ការមិនទុកចិត្ត​គ្នា​គឺជា​ឧបសគ្គ​មួយទៀត​សម្រាប់​កិច្ចចរចា


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    12-06-2014,  8:39 pm) |  ដោយ ប៉ែន បូណា


កាលពី​មុននេះ សំណើសុំ​ដាក់ គ.ជ.ប ឲ្យ​ទៅជា​ស្ថាប័ន​ធម្មនុញ្ញ​និង​សុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​គឺជា​របៀបវារៈ​ដ៏​ក្តៅគគុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ ក្រោយពី​គណបក្ស​ប្រជាជន​បាន​យល់ព្រម​សំណើ​ទាំងពីរ បក្សប្រឆាំង​ហាក់​ស្រងាកចិត្ត​ទៅវិញ។ អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បារម្ភ​គឺ​ការមិនទុកចិត្ត​គណបក្ស​ប្រជាជន​ខ្លាចក្រែង​ចាញ់បោក​បក្ស​កាន់អំណាច​ក្រោយពេល​ចូលទៅ​អង្គុយ​ក្នុង​រដ្ឋសភា។ ការមិនទុកចិត្ត​គឺជា​ឧបសគ្គ​ធំ​មួយទៀត​សម្រាប់​កិច្ចចរចា។

ការឆ្លើយតប​ជា​វិជ្ជមាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​យល់ព្រម​តាម​សំណើធំៗរបស់​បក្សប្រឆាំង​គួរតែ​ជា​ដំណឹង​ល្អ​និង​ទទួល​បានការ​សាទរ​ពី​គណបក្ស​នេះ។ ប៉ុន្តែ ស្តាប់ទៅ​វា​ហាក់ដូចជា​មិនមែន​ដូច្នោះ​ទេ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់ដូចជា​បង្ហាញ​ការស្រងាកចិត្ត​និង​ភាពសោះអង្គើយ​ចំពោះ​បញ្ហា​នេះ​ទៅវិញ។

បញ្ហា​មិន​ពិបាក​យល់​ទេពី​ព្រោះ​ជា​ថ្នូរ​នឹង​ការយល់ព្រម​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​វិល​ចូលក្នុង​រដ្ឋសភា។ នេះហើយ​ជា​​ចំណុច​​រសើប​បំផុត​សម្រាប់​គណបក្ស​សង្គ្រោះ​ជាត។ តាមពិត ការវិល​ចូល​រដ្ឋសភា​មិនមែនជា​ដំណឹង​អាក្រក់​សម្រាប់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯណា​ពីព្រោះ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ត្រូវ​ចូល​អង្គុយ​នៅក្នុង​រដ្ឋសភា​ជា​រឿង​ធម្មតា។ ប៉ុន្តែ សម្រាប់​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក កឹម សុខា ពេលនេះ ការវិល​ចូល​សភា​គឺជា​អ្វីដែល​គួរ​ឲ្យ​ខ្លាចរអា​ទៅវិញ។

នៅ​ពីក្រោយ​ការព្រួយបារម្ភ​នេះ​ពិតជា​មាន​ហេតុផល​របស់​វា៖ ហេតុផល​ទី១គឺ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាច​ការស្តីបន្ទោស​របស់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន។ ហេតុផល​ទី២គឺ មកពី​បក្សប្រឆាំង​បារម្ភ​ខ្លាចក្រែង​ចាញ់បោក​គណបក្ស​ប្រជាជន​កម្ពុជា និង​ហេតុផល​ទី៣គឺ មកពី​គណបក្ស​នេះ​បារម្ភ​ខ្លាចក្រែង​មាន​វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្រោយពី​ចូល​អង្គុយ​ក្នុង​សភា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហេតុផល​ទាំងបី​យ៉ាង​កំពុង​ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​សម្រាន្ត​មិនសូវ​លក់ បក់​ក៏​មិនសូវ​ល្ហើយ។

ជាការ​ពិតណាស់ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងការ​បោះឆ្នោត​សភា​កាលពី​ខែកក្កដា​ឆ្នាំ ២០១៣ ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​គណបក្សប្រឆាំង​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ដើម្បី​រក្សា​ប្រជាប្រិយភាព គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ខ្លួន​ឲ្យ​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​របស់ខ្លួន។ក្រោម​ហេតុផល«គោរព​ឆន្ទៈ»ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត គណបក្ស​នេះ​តែង​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​ប្រតិកម្ម​ឬ​មតិយោបល់​របស់​អ្នកគាំទ្រ​ជាពិសេស​មតិយោបល់​តាម​បណ្តាញ​សង្គម​តែម្តង។

រាល់​ពេលដែល​មានការ​សម្រេច​ឬក៏​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាម្តងៗ អ្នកគាំទ្រ​បក្សប្រឆាំង​តែង​បញ្ចេញ​មតិយោបល់​ប្រាប់​ដល់​មេដឹកនាំ​គណបក្ស​របស់ខ្លួន។ មតិយោបល់​ទាំងនោះ ភាគច្រើន​មិន​ចង់​ឲ្យ​សង្គ្រោះ​ជាតិ​ចូលក្នុង​រដ្ឋសភា​ទេ។ និយាយ​តាមបែប​ផ្សេង មេដឹកនាំ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ស្ថិតក្នុង​ស្ថានភាព«ឆ្មា​ដែល​ធ្លាប់​រលាក​ទឹក​ក្តៅ​ដែល​សូម្បីតែ​ឃើញ​ទឹក​ត្រជាក់​ក៏​ខ្លាច​ដែរ»។ ម្យ៉ាង​ខ្លាច​ការ​រិះគន់ថា​ចូល​សភា​ដើម្បី​តែ​មុខមាត់​និង​តំណែង និង​ម្យ៉ាងទៀត ខ្លាច​ចូល​កៀក​គណបក្ស​ប្រជាជន​នាំ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព។

អ៊ីចឹង​ហើយ​បានជា​ក្រោយពី​សំណើធំៗរបស់ខ្លួន​ទទួល​ការយល់ព្រម​ពី​គណបក្ស​ប្រជាជន​កម្ពុជា បក្សប្រឆាំង​បែរជា​ស្រងាកចិត្ត​ទៅវិញ។ តាមរយៈ​នេះ​គេ​អាច​យល់បាន​ថា ការមិនទុកចិត្ត​ច្បាស់​ជា​នឹង​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែម​លក្ខខណ្ឌ​ជាច្រើន​ទៀត​ដល់​ដៃគូ​ចរចា។ លក្ខខណ្ឌ​បន្ថែម​ទាំងនោះ​អាច​ផ្តល់​ផល​ល្អ​ផង​និង​អាក្រក់​ផង។ ផល​ល្អ​នៅត្រង់ថា គណបក្ស​ទាំងពីរ​នឹងមាន​ភាពជាក់លាក់​សម្រាប់​ធ្វើការ​ជាមួយគ្នា​ទៅ​ថ្ងៃក្រោយ។ ប៉ុន្តែ ផល​អាក្រក់​វិញ​វា​នឹងធ្វើ​ឲ្យ​ការចរចា​អូសបន្លាយ​ទៅមុខទៀត​ដែល​ពិបាក​នឹង​រក​ទីបញ្ចប់​ពីព្រោះ​ដើម្បី​ឈានដល់​ភាពជាក់លាក់​វា​ទាមទារ​ឲ្យ​គណបក្ស​ទាំងពីរ​ពិភាក្សាគ្នា​អំពី​ចំណុច​លម្អិត​ជាច្រើន​ដែល​ត្រូវការ​ពេលវេលា​យូរ។

ដូច្នេះ សម្បទាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពេលនេះ​អាច​ថា​ជា​សម្ពាធ​ទៅលើ​គណបក្សប្រឆាំង​ទៅវិញ​ក៏​ថា​បាន។ សម្ពាធ​នៅត្រង់ថា ជាមួយនឹង​សម្បទានធំៗរបស់​បក្ស​កាន់អំណាច បែបនេះ ប្រសិនបើ​បក្សប្រឆាំង​មិន​ព្រម​ចូល​សភា​ទេវា​អាចធ្វើ​ឲ្យ​សាធារណមតិ​ជាតិ​និង​អន្តរជាតិ​យល់ថា​ជា​កំហុស​របស់​សង្គ្រោះ​ជាតិ​ទៅវិញ។ ប៉ុន្តែ ប្រសិនបើ​ប្រថុយ​ចូល​សភា​ដោយ​គ្មាន​ភាពច្បាស់លាស់ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ប្រឈម​នឹង​ការបាត់បង់​ប្រជាប្រិយភាព។ តើ​នេះ​មិនមែនជា​សម្ពាធ​ទេ​ឬ?

សរុប​មកវិញ ការមិនទុកចិត្ត​គ្នា​ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​មាន​ទំហំធំធេង​ណាស់​បើទោះជា​ពេលខ្លះ​ពួកគេ​ហាក់​បង្ហាញ​ចេតនា​ចង់​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ជាមួយគ្នា​ក៏ដោយ។ ការមិនទុកចិត្ត​គ្នា​នេះ​មិន​ត្រឹមតែ​ជា​ឧបសគ្គ​សម្រាប់​ដំណើរ​ការចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជា​ឧបសគ្គ​ធំធេង​សម្រាប់​ភាពសុខសាន្ត​របស់​ប្រទេសជាតិ​ផងដែរ​ពីព្រោះ​បើ​អ្នកនយោបាយ​មិន​ទុកចិត្ត​គ្នា ពួកគេ​ច្បាស់​ជា​បន្ត​នយោបាយ«លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង» ជា​បន្តទៀត​ដោយ​គ្មាន​ទីបញ្ចប់​ឡើយ៕


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment