គោលនយោបាយ​នាំ​អង្ករ​ចេញ​ជួយ​ឈ្មួញ​ឬ​ជួយ​កសិករ?


ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​យន្តការ​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចាក​ផុត​ ពី​ភាព​ក្រីក្រ។ ជាក់​ស្ដែង​ប្រទេស​កម្ពុជា មាន​​យុទ្ធសាស្ត្រ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​តាម​រយៈ​គោល​នយោបាយ​នាំ​ចេញ​ អង្ករ​ជា​មធ្យោបាយ​មួយ​សម្រាប់​ប្រែក្លាយ​ប្រទេស​​ចាក​ផុត​ពី​ភាព​ក្រី។

ដោយ អាន ស៊ីថាវ
2013-02-13
គោលនយោបាយ​នាំ​អង្ករ​ចេញ​ជួយ​ឈ្មួញ​ឬ​ជួយ​កសិករ.mp3


កសិករ​ស្ទូង​ស្រូវ​ នៅ​ស្រុក​អង្គស្នួល ខែត្រ​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១០

RFA/Vohar Cheath

ប៉ុន្តែ​អ្នក​វិភាគ​កសិកម្ម​​បាន​អះអាង​ថា គោល​នយោបាយ​​នាំ​ចេញ​អង្ករ​នេះ​ ហាក់​ដូច​ជា​ជួយ​ឈ្មួញ​នាំ​ចេញ​ច្រើន​ជាង​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ដែល​ ជា​អ្នក​ដក​ស្ទូង ច្រូត​កាត់​ផ្ទាល់។ ធនាគារ​ពិភពលោក និង​អង្គការ​សហប្រជាជាតិ​ យល់​ថា ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ឲ្យ​ស្រប​ទៅ​កំណើន​ចំណូល​​ របស់​​ប្រជាជន​ភាគ​ច្រើន ទើប​ជា​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។
ចំណាត់​ថ្នាក់ ​អភិវឌ្ឍ​ប្រទេស​​ទាំង​អស់​លើ​ពិភពលោក​ចែក​ជា ៥​ប្រភេទ គឺ​ប្រទេស​ក្រីក្រ ប្រទេស​មាន​ការ​អភិវឌ្ឍ​មធ្យម និង​ប្រទេស​អភិវឌ្ឍ រួម​ទាំង​ដំណើរ​ហក់​ឡើង​ពី​​ប្រទេស​ក្រីក្រ​ទៅ​ប្រទេស មាន​ការ​អភិវឌ្ឍ​មធ្យម​ចំនួន​ពីរ​ផ្សេង​ទៀត។ មាន​ន័យ​ថា ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​ស្រប​ទៅ​នឹង​​ស្ថានភាព​អភិវឌ្ឍ​ជាក់​ស្ដែង​ ដែល​ជា​ទូទៅ​​អ្នក​សេដ្ឋកិច្ច​ហៅ​ថា​​ ដំណាក់​អភិវឌ្ឍ​សេដ្ឋកិច្ច​អន្តរកាល។

ជា​ទូទៅ ដើម្បី​មើល​ដឹង​ថា ប្រទេស​មួយ​ជា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​ជឿនលឿន គឺ​គេ​មើល​អំពី​ចំណូល​ប្រជាជន​មនុស្ស​ម្នាក់ (Per Capital Income)។ ឧទាហរណ៍​ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយសារ​តែ​ចំណូល​របស់​ប្រជាជន​កម្ពុជា​ម្នាក់​ក្រោម ១​ពាន់​ដុល្លារ​អាមេរិក។

ធនាគារ​ពិភពលោក​បាន​ឲ្យ​និយមន័យ​ថា ប្រទេស​ចំណូល​ទាប (Low Income Country​-LIC) មនុស្យ​ម្នាក់​មាន​ចំណូល ៧៦៥​ដុល្លារ ឬ​តិច​ជាង​នេះ។ ប្រទេស​ចំណូល​ទាប​កម្រិត​មធ្យម (Lower Middle Income Country​-LMC) មនុស្ស​ម្នាក់​មាន​ចំណូល​ចន្លោះ ៧៦៦​ដុល្លារ ទៅ ៣.០៣៥​ដុល្លារ។

ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ (Upper Middle Income Country-UMC) មនុស្ស​ម្នាក់​មាន​ចំណូល​ចន្លោះ ៣.០៣៦​ដុល្លារ ទៅ ៩.៣៨៥​ដុល្លារ។ ប្រទេស​ចំណូល​ខ្ពស់ (High Income Country-HIC) មនុស្ស​ម្នាក់​មាន​ចំណូល​ច្រើន​ជាង ៩.៣៨៦​ដុល្លារ និង​ប្រទេស​ទី​៥ គឺ​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ដោយ​សារ​ប្រេង ឬ​ធនធាន​ធម្មជាតិ ដែល​ប្រជាជន​ម្នាក់ៗ មាន​ចំណូល​ច្រើន​ជាង ៩.៣៨៦​ដុល្លារ​ដែរ។ ប៉ុន្តែ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​យល់​ថា ប្រទេស​ដែល​នៅ​ក្នុង​ដំណាក់​កាល​ទី​ប្រាំ​នេះ​ មិន​មែន​ជា​ប្រទេស​ចំណូល​ខ្ពស់​ពិតប្រាកដ​ឡើយ ដោយសារ​អ្វីៗ​គ្រប់​យ៉ាង​បាន​មក​ពី​ធនធាន​ធម្មជាតិ​មិន​មែន​កើត​ចេញ​ពី​ សកម្មភាព​មនុស្ស។

ការ​អភិវឌ្ឍ​​​ប្រទេស​​ត្រូវ​ឆ្លង​កាត់​មូលដ្ឋាន​សេដ្ឋកិច្ច​បី គឺ​កសិកម្ម​ ឧស្សាហកម្ម​ និង​សេវាកម្ម។ ប្រទេស​នីមួយៗ​ដែល​​មាន​អភិវឌ្ឍ​ពិត​ប្រាកដ​ ត្រូវ​ពឹង​លើ​កត្តា​​​​នេះ ដែល​កើត​ឡើង​ពី​សកម្មភាព​មនុស្ស ឬ​​​ អភិវឌ្ឍ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​​ចំណូល​របស់​ប្រជាជន​ ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច​ពិត​ប្រាកដ។

អ្នក​វិភាគ​កសិកម្ម​លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា​ ដើម្បី​ដឹង​ថា ប្រទេស​មួយ​ជា​ប្រទេស​ក្រីក្រ​បាន គឺ​ត្រូវ​មើល​អំពី​មុខ​របរ​របស់​ប្រជាជន​​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​នីមួយ​ ថា តើ​ពួក​គាត់​រំពឹង​លើ​​អ្វី។ បទពិសោធន៍​របស់​ពិភពលោក​ប្រទេស​មួយ​​ជា​ប្រទេស​ក្រី​ គឺ​ប្រទេស​នោះ​ពឹង​លើ​វិស័យ​កសិកម្ម​ជា​ចម្បង​សម្រាប់​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច។

​លោក ស្រី ចន្ធី៖ «កាលណា​ប្រទេស​​ភាគ​ច្រើន​នៅ​ក្នុង​ចំណាក់​ប្រទេស​ក្រីក្រ គឺ​ពឹង​ផ្អែក​វិស័យ​កសិកម្ម​ ហើយ​កសិកម្ម​ហ្នឹង​ទៀត​សោត ​ហៅ​ថា​កសិកម្ម​បឋម ការ​កែច្នៃ​អី​មាន​កម្រិត​តិច​តួច​បំផុត ប្រមូល​ផល​ទិន្នផល​បាន​ទាប។ ឧទាហរណ៍​យើង​សល់​ល្បើស​ផលិតកម្ម​​ខ្លះ​នាំ​ចេញ ប៉ុន្តែ​​នាំ​ចេញ​ទាំង​ស្រស់ អត់​កែច្នៃ​អត់​អី​ទេ»។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា​ នៅ​ពេល​មាន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ខ្ពស់ តាម​រយៈ​ប្រើ​គ្រឿង​ម៉ាស៊ីន​គាំទ្រ​ដល់​វិស័យ​កសិកម្ម ​ដើម្បី​ជំនួស​កម្លាំង​ពលកម្ម​ គឺ​ចាត់​ទុក​ថា ប្រទេស​នោះ​ចាក​ផុត​ពី​ភាព​ក្រីក្រ​ជា​បណ្ដើរៗ។ លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ ចាក​ផុត​ពី​ភាព​ក្រីក្រ គឺ​​កម្ពុជា​ត្រូវ​ពឹង​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ដើម្បី​ចាប់​យក​ឧកាស​ការងារ​ក្រៅ​ពី​វិស័យ​កសិកម្ម។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ គោល​នយោបាយ​​អភិវឌ្ឍ​​កសិកម្ម​​នៃ​ការ​នាំ​ចេញ​អង្ករ​​ដែល​រដ្ឋាភិបាល​ដាក់​ ចេញ​ក្នុង​គោល​បំណង​​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​​​នោះ​ ស្ថិត​​​ក្នុង​ភាព​មិន​ច្បាស់​លាស​នៅ​ឡើយ​ ដោយ​សារ​តែ​ការ​ទទួល​ផល​ពី​​ចំណូល​​ការ​នាំ​ចេញ​អង្ករ​នេះ​មាន​ភាព​ខុស​គ្នា ​​រវាង​​អ្នក​នាំ​ចេញ និង​កសិករ​ដែល​ជា​អ្នក​ផលិត។

លោក ស្រី ចន្ធី បាន​បញ្ជាក់​ថា ការ​ទទួល​ផល​ពី​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​​​មិន​ស្មើ​គ្នា បណ្ដាល​មក​ពី​ផល​នៃ​ការ​កែច្នៃ​នាំ​ចេញ​​​នេះ មិន​ឆ្លើយ​តប​ទៅ​ការ​លើក​កម្ពស់​ផលិតភាព​ ឬ​ចំណូល​របស់​ប្រជាកសិករ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​​​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា​ ការ​អភិវឌ្ឍ​ត្រូវ​ចាប់​ផ្ដើម​ពី​ធំ​មក​តូច ដូច​ជា​​ការ​អភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច​​មាន​ការ​អភិវឌ្ឍ​ខ្ពស់​ និង​ជួយ​ដល់​សេដ្ឋកិច្ច​តូចតាច ឬ​ហៅ​ថា មីក្រូ​សេដ្ឋកិច្ច។

លោក​បញ្ជាក់​ថា​ ភាព​មាន​ទីផ្សារ​នាំ​ចេញ ជា​ពិសេស​នាំ​ទៅ​សហភាព​អឺរ៉ុប គឺ​ធ្វើ​ឲ្យ​​ប្រទេស​កម្ពុជា ទទួល​បាន​ចំណូល​​ជា​ប្រព័ន្ធ​ពី​ការ​កែច្នៃ​អង្ករ៖ «ពី​មុខ​ឆ្នាំ​២០០៩ លក់​ស្រូវ​មួយ​រយ​ភាគ​រយ​លក់​ទៅ​ឲ្យ​វៀតណាម និង​ថៃ។ មក​ដល់​ឥឡូវ ក្រោយ​ពេល​សហគមន៍​អឺរ៉ុប​លើក​លែង​ពន្ធ យើង​អាច​នាំ​ចេញ​បាន ហើយ​អា​រឿង​នាំ​ចេញ​ថា ជួយ​ដល់​ក្រុមហ៊ុន​នាំ​ចេញ​ ច្រើន​ជាង​កសិករ។ អា​ហ្នឹង​ជា​ការ​យល់​ឃើញ​របស់​គាត់​ គាត់​មាន​សិទ្ធិ​និយាយ។ តែ​បើ​គាត់​ជា​អ្នក​ជំនួញ គាត់​អង្គុយ​ទល់​មុខ​នៅ​ក្នុង​សភា​ពាណិជ្ជកម្ម ឬ​នៅ​ក្នុង​អង្ករ​ពាណិជ្ជកម្ម​ពិភពលោក គាត់​នឹង​យល់។ កម្ពុជា​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី»។

លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​បន្ថែម​ថា គោល​នយោបាយ​នាំ​ចេញ​អង្ករ​ជា​យន្តការ​សម​ស្រប​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព ​ក្រីក្រ​​របស់​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​បង្កើត​ការងារ​ ដែល​​កម្មករ​ម្នាក់​អាច​រក​ចំណូល​​ជា​មធ្យម​ប្រមាណ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ម៉្យាង​វិញ​ទៀត ការ​ជួយ​លើក​កម្ពស់​ចំណូល​កសិករ គឺ​ត្រូវ​លើក​កម្ពស់​បច្ចេកទេស​កសិកម្ម ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ រួម​ទាំង​ការ​បន្សុទ្ធ​ពូជ​ជាដើម។

រោងចក្រ​កែ​ច្នៃ​អង្ករ​​មាន​បទដ្ឋាន​អាច​នាំ​ចេញ​អង្ករ​ ត្រូវ​ការ​ពលកម្ម​​ចន្លោះ​ពី ១០០​នាក់​ទៅ​ ២០០​នាក់។ គោល​ដៅ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​​​នៅ​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​ ត្រូវ​ការ​រោង​ម៉ាស៊ីន​យ៉ាង​ហោច​ណាស់​ ៥០​គ្រឿង​បន្ថែម​ទៀត។ ​មាន​ន័យ​ថា​ គោល​នយោបាយ​នាំ​ចេញ​អង្ករ​នេះ​ អាច​បង្កើត​ការ​ងារ​ពី​ការ​កែច្នៃ​អង្ករ​នាំ​ចេញ​ចន្លោះ​ពី​​ ៥​ពាន់​នាក់ ទៅ ១​ម៉ឺន​នាក់៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment