ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី18 មិថុនា 2014, 02:52 PM
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលករខ្មែរធ្វើការនៅប្រទេសថៃមាន ចំនួនប្រមាណពី៣០ទៅ៤០ម៉ឺននាក់ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ ពលករទាំងនេះត្រូវរដ្ឋាភិបាលយោធាថៃដឹកនាំដោយ លោកឧត្តសេនីយ៍ប្រាយុទ្ធចាន់ អូចា បានចាប់បញ្ជូនមកកម្ពុជាវិញ ទាំងថ្ងៃទាំងយប់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងច្រកតាមខេត្តផ្សេងៗទៀត ជាប់ព្រំដែននៃប្រទេសទាំងពីរ។
សកម្មភាពចាប់បញ្ជូនពលករខ្មែរដែលតាំងពីដើមខែមិថុនាមកនេះ ត្រូវអង្គការសង្គមស៊ីវិលក្នុងស្រុក ដែលធ្វើការផ្តោតលើសិទ្ធិមនុស្ស និងសិទ្ធិការងារបានចេញសេចក្តី ថ្លែងការណ៍ ថ្កោលទោសរដ្ឋាភិបាលថៃជាបន្តបន្ទាប់ថា បានរំលោភសិទ្ធិមនុស្ស។
ទន្ទឹមនឹងសង្គមស៊ីវិលថ្កោលទោសរដ្ឋាភិបាលថៃ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី១៣ខែមិថុនា ក៏បានផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីថៃ ដោយបង្ហាញពីការកត់ស្លុតចំពោះការចាប់បញ្ជូនពលករខ្មែរ ដោយហិង្សាមកស្រុកកំណើតវិញនេះ។ លោក សម រង្ស៊ី ក៏ស្នើឲ្យលោក ប្រាយុទ្ធ ចាន់អូចា អនុញ្ញាតឲ្យពលករខ្មែរបន្តរស់នៅនិង ធ្វើការនៅទីនោះ ដោយលោកអះអាងថា ពលករក្រីក្រទាំងនោះនឹងមិនចូលរួមពាក់ព័ន្ធ និងវិបត្តិនយោបាយកំពុងកើតមាននៅថៃនោះទេ។
សម្រាប់នាយករដ្ឋមន្ត្រីស្តីទីលោក ស ខេង បានសម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលថៃ ដែលចាប់បញ្ជូនពលករខ្មែរយ៉ាងគំហុក ដោយមិនបានផ្តល់ដំណឹងមករដ្ឋាភិបាលកម្ពុជា។ លោក ក៏បានជំរុញឲ្យភាគីថៃទទួលខុសត្រូវករណីស្លាប់ពលរដ្ឋខ្មែរ៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលនៃការចាប់បញ្ជូននោះ។
បើទោះជាមានប្រតិកម្មពីអង្គការសង្គមស៊ីវិល គណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលយោធាថៃមិនបានបកស្រាយឲ្យបានលម្អិតដែរ គឺគ្រាន់តែបញ្ជាក់ថា ថៃ នឹងទទួលពលករខ្មែរវិញ ករណីពួកគេចូលទឹកដីថៃស្វែងរកការងារដោយស្របច្បាប់។
ពលករខ្មែរដែលបានឈានជើងចូលដល់ស្រុកកំណើតភ្លាម ក៏បានបង្ហាញពីទុក្ខកង្វល់ដោយបារម្ភថាមិនមានការងារធ្វើ ឬការងារធ្វើមិនបានប្រាក់ឈ្នួលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ។
រហូតដល់ថ្ងៃទី១៨ខែមិថុនា ខណៈពលករខ្មែរប្រមាណ២០ម៉ឺននាក់បានត្រលប់មកដល់ទឹកដីរបស់ខ្លួនវិញ តែនៅមិនឃើញរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធបង្ហាញពីគោលនយោបាយច្បាស់លាស់ពីការបង្កើតការងារ ឲ្យពួកគេនៅឡើយទេ។
តើកម្ពុជាខ្លួនឯង មានលទ្ធភាពអាចបង្កើតការងារឲ្យពលរដ្ឋធ្វើបានទេ? ឬចាំបាច់ត្រូវទៅធ្វើការនៅប្រទេសថៃ?
សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី សិក្សាឃើញថា កម្ពុជាអាចស្វែងរកការងារ សម្រាប់ប្រជាជនខ្លួនបានដោយផ្អែកលើការពង្រីកវិស័យកសិកម្ម និងវិស័យ ទេសចរណ៍។ វិស័យកសិកម្ម លោកផ្តោតលើការផ្តល់ដីសម្បទានសង្គមកិច្ចឲ្យប្រជាពលរដ្ឋធ្វើ និងការបង្កើតប្រព័ន្ធធារាសាស្ត្រ។
រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច២លានហិកតា និងដីសម្បទានរ៉ែ២លានហិកតា។ ចំណុចនេះ លោកកែម ឡី បញ្ជាក់ថា មិនចាំបាច់ត្រូវការកម្លាំងពលកម្មច្រើនទេ គឺបើមួយហិកតាត្រូវការកម្មករខ្មែរតែម្នាក់ ក្នុងចំណោមដីសម្បទាន៤លានហិកតាក៏ត្រូវការកម្លាំងយ៉ាងហោចណាស់ក៏១ លាននាក់ដែរ ដូច្នេះមិនចាំបាច់ទៅធ្វើការនៅថៃទេ។
លោក កែម ឡី បញ្ជាក់ថា ការអនុវត្តច្បាប់អន្តោប្រវេសន៍បានត្រឹមត្រូវ ដែលតម្រូវឲ្យជនបរទេសខុសច្បាប់ទៅប្រទេសពួកគេវិញ ក៏ជាផ្នែកមួយផ្តល់កន្លែងការងារឲ្យពលរដ្ឋ កម្ពុជាដែរ «បើយើង នៅតែធូររលង់អ៊ីចឹង វាជំនួសការងារយើង វាជំនួសដោយកម្មករវៀតណាម ដូចជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ភាគច្រើនឃើញតែវៀតណាមធ្វើ។ បើយើងអនុវត្តច្បាប់សញ្ជាតិ យើងអាចជំនួសបានភ្លាមតែម្តង ប៉ុន្តែយើងមិនធ្វើដូចថៃ រំលោភសិទ្ធិមនុស្សអ៊ីចឹងទេ យើងត្រូវគោរពសិទ្ធិមនុស្សព្រោះយើង ភាគីហត្ថលេខីក្នុងកតិកាសញ្ញាសិទ្ធិសញ្ញា អនុសញ្ញាអន្តរជាតិ»។
សម្រាប់គណបក្សប្រឆាំងរកឃើញថា វៀតណាមប្រមាណ៣លាននាក់កំពុងរស់នៅ និងដណ្តើមការងារពីពលរដ្ឋកម្ពុជា។ សម្រាប់អង្គការសង្គមស៊ីវិលរកឃើញថា ពលរដ្ឋវៀតណាមប្រមាណល១លាននាក់កំពុងរស់នៅកម្ពុជា។ ដោយឡែករដ្ឋាភិបាលអះអាងថា ពលរដ្ឋវៀតណាមមានតែប្រមាណ១០ម៉ឺននាក់ ប៉ុណ្ណោះកំពុងរស់នៅលើទឹកដីកម្ពុជា។
ការរក្សាព្រៃឈើ ដើម្បីរៀបចំជាតំបន់ទេសចរណ៍ក៏លោក កែម ឡី មើលឃើញថា មានវិសាលភាពធំសម្រាប់បង្កើតការងារឲ្យពលរដ្ឋដែរ។
មន្ត្រីទំនាក់ទំនងព័ត៌មានរបស់អង្គការសេដាកជាអង្គការ ដែលធ្វើការផ្តោតលើវិស័យកសិកម្ម លោក ហ៊ីម ខទៀត លើកឡើងថា បើផ្អែកលើផ្ទៃដីដែលនៅទំនេរពេលបច្ចុប្បន្ននេះ គឺអាចផ្តល់ការងារគ្រប់គ្រាន់ សម្រាប់ពលករមកពីថៃ បើសិនមានការរៀបចំបានត្រឹមត្រូវ «ខ្ញុំគិតថាអត់មានអីបញ្ហាចោ ទទេ ព្រោះបច្ចុប្បន្នបើយើងមើលទៅលើផ្ទៃដីដែលកសិករយើងកំពុងដាំដុះ នោះ គឺនៅមិនទាន់អស់លទ្ធភាពនៅឡើយ មានដីទំនេរច្រើន ហើយក្នុងហ្នឹងក៏យើងមើលឃើញថា កសិករភាគច្រើនទៅទៀតនោះ គឺធ្វើតែម្តងក្នុងមួយឆ្នាំ ខណៈដែលប្រទេសក្បែរខាង គាត់ធ្វើរហូតដល់ពីរដង ឬបីដង។ អ៊ីចឹងវាអាចជាកត្តា រួមផ្សំក្រៅពីមូលហេតុនៃការខ្វះទឹកហ្នឹង»។
ជាការពិតពលករចំណាកស្រុក ដែលទៅស្វែងរកការងារនៅប្រទេសថៃ ភាគច្រើនជាកសិករក្រីក្រ នៅតាមបណ្តាខេត្តនានា ដែលពួកគេបោះបង់របរកសិកម្មចោល ហើយធ្វើចំណាកស្រុកស្វែងរកការងារធ្វើ។ ការបោះបង់របរកសិកម្មរបស់កសិករខ្មែរនេះ ស្របពេលវិស័យកសិកម្មនៅប្រទេសជិតខាង កំពុងមានការរីចម្រើន ដូចជាដំណាំស្រូវនៅថៃ និងវៀតណាមធ្វើ២ទៅ៣ដងក្នុងមួយឆ្នាំ។ ពលករខ្មែរទៅថៃមួយចំនួន ក៏ទៅធ្វើការក្នុងវិស័យកសិកម្មដែរ។
ថ្មីៗនេះ អង្គការសេដាកបានបង្ហាញរបាយការណ៍ថា មូលហេតុមួយចំនួនដែលនាំឲ្យពលរដ្ឋបោះបង់របរកសិកម្ម ហើយធ្វើចំណាកនោះដោយសារ កសិផលលក់បានតម្លៃទាបតែចំណាយថ្លៃដើមទុនច្រើន ខ្វះប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្តត់ផ្គង់ទឹក ខ្វះបច្ចេកទេសនៃការដាំដុះជាដើម៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
0 យោបល់:
Post a Comment