ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី26 មិថុនា 2014, 01:44 PM

លោក ប្រយុទ្ធ ចាន់អូចា ប្រមុខយោធាថៃ (រូបថតពី ៖ indileak.com)
ទំនងជាលោក ប្រាយុទ្ធ ចាន់អូចា ត្រូវសម្រេចចិត្តធ្វើមេដឹកនាំបក្សនយោបាយមួយ នៅពេលលោកត្រូវដាក់ឲ្យចូលនិវត្តន៍ នៅខែកញ្ញាខាងមុខនេះ ខណៈលោកគឺជាមេដឹកនាំតែម្នាក់គត់នៅពេលនេះ ដែលជាអ្នកត្រួសត្រាយផ្លូវដើម្បីផ្សះផ្សាជាតិ។
ប៉ុន្តែសំនួរ សួរថា តើកក្តាអ្វីខ្លះដែលលោក ប្រាយុទ្ធ ត្រូវសម្រេចចិត្តធ្វើមេដឹកនាំបក្សនយោបាយ ក្រោយពីលោកចូលនិវត្តន៍នៅពេលខាងមុខនេះ?
កាលពីថ្ងៃទី២០ ខែមិថុនា មានការស្ទង់មតិមួយ ដោយសាកលវិទ្យាល័យ ជូឡាឡុងកន ក្រុងបាងកក លើប្រជាជនថៃជាង៣០០០នាក់ ហើយក្នុងនោះ មានជិត៥០ភាគរយ និយាយថា ពួកគេពេញចិត្តការដឹកនាំរបស់លោកប្រាយុទ្ធ ចាន់អូចា នៅពេលនេះ ដោយពួកគេ មើលឃើញយន្តការជួយដោះស្រាយវិបត្តិនៅថៃ បានដោយជោគជ័យ។ ប៉ុន្តែ នៅពេលសួរថា តើលោកពេញចិត្តការធ្វើរដ្ឋប្រហាររបស់មេទ័ពនេះទេ គឺពួកគេស្ទាក់ស្ទើរនឹងនិយាយ។
លោក ប្រាយុទ្ធចាន់អូចា ប្រធានក្រុមប្រឹក្សាសន្តិភាព និងសណ្ដាប់ធ្លាប់ (NCOP) ហើយជានាយករដ្ឋមន្ត្រីអន្តរកាល ដែលចាត់តាំងដោយព្រះមហាក្សត្រ ឬគេហៅថា មេដឹកនាំ តាមព្រឹត្តន័យ។
កាសែតថៃ The Nation បានឲ្យដឹងថា ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារ នៅថ្ងៃទី២២ ខែឧសភា មកដល់ពេលនេះ រយៈពេលជាងមួយខែហើយ គឺមានការទទទួលស្គាល់ជាច្រើន ពីសំណាក់ពលរដ្ឋថៃ លើការដឹកនាំរបស់លោកប្រាយុទ្ធ ដោយភាគច្រើនមានការភ្ញាក់ផ្អើល អំពីយន្តការដោះស្រាយរបស់លោក មានភាពយុត្តិធម៌ និងទាន់ស្ថានការណ៍ ជាពិសេសករណីវិបត្តិគម្រោងទិញស្រូវ ដែលលោកស្រីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ មកពីគណបក្សភឿថៃ មិនអាចដោះស្រាយជូនកសិករ បានទាន់ពេលវេលា។ ករណីនេះ ធ្វើឲ្យលោកស្រីធ្លាក់ជាប់ផុង ហើយរងការចោទពីសំណាក់គណៈកម្មាការប្រឆាំងអំពើពុករលួយថៃ ថាបណ្ដោយឲ្យមានអំពើពុករលួយ និងអសមត្ថភាពការងារ ហើយករណីនេះ ក៏នាំឲ្យលោកស្រី ធ្លាក់ប្រជាប្រិយភាពដែរ។ មានការស្ទង់មតិមួយ របស់សាកលវិទ្យាល័យថៃ តុកស៊ិត គឺលោកស្រីយីងឡាក់ ធ្លាក់ប្រជាប្រិយភាព ជាង៤០ភាគរយ។
កសិករថៃ បានសម្ដែងការសប្បាយរីករាយជាខ្លាំង ព្រោះតែពួកគេបានទទួលប្រាក់សំណងខូចខាតគ្រប់គ្រាន់ ពីរដ្ឋាភិបាលយោធាថៃ ហើយពេលនេះ ម្នាក់ៗចាត់ទុកលោក ប្រាយុទ្ធ សមជាមេដឹកនាំល្អ ដែលជួយដោះទុក្ខធុរៈរបស់ពួកគេ។ មានកត្តាជាច្រើនទៀត ដែលលោក ប្រាយុទ្ធ អាចដោះស្រាយបាន ដូចជា ការរកឃើញ ពលករខ្មែរជាង២០ម៉ឺននាក់ ជាពលកខុសច្បាប់ ដែលធ្វើការនៅថៃ ហើយត្រូវបណ្ដេញចេញ។ ករណីនេះ ការសែតថៃជាច្រើន ឲ្យដឹងថា មានការសារទរពីសហគមន៍ថៃ ដែលក្រីក្រផងដែរ និងបញ្ហាជាច្រើនទៀត ដែលធ្វើឲ្យពលរដ្ឋថៃមានទំនុកចិត្ត ដូចជាករណីស្ដារគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលជាប់គាំងដោយអតីតរដ្ឋភិបាលលោកស្រី យីងឡាក់ រួមទាំងការប្រយុទ្ធប្រឆាំងអំពើចោរកម្ម និងឃាតកម្ម ជាដើម ហើយក្រៅពីនោះ លោកបានសន្យាថា នឹងបន្តដោះស្រាយឲ្យបានជោគជ័យ នូវគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត។
កត្តាទាំងនោះហើយ មើលទៅដែលអាចឲ្យលោកប្រាយុទ្ធ ចង់ហក់ចូលនយោបាយ ក្រោយពីលោកចូលនិវត្តន៍នៅខែកញ្ញា។
ក្រុមអ្នកតាមដាន សង្គម និងបញ្ញវ័ន្តថៃមួយចំនួន គិតថា ប្រសើបើលោកឧត្តមសេនីយប្រាយុទ្ធ ចាន់អូចា ក្លាយជាមេដឹកនាំគណបក្សនយោបាយ គឺអាចរកសន្លឹកឆ្នោតបាន ទោះជាពួកគេមិនអាចនិយាយ គិតដល់ជ័យជម្នះ ក្នុងការប្រកួតប្រជែងការបោះឆ្នោតក៏ដោយ ហើយចង់មិនចង់ គឺអាចទាញសន្លឹកបានពីកសិករថៃ ដែលដឹកគុណលោក ក្នុងការ ទូទាត់សំណងខូចខាត ពីគម្រោងទិញស្រូវរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ មកគណៈបក្សភឿថៃ ផងដែរ។
បើទោះជាយ៉ាងណា គេមិនអាចភ្លេចឈ្មោះ លោកអាប់ភីស៊ីត មេដឹកនាំបក្សប្រឆាំងថៃនោះដែរ ដែលយ៉ាងហោចណាស់ លោកអាប់ភីស៊ីត ក៏មាននិន្នាការនយោបាយគាំទ្រ ការដោះស្រាយមួយចំនួន របស់លោកប្រាយុទ្ធដែរ។
ក្រុមអ្នកតាមដាន សង្គម និងបញ្ញវ័ន្តថៃ មើលឃើញថា អ្នកនយោបាយលេចធ្លោរូបនេះ អនាគតអាចចាប់ដៃជាមួយលោកប្រាយុទ្ធ ដើម្បីធ្វើអ្វីមួយ ប្រឆាំង ឬបន្ថោកបន្ទាប ប្រជាប្រិយភាពរបស់គណបក្សភឿថៃ គឺប្រសិនបើលោកប្រាយុទ្ធ ក្លាយជាជាមេដឹកនាំគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោត នៅឆ្នាំ២០១៥ ខាងមុខនេះ។
រដ្ឋាភិបាលយោធាថៃ ឬក្រុមប្រឹក្សាសន្តិភាព និងសណ្ដាប់ធ្លាប់ អះអាងថា ខ្លួនកំពុងអនុវត្តផែនទីបង្ហាញផ្លូវ ដើម្បីឲ្យមានការបោះឆ្នោតសភាជាទូទៅឡើងវិញ នៅចុងឆ្នាំ២០១៥ ប៉ុន្តែអ្នកវិភាគខ្លះ មើលឃើញថាក្រុមប្រឹក្សាយោធាក៏ជាអ្នកនៅពីក្រោយ ការរារាំងចលនាក្រុមត្រកូលស៊ីណាវាត្រាមិនឲ្យធ្វើនយោបាយដែរ ហើយបើលោកប្រយុទ្ធ ក្លាយជា មេដឹកនាំបក្សនយោបាយ គឺគណបក្សភឿថៃ ពិតជាមានសត្រូវខ្លាំងធំពីរ នៅពេលតែមូយ លោក ប្រាយុទ្ធ និងលោកអាប់ភីស៊ីត។
តែបែបនេះក្ដី គេត្រូវរង់ចាំពេលវេលាជាច្រើនខែទៅមុខទៀត ថាតើលោកប្រយុទ្ធមានមោទនភាពបែបណាចំពោះ ភាពជោគជ័យរបស់លោក ដើម្បីឲ្យលោកចាប់អាជីពជាអ្នកនយោបាយ៕
0 យោបល់:
Post a Comment