ដោយ៖ ញឹម សុខន | ថ្ងៃសុក្រ ទី13 មិថុនា 2014, 02:32 PM
ព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន៣ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការដោយយល់ថា ច្បាប់នោះធានាពីយុត្តិធម៌សង្គម បើទោះបីមានការជំទាស់ពីក្រុមអង្គការសង្គមស៊ីវិល។សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ឲ្យដឹងថា ព្រឹទ្ធសភា ពិនិត្យឃើញថា សេចក្តីព្រាងច្បាប់ចំនួន៣ មានគោលបំណងធានាឯករាជ្យអំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ធានាឲ្យមានកិច្ចដំណើរការល្អ របស់អង្គការតុលាការ និងអយ្យការ ធានាឲ្យមាននីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិមនុស្ស និងប្រឆាំងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងជាប្រយោជន៍ក្នុងការប្រតិបត្តិមុខងារបស់ខ្លួនប្រកបដោយឯករាជ្យភាព អព្យាក្រឹតភាព និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់ៗរូប។
សេចក្តីព្រាងច្បាប់ចំនួន៣ដែលព្រឹទ្ធសភាបានឯកភាពទាំងស្រុងនោះគឺ ទី១ សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទី២ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងពញរាជអាជ្ញា និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សង្គមស៊ីវិលយល់ថា សេចក្តីព្រាងច្បាប់ទាំងបីដែលព្រឹទ្ធសភា យល់ឃើញដូចរដ្ឋសភាដែរនោះ មិនធានាដល់ឯករាជ្យរបស់តុលាការទេ ដែលនាំឲ្យមានការរំលោភធ្ងន់ធ្ងរដល់នីតិរដ្ឋ និងយុត្តិធម៌សង្គម។
ម្យ៉ាងវិញទៀត សង្គមស៊ីវិលរកឃើញថា សេចក្តីព្រាងច្បាប់នោះ បានផ្តល់អំណាចច្រើនដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាស្ថាប័នរដ្ឋាភិបាល ធ្វើឲ្យប្រព័ន្ធតុលាការស្ថិតក្រោមសម្ពាធអ្នកនយោបាយ ដែលគ្រប់គ្រងអំណាច។
សេចក្តីព្រាងច្បាប់ដែលរងការរិះគន់ពីសង្គមស៊ីវិលនេះ ត្រូវបានសភាដែលមានតែគណបក្សប្រជាជនកម្ពុជា អនុម័តកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។ ចំណែក ការយល់ព្រមលើសេចក្តីព្រាងច្បាប់ ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ ដែលបានសម្រេចកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ ត្រូវបានសមាជិកសភាមកពីគណបក្សសម រង្ស៊ី១១រូប ធ្វើពហិការមិនចូលរួមសម្រេច។
យ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិល ព្រមានថាពួកគេគ្រោងដាក់លិខិតថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ ករណីនេះ ដើម្បីធ្វើយ៉ាងណាធានាថា ច្បាប់ត្រូវធានាពីយុត្តិធម៌សង្គម ដល់មនុស្សគ្រប់រូប៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
0 យោបល់:
Post a Comment