ការ​រក្សាសិទ្ធិ​: តើ​អ្នកនិពន្ធ​ស្នាដៃ​ទទួលបាន​ការ​ការពារ​បែបណា​ខ្លះ?


សេង ឌីណា
សេង​ឌី​ណា
©​អន្តរជាតិ
ដោយ សេង​ឌី​ណា
នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់​នៅ​ថ្ងៃនេះ​សេង​ឌី​ណា សូម​ធ្វើ​ការ​បកស្រាយ​ពន្យល់​អំពី​សិទ្ធិ​អ្នក​និពន្ធ។ តើ​អ្នក​និពន្ធ​ស្នាដៃ​មួយ​​ទទួល​បាន​ការការពារ​បែបណា​ខ្លះ? តើ​សាធារណជន​ជាទូទៅ អាច​ប្រើប្រាស់​ស្នាដៃ​មួយ​ត្រឹមកម្រិតណា ដែល​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​អ្នក​និពន្ធ?
តើ​អ្វី​ទៅ​ជា "សិទ្ធិ​អ្នក​និពន្ធ​"​?
សិទ្ធិ​អ្នកនិពន្ធ (ការ​រក្សា​សិទ្ធិ​) គឺ​ជា​មែកធាង​មួយ​នៃ​កម្មសិទ្ធិ​បញ្ញា​។

"កម្មសិទ្ធិបញ្ញា​" (កម្មសិទ្ធិ + + បញ្ញា​) គឺ​ជា​សិទ្ធិ​របស់​បុគ្គល​ណាមួយ (ទោះជា​រូប​វ័​ន្ត​បុគ្គល​ក៏ដោយ​ឬ​ជា​នីតិបុគ្គល​ក៏ដោយ​) ​ជា​ម្ចាស់​​កម្មសិទ្ធិ​​ផ្តាច់មុខ​ទៅ​លើ​​​ស្នាដៃ ឬ​ក៏​អ្វី​ផ្សេងទៀត​ដែល​ជា​ផល​ផ្លែ​កើត​ចេញ​ពី​គំនិត - បញ្ញា​របស់​ខ្លួន​។ "កម្មសិទ្ធិបញ្ញា​" ត្រូវ​ចែក​ចេញ​ជា​ពីរ​ផ្នែក​ធំ ៗ :

1 - កម្មសិទ្ធិ​ឧស្សាហកម្ម​: ។ ដូចជា​រូបគំនូរ​ឧស្សាហកម្ម​, សញ្ញា​ពាណិជ្ជកម្ម​, ការ​រក​ឃើញ​ឬ​ការ​ច្នៃប្រឌិត​អ្វី​មួយ (តក្កកម្ម​) ដូចជា​ការ​រក​ឃើញ​ផលិតផល​អ្វីមួយ​ឬ​ក៏​ដំ​ណើ​ការ​ផលិតកម្ម​ណាមួយ​ល​។នៅ​កម្ពុជា​សិទ្ធិ​ទាំងនេះ​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ស្តី​ពី​ប្រកាសនីយបត្រ​តក្កកម្ម​, វិញ្ញាបនបត្រ​ម៉ូដែល​មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​ដែល​សភា​អនុម័ត​កាល​ពី​ឆ្នាំ 2002 ។

២-សិទ្ធិអ្នកនិពន្ធ៖ គឺ​សំដៅ​លើ​ស្នាដៃ​​ខាងផ្នែក​អក្សរសាស្រ្ត, វិទ្យា​សា​ស្រ្ត​, សិល្បៈ​, តូ​រ្យ​ត​ន្រ្តី​ដែល​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត​បង្កើត​ឡើង​ដោយ​គំនិត​ប្រាជ្ញា​ឬ​ដោយ​មនោសញ្ចេតនា​។ ស្នាដៃ​ទាំង​អស់នេះ​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់ ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​ដែល​សភា​អនុម័ត​កាល​ពី​ឆ្នាំ 2003 ។

ដើម្បី​ឲ្យ​ស្នាដៃ​មួយ​​ទទួល​បាន​ការការពារ​ដោយ​សិទ្ធិ​អ្នក​និពន្ធ តើ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​អ្វីខ្លះ?

ដើម្បី​ឲ្យ​ស្នាដៃ​មួយ​អាច​ទទួល​បាន​ការការពារ​ពី​សិទ្ធិ​អ្នក​និពន្ធ ស្នាដៃ​នោះ​​ត្រូវ​តែ​មាន​ទម្រង់​ណាមួយ​ជាក់លាក់ មិនមែន​នៅ​ជា​គំនិត​អ​រូបិយ​។ គំនិត ដែល​​ស្ថិត​នៅ​​ជា​លក្ខណៈ​អរូបិយ​​គេ​មិន​អាច​ការពារបានទេ។ គេ​ការពារ​បាន​លុះត្រាតែ​គំនិត​នោះ​ត្រូវ​បញ្ចេញ​មក​ខាងក្រៅ​ក្នុង​ទ្រង់ទ្រាយ​ណាមួយ​ជាក់លាក់​ដែល​តាម​ច្បាប់​គេ​ឱ្យ​ឈ្មោះ​ថា "ស្នាដៃ​" ដូចជា​:
  • ការ​និពន្ធ​: សៀវភៅ​, បទភ្លេង​, ចម្រៀង​, ប្រលោមលោក​, ភាពយន្ត
  • ការ​ស​ម្តែ​ង​: ការ​ស​ម្តែ​ង​របាំ​ឬ​ការ​ប្រគំ​ត​ន្រ្តី
  • ការផ្សាយ​ជា​សំឡេង​, រូបភាព​ឬ​ឯកសារ​នានា​តាម​វិទ្យុ​ឬ​ទូរទស្សន៍​។ ល​។
យោង​តាម​មាត្រា 3 នៃ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ គឺ​ស្នាដៃ​ទាំងនេះ​ហើយ​ដែល​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់​។

លក្ខខណ្ឌ​ទី 2 ស្នាដៃ ដែល​ទទួល​បាន​ការការពារដោយ​សិទ្ធិអ្នកនិពន្ធ ត្រូវតែ​ជា​ស្នាដៃ​ដើម​ពោល​គឺ​ជា​ស្នាដៃ ដែល​បង្កើត​ឡើង​​តាម​គំនិត​ប្រាជ្ញា​ផ្ទាល់​របស់​អ្នក​និពន្ធ មិនមែន​ធ្វើ​តាម​គេ​។

ជាឧទាហរណ៍​ជាក់ស្តែង​តើ​ស្នាដៃ​អ្វី​ខ្លះ​ដែល​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ​?

ចំណុច​នេះ​គឺ​មាន​ចែង​ក្នុង​មាត្រា 3 នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ​:
  • សៀវភៅ​អាន​គ្រប់​ប្រភេទ​ឬ​ក៏​ឯកសារ​ផ្សេងៗ​ទៀត​ស្តី​ពី​អក្សរ​សា​ស្រ្ត​, សិល្បៈ​វិទ្យា​សា​ស្រ្ត​និង​ការ​អប់រំ
  • អត្ថបទ​ប​ឋ​ក​ថា​សង្កថា​ឬ​ធម្មទេសនា
  • ការ​តែង​ទំនុកច្រៀង​, បទភ្លេង
  • ការ​ស​ម្តែ​ង​របាំ​, ការ​ស​ម្តែ​ង​សៀក​ឬ​ការ​ស​ម្តែ​ង​កាយវិការ
  • ស្នាដៃ​ជា​ផ្ទាំងគំនូរ​, រូបចម្លាក់​, រូបថត​, ផែនទី​, ប្លង់​ស្ថាបត្យកម្ម
  • កម្មវិធី​កុំព្យូទ័រ
  • ផលិតផល​សិប្បកម្ម​ដូចជា​តម្បាញ​ឬ​ក៏​ម៉ូដ​សម្លៀកបំពាក់​។ ល​។ និង​។ ល​។

ស្នាដៃ​មួយ ដើម្បី​ទទួល​បាន​ការការពារ​ពី​សិទ្ធិអ្នក​និពន្ធ តើ​គេ​ត្រូវ​​ធ្វើ​ការ​ចុះ​បញ្ជី​​អ្វី​ដែរ​ឬទេ?

សិទ្ធិ​អ្នកនិពន្ធ មិនតម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អ្វីទេ។ ឱ្យ​តែ​ស្នាដៃ​នោះ កើតឡើង​ចេញ​ជា​ទម្រង់​ជាក់លាក់​ណាមួយ ហើយ​ជា​ស្នាដៃ​ដើម​របស់​អ្នកនិពន្ធ គឺ​អាច​ទទួល​បាន​ការ​ការពារ​ពី​សិទ្ធិ​អ្នក​និពន្ធ។

យោង​តាម​មាត្រា 5 នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ​ឆ្នាំ 2003 ចែងថា​ស្នាដៃ​មួយ​ទោះបី​ពុំ​ទាន់​ចប់​សព្វគ្រប់​ក្តីឬពុំទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈក្តី ស្នាដៃ​នោះ ត្រូវ​ចាត់ទុក​ថា​បាន​បង្កើតឡើង​ដោយ​ចំណេះដឹង​ពិតប្រាកដ​តែមួយ​គត់​ពីគំនិត​ប្រាជ្ញា​អ្នកនិពន្ធ​ដែរ ពោល​គឺ ត្រូវ​ទទួលបាន​ការការពារ​ពី​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ដូច្នេះ​ចំពោះ​សិទ្ធិ​អ្នកនិពន្ធ ច្បាប់​​​មិនតម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អ្វី​ទេ។ ក៏ប៉ុន្តែ​ការ​យក​ស្នាដៃ​ទៅ​ចុះ​បញ្ជី​នៅ​ស្ថាប័ន​មាន​សមត្ថកិច្ច គឺ​វាមាន​ប្រយោជន៍​​ដល់​ម្ចាស់​ស្នាដៃ ព្រោះ​ថា​ការចុះបញ្ជី គឺ​​ជា​ភស្តុតាង​បញ្ជាក់​​​​អំពី​កម្មសិទ្ធិ​លើ​ស្នាដៃ។

តើ​សិទ្ធិ​អ្វី​ខ្លះ ដែល​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​អ្នកនិពន្ធ?

យោង​តាម​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ​ត្រង់​មាត្រា 18​: អ្នកនិពន្ធ​ស្នាដៃ គឺ​ជា​​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់មុខ​លើ​ស្នាដៃ​នោះ ហើយ​ជា​សិទ្ធិ ដែល​ជន​គ្រប់រូប​​ត្រូវ​តែ​ទទួល​ស្គាល់។ សិទ្ធិ​នេះ​បែងចែក​ចេញ​ជា​ពីរ​:

សិទ្ធិ​សីលធម៌
  • សិទ្ធិ​សម្រេច​អំពី​ទម្រង់ និង​ពេលវេលា​នៃ​ការផ្សព្វផ្សាយ​ស្នាដៃ​របស់​ខ្លួន​ជា​សាធារណៈ
  • សិទ្ធិ​តម្រូវ​ឱ្យ​គេ​ដាក់​ឈ្មោះ​និង​ឋានៈ​សម្រាប់​ទាក់ទង​ជាមួយ​សាធារណជន
  • សិទ្ធិ​ធ្វើការជំទាស់​​នូវ​គ្រប់រូបភាព​នៃ​ការ​បំផ្លើស​ ឬ​ការ​កែប្រែ​ខ្លឹមសារ​ក្នុង​ស្នាដៃ​របស់​ខ្លួន ដែល​ជាហេតុ​​ធ្វើ​ឲ្យ​ខូច​​កេរ្តិ៍ឈ្មោះ អ្នក​និពន្ធ
សិទ្ធិបេតិកភណ្ឌ គឺ​សិទ្ធិ​ប្រកបអាជីវកម្ម​លើ​ទ្រព្យ ដែល​ជា​ស្នាដៃ​របស់​ខ្លួន​តាមរយៈ​ការ​បោះផ្សាយ​ជា​សាធារណៈ ឬ​ក៏​តាមរយៈ​​ការ​បង្កើត​ស្នាដៃ​បន្ត។ យោង​តាម​មាត្រា 21 នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ​អ្នកនិពន្ធ​មាន​សិទ្ធិ​ផ្តាច់​មុខ​ធ្វើ​ដោយ​ខ្លួន​ឯង​ឬ​ក៏​អនុញ្ញាត​ឱ្យ​គេ​ធ្វើ​បន្ត​នូវ​កិច្ចការ​ដូចតទៅ​:
  • ចែកចាយ​ជា​សាធារណៈ​តាម​ការ​លក់​ការ​ជួល​ឬ​តាម​មធ្យោបាយ​ផ្សេង​ទៀត​នូវ​ច្បាប់ដើម​ឬ​ច្បាប់​ចម្លង
  • ការបកប្រែ​ជា​ភាសា​បរទេស
  • ការ​យកលំនាំតាម​ឬ​ការ​កែសម្រួល​ផ្សេងៗ​ទៀត​ដូចជា​ការ​យក​រឿងប្រលោមលោក​និពន្ធ​ជា​សៀវភៅ​ទៅ​ធ្វើ​ជា​ខ្សែភាពយន្ត
  • ការផលិត​ស្នាដៃ​ឡើងវិញ​ដូចជា​ការ​យក​សៀវភៅ​ទៅ​បោះពុម្ព​ឡើងវិញ ឬក៏យក​ខ្លឹមសារ​ទៅ​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​អ៊ីនធ័រណិត ។ ល​។ និង​។ ល​។
សូម​បញ្ជាក់​ថា​ទាំងនេះ គឺ​ជាសិទ្ធិ​ផ្តាច់មុខ​របស់​អ្នក​និពន្ធ មានន័យថា​មាន​តែ​អ្នក​និពន្ធ​ទេ​ដែល​អាច​ធ្វើ​ការ​ទាំងអស់​នេះ​បាន​។ គ្មាន​អ្នកណា​ផ្សេង​អាច​ធ្វើ​បាន​ទេ លុះត្រាតែ​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ។

តើ​សិទ្ធិ​អ្នកនិពន្ធ​ទទួល​បាន​នូវ​ការ​ការពារ​ពី​ច្បាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​?

បើ​និយាយ​អំពី​សិទ្ធិ​សីលធម៌​គឺ​មាន​លក្ខណៈ​អ​ចិ​ន្រ្តៃ​យ៍ (មាត្រា 19 ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ​) ។
បើ​និយាយ​អំពី​សិទ្ធិ​បេតិកភណ្ឌ​វិញ​មានន័យថា សិទ្ធិ​ផ្តាច់មុខ​ក្នុងការប្រកបអាជីវកម្ម​លើ​ស្នាដៃ គឺ​ទទួលបានការការពារ​​ពេញ​មួយ​ជីវិត​របស់​អ្នក​និពន្ធ បូក​ថែម 50 ឆ្នាំ ក្រោយ​ពី​អ្នកនិពន្ធ​ទទួលមរណភាព​ទៀត (មាត្រា 30 ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ​) ។

ផុត​ពី​រយៈពេល​នេះ​ទៅ ស្នាដៃ​ត្រូវ​ក្លាយ​ជា​សម្បត្តិ​សាធារណៈ ដែល​សាធារណជន​ទូទៅ​អាច​យក​ទៅ​​ប្រើប្រាស់​បាន។

តើ​ស្នាដៃ​ចាំបាច់​ត្រូវ​តែ​មាន​ដាក់​សញ្ញា "©​រក្សាសិទ្ធិ​" ទើប​ទទួល​បាន​ការការពារ​សិទ្ធិ​អ្នកនិពន្ធ ឬ​យ៉ាងណា​?

តាមច្បាប់​នៅ​ប្រទេស​ខ្លះ​គេ​តម្រូវ​ឱ្យ​ដាក់​សញ្ញា "©​រក្សាសិទ្ធិ​" លើ​ស្នាដៃ​ណាមួយ ទើប​អាច​ទទួល​បាន​ការការពារ​​សិទ្ធិ​អ្នក​និពន្ធ។

ក៏ប៉ុន្តែ​តាម​ច្បាប់​នៅ​កម្ពុជា​ក៏​ដូចជា​ប្រទេស​ផ្សេងទៀត​ដែល​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ក្រុង​ប៊ែ​ន (Berne​) គេ​មិន​តម្រូវ​ឱ្យ​មាន​ដាក់​សញ្ញា "©​រក្សាសិទ្ធិ​" ទេ​។ បើ​ទោះជា​ស្នាដៃ​ដែល​គ្មាន​ដាក់​សញ្ញា "©​រក្សាសិទ្ធិ​"ក៏​ទទួល​បាន​ការការពារ​​ដោយ​សិទ្ធិ​អ្នកនិពន្ធ​ដែរ។

ក៏ប៉ុន្តែ​សញ្ញា "©​រក្សា​សិទ្ធ​" មានប្រយោជន៍ ក្នុង​ការ​ជូនដំណឹង​ដល់​សាធារណជន​ថា ស្នាដៃ​នេះ​ស្ថិត​ក្រោម​ការ​រក្សាសិទ្ធិ​។ ប្រសិន​បើ​គ្មាន​សញ្ញា "©​រក្សាសិទ្ធិ​" វា​អាច​ចោទ​ជា​បញ្ហា​នៅពេល​មាន​ក្តី​ក្តាំ​។ចុងចោទ​គេ​អាច​ដោះ​សារ​ថា​គេ​មិនបាន​ដឹង​ដោយ​ស្មានថា​ស្នាដៃ​នេះ​មិន​មាន​រក្សាសិទ្ធិ​។ ប្រសិនបើ​មាន​ដាក់​សញ្ញា "©​រក្សាសិទ្ធិ​" គេ​មិន​អាច​ដោះ​សារ​ថា​មិន​បាន​ដឹង​នោះ​ទេ​។

ការចម្លង​ឡើងវិញ​នូវ​ស្នាដៃ​និពន្ធមួយ ដើម្បី​ទុក​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដោយ​មិន​យក​ទៅ​ធ្វើ​អាជីវកម្ម តើ​ជា​ការរំលោភ​សិទ្ធិ​អ្នកនិពន្ធ​ដែរឬទេ?

បើ​តាម​ច្បាប់​នៅ​ប្រទេស​ខ្លះ (ដូចជា​បារាំង​ជាដើម​) ការ​ចម្លង​ស្នាដៃ​មួយ​ដូចជា​ចម្លង​សៀវភៅ​ជាដើម​អាច​ធ្វើ​ទៅ​បាន ទាល់តែ​ការ​ចម្លង​នេះ​ធ្វើ​ឡើង​តែ​មួយ​ផ្នែក​តូចមួយ។
ក៏ប៉ុន្តែ​នៅ​កម្ពុជា​វិញ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ​ត្រង់​មាត្រា 24 ចែងថា​ការផលិត​ឡើងវិញ​ចំនួន​មួយ​ច្បាប់​ជា​លក្ខណៈ​ឯកជន​នូវ​ស្នាដៃ​ដែល​បាន​បោះពុម្ព​រួចហើយ ដើម្បី​យក​មកប្រើប្រាស់​ផ្ទាល់ខ្លួន គឺ​អាច​ធ្វើ​ទៅ​បាន ដោយ​មិនចាំបាច់​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ឡើយ។

ក៏ប៉ុន្តែ ​ការចម្លង​​យក​ទៅប្រើប្រាស់​ផ្ទាល់ខ្លួន​នេះ មិនអាច​ធ្វើ​ទៅ​បាន​ទៅ​បាន​ទេ​ក្នុង​ករណី​មួយចំនួន​ដូចជា​:
  • ការ​ចម្លង​កម្មវិធី​កុំព្យូទ័រ
  • ការ​ចម្លង​ប្លង់​ស្ថាបត្យកម្ម
  • ការចម្លង​​ចេញ​ពី​​ប្រព័ន្ធ​អ៊ីនធ័រណិត
  • ឬ​ការ​ចម្លង​ឬ​ការ​ផលិត​ឡើងវិញ​នូវ​ស្នាដៃ​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​អាជីវកម្ម​ជាប្រក្រតី​​នៃ​​ស្នាដៃ​នោះ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​​របស់​អ្នក​និពន្ធ។
ការដកស្រង់ខ្លឹមសារ​មួយ​ផ្នែក​នៃ​ស្នាដៃ​មួយ ដើម្បី​យក​មក​ផ្សព្វផ្សាយ តើ​ចាំបាច់ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ដែរឬទេ?

ការ​ដកស្រង់​ខ្លឹមសារ​នេះ​អាច​ធ្វើ​ទៅ​បាន ដោយ​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​អ្នក​និពន្ធ​ទេ យោង​ទៅតាម​មាត្រា 25 នៃ​ច្បាប់​ស្តីពី​សិទ្ធិអ្នកនិពន្ធ។ ក៏ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​ពីរ​:
  • ជា​ការ​ដកស្រង់​តែមួយ​ផ្នែក​ខ្លីៗ​មិនមែន​ដកស្រង់​ទាំងស្រុង
  • ត្រូវមាន​ការ​បញ្ជាក់​យ៉ាងច្បាស់លាស់​នូវឈ្មោះ​របស់​អ្នកនិពន្ធ និង​ប្រភព​នៃ​ស្នាដៃ​។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment