អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតអបអរចំពោះអ្នកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលព្រមទទួលតំណែងជាសមាជិកទីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប។ ការស្នើតែងតាំងអ្នកស្រី ពុង ឈីវកេក នេះមានសញ្ញាយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក ប្រជុំឯកភាពគ្នាជាមួយបុគ្គលិករួចរាល់នៅរសៀលថ្ងៃទី២៨ ខែកក្កដា ហើយផ្ញើលិខិតមួយច្បាប់ទៅកាន់គណបក្សជាប់ឆ្នោតទាំងពីរ។
លិខិតរបស់អ្នកស្រី ពុង ឈីវកេក ផ្ញើជូនគណបក្សជាប់ឆ្នោតទាំងពីរមានខ្លឹមសារថា អ្នកស្រីសង្ឃឹមថា សមាជិក គ.ជ.ប នឹងមានការការពារដោយអភ័យឯកសិទ្ធិ ការធានាឲ្យមានស្វ័យភាពក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ហើយគួរតែមានសិទ្ធិជ្រើសរើបបុគ្គលិកជំនាញដើម្បីបំពេញការងារ ព្រមទាំងមានថវិកាស្វយ័ត ហើយមានសិទ្ធិចាត់ចែងថវិកាជំនួយពីក្នុងនិងក្រៅប្រទេស។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា មកដល់ល្ងាចម៉ោង ៦ល្ងាច គណបក្សសង្គ្រោះជាតិ ផ្ញើលិខិតតបទៅអ្នកស្រី ពុង ឈីវកេក វិញ ដោយបញ្ជាក់ថា គណបក្សប្រឆាំងធំជាងគេនេះ គាំទ្រការសម្រេចចិត្តរបស់អ្នកស្រី និងយល់ព្រមតាមអ្វីដែលអ្នកស្រីចង់បាន។ លោកបញ្ជាក់ថា អ្នកស្រី ពុង ឈីវកេក ជាតួអង្គសំខាន់មួយដែលនឹងនាំឲ្យមានការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា៖ «សំឡេង»។
មន្ត្រីអង្គការពារសិទ្ធិមនុស្សឲ្យដឹងថា មកដល់ម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា នេះ គណបក្សប្រជាជនកម្ពុជា មិនទាន់ផ្ដល់ចម្លើយតបចំពោះជំហររបស់អ្នកស្រី ពុង ឈីវកេក ឡើយ។ អ្នកស្រី ពុង ឈីវកេក វិញ ប្រាប់វិទ្យុអាស៊ីសេរី នៅវេលាម៉ោងជាង ៥ល្ងាចថា រូបគាត់មិនទាន់សម្រេចចិត្តបែបណាឡើយ ដោយរង់ចាំលិខិតតបពីគណបក្សទាំងពីរសិន។ ក្នុងលិខិតរបស់អ្នកស្រីផ្ញើទៅកាន់ប្រធានគណបក្សសង្គ្រោះជាតិ មានខ្លឹមសារថា អ្នកស្រីទទួលយកសំណើនេះបានលុះណាតែអ្នកស្រីអាចបំពេញការងារជូនជាតិបានដោយឯករាជ្យតាមមនសិការស្នេហាជាតិ។ អ្នកស្រីក៏សន្យាថា នឹងធ្វើការងារតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ និងយុត្តិធម៌ ដើម្បីសុខុមាលភាពនៃពលរដ្ឋកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ប្រាប់អ្នកកាសែតនៅវិមានរដ្ឋសភាថា គណបក្សទាំងពីរបានព្រមព្រៀងគ្នារួចរាល់ក្នុងការជ្រើសរើសសមាសភាពទី៩ នៃសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជា ក៏កំពុងរង់ចាំចម្លើយតបពីម្ចាស់សាមីខ្លួន។ លោកបញ្ជាក់ថា សមាសភាពទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវប្រកាសជាសាធារណៈនៅពេលដ៏ខ្លីខាងមុខ៖ «សំឡេង»។
កាលពីថ្ងៃទី២២ ខែកក្កដា គណបក្សជាប់ឆ្នោតទាំងពីរព្រមព្រៀងគ្នាជ្រើសរើសសមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមរូបមន្ត ៤-៤-១។ បក្សកាន់អំណាចដាក់សមាជិក ៤នាក់ បក្សប្រឆាំង ៤នាក់ និងបុគ្គលឯករាជ្យ ១នាក់។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់ថា គណបក្សសង្គ្រោះជាតិ សម្រេចចិត្តដាក់លោក គួយ ប៊ុនរឿន ជាសមាជិកម្នាក់ក្នុងចំណោម ៤នាក់ បុគ្គលពីរនាក់ទៀតចេញពីសង្គមស៊ីវិលឯករាជ្យដែលមានស្នាដៃជួយជាតិ ហើយមួយរូបចុងក្រោយជាមនុស្សក្នុងគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ក៏រក្សាសិទ្ធិមិនបញ្ចេញអត្តសញ្ញាណសមាសភាពទាំងអស់នោះដែរ ក្រោមហេតុផលថា គណបក្សមិនទាន់ទទួលការឯកភាពពីសាមីខ្លួន។ ប្រភពក្រៅផ្លូវការពីសង្គមស៊ីវិលបញ្ជាក់ថា សមាសភាពពីររូបដែលគណបក្សជ្រើសចេញពីសង្គមស៊ីវិលនោះ មានម្នាក់ធ្វើការខាងផ្នែកការពារសិទ្ធិមនុស្ស និងម្នាក់ទៀតមានបទពិសោធន៍ច្រើនទាក់ទងនឹងការងារបោះឆ្នោត។
អ្នកស្រី ពុង ឈីវកេក ធ្លាប់ធ្វើជាតួអង្គសំខាន់មួយក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា តាំងពីទសវត្សឆ្នាំ៩០។ អ្នកស្រីធ្លាប់ដើរតួជាអ្នកនាំសាររបស់អតីតព្រះមហាក្សត្រព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ តំណាងរដ្ឋាភិបាលត្រីភាគី និងលោក ហ៊ុន សែន តំណាងរដ្ឋកម្ពុជា ដែលកាលនោះរណបវៀតណាម ដើម្បីបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
ទាក់ទងនឹងដំណើរការវិវត្តន៍នយោបាយវិញ លោក សម រង្ស៉ី បានបង្ហាញមុខក្នុងរដ្ឋសភាក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជំនួសលោក គួយ ប៊ុនរឿន។ លោកប្រាប់អ្នកកាសែតថា នឹងចូលស្បថក្នុងព្រះបរមរាជវាំង នៅពេលដ៏ខ្លីខាងមុខ ហើយគណៈកម្មការទាំងបីរបស់គណបក្សទាំងពីរនឹងប្រជុំគ្នានៅថ្ងៃទី២៩ ខែកក្កដា លើបញ្ហាបី រួមមាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងវិសោធនកម្មច្បាប់បោះឆ្នោត។
ព័ត៌មានចុងក្រោយ៖ រហូតដល់ម៉ោងប្រមាណ ៧កន្លះនេះ អ្នកស្រី ពុង ឈីវកេក បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានយល់ព្រមជាមួយនឹងលក្ខខណ្ឌទាំងប៉ុន្មានដែលអ្នកស្រីបានស្នើសុំនោះហើយ៕
0 យោបល់:
Post a Comment