ដោយ សុខ សេរី
2013-01-03
2013-01-03
ប្រធានអង្គការសេដាក (CEDAC) លោក យ៉ង សាំងកុមារ មានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣។
RFA/Sok Serey
ផែនការនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានប្រកាសថានឹងនាំចេញអង្ករចំនួនជាង ១លានតោននៅឆ្នាំ២០១៥។
ផែនការរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា មានគោលដៅជំរុញឲ្យកសិករខ្មែររួមសាមគ្គីគ្នា ដើម្បីបង្កើតរោងម៉ាស៊ីនកិនស្រូវសរីរាង្គខ្នាតមធ្យមឲ្យបានចំនួន រវាង ៥០គ្រឿង ទៅ ១០០គ្រឿង នៅក្នុងស្រុកចំនួន៦០ នៅក្នុងខេត្តចំនួន១៣ ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២។
ផែនការនេះត្រូវបានប្រកាសឲ្យកសិករខ្មែរចាប់ផ្ដើមអនុវត្តន៍តាម រយៈសន្និបាតឈ្មោះថា ការងារកសាងសហគមន៍អាស្រ័យខ្លួនឯង នៅលើកដំបូងដែលរៀបចំដោយអង្គការសេដាក ដែលមានកសិករខ្មែរចូលរួមចំនួនជាង ៣០០នាក់មកពី ១៣ខេត្តនៅប្រទេសកម្ពុជា។
ម៉ាស៊ីនកិនស្រូវសរីរាង្គចំនួន ៣គ្រឿង ត្រូវបានប្រកាសឲ្យដំឡើងនៅខេត្តចំនួន២ នៅឆ្នាំ២០១៣ នេះ ក្នុងនោះមានខេត្តព្រៃវែង ចំនួន ២គ្រឿង និងខេត្តតាកែវ ចំនួន ១គ្រឿង តាមរយៈកសិករបានរួមគ្នាចេញទុនផ្ទាល់ខ្លួនជាសហគមន៍ម៉ាស៊ីនកិន ស្រូវសរីរាង្គ។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា អង្គការសេដាក បាននាំចេញអង្ករសរីរាង្គច្រើនរយតោនទៅទីផ្សារនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កន្លងមក៖ «សម្រាប់ឆ្នាំ២០១៣ នេះ យើង យើងគ្រោង យ៉ាងតិចបំផុតគ្រោងទៅសហរដ្ឋអាមេរិក ១២កុងតឺន័រ។ មួយកុងតឺន័រ ១៨តោនជាង។ អីចឹងយើងគ្រោងយ៉ាងតិចបំផុតរវាង ២០០តោន ទៅ ៣០០តោន មិនទាន់បានពង្រីកទៅកន្លែងផ្សេងៗទៀតទេ ដោយសារតែបរិមាណយើងផលិត យើងនៅតិច»។
ជាមួយគ្នានេះ ប្រធានធនាគារអភិវឌ្ឍន៍ជនបទ លោក ស៊ុន គន្ធរ និងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកត្រៀមខ្លួនផ្តល់ជំនួយឥណទានដល់កសិករខ្មែរ ក្នុងការបង្កើតម៉ាស៊ីនកិនស្រូវសរីរាង្គនោះ៖ «ដើម្បីឆ្លើយតបនេះ យើងត្រៀមលក្ខណៈទុកសម្រាប់ផ្តល់ដល់សហគមន៍ដែលមានដំណើរការល្អ និងមានការគ្រប់គ្រង និងមានទ្រព្យធនផ្ទាល់ខ្លួនដែរ»។
តំណាងសហគមន៍ម៉ាស៊ីនកិនស្រូវសរីរាង្គ អ្នកស្រី សោ សាមឿន អាយុ ៥៦ឆ្នាំ មកពីឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលត្រូវសាងសង់ម៉ាស៊ីនកិនស្រូវសរីរាង្គចំនួន ២គ្រឿងឆាប់ៗនេះ បានថ្លែងប្រាប់អ្នកកាសែតថា នៅពេលដែលកសិករមានម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួននៅសហគមន៍ គឺកសិករនឹងមានការងាយស្រួលជាងមុន៖ «ធ្វើស្រូវហ្នឹង ដើម្បីលក់ឲ្យម៉ាស៊ីនកិនស្រូវរបស់យើង គឺម៉ាស៊ីនកិនស្រូវ គឺជាភាគហ៊ុនរបស់ម្ចាស់ខ្លួនផ្ទាល់ ដើម្បីទប់ស្កាត់មិនឲ្យស្រូវហ្នឹងចេញទៅស្រុកក្រៅ ហើយលក់ក្នុងតម្លៃសមរម្យ»។
យុទ្ធសាស្ត្រសំខាន់ៗក្នុងចំណោមផែនការបង្កើតសហគមន៍ម៉ាស៊ីនកិន ស្រូវសរីរាង្គនោះ មានដូចជា ទី១ កសិករខ្មែរគប្បីធ្វើស្រែឲ្យចំណេញ គឺស្រែខ្លឹម ដែលអាចផលិតស្រូវសរីរាង្គ ឬស្រូវធម្មជាតិមានគុណភាពខ្ពស់ ក្រអូប និងបាយទន់ ស្របតាមតម្រូវការទីផ្សារអន្តរជាតិ អាចប្រកួតប្រជែងបានជាមួយប្រទេសវៀតណាម និងថៃ ជាដើម។
ទី២ កសិករខ្មែរគប្បីប្ដូរទម្លាប់ពីការលក់ស្រូវជាវត្ថុធាតុដើម ទៅជាលក់អង្ករ ដែលមានគុណភាពខ្ពស់ និងកែច្នៃទៅលក់នៅទីផ្សារអន្តរជាតិ។ ទី៣ កសិករខ្មែរគប្បីប្ដូរទម្លាប់ពីការចាយប្រាក់ខ្ជះខ្ជាយមកជាការ សន្សំប្រាក់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
0 យោបល់:
Post a Comment