ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី13 កក្កដា 2014 |
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ច្រានចោលការស្នើសុំរបស់ភាគីវៀតណាម ជុំវិញការទប់ស្កាត់ក្រុមបាតុករខ្មែរ មិនឲ្យធ្វើបាតុកម្មនៅមុខស្ថានទូតនេះ នាថ្ងៃខាងមុខ ពាក់ព័ន្ធនិងទឹកដីខ្មែរកម្ពុជាក្រោម។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុករបស់វៀតណាម (www.thanhniennews.com) កាលពីថ្ងៃសៅរិ៍ម្សិលមិញ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh ដែលស្នើរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបញ្ច្រៀសការតវ៉ានៅមុខស្ថានទូតវៀតណាមនៅរាជធានី ភ្នំពេញទៅថ្ងៃខាងមុខ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោក ខៀវ សុភ័គ ឲ្យVODដឹងនៅថ្ងៃអាទិត្យនេះថា ការស្នើសុំរបស់ជនជាតិវៀតណាមគឺជាសិទ្ធិរបស់មន្ត្រីរូបនោះ។ តែលោកថា ការធ្វើបាតុកម្មរបស់បាតុករខ្មែរប្រឆាំងនឹងវៀតណាម ពាក់ព័ន្ធនឹងទឹកដីខ្មែរកម្ពុជាក្រោម គឺជាសិទ្ធិរបស់បាតុករទាំងនោះ៖ “សិទ្ធិរបស់គេធ្វើជាសិទ្ធិទៅ ប៉ុន្តែពូយល់ថា ធ្វើក៏គ្មានបានប្រយោជន៍អ្វីដែរ”។
លោក ខៀវ សុភ័គ បញ្ជាក់ថា តាមប្រវត្តិសាស្ត្រ ដើមឡើយ ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានព្រះបាទជ័យជេដ្ឋាទី២ អនុញ្ញាតឲ្យជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរកម្ពុជាក្រោម បន្ទាប់មកបារាំងសេសបានកាត់ទឹកដីនោះឲ្យវៀតណាម នៅថ្ងៃទី០៤ខែមិថុនាឆ្នាំ១៩៤៩។ លោកបន្តថា ហេតុនេះ គ្មាននរណាម្នាក់កាឡៃប្រវត្តិសាស្ត្របាននោះទេ។
កាលពីថ្ងៃទី៨ ខែកក្កដា ប្រធានសហព័ន្ធនិស្សិតបញ្ញវន្ត លោក ម៉ៅ ពិសេស បានដឹកនាំ សិស្សនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ប្រមាណ២០០អង្គនាក់ តវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យមន្ត្រីទូតនេះឈ្មោះត្រឹង វ៉ាន់ថុង(Trung Van Thong) សុំទោសជាសាធារណៈចំពោះការថ្លែងថាទឹកដីកម្ពុជាក្រោមជារបស់វៀតណាម តាំងពីអតីតកាល។ តែលោក ត្រឹង វ៉ានថុងឆ្លើយតបថា លោកនឹងមិនសុំទោសតាមការទាមទារលើការថ្លែងរបស់លោកឡើយ ដោយចាត់ទុកការតវ៉ាជាការរំលោភច្បាប់កម្ពុជា និងអន្តរជាតិ។
ចំណែក សេចក្តីជូនដំណឹងរបស់លោក ម៉ៅ ពិសេស ឲ្យដឹងថា គ្រោងនឹងធ្វើការតវ៉ាជាថ្មីនៅខាងមុខស្ថានទូតវៀតណាម នៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
0 យោបល់:
Post a Comment