បណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណីជាបណ្តឹងពីរដាច់ដោយឡែកពីគ្នា ទាំងគោលការណ៍និងនីតិវិធី។
បណ្តឹងព្រហ្មទណ្ឌគឺជាបណ្តឹងមួយប្រភេទដែលមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសបង្ហាញឲ្យឃើញអំពីការមានពិរុទ្ធភាព ឬគ្មានពិរុទ្ធភាពនៃជនណាម្នាក់ឬច្រើននាក់។ បណ្តឹងព្រហ្មទណ្ឌ ឬអាចហៅម្យ៉ាងទៀតថាបណ្តឹងអាជ្ញា អនុវត្តទៅលើបុគ្គលគ្រប់រូបដោយឥតប្រកាន់ពូជសាសន៍ សញ្ជាតិ សាសនា ភេទឬឋានៈក្នុងសង្គមឡើយ។
ក្នុងរឿងព្រហ្មទណ្ឌព្រះរាជអាជ្ញាជាម្ចាស់បណ្តឹង។ តាមសៀវភៅ”ពន្យល់ច្បាប់សម្រាប់ប្រជារាស្ត្រសាមញ្ញក្នុងរឿងព្រហ្មទណ្ឌនិង រដ្ឋប្បវេណី”របស់លោក ហ៊ីង ធីប្ញទ្ធិបានផ្តល់និយមន័យថា បទល្មើសព្រហ្មទណ្ឌ គឺជាអំពើទាំងឡាយណាដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈឬបំពារបំពានទៅលើសិទ្ធិមនុស្ស ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ហើយអំពើនោះមានចែងក្នុងក្រមព្រហ្មទណ្ឌឬច្បាប់ផ្សេងទៀតដែលឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារឬពិន័យជាប្រាក់។ ទាក់ទងនិងរឿងព្រហ្មទណ្ឌករណីជាបទល្មើសជាក់ស្តែងមិនមិនថាតែនគរបាល ប៉ូលិសទេសូម្បីតែប្រជាជនសាមញ្ញក៏អាចមានសិទ្ធិឃាត់ខ្លួនជនល្មើសបានដែរ ពេលឃាត់ខ្លួនរួចហើយត្រូវបញ្ជូនខ្លួនជនល្មើសទៅឲ្យនគរបាលយុត្តិធម៌ដែលនៅជិតបំផុតពីទីកន្លែងកើតហេតុ។ នគរបាលអាចឃាត់ខ្លួនជនល្មើសបានរយៈពេល៤៨ម៉ោង បន្ទាប់ពីធ្វើការស៊ើបសួរ និងធ្វើកំណត់ហេតុរួចនគរបាលត្រូវបញ្ជូនជនល្មើសទៅឲ្យព្រះរាជអាជ្ញាដើម្បីធ្វើការពិនិត្យពិរុទ្ធភាពថាមានឬគ្មានពិរុទ្ធ បើគ្មានពិរុទ្ធភាពអ្វីទេត្រូវដោះលែងជននោះឲ្យមានសេរីភាពវិញ ក៏ប៉ុន្តែប្រសិនបើរកឃើញថាមានពិរុទ្ធភាពនោះព្រះរាជអាជ្ញានឹងធ្វើការចោទប្រកាន់ហើយបញ្ជូនជនល្មើសឲ្យទៅចៅក្រមស៊ើបអង្កេតដើម្បីធ្វើការស៊ើបសួរពេលនោះចៅក្រមស៊ើបអង្កេតអាចសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជននោះបាន។ បន្ទាប់ពីការស៊ើបអង្កេតចប់សព្វគ្រប់ហើយចៅក្រមស៊ើបអង្កេតនឹងបញ្ជូនជនជាប់ចោទទៅចៅក្រមជំនុំជម្រះដើម្បីជំនុំជម្រះរឿងក្តីរកយុត្តិធម៌ជូនជនរងគ្រោះ។ ក្នុងរឿងព្រហ្មទណ្ឌជនរងគ្រោះគឺជាដើមបណ្តឹងរដ្ឋប្បវេណី ឯព្រះរាជអាជ្ញាជាម្ចាស់បណ្តឹងអាជ្ញា។ ជនរងគ្រោះត្រូវស្នើសុំទៅតុលាការដើម្បីឲ្យជនល្មើសសងជំងឺចិត្ត ឬជួសជុលព្យសនកម្មដល់ខ្លួនមុនពេលចៅក្រមសម្រេចក្តី។ យើងត្រូវយល់ផងដែរក្នុងរឿងព្រហ្មទណ្ឌមានទណ្ឌកម្មពីរគឺទណ្ឌកម្មព្រហ្មទណ្ឌ(ដាក់ពន្ធនាគារនិងទោសពិន័យជាប្រាក់)និងសំណងរដ្ឋប្បវេណី។
ដោយឡែករឿងបណ្តឹងទាក់ទងនិងរឿងស៊ីវិលវិញ គឺជាបណ្តឹងមួយដែលមានគោលបំណងជួសជុលព្យសនកម្មដល់ជនរងគ្រោះដែលបណ្តាលមកពី បទល្មើសដែលបំពានលើ ឬកើតចេញពីការមិនគោរពកាតព្វកិច្ច ឬការទាមទារសិទ្ធិអ្វីមួយ។ បណ្តឹងរដ្ឋប្បវេណីក៏មានគោលបំណងឲ្យតុលាការដោះស្រាយវិវាទផ្នែករដ្ឋប្បវេណីដោយផ្អែកលើច្បាប់ ដើម្បីការពារបុគ្គលឯកជន។ ជនគ្រប់រូបត្រូវបានធានានូវសិទ្ធិពឹងពាក់តុលាការចំពោះវិវាទផ្នែករដ្ឋប្បវេណី។ ប្រព័ន្ធតុលាការផ្នែករដ្ឋប្បវេណីមានភាពខុសគ្នាខ្លះពីប្រព័ន្ធតុលាការផ្នែកព្រហ្មទណ្ឌទាំងគោលការណ៍ទាំងនីតិវិធី។ ចំពោះរបៀបប្តឹងចូលទៅតុលាការ ប្រភេទសេចក្តីសម្រេច និងសិទ្ធិរបស់គូភាគី ក៏មានភាពខុសគ្នាខ្លះដែរ។
សូមបញ្ជាក់ផងដែរថាក្នុងរឿងរដ្ឋប្បវេណីចំពោះអ្នកប្តឹងគេហៅថា ដើមបណ្តឹង រីឯអ្នកត្រូវបានគេប្តឹងហៅថា ចុងចម្លើយ។ ក្នុងរឿងរដ្ឋប្បវេណីភាគីជាអ្នកមានសកម្មភាពច្រើនព្រោះភាគីជាអ្នកស្វែងរកភស្តុតាងដើម្បីដាក់ឲ្យតុលាការជឿដើម្បីការពារផលប្រយោជន៍ និងទាមទារផលប្រយោជន៍ដែលខ្លួនគិតថាបានខូចខាត។ ព្រះរាជអាជ្ញាមិនមានតួនាទីអ្វីសំខាន់ទេក្នុងរឿងស៊ីវិល គាត់មានតួនាទីត្រឹមតែផ្តល់យោបល់តែប៉ុណ្ណោះ។ ពាក្យបណ្តឹងអាចដាក់បាននូវការិយាល័យក្រឡាបញ្ជីនៃតុលាការដែលមានសមត្ថកិច្ច។ ទាំងរឿងស៊ីវិលនិងរឿងព្រហ្មទណ្ឌអាចប្តឹងទៅតុលាការបីថ្នាក់ដូចគ្នា គឺសាលាដំបូងរាជធានីខេត្ត សាលាឧទ្ធរណ៍ និងតុលាការកំពូល៕
0 យោបល់:
Post a Comment