឡី ថា​រដ្ឋាភិបាល​គួរតែ​បញ្ចូលប្រវត្តិ​នៃ​ការបាត់​ទឹកដី​កម្ពុជា​ ទៅក្នុង​កម្មវិធីសិក្សា​របស់​សិស្ស ហើយ​ត្រូវ​បង្កើត​មជ្ឈមណ្ឌល សម្រាប់​រក្សា​ទុក​ឯកសា​រ​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង​។​

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា លោក ហ៊ាង រិទ្ធី មានប្រសាសន៍ថា ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយ​រូប​ដែរ មិន​សុខចិត្ត​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម​ដែល​ថា​ទឹកដី​ កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​នោះទេ​។ លោកសង្កត់ធ្ងន់​ថា ទឹកដី​កម្ពុជា​ទើបតែ​បាត់​ចំនួន៦៥​ឆ្នាំ ក្នុង​សម័យអណានិគម​បារាំង​គ្រប់គ្រង​ប៉ុណ្ណោះ​ «​តាម​ការពិត​ទឹកដី​ ខ្មែរក្រោម​ត្រូវប្រគល់​ឲ្យ​ខ្មែ​វិញ មិន​ដូច​មន្ត្រី​ទូត​របស់​យួន​បំលែង វា​អាច​បំ​លែង​បាន​តែ​មាត់របស់​វា ប៉ុន្តែ​កូន​ខ្មែរ​ទាំង​ខ្មែរ​ក្រោម​ខ្មែ​កណ្តាល​ខ្មែរលើ​បានដឹង​យ៉ាងច្បាស់ ​ថា​ទឹកដី​នេះ​ជា​ទឹកដី​ដូនតា​របស់​ខ្មែរ​តាំងពី​យូរលង់​មកហើយ​»។

​លោក ហ៊ាង រិទ្ធី បន្ថែមថា ការពិត​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​តាំងពី​ដូនតា​មក ដូចនេះ​រដ្ឋាភិបាល​គួរតែ​ស្នើសុំ​ទៅ​អង្គការសហប្រជាជាតិ​ប្តឹង​សើរើ​សុំ​ ប្រកាស​ឯករាជ្យ​។

ចំណែកអ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា តាម​ច្បាប់​អន្តរជាតិ មន្ត្រី​ស្ថានទូត​ដែល​តាំង​នៅ​លើ​ប្រទេស​ដទៃ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ ការចេញ​វាចារ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែងរក​ឯកសារ​ប្រវត្តិសាស្ត្រ ដើម្បី​ពង្រឹង​ការយល់ដឹង​រវាង​ប្រជាជាតិ​ទាំងពីរ ហើយ​មិន​ត្រូវ​ប្រើ​អំពើហិង្សា​ឡើយ​។ លោក ផៃ ស៊ីផា​ន ព្រមាន​ថា វិធានការ​របស់​រដ្ឋាភិបាល នឹង​ផ្អាក​រាល់​សកម្មភាព​ណា ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម ហើយ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​ «​នៅក្នុង​ចំណាត់ការ​នេះ​យើង​សុំឲ្យ​គេ​រក្សា​ភាព​ថ្លៃថ្នូ​រនៃ​ ប្រជាជាតិ​កម្ពុជា ហើយ​យើង​សុំឲ្យ​គេ​ចូលរួម​សហការ​ជាមួ​យ​រាជរដ្ឋាភិបាល​នៅ​អ្វីដែល​យើង​បាន​ ប្តេជ្ញា​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​ដូចជា​ច្បាប់​ជាតិ​ច្បាប់​ អន្តរជាតិ​ ព្រោះ​យើង​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​»​។

​បើ​តាម​ក្រុម​អ្នកវិភាគ រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​នៅ​ស្ងៀមស្ងាត់​ទេ គួរតែ​មាន​វិធានការ​ផ្សេងៗ​ ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​វៀតណាម ហើយ​ត្រូវតែ​គិត​ពី​ផលប្រយោជន៍​ជាតិ​ខ្លួន ជា​ជាង​គិត​ប្រយោជន៍​ប្រទេស​ដទៃ​៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment