ដោយ កែវ និមល
2010-07-28
2010-07-28
កម្មករកំពុងសំអាតអង្ករសម្រាប់លក់ឲ្យអតិថិជន។
AFP Photo
ក្នុងដំណើរស្វែងរក និងកៀងគរអ្នកវិនិយោគបរទេសមកបណ្ដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែកក្កដា នៅកិច្ចប្រជុំមួយនៅប្រទេសសិង្ហបុរីថា ប្រទេសកម្ពុជា មានប្រភព និងសក្ដានុពលក្នុងវិស័យកសិកម្ម ហើយប្រទេសកម្ពុជា មានគោលដៅនាំអង្ករចេញ ១លានតោនក្នុងមួយឆ្នាំ នៅឆ្នាំ២០១៥ ខាងមុខ។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «ដោយពិនិត្យមើលឃើញនូវ សក្ដានុពលដ៏ធំធេងក្នុងការផលិត និងកាលានុវត្តន៍ភាពទីផ្សារធំទូលាយសម្រាប់ការផលិតកសិផល ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនយោបាយក្នុងការជំរុញផលិតកម្ម ស្រូវ និងការនាំចេញអង្ករ ដែលជាជំហ៊ានទី១ មុននឹងឈានទៅការនាំចេញកសិផលផ្សេងទៀត...»។
ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជា អំពីការនាំអង្ករចេញនោះ បានត្រូវអ្នកសេដ្ឋកិច្ចកម្ពុជា និងអ្នកជំនួញខាងវិស័យអង្ករយល់ថា វាជាគោលដៅមួយខ្ពស់ និងទាមទារមានការប្រឹងប្រែងជាច្រើនថែមទៀត ដើម្បីសម្រេចបានគោលដៅទាំងនោះ។
លោកបណ្ឌិត យ៉ង សាំងកុមារ នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក់ បានមានប្រសាសន៍ថា កម្ពុជាមានសក្ដានុពលក្នុងការនាំអង្ករចេញក្នុងចំនួនច្រើនមែន ប៉ុន្តែត្រូវការពង្រឹងកសិករឲ្យមានការយល់ដឹង និងប្រឹងប្រែងថែមទៀត ទើបបាននាំចេញចំនួនច្រើនបាន។
លោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖ «បើយើងគិតពី សក្ដានុពលយើងមាន ប៉ុន្តែបើធ្វើដូចយើងបច្ចុប្បន្នទៅអត់រួចទេ ទាល់តែយើងមានការកែលម្អច្រើនបន្ថែមទៀត ទាក់ទងការងារផលិតកម្ម ទាមទារឲ្យយើងបង្កើនការអប់រំ បណ្ដុះបណ្ដាលកសិករឲ្យបានច្រើន ដើម្បីឲ្យគាត់ប្រើប្រាស់ពូជមានពូជល្អលក់។ ទី២ ទាក់ទងនឹងការរៀបចំសហគមន៍ ដើម្បីសម្រួលការប្រមូលទិញ ហើយទី៣ យើងត្រូវមានទុនគ្រប់គ្រាន់ដើម្បីប្រមូលទិញស្តុកទុក មានឃ្លាំង។ ទី៤ ក្នុងដំណាក់កាលសំខាន់ យើងធ្វើម៉េចកុំឲ្យមានរឿងពន្ធដាររញ៉េរញ៉ៃអី យើងជួយឲ្យវាមានទាប ដើម្បីកុំឲ្យការចំណាយកំប៉ិកកំប៉ុកច្រើនពេក...»។
លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា លើគុណភាពអង្ករ អង្ករកម្ពុជាមិនចាញ់ប្រទេសវៀតណាម និងថៃទេ តែបើលើបច្ចេកទេសកិន និងវេចខ្ចប់ អង្ករកម្ពុជានៅមានពិសោធន៍តិចនៅឡើយ។
លោក ភូ ពុយ ប្រធានសម្ព័ន្ធសមាគមម៉ាស៊ីនកិនស្រូវកម្ពុជា បានមានប្រសាសន៍ថា បើប្រៀបធៀបជាមួយបណ្ដាឆ្នាំមុនៗ ឆ្នាំ២០១០នេះ កម្ពុជាបាននាំអង្ករចេញច្រើនជាងមុន។ លោកមិនមានតួលេខសរុបទេ តែលោកបានលើកឡើងថា មានការនាំចេញកើនឡើងជាងមុនប្រមាណ ១០ដង។
លោក ភូ ពុយ បានមានប្រសាសន៍ឲ្យដឹងថា កន្លងមកមានប្រទេសជាច្រើនដែលក្រុមហ៊ុននាំចេញអង្ករកម្ពុជា បាននាំអង្ករចេញទៅលក់ មានជាអាទិ ប្រទេសអាល្លឺម៉ង់ អូស្ត្រាលី កាណាដា សិង្ហបុរី បារាំង អ៊ីតាលី និងកោះហុងកុងជាដើម។
លោក ភូ ពុយ បានឲ្យដឹងថា តាមលោកដឹង នៅលើទីផ្សារអន្តរជាតិ អង្ករគុណភាពលេខមួយមានតម្លៃពី ៨៦០ដុល្លារ ទៅជាង ១ពាន់ដុល្លារក្នុង១តោនអង្ករ ហើយបច្ចុប្បន្ននេះ កម្ពុជាមានម៉ាស៊ីនកិនស្រូវបែបទំនើប ដែលកិនអង្ករទៅមិនបាក់ច្រើនដូចមុនឡើយ។
លោក ភូ ពុយ មានប្រសាសន៍ដូច្នេះ ៖ «អង្ករវៀតណាម និងថៃ បើប្រៀបធៀបអង្ករក្រអូប មានរោងម៉ាស៊ីនមួយចំនួនធំដែលមានកម្រិតនាំចេញហ្នឹង។ យើងនាំចេញបានគុណភាពដូចគ្នាហើយ។ បើប្រៀបធៀបប្រភេទអង្ករផ្កាម្លិះនេះ កម្ពុជា និងថៃទេដែលនាំចេញទៅទីផ្សារពិភពលោក រីឯអង្ករធម្មតាវិញមាននៅប្រទេសវៀតណាម កម្ពុជាក៏មានដែរ ប៉ុន្តែកម្ពុជា អាចចេញស្រូវច្រើនជាងអង្ករប្រភេទធម្មតា។ វៀតណាម ប្រភេទធម្មតាហ្នឹង នាំចេញទៅពិភពលោកច្រើនជាងគេ»។
តួលេខនាំចេញរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុង ៦ខែដើមឆ្នាំ២០១០នេះ កម្ពុជាទើបបាននាំអង្ករចេញជាផ្លូវការបានចំនួន ១២.០០០តោនប៉ុណ្ណោះ៕
0 យោបល់:
Post a Comment