នីតិ​ព្រហ្មទណ្ឌ​: តើ​អ្វី​ទៅ​ជា​ការ​ព្យួរទោស​? អ្វី​ទៅ​ជា​របប​ពាក់​ក​ណ្តា​ល​សេរីភាព​?




សេង ឌីណាសេង​ឌី​ណា
©​អន្តរជាតិ ដោយ សេង​ឌី​ណា

តាម​ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដែល​តុលាការ​ប្រកាស​ផ្តន្ទាទោស​ជនល្មើស​ណាមួយ តុលាការ​អាច​បង្គាប់​ឱ្យ​ព្យួរទោស ឬ​ក៏​អាច​បង្គាប់​ឲ្យ​អនុវត្ត​របប​ពាក់​កណ្តាល​សេរីភាព​បាន។ តើ​អ្វី​ទៅ​ជា​ការ​ព្យួរទោស​? ហើយ​អ្វី​ទៅជា​របប​ពាក់​កណ្តាល​សេរីភាព?

ការ​ព្យួរទោស

ការ​ព្យួរទោស គឺ​ការ​អនុញ្ញាត​ឲ្យ​ជនជាប់​ពិរុទ្ធ​ ដែល​ត្រូវ​តុលាការ​ផ្ត​ន្ទា​ទោស​អាច​មិន​អនុវត្ត​ទោស​នេះ​បាន ប្រសិនបើ​មិន​ប្រព្រឹត្ត​ល្មើស​ថ្មី​ទៀត ក្នុងរយៈព​​េល​ដែល​បាន​កំណត់​ណាមួយ​។ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទោស​ដែល​អាច​ព្យួរ​បាន​គឺ​មាន​ទាំង​ទោស​ពន្ធនាគារ​និង​ទោស​ពិន័យ​ជា​ប្រាក់ហើយ​ការព្យួរទោស​ត្រូវ​​ចែក​ជា​ពីរប្រភេទ គឺ​ការ​ព្យួរទោស​ធម្មតា (សាមញ្ញ Sursis​) និង​ការ​ព្យួរទោស​សាកល្បង (Sursis avec mise à L'épruve​) ។

ការ​ព្យួរទោស​ធម្មតា

ប្រសិនបើ​ជនល្មើស​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ដោយ​ត្រូវ​ព្យួរទោស ជនល្មើស​នេះ​មិនត្រូវ​ជាប់​ក្នុង​ពន្ធនាគារទេ។ ក៏ប៉ុន្តែ​ប្រសិនបើ​ក្នុងរយៈព​​េល 5 ឆ្នាំ​ចាប់ពី​ថ្ងៃ​ប្រកាស​ទោស ជនល្មើស​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​​ថ្មីទៀត ការ​ព្យួរទោស​នឹង​ត្រូវ​លើក​ចេញ​វិញ ហើយ​ជនល្មើស​នឹង​ត្រូវ​អនុវត្ត​ទោស​ទាំងពីរ គឺ​ទាំង​ទោស​ទី 1 ដែល​បាន​ព្យួរ​និង​ទោស​ទី 2 សម្រាប់​បទល្មើស​ដែលប្រព្រឹត្ត​ថ្មីក្រោយ។

ដូចគ្នា​ចំពោះ​ទោស​ពិន័យ​ជា​ប្រាក់​។ ប្រសិនបើ​តុលាការ​ប្រកាស​ព្យួរទោស ជនល្មើស​មិន​ត្រូវ​បង់ប្រាក់ពិន័យ​ទេ ប្រសិនបើ​មិនមាន​ប្រព្រឹត្ត​បទល្មើស​ថ្មីទៀត ក្នុងរយៈព​​េល 5 ឆ្នាំ​។

គួរ​បញ្ជាក់​ថា​ការប្រកាស​ព្យួរទោស​ឬ​មិន​ព្យួរ​គឺ​ជា​សិទ្ធិ​អំណាច​របស់​តុលាការ​ក៏ប៉ុន្តែ​ទោស​ពន្ធនាគារ​ដែល​តុលាការ​អាច​ប្រកាស​ព្យួរ​បាន​ទាល់តែ​ទោស​ពន្ធនាគារ​នោះ​មាន​រយៈពេល​យ៉ាង​ច្រើន​បំផុត 5 ឆ្នាំ​។ ប្រសិនបើ​ជនល្មើស​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ លើស​ពី 5 ឆ្នាំ តុលាការ​មិន​អាច​ប្រកាស​ព្យួរ​ទោសនេះ​បានទេ។

ម្យ៉ាងទៀត បើទោះបីជា​ទោស​ពន្ធនាគារ​នេះ​មានរយៈពេល​ត្រឹម 5 ឆ្នាំ​ឬ​តិច​ជាង 5 ឆ្នាំ​ក៏ដោយ​តុលាការ​អាច​ប្រកាស​ព្យួរទោស​បាន លុះត្រាតែ​ជនល្មើស​មិន​ធ្លាប់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្តងសោះនៅ​ក្នុង​រយៈពេល 5 ឆ្នាំ​មុន​អំពើ​ល្មើស​។

ឧទាហរណ៍​: នៅ​ឆ្នាំ​ឆ្នាំ 2008 ជនល្មើស "ក​" ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្តងរួចមកហើយ ស្រាប់តែ 4 ឆ្នាំ​ក្រោយមក​នៅ​ឆ្នាំ 2012 "ក​" បាន​ប្រព្រឹត្ត​បទល្មើស​ថ្មី​ទៀត ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ 3 ឆ្នាំ​។ ទោស ៣ឆ្នាំ​ក្រោយ​​នេះ​មិន​អាច​ត្រូវ​ព្យួរបានទេ។

ការ​ព្យួរទោស​សាកល្បង

ការ​ព្យួរទោស​សាកល្បង គឺ​ប្រហាក់ប្រហែល​នឹង​ការព្យួរទោស​ធម្មតា​ដែរ គ្រាន់តែ​មាន​រយៈពេល​សាកល្បង​មួយ​ដែល​មាន​រយៈពេល​ពី 1 ឆ្នាំ​ទៅ 3 ឆ្នាំ​។ ក្នុងរយៈព​​េល​សាកល្បង​នេះ ទណ្ឌិត​ត្រូវ​គោរព​ទៅតាម​​វិធានការ​ត្រួតពិនិត្យ ដែល​កំណត់​ដោយ​តុលាការ​:
  • ត្រូវ​ចូលខ្លួន​ទៅតាម​​ដីកា​កោះ​ពី​ព្រះរាជអាជ្ញា (ឬ​តំណាង​ព្រះរាជអាជ្ញា​)
  • ត្រូវ​ទទួល​ការ​មក​ត្រួតពិនិត្យ​មើល​របស់​ព្រះរាជអាជ្ញា
  • ត្រូវ​ផ្តល់​ឯកសារ ទៅតាម​ការ​បង្គាប់​របស់​ព្រះរាជអាជ្ញា
  • ត្រូវ​ជូនដំណឹង​ដល់​ព្រះរាជអាជ្ញា​អំពី​ការ​ផ្លាស់​ប្តូ​រ​អាសយដ្ឋាន​ឬ​ការ​ផ្លាស់​ប្តូ​រ​មុខរបរ
  • ត្រូវ​សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​មុន​នឹង​ធ្វើ​ដំណើរ​ទៅបរទេស
ក្រៅពី​វិធានការ​ទាំងអស់​នេះ តុលាការ​អាច​កំណត់​ឲ្យ​ទណ្ឌិត​គោរព​ទៅតាម​កាតព្វកិច្ច​មួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​រយៈពេល​សាកល្បង​ដូចជា​:
  • ត្រូវ​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ
  • ត្រូវ​ទៅ​រៀន ឬ​ទទួលការ​បណ្តុះបណ្តាល​ខាង​វិជ្ជាជីវៈ​
  • ត្រូវ​រស់នៅ​ក្នុង​កន្លែងណាមួយ​ជា​កំណត់
  • ត្រូវ​ទទួល​ឲ្យ​ពេទ្យ​​ធ្វើការ​ពិនិត្យ និង​ព្យាបាល
  • មិន​ត្រូវ​មាន​វត្តមាន​នៅ​ទីកន្លែង​ណាមួយ​ដែល​កំណត់​ដោយ​តុលាការ
  • មិន​ត្រូវ​ធ្វើ​សកម្មភាព​មួយចំនួន​ដូចជា​សេពគប់​បនល្បែង​គ្រឿងស្រវឹង​កាន់កាប់​ឬ​យក​អាវុធ​តាម​ខ្លួន​ឬ​ប្រកប​អាជីវកម្ម​ណាមួយ​ដែល​កំណត់​ដោយ​តុលាការ
  • មិន​ត្រូវ​ទៅ​ក្បែរ​ឬ​ទៅ​ជួប​ជាមួយ​បុគ្គល​ខ្លះ​ដូចជា​អ្នក​ផ្តើ​ម​គំនិត​អ្នក​សមគំនិត​ឬ​ជនរងគ្រោះ​នៃ​បទល្មើស​ជាដើម​។
នៅក្នុង​រយៈពេល​សាកល្បង (1 ឆ្នាំ​ទៅ 3 ឆ្នាំ​) ប្រសិនបើ​ជនល្មើស​មិនគោរព​តាម​វិធានការ​ត្រួតពិនិត្យឬ​តាម​កាតព្វកិច្ច​ដែល​កំណត់​ដោយ​តុលាការ​ទេ​ការ​ព្យួរទោស​នឹង​ត្រូវ​លើក​ចេញ​វិញ​ហើយ​ជនល្មើស​ត្រូវ​តែ​អនុវត្ត​ទោស​។ ប្រសិនបើ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​ថ្មីណាមួយ​ទៀត ក្នុងរយៈព​​េល​សាកល្បង​នេះ ការ​ព្យួរទោស​ក៏​ត្រូវលើកចេញវិញ​ដូចគ្នា​ដែរ ហើយ​ជនល្មើស​ត្រូវ​អនុវត្ត​ទោស​សម្រាប់​បទល្មើស​ទាំងពីរ​ដូច​ករណី​ព្យួរទោស​ធម្មតា​ដែរ​។

គួរ​បញ្ជាក់​ថា តុលាការ​អាច​ប្រកាស​ព្យួរទោស​សាកល្បង​បាន តែ​ចំពោះ​ទោស​ពន្ធនាគារ​ប៉ុណ្ណោះ​ហើយ​បាន​តែ​ចំពោះ​ទោស​ពន្ធនាគារ​ដែល​មាន​រយៈពេល​ក្នុង​ចន្លោះ​ពី 6 ខែ​ទៅ 5 ឆ្នាំ​ប៉ុណ្ណោះ​។ ទោស​ពិន័យ​ជា​ប្រាក់​និង​ទោស​ពន្ធនាគារ​តិច​ជាង 6 ខែ​ឬ​ច្រើន​ជាង 5 ឆ្នាំ មិន​អាច​ព្យួរ​ដោយ​មាន​រយៈពេល​សាកល្បង​នេះ​បានទេ។

ចំណុច​ដែល​គួរ​កត់សម្គាល់​ចុងក្រោយ ការ​ប្រកាស​ព្យួរទោស​អាច​ធ្វើ​ចំពោះ​ទោស​ទាំងមូល ឬ​ក៏​ធ្វើ​មួយ​ផ្នែក​ក៏បាន​។

ឧទាហរណ៍​: ជនល្មើស "ក​" ប្រព្រឹត្ត​បទល្មើស​ឆបោក ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ 4 ឆ្នាំ​ប៉ុន្តែ 2 ឆ្នាំ​ត្រូវ​ព្យួរ​។ ក្នុងករណី​នេះ​ជនល្មើស​ត្រូវ​ជាប់​ពន្ធនាគារ​តែ 2 ឆ្នាំ​ប៉ុណ្ណោះ​ដោយ​ត្រូវ​ព្យួរទោស 2 ឆ្នាំ​។

របប​ពាក់​ក​ណ្តា​ល​សេរីភាព

របបពាក់កណ្តាល​សេរីភាព​អាច​អនុវត្ត​បាន​តែ​ចំពោះ​ទោស​ពន្ធនាគារ ដែល​មាន​រយៈពេល 6 ខែ​ឬ​តិច​ជាង 6 ខែ​ប៉ុណ្ណោះ​។ តុលាការ​អាច​ប្រកាស​របបពាក់កណ្តាល​សេរីភាព គឺ​ដើម្បី​ឲ្យ​ទណ្ឌិត​អាច​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ ទទួល​ការ​សិក្សា​ឬ​ការ​បណ្តុះបណ្តាល​ឬ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ ឬ​ជួយ​ឧបត្ថម្ភ​ដល់​សេចក្តី​ត្រូវ​ការ​របស់​ក្រុមគ្រួសារ។

ទណ្ឌិត​ដែល​ស្ថិត​ក្នុង​របបពាក់កណ្តាល​សេរីភាព ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ពន្ធនាគារ ក្នុងរយៈព​​េល​ជា​កំណត់​ណាមួយ​។ នៅពេល​ប្រកាស​ពី​របប​ពាក់​កណ្តាល​សេរីភាព តុលាការ​ត្រូវ​កំណត់​នៅ​ក្នុង​សេចក្តីសម្រេច អំពី​ថ្ងៃ​និង​ម៉ោង​ដែល​ទណ្ឌិត​អាច​ចេញពី​ពន្ធនាគារ​បាន​។

ឧទាហរណ៍​: ឈ្មោះ "ក​" ជា​និស្សិត ត្រូវ​តុលាការ​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ 6 ខែ​ពី​បទ​លួច​។ តុលាការ​ពិនិត្យ​ពិចារណា​មើល​ទៅ​មិន​ចង់​ឱ្យ​ទណ្ឌិត "ក​" ខាត​ការ​រៀនសូត្រ ក៏​សម្រេច​ឲ្យ​អនុវត្ត​របបពាក់កណ្តាល​សេរីភាព ដើម្បី​ឱ្យ​ទណ្ឌិត "ក​" អាច​បន្ត​ការ​រៀនសូត្រ​បាន​។ ដូច្នេះ​ទណ្ឌិត "ក​" អាច​ចេញ​ពី​ពន្ធនាគារ​បាន​ដើម្បី​ទៅរៀន​ទៅតាម​ថ្ងៃ​និង​ម៉ោង​ពេល​ដែល​បាន​កំណត់​ដោយ​តុលាការ​ដូចជា​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​អាច​ចេញពី​ពន្ធនាគារ​ទៅ សាលា​រៀន​បាន​នៅ​ម៉ោង 8 ព្រឹក ហើយ​ត្រូវ​ត្រឡប់​​ចូល​មក​ក្នុង​ពន្ធនាគារ​​វិញ នៅ​ម៉ោង 5 ល្ងាច​។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment