សង្គម​ស៊ីវិល​ថា​ប្រធាន គជប មិនគួរ​រើស​ចេញពី​គណបក្ស​ណាមួយ​ឡើយ​​


ដោយ៖​ តាំង វីដា​ | ថ្ងៃព្រហស្បតិ៍ ទី24 កក្កដា 2014 | 53 នាទី មុន

​អង្គការ​សង្គម​ស៊ីវិល​ធ្វើកា​រលើ​ការបោះឆ្នោត​យល់ថា ប្រធាន គជប គួរ​ជា​សមាសភាព​១​រូប ដែល​ត្រូវបាន​កំណត់​ជ្រើសរើស​ដោយ​ការព្រមព្រៀង​របស់​គណ​បក្ស​ទាំងពីរ។​
​ក្នុងជំនួប​ចរចា​កំពូល​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បាន​ឯកភាពគ្នា​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត ដោយ​រៀបចំ​ឲ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត មានចែង​ក្នុង​ជំពូក​មួយ​ដោយឡែក ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​សមាសភាព គជប មាន ៩​រូប ក្នុងនោះ ៤​រូប ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា ដែល​មិន​ចូលរួម​រដ្ឋាភិបាល និង​១​រូប​ទៀត ជ្រើសរើស​ដោយ​ការព្រមព្រៀង​របស់​គណ​បក្ស​។​
​តាមរយៈ​រូបមន្ត​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា សមាសភាព​១​រូប ដែល​ត្រូវបាន​កំណត់​ជ្រើសរើស​ដោយ​ការព្រមព្រៀង​របស់​គណ​បក្ស​ទាំងពីរ​នេះ គួរ​មាន​តួនាទី​ជា​ប្រធាន គជប តែម្តង និង​ជា​បុគ្គល​ឯករាជ្យ​ម្នាក់ ក្រោម​ការជជែក និង​យោគយល់​គ្នា​រវាង​គណបក្ស​ទាំងពីរ​។ លោក​ថា ប្រធាន គជប គួរ​កើត​ចេញពី​ការបោះឆ្នោត​ជ្រើសរើស​ដោយ​គណៈកម្មការ​ចម្រុះ​មួយ មាន​គ្រប់​ភាគី​ចូលរួម ទើប​អាច​ធានា​នូវ​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​បោះឆ្នោត​បាន​ក្នុង​រយៈពេល​វែង​។
​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា ប្រធាន គជប មាន​តួនាទី​សំខាន់​ក្នុងការ​ធ្វើ​សេចក្តីសម្រេច ហេតុដូចនេះ គណបក្ស​ទាំង​ពីរ គួរ​ជជែក​គ្នា​លម្អិត កំណត់​ពី​លក្ខណៈ​នៃ​ការជ្រើសរើស​ប្រធាន គជប ដែល​មិន​ស្ថិតក្រោម​និន្នាការ​របស់​គណបក្ស​ណាមួយ​។ លោក​បន្តថា ក្នុងករណី​ដែល​គណបក្ស​ទាំង​ពីរ មិន​អាច​ស្វែងរក​ការឯកភាព​រួម ឬ​ពិបាក​ក្នុង​ការជ្រើសរើស​ប្រធាន គជប នោះ វិធីសាស្ត្រ​ដែល​ល្អ​ដើម្បី​ធានា​តម្លាភាព គឺ​ការកាត់បន្ថយ​សិទ្ធិ​អំណាច​របស់​ប្រធាន គជប និង​ការបង្កើន​តួនាទី និង​វិជ្ជាជីវៈ​សមាជិក​ទាំង​៩​នាក់ ប្រកប​ដោយ​អព្យាក្រឹត្យភាព មិន​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​។
​សម្រាប់​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ឋិ​មនុស្ស​អាដហុក លោក នី ចរិយា យល់ថា ការជ្រើសរើស​បុគ្គល​មាន​វិជ្ជាជីវៈ បច្ចេកទេស​ក្នុង​ការបោះឆ្នោត ហើយ​មាន​ការទទួលស្គាល់​ពី​ស​ហគ​មន៍​អន្តរជាតិ អាច​ជា​ជម្រើស​ល្អ​មួយ សម្រាប់​គណបក្ស​ទាំង​ពីរ ក្នុង​ការពិចារណា ជាជាង​ការជ្រើសរើស​ពី​ភាគី​គណបក្ស​ណាមួយ ដែល​នាំឲ្យ​ការអនុវត្ត​ការងារ រង​នូវ​សម្ពាធ​នយោបាយ​។
​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​ថា ដើម្បី​ជ្រើសរើស​បាន​ប្រធាន គជប ជា​បុគ្គល​ឯករាជ្យ មាន​លក្ខណៈសម្បត្តិ​ពេញលេញ ដែល​អាច​ធានា​នូវ​អព្យាក្រឹត្យភាព និង​ការសម្រេច​ក្នុង​ស្ថាប័ន​នេះ​បាន លុះណាតែ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បង្កើន​ការយោគយល់​គ្នា​។ 
​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​ប្រធាន​គជប​នេះ មន្ត្រីជាន់ខ្ពស់​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ឲ្យដឹងថា គណបក្ស​ទាំង​ពីរ មិនទាន់​បាន​ពិភាក្សា​នៅឡើយ​ទេ​។ លោក​ថា សមាសភាព​ប្រធាន​គជប នឹង​ត្រូវ​ពិចារណា លុះណាតែ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា ហើយ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាមុនសិន ទើប​ដំណើរការ​នីតិវិធី​នៃ​កំណែទម្រង់ គជប អាច​ដំណើរការ​បាន​។​
​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត​ថ្នាក់ជាតិ នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​រង​ការរិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ដំណើរការ​ការងារ ដោយសារ​សមាសភាព​នៃ​គជប គឺ​កើត​ចេញពី​គណបក្ស​នយោបាយ​តែ​មួយ​។​
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment