លោក កឹម សុខា ស្នើ​ឲ្យមាន​សមាជជាតិ ដើម្បី​លោក​អាច​តទល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​​


ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអាទិត្យ ទី29 មិថុនា 2014 | 12 នាទី មុន

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា


​ ប្រធានស្តីទី និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​អាទិត្យ​នេះ ស្នើ​ព្រះរាជអន្តរាគមន៍​ព្រះមហាក្សត្រ​ប្រកាស​បង្កើត​សមាជជាតិ ដើម្បី​ឲ្យ​រូប​លោក​អាច​តទល់​ជា​មួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​យល់ថា​ជា​មធ្យោបាយ​មួយ​ក្នុង​ការទម្លាយ​ភាពជាប់គាំង​នយោបាយ​។​

​លោក កឹម សុខា មានប្រសាសន៍​បែប​នេះ​នៅក្នុង​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ព្រឹក​ថ្ងៃ​ទី​២៩​ខែមិថុនា នៅ​ពេល​លោក​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​។​លោក​យល់ថា សមាជ​នេះ គឺ​ដើម្បី​ចៀសវាង​ការចោទប្រកាន់​ដាក់​គ្នា​ថា​តើ​គណបក្ស​ណាមួយ​មិន​មាន​ ឆន្ទៈ​ក្នុង​ការដោះស្រាយ​។​

​លោក កឹម សុខា ថ្លែងថា ការបង្កើត​សមាជជាតិ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​ពីរ អាច​តទល់​គ្នា​ឲ្យ​ប្រជារាស្ត្រ​ស្តាប់​។ លោក​ឲ្យដឹង​ទៀតថា លោក សម រង្ស៊ី អាច​តទល់​ជាមួយ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​រូប​លោក​អាច​តទល់​ជាមួយ​លោក ហ៊ុន សែន​។ លោក​បញ្ជាក់ថា​«​ដើម្បី​កុំ​ឲ្យ​បន្ត​ជាប់គាំង​នយោបាយ ខ្ញុំ​សូម​ស្នើ​ព្រះមហាក្សត្រ​កោះ​ប្រជុំ​ធ្វើ​សមាជជាតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​»​។​

​លោក កឹម សុខា ឲ្យដឹងទៀតថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ហ៊ាន​គាំទ្រ​ធ្វើ​សមាជ ប្រជារាស្ត្រ​នឹង​អស់​មន្ទិល ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ធានា​ថា​នឹង​មាន​អ្នកគាំទ្រ​មិនតិចជាង​មួយ​លាន​នាក់​។​លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រជុំ​សភា ដើម្បី​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លុះត្រាតែ​មាន​ការធានា​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​)​ ឯករាជ្យ​។​

VOD មិនទាន់អាចទាក់ទងមន្រ្តីគណបក្សប្រជាជនកម្ពុជា និងមន្រ្តីព្រះបរមរាជវាំង ដើម្បីអត្ថាធិប្បាយលើបញ្ហា​នេះ​បាន​នៅឡើយទេ។

​មាត្រា​១១៦​​នៃ​រដ្ឋធម្មនុញ្ញ ឲ្យដឹងថា ក្នុង​ករណី​ចាំបាច់ រដ្ឋសភា និង​ព្រឹទ្ធសភា អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​ប្រទេសជាតិ ​។ មាត្រា​១៤៨​ថ្មី បង្ហាញថា សមាជជាតិ ប្រជុំ​មួយដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ តាម​ការកោះអញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​។​សមាជជាតិ ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតីភាព នៃ​ព្រះមហាក្សត្រ​។​

​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១២​ខែមិថុនា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ដោយ​ដាក់​ស្ថាប័ន គជប ជា​ស្ថាប័ន​ឯករាជ្យ និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បង្កើត​ជំពូក​ថ្មី​មួយទៀត គឺ​ជំពូក​ទី​១៥ ស្តីពី​អង្គការ​រៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ​នៅ​មាន​ការខ្វែងគំនិត​គ្នា​លើ​ការបោះឆ្នោត​សម្តែង​ការទុកចិត្ត​លើ សមាសភាព​គជប ថ្មី​នេះ ដោយ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​សំឡេង​២/៣​នៃ​រដ្ឋសភា រីឯ​បក្ស​ប្រជាជន​កម្ពុជា​ទាមទារ​សំឡេង​៥០​បូក​១​។​

​សមាជិក​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ធ្លាប់​លើក​ឡើង​ថា ការប្រើ​រូបមន្ត​នៃ​ការប្តូរ​សមាសភាព គ​.​ជ​.​ប ២/៣ នឹង​នាំទៅរក​ភាពទ័លច្រក ដែល​ធ្លាប់​កើតឡើង​ពី​ពេលមុន​៕​
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment