ប្រទេសកម្ពុជា នាំចេញអង្ករប្រមាណ ៣០ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិនៅរយៈពេល ១០ខែក្នុងឆ្នាំ២០១៣។ ការសម្រេចលទ្ធផលនេះ បណ្ដាលមកពីកេរ្តិ៍ឈ្មោះ និងគុណភាពល្អរបស់អង្ករកម្ពុជា បានផ្សព្វផ្សាយទៅកាន់ទូទាំងសកលលោក។ ម៉្យាងវិញទៀត បញ្ហាដែលរាំងស្ទះដល់ការនាំចេញអង្ករត្រូវដោះស្រាយបានកាន់តែ ប្រសើរ។ ផ្ទុយទៅវិញ ប្រជាកសិករបានអះអាងថា ចំណូលរបស់គាត់បានធ្លាក់ចុះស្របពេលដែលការនាំចេញបានកើនឡើង។
ដោយ អាន ស៊ីថាវ
2013-11-09
ស្ដាប់ ឬ ទាញយកសំឡេង



កសិករខេត្តកំពង់ស្ពឺ ច្រូតស្រូវ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១១។
RFA/Mom Sophon
រដ្ឋាភិបាលចាត់ទុកវិស័យស្រូវអង្ករជាវិស័យចូលរួមដល់កំណើន សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។ សក្ដានុពលនេះ រដ្ឋាភិបាលបានបង្កើតគោលនយោបាយអង្ករ និងដាក់ទិសដៅនាំចេញឲ្យបាន ១លានតោននៅឆ្នាំ២០១៥។
ចាប់តាំងពីដាក់ចេញនូវគោលនយោបាយអង្ករនៅឆ្នាំ២០១០ វិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកែច្នៃអង្ករ បានវិនិយោគលើវិស័យនេះកាន់តែច្រើនឡើង។ ការវិនិយោគនេះ បានជំរុញឲ្យការនាំចេញអង្ករបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន។
របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការនាំចេញអង្ករ បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញអង្ករនៅក្នុងខែតុលា ប្រចាំឆ្នាំ២០១៣ សម្រេចបាន ២ម៉ឺន ៨ពាន់តោន។ បើគិតនៅរយៈពេល ១០ខែក្នុងឆ្នាំ២០១៣ ដោយគិតចាប់ពីខែមករា ដល់ខែតុលា សម្រេចបានជិត ៣០ម៉ឺនតោន។ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារចំនួន ៥១ប្រទេសនៅទូទាំងពិភពលោក។ ប្រទេសដែលទិញអង្ករកម្ពុជា ភាគច្រើន គឺប្រទេសប៉ូឡូញ (Poland) ប្រទេសបារាំង (France) និងប្រទេសម៉ាឡេស៊ី (Malaysia)។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូត (Khmer Food) លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍ថា ការនាំចេញអង្ករកម្ពុជា កើនឡើងនេះ ដោយសារតែអន្តរជាតិទទួលស្គាល់នូវរសជាតិ និងគុណភាពអង្កររបស់កម្ពុជា។ បន្ថែមលើនេះ ស្ថាប័នអភិវឌ្ឍន៍នានា ដូចជាទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (AFD) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលបានបង្កើតកម្មវិធីផ្សព្វផ្សាយអំពីវិស័យអង្ករកម្ពុជា ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍បន្ថែមថា ស្របពេលដែលកម្ពុជា បាននាំចេញអង្ករច្រើននៅលើទីផ្សារពិភពលោក ប៉ុន្តែបញ្ហាដែលរាំងស្ទះដល់ការនាំចេញអង្ករនៅតែមាន ដូចជាតម្លៃភ្លើងមានតម្លៃខ្ពស់ជាងប្រទេសជិតខាង៖ «មកដល់ពេល នេះ ទាក់ទងនឹងឯកសារ យើងបន្ថយបានច្រើនហើយ តែរឿងបញ្ហាភ្លើងយើងនៅបញ្ហា ហើយក៏យើងបានទាក់ទងខាងអឺ.ដេ.សេ (EDC)។ យើងចង់គាត់ជួបទល់មុខគ្នា ជៀសវាងយើងនិយាយផ្សេង គាត់និយាយផ្សេង។ រឿងដែលសំខាន់ គឺបញ្ហាថ្លៃដំឡើង រឿងការប្រើប្រាស់ប្រចាំថ្ងៃជារឿងមួយមានយូរហើយ។ យើងក៏បានចរចាគ្នាសុំឲ្យគាត់ពិចារណាតាមអស់លទ្ធភាព។ គាត់ថាគាត់ជាស្ថាប័នរកស៊ីដែរ ហើយកាលណាបើចុះច្រើនពេកទៅ គាត់ខាត ហើយយើងក៏សុខចិត្តទ្រាំ»។
លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍បន្តថា ស្របពេលដែលតម្លៃភ្លើងមានតម្លៃខ្ពស់ ម្ចាស់រោងម៉ាស៊ីនភាគច្រើនបានប្រើប្រាស់ថាមពលដែលកកើតឡើងវិញ ដើម្បីកាត់បន្ថយបន្ទុកចំណាយខ្ពស់លើការប្រើប្រាស់ថាមពលលើការ កែច្នៃអង្ករនាំចេញ។
ទាក់ទងនឹងការកាត់បន្ថយបន្ទុកចំណាយខ្ពស់លើការប្រើប្រាស់ អគ្គិសនី ម្ចាស់រោងម៉ាស៊ីនមួយចំនួនបានប្រើប្រាស់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ឬប្រើប្រាស់ម៉ាស៊ីនភ្លើងដែលដើរដោយអង្កាមជាដើម។ ឯកសារស្រាវជ្រាវដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ប្រចាំឆ្នាំ២០១៣ បានអង្កេតចំនួន ១០០រោងម៉ាស៊ីន នៅតាមខេត្ត៧ នៅទូទាំងប្រទេសកម្ពុជា បង្ហាញថា ៨៣សហគ្រាសប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូត។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគកសិកម្មបានលើកឡើងថា រដ្ឋាភិបាល និងអ្នកដែលពាក់ព័ន្ធផ្សេងៗ បានយកចិត្តទុកដាក់តែលើក្រុមហ៊ុននាំចេញអង្ករ។ ចំពោះប្រជាកសិករវិញ បានអះអាងថា ជីវភាពរបស់គាត់បានថយចុះរៀងរាល់ឆ្នាំ ដោយសារតម្លៃស្រូវថោក និងគ្មានទីផ្សារច្បាស់លាស់។
អ្នកវិភាគកសិកម្ម និងជាប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា បញ្ហា គឺនៅត្រង់ថា ការផលិតរបស់កសិករមិនត្រូវទៅតាមការចង់បានរបស់អ្នកនាំចេញអង្ករ កម្ពុជា មានន័យថា កសិករភាគច្រើនបានប្រើប្រាស់ពូជស្រូវមិនសុទ្ធល្អ និងគ្មានគុណភាព។ ក្រៅពីបញ្ហានេះ បច្ចេកទេសទុកដាក់ និងប្រមូលផលនៅមានកម្រិតនៅឡើយនៅតាមទីជនបទ។ កសិករភាគច្រើន ពឹងលើឥណទានក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។
លោក ស្រី ចន្ធី បានសង្កេតឃើញថា ការផលិតស្រូវរបស់កសិករកម្ពុជា ភាគច្រើន គឺផលិតស្របទៅតាមការចង់បានរបស់ប្រទេសថៃ និងវៀតណាម តែប៉ុណ្ណោះ៖ «ធម្មតា រដ្ឋាភិបាលមានគោលនយោបាយផលិតស្រូវ ការនាំចេញអង្ករហ្នឹងវាល្អ ប៉ុន្តែភាគច្រើនបំផុតសម្រួលដល់អ្នកនាំចេញអង្ករ។ ក៏ប៉ុន្តែ ពូជស្រូវ ការដាំដុះរបស់ប្រជាកសិករភាគច្រើនគាត់ប្រើប្រាស់ពូជដែលមានតម្លៃ មិនបានល្អ ហើយគាត់ច្រើនតែផលិតទូទៅ គឺឆ្លើយតបទៅនឹងការប្រមូលទិញរបស់ប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម»។
លោក ស្រី ចន្ធី មានប្រសាសន៍បន្តថា តាមការប៉ាន់ស្មាន ការចែកចាយពូជស្រូវសុទ្ធ ឬពូជស្រូវមានតម្លៃខ្ពស់មានតិចជាង ១៥% ប៉ុណ្ណោះនៅកម្ពុជា។ ចំពោះការនាំចេញស្រូវក្រៅផ្លូវការវិញ មានបរិមាណ ៣លានតោន ដែលភាគច្រើននាំចេញទៅប្រទេសជិតខាង ដូចជាវៀតណាម និងប្រទេសថៃ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគកសិកម្មមួយចំនួនបានអះអាងថា រដ្ឋាភិបាលគួរយកចិត្តទុកលើជីវភាពផលិតកសិកម្មរបស់កសិករ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនាំចេញអង្ករមួយលានតោនបានជោគជ័យ នៅឆ្នាំ២០១៥ នោះ។ បញ្ហាដែលត្រូវដោះស្រាយរួមមាន កង្វះដើមទុនផលិតកសិកម្ម។ បញ្ហានេះ បានបង្ខំឲ្យកសិករទិញសម្ភារៈកសិកម្មជឿពីអ្នកផ្គត់ផ្គង់នៅតាម មូលដ្ឋាន ដែលត្រូវបង់ការប្រាក់ដល់ទៅ ៥% ក្នុងមួយខែ។ ការចំណាយខ្ពស់លើធាតុចូលដើម្បីផលិតកសិកម្ម ថ្លៃអង្ករឡើងចុះខ្លាំង អត្រាការប្រាក់ខ្ពស់ និងខ្វះសមត្ថភាពក្នុងការទទួលប្រាក់កម្ចីកម្រិតទាប បានកាត់បន្ថយប្រាក់ចំណេញរបស់កសិករជិតពាក់កណ្ដាល។ ការស្រាវជ្រាវដោយ ស៊ី.ឌី.អ.អាយ (CDRI) បានរកឃើញថា ប្រាក់ចំណេញដុលរបស់ប្រាក់កសិករ គឺ ២៨០ដុល្លារក្នុងមួយហិកតារ សម្រាប់ស្រូវវស្សា និង ៥៤០ដុល្លារ សម្រាប់ស្រូវប្រាំង។ ប្រាក់ចំណូលបានមកពីការងារកសិកម្ម បង្ហាញពីជីវភាពរបស់គ្រួសារកសិករងាយនឹងថយចុះពីភាពប៉ះទង្គិច ផ្សេងៗ។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោកបណ្ឌិត យ៉ង សាំងកុមារ បានអះអាងថា ស្របពេលថ្លៃទំនិញប្រចាំឆ្នាំកើនឡើង គ្រួសារនីមួយៗជាមធ្យមនៅជនបទ ត្រូវរកចំណូលយ៉ាងហោចណាស់ប្រមាណ ៨លានរៀលក្នុងមួយឆ្នាំ ដើម្បីទទួលបានការរស់នៅសមរម្យ៕
0 យោបល់:
Post a Comment