ដោយ៖ ពៅ មេត្តា | ថ្ងៃសៅរ៍ ទី28 មិថុនា 2014, 08:53 AM

ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី ថ្លែងទៅកាន់ប្រជាពលរដ្ឋ (រូបភាព៖ Screenshot ពីវីឌីអូទំព័រហ្វេសប៊ុក Sam Rainsy)
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី ប្រកាសជំហរជាថ្មីមិនចូលសភាទេ ដោយលោកចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)មិនឯករាជ្យមិនអាច ស្វែងរកយុត្តិធម៌ឲ្យម្ចាស់ឆ្នោត។
លោកសម រង្ស៊ី បង្ហោះអត្ថបទនិង ខ្សែវីឌីអូ ក្នុងទំព័រហ្វេសប៊ុកលោកកាលពីថ្ងៃទី ២៧ខែមិថុនាដោយបញ្ជាក់ជំហរថា គណបក្សរបស់លោកមិនចូលសភាទេដរាបថា មិនមានការធានាឲ្យ គជប ឯករាជ្យពិតប្រាកដ និងមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោក បញ្ចាក់ទៀតថា របបដឹកនាំសព្វថ្ងៃកំពុងជាន់ឈ្លីរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យមានប្រព័ន្ធនយោបាយ ពហុបក្ស។
ចាប់ពីក្រោយការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣មក ជាង១១ខែហើយ គណបក្ស សង្គ្រោះជាតិនៅមិនព្រមចូលសភាទេ ដោយចោទគណបក្សប្រជាជនកម្ពុជាថា បានលួច បន្លំសន្លឹកឆ្នោត។ ចំណែកគណបក្សប្រជាជនកម្ពុជាច្រានចោលការចោទប្រកាន់នោះ ហើយថា ការបោះឆ្នោតនោះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលមានអ្នកអង្កេតការណ៍ ជាតិ និង អន្តរជាតិចូលរួម។
ក្នុងកិច្ចប្រជុំថ្ងៃទី១២ ខែមិថុនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឯកភាពគ្នាដោយដាក់ស្ថាប័ន គជប ជាស្ថាប័នឯករាជ្យ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កើតជំពូកថ្មីមួយទៀត គឺជំពូកទី១៥ ស្តីពីអង្គការរៀបចំការបោះឆ្នោត។ ប៉ុន្តែនៅមានការខ្វែងគំនិតគ្នាលើការបោះឆ្នោតសម្តែងការទុកចិត្តលើ សមាសភាព គជប ថ្មីនេះ ដោយភាគីគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា រីឯបក្សប្រជាជនកម្ពុជាទាមទារសំឡេង៥០បូក១។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិនៅកម្ពុជាលោក សូរិយា ស៊ូប៊ែឌី ថ្លែងក្នុងសន្និសីទសារព័ត៌មានពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៤ខែមិថុនាថា បញ្ហាកំណែទម្រង់ការបោះឆ្នោត គឺទាមទារការជ្រើសរើសសមាសភាព ត្រូវមានការចូលរួមផ្តល់មតិយោបល់ពីភាគីពាក់ព័ន្ធ គួបផ្សំនឹងកំណែទម្រង់នៃការចុះបញ្ជីឈ្មោះថ្មី និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត។ លោកសង្ឃឹមថា គណបក្សទាំងពីរ នឹងស្វែងរកសេចក្តីសន្និដ្ឋានសមស្របលើហេតុផលរួម ចៀសវាងផ្អែកលើការពន្លឿនដំណោះស្រាយនយោបាយនាំឲ្យកំណែទម្រង់នេះ មិនមានភាពឯករាជ្យ និងគ្រប់ជ្រុងជ្រោយ។
0 យោបល់:
Post a Comment