សារសំខាន់​នៃ​សហព័ន្ធ​នាំ​ចេញ​អង្ករ​កម្ពុជា

គោល​នយោបាយ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល និង​ក្រសួង​ដែល​ពាក់​ព័ន្ធ បាន​ជួយ​លើក​ទឹក​ចិត្ត និង​ជួយ​សម្រួល​យ៉ាង​ច្រើន​ដល់​អ្នក​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ដូច​ជា​ការ​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណេញ ពន្ធ​លើ​ការ​នាំ​ចេញ និង​ការ​មិន​យក​ពន្ធ​លើ​ការ​នាំ​ចូល​សម្ភារៈ​កសិកម្ម​ជា​ដើម។
ដោយ អាន ស៊ីថាវ
2012-06-26
Rice_305 
១៧-ឧសភា-២០១១ ៖ គ្រាប់​អង្ករ​កំពុង​ហូរ​ចេញ​ពី​ទ​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​មួយ របស់​ក្រុមហ៊ុន បៃតង​កម្ពុជា​នៅ​ខេត្ត​បាត់ដំបង។
RFA/Mom Sophon



មូល​ហេតុ​នេះ ត្រូវ​បាន​អ្នក​វិនិយោគ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​បង្កើត​រោងចក្រ​កែច្នៃ​ អង្ករ​នៅ​កម្ពុជា។ ហើយ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​កើន​ឡើង ដែល​ក្នុង​ឆ្នាំ​២០១១ នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ចំនួន​ប្រមាណ ១៧​ម៉ឺន​តោន។

បើ​ទោះ​ក្រុម​ហ៊ុន​ដែល​ជា​អ្នក​នាំ​ចេញ​អង្ករ​នោះ បាន​នាំ​ចេញ​អង្ករ​ច្រើន​ម៉ឺន​តោន​ទៅ​ក្រៅ​ប្រទេស​ក៏​ដោយ ប៉ុន្តែ​អ្នក​នាំ​ចេញ​អង្ករ​ទាំង​នោះ​បាន​អះអាង​ថា គុណភាព​មិន​ទាន់​អាច​ប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​អ្នក​នាំ​ចេញ​អង្ករ ដូច​ជា​ប្រទេស​ថៃ និង​វៀតណាម​បាន​ឡើយ ហើយ​តម្លៃ​អង្ករ​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ដោយ​សារ​តែ​អង្ករ​នៅ​រាយ​ប៉ាយ មិន​អាច​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​របស់​អ្នក​បញ្ចា​ទិញ ឬ​កសិករ​ដាំ​ពូជ​ស្រូវ​ច្រើន​ប្រភេទ​ជា​ដើម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ទី​ប្រឹក្សា​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក​បណ្ឌិត ម៉ៃ កល្យាណ មាន​ប្រសាសន៍​ថា អង្ករ​ធម្មតា គឺ​នៅ​រប៉ាត់រប៉ាយ​នៅ​ឡើយ ហើយ​កម្ពុជា​បាន​ធ្វើ​គោល​នយោបាយ​កាល​ពី​ឆ្នាំ​មុន គឺ​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​ស្តង់ដារ​ឲ្យ​ច្បាស់​លាស់​នៃ​អង្ករ​ កម្ពុជា ដែល​ជា​កត្តា​មួយ​សំខាន់ សម្រាប់​ការ​ធ្វើ​កុងត្រា​ច្បាស់​លាស់​ជា​មួយ​អ្នក​បញ្ជា​ទិញ​អង្ករ នៅ​លើ​ពិភពលោក។

លោក​បណ្ឌិត ម៉ៃ កល្យាណ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​សម្រេច​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន គឺ​ទាម​ទា​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ដូច​ជា​ការ​ដឹក​ជញ្ជូន ថ្លៃ​អគ្គិសនី ជា​ដើម៖ «អ្វី​ដែល​យើង​ប៉ាន់​ស្មាន គឺ​យើង​គិត​ថា​អាច​ធ្វើ​បាន បើ​សិន​ជា​ដោះ​ស្រាយ​បញ្ហា​មួយ​ពីរ​បី ដូច​ជា​បញ្ហា Logistic (ការ​ដឹក​ជញ្ជួន) ហ្នឹង បញ្ហា Trade Facilitation (ការ​សម្រួល​បែប​បទ​ពាណិជ្ជកម្ម) ធ្វើ​ក្រដាស​ស្នាម​ហ្នឹង កុំ​ឲ្យ​ស្មុគ​ស្មាញ បញ្ហា​ភ្លើង វា​ពាក់​ព័ន្ធ​គ្នា​ទាំង​អស់»។

លោក​បណ្ឌិត​បន្ថែម​ថា គុណភាព​អង្ករ​របស់​ប្រទេស​កម្ពុជា គឺ​មិន​ល្អ​ណាស់​ណា​នោះ​ទេ និង​ជា​ពិសេស តម្លៃ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក៏​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ ហើយ​ការ​លក់​អង្ករ​របស់​កម្ពុជា​មាន​ភាព​ប្រកួត​ប្រជែង​បាន គឺ​អាច​មាន​នៅ​ទី​ផ្សារ​អឺរ៉ុប​តែ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា ការ​បង្កើត​សហព័ន្ធ​នាំ​ចេញ​អង្ករ គឺ​មាន​សារៈសំខាន់​សម្រាប់​អ្នក​នាំ​ចេញ​អង្ករ​ពី​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា សហព័ន្ធ​នេះ​គឺ​អាច​ប្រមូល​អ្នក​ផលិត​ស្រូវ​ទាំង​អស់​នៅ​កម្ពុជា ដើម្បី​ចូល​ក្នុង​សហព័ន្ធ​បែង​ចែក​អ្នក​ជំនាញ​ផ្នែក​រក​ទីផ្សារ​អង្ករ ដើម្បី​យក​មក​ផ្សព្វផ្សាយ​ឲ្យ​សមាជិក​ទាំង​អស់​បាន​ដឹង​អំពី​ព័ត៌មាន​ ទីផ្សារ​អង្ករ​នៅ​ជុំ​វិញ​ពិភពលោក និង​ជំនាញ​ការ​មួយ​ទៀត គឺ​ទទួល​បន្ទុក​ផ្នែក​បន្សុទ្ធ​ពូជ ដោយ​សារ​ពូជ​ស្រូវ​របស់​កម្ពុជា​មាន​ពូជ​ជាង​១​ពាន់។

លោក ចម ប្រសិទ្ធ បញ្ជាក់​ទៀត​ថា កម្ពុជា​ត្រូវ​ផលិត​ពូជ​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​ទីផ្សារ ដើម្បី​ផ្សព្វ​ផ្សាយ​ពូជ​នេះ​ទៅ​កសិករ ឬ​សមាជិក​ដែល​ជា​អ្នក​ផលិត​ស្រូវ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ចម ប្រសិទ្ធ បន្ត​ថា សហព័ន្ធ​នេះ​គឺ​អាច​បំពេញ​តម្រូវ​ការ​ផ្គត់​ផ្គង់​អង្ករ​ត្រង់​ចំនួន​មួយ​ បាន របស់​អ្នក​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា។

ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន ខ្មែរ ហ្វូត (Khmer Food) លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​អ្នក​ផលិត​អង្ករ និង​អ្នក​នាំ​ចេញ​អង្ករ ស្ថិត​នៅ​រាយប៉ាយ​នៅ​ឡើយ ដែល​ការ​បង្កើត​សហព័ន្ធ​នេះ គឺ​អាច​ប្រមូល​ផ្ដុំ​នៃ​អ្នក​នាំ​ចេញ​អង្ករ ដើម្បី​បង្កើន​ការ​នាំ​ចេញ​នៅ​លើ​ទី​ផ្សារ​ពិភពលោក ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ឲ្យ​បាន​១​ លាន​តោន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​បន្ត​ថា រដ្ឋាភិបាល​បាន​​​ជួយ​គាំទ្រ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​នេះ និង​បាន​ជំរុញ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ កាត់​បន្ថយ​ការ​យក​កម្រៃ​ផ្សេងៗ​ពី​អ្នក​នាំ​ចេញ​អង្ករ ដែល​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​ផ្កា​ម្លិះ​ពី​កម្ពុជា​កើន​ឡើង​ខ្លាំង ប៉ុន្តែ​ចំនួន​នេះ​នៅ​មាន​តិច​តួច​នៅ​ឡើយ៖ «រដ្ឋាភិបាល​បាន​លើក​ទឹក​ ចិត្ត​មិន​យក​ពន្ធ​លើ​អ្នក​នាំ​ចេញ មិន​យក​ពន្ធ​ប្រាក់​ចំណេញ​ពី​ក្រុម​ហ៊ុន​ដែល​នាំ​ចេញ​ទៀត។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ដែល​ខ្ញុំ​បាន​លើក​ឡើង ចំពោះ​អង្ករ​ប្រភេទ​ផ្កា​ម្លិះ គឺ​យើង​នាំ​ចេញ​បាន​ច្រើន តែ​យើង​អត់​មាន​ចំនួន​គ្រប់​គ្រាន់»។

លោក​មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​អង្ករ​ធម្មតា កម្ពុជា​មាន​វិបត្តិ​ទីផ្សារ គឺ​តម្លៃ​អង្ករ​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​នាំ​ចេញ​អង្ករ​ ផ្សេងៗ ដោយ​លោក​បញ្ជាក់​ថា ការ​បញ្ចុះ​តម្លៃ​អគ្គិសនី គឺ​ជា​កត្តា​សំខាន់​ជួយ​គាំទ្រ​ដល់​អ្នក​នាំ​ចេញ​អង្ករ​ផ្សេងៗ ដល់​ការ​បង្កើន​ការ​នាំ​ចេញ​អង្ករ​ធម្មតា​នេះ។

អ្នក​វិភាគ​កសិកម្ម​យល់​ឃើញ​ថា ការ​សម្រេច​បាន​នូវ​គោល​ដៅ​នាំ​ចេញ​របស់​កម្ពុជា​ឲ្យ​បាន​មួយ​លាន​តោន​នៅ​ ឆ្នាំ​២០១៥ គឺ​អ្នក​នាំ​ចេញ​អង្ករ​ទាំង​អស់ និង​ភាគី​ដែល​ពាក់​ព័ន្ធ ត្រូវ​ស្វែង​រក​ទីផ្សារ​ផ្សេង ក្រៅ​ពី​អឺរ៉ុប ដូច​ជា​ប្រទេស​ចិន (China) ឥណ្ឌូណេស៊ី (Indonesia) និង​ប្រទេស​ហ្វីលីពីន (Philippine) ជា​ដើម។

បញ្ជាក់​បន្ថែម​អំពី​បញ្ហា​នេះ លោក​ឧកញ៉ា គឺម សាវុធ មាន​ប្រសាសន៍​ថា ទីផ្សារ​អាស៊ី គឺ​ជា​ទីផ្សារ​សំខាន់​របស់​ប្រភេទ​អង្ករ​របស់​កម្ពុជា ដោយ​សារ​តែ​រយៈពេល​នៃ​ការ​នាំ​ចេញ គឺ​មាន​រយៈពេល​ខ្លី​ជាង​រយៈពេល​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប និង​មាន​ភាព​ងាយ​ស្រួល។ លោក​បញ្ជាក់​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ភាគ​ច្រើន​ទៅ​សហគមន៍​អឺរ៉ុប ក្នុង​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​ប្រមាណ​១៥​ម៉ឺន​តោន​ក៏​ដោយ ប៉ុន្តែ​តម្រូវ​ការ​អង្ករ​របស់​សហគមន៍​អឺរ៉ុប ត្រូវ​ការ​ប្រមាណ​តែ​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment