​នាយករដ្ឋមន្ត្រី​បដិសេធ​ការជួយ​ពលក​រថា​មិនមែន​កេងចំណេញ​នយោបាយ​​


ដោយ៖​ អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី26 មិថុនា 2014, 11:15 AM, 

ស្តាប់សំឡេង៖​

ចម្លងទុក


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថត៖ តាត ឧត្តម)

លោកនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហ្ប​តិ៍​នេះ បាន​ច្រានចោល ការចោទប្រកាន់​ដែល​ថា រដ្ឋាភិបាល យក​ករណី​ជួយ​ពលករ​ដែល​មកពី​ថៃ​នោះ ជាការ​កេងចំណេញ​នយោបាយ​ផ្តាច់មុខ​របស់​គណបក្ស​កាន់អំណាច​។​

ការបដិសេធ​នេះ ធ្វើឡើង​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន ដែល​ធ្វើឡើង​នៅ​កោះ​ពេជ្រ​ «ខ្ញុំសូមសម្តែងនូវការអរគុណនូវការអរគុណ និងកោតសរសើរ ចំពោះការខិតខំទាំងអស់នេះ បង្ហាញឲ្យឃើញពីការទទួលខុសត្រូវរបស់យើង ហើយយើងមិនបានគិតថា អ្នកណាបោះឆ្នោតឲ្យគណបក្សណាទេ យើងមិនបានគេងចំនេញពីនយោបាយណាមួយ នៅលើបញ្ហានេះ។ ជនរួមជាតិរបស់យើង ទោះបីមាននិន្នាការបែបណា តែយើងបានដោះស្រាយមកដល់កន្លែងនេះ»។

​ប្រតិកម្ម​នេះ កើតឡើងបន្ទាប់​ពីអ្នកវិភាគ​យល់ថា រឿង​ពលករ​ខ្មែរ បាន​ក្លាយ​ជា​គោលដៅ​សំខាន់​មួយ​របស់​អ្នកនយោបាយ​កាន់​អំណាច ដើម្បី​ទាញ​ប្រជាប្រិយភាព​ផ្តាច់មុខ ខណៈ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កែ កឹម​យ៉ាន បាន​អំពាវនាវ​ពលករ​ទាំងនោះ​បដិសេធ​ចំពោះ​វត្តមាន​របស់​ក្រុម​មួយ ដែល​លោក​អះអាងថា មក​បង្អាប់​រដ្ឋាភិបាល និង​បង្កជម្លោះ​ក្នុងពេលដែល​ពលករ​កំពុង​ភិតភ័យ​។

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង គឹមអេង ធ្លាប់​បញ្ជាក់ថា ការជួយ​សង្គ្រោះ​គ្នា​ក្នុង​គ្រាអាសន្ន​ជា​រឿង​សំខាន់ ដោយ​មិន​ត្រូវ​ប្រកាន់​បក្សពួក និង​ទាញ​យក​ប្រជាប្រិយភាព​ផ្តាច់មុខ​នោះទេ​ «គណបក្សប្រជាជនតែងតែលើកឡើងថា កាលណាមានបញ្ហា មានតែមុខគណបក្សប្រជាជន ចុះបើគណបក្សផ្សេងគេទៅជួយចែក គេទៅជួយឈឺឆ្អាលហើយគេជួយក្នុងការងរហ្នឹងរួមគ្នាហើយ រឿងអីដែលអាជ្ញាធរ ឬគណបក្សប្រជាជន ដែលត្រូវហាមឃាត់ ឬក៏មិនសប្បាយចិត្ត គួរតែសប្បាយចិត្ត។ ហើយប្រសិនយើងធ្វើអ៊ីចឹងទាល់តែយើងចាត់ទុកប្រទេសហ្នឹង ជារបស់ក្រុមយើងតែមួយ មិនមែនជាប្រទេសរបស់យើងទាំងអស់គ្នា»។

យ៉ាងនេះក្តី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួលស្គាល់​ចំពោះ​ការរិះគន់ ដែលថា រដ្ឋាភិបាល​របស់​លោក​បរាជ័យ​ក្នុង​ការដោះស្រាយ​បញ្ហា​ការងារ ប៉ុន្តែ​លោក​ឆ្លើយតប​វិញ​ថា ការ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​នេះ មិនមែន​កម្ពុជា​ជា​អ្នក​បញ្ជូន​ទៅ​ច្រើនជាងគេ​នោះ​ទេ​ «ខ្ញុំសូមបញ្ជក់បញ្ហានេះ មិនមែនឆ្លើយតបរបៀបអាយ៉ៃឆ្លងឆ្លើយទេ នៅក្នុងបណ្តាប្រទេសអាស៊ាន ប្រទេសហ្វីលីពីន គឺជាប្រទេសដែលធំជាងគេនាំចេញពលករ។ ទីផ្សារហុងកុង ពលករនៅហុងកុង ថែទាំផ្ទះសម្បែង មេដោះជាដើមសឹងតែហ្វីលីពីនប៉ាវផ្តាច់។ នៅម៉ាឡេស៊ី នៅសឹង្ហបូរី គឺពលករហ្វីលីពីនច្រើនមិនមែនរាប់ម៉ឺននាក់ដូចកម្ពុជាទេ គឺរាប់លាននាក់»។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា ការឆ្លើយតប​របស់​នា​យក​រដ្ឋមន្ត្រី គ្រាន់តែ​ជា​ការបកស្រាយ​យក​រួចខ្លួន «រឿងបញ្ហារដ្ឋាភិបាលសព្វថ្ងៃនេះ គឺគ្មានការទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ទោះការងារក្នុងស្រុកក៏ដោយ ក្រៅស្រុកក៏ដោយ គឺក្នុងស្រុកអត់ខំពង្រីកបង្កើតការងារជូនប្រជាពលរដ្ឋទេ ហើយទៅក្រៅស្រុកក៏ទុកឲ្យពួកគាត់ទៅដោយមិនមានការរៀបចំឲ្យបានច្បាប់លាស់ បានជារឿងហេតុកើតឡើង»។​

នៅពេល​ដែល​រដ្ឋាភិបាល​យោធ​ថៃ សម្រុក​ដឹក​ពលករ​ខ្មែរ មក​ទម្លាក់ចោល​នៅ​តាម​ព្រំដែន ឃើញ​មាន​សកម្មភាព​ផ្តល់​ជំនួយ​មនុស្សធម៌​ជាច្រើន ពី​ប្រជាពលរដ្ឋ​ទូទៅ អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​។ ប៉ុន្តែគណបក្ស​សង្គ្រោះ​ជាតិ អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រារាំង​សកម្មភាព​លោក កឹម សុខា និង​តំណាងរាស្ត្រ​ជាប់​ឆ្នោត​មួយ​ចំនួន​ទៀត ​ដែល​ចុះ​ទៅ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជា​ពលករ​ទាំងនោះ​៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment