(អត្ថបទចុះផ្សាយនៅថ្ងៃ
19-06-2014,
11:45 am) | ដោយ ថ្មីៗ


វេទិកាបានចាប់ផ្តើមដូចការគ្រោងទុក។ ប្រធានរដ្ឋសភាលោក ហេង សំរិន និងអនុប្រធានទាំងពីររូបបានចូលដល់ក្នុងសាលប្រជុំពេញអង្គ។ លោកប្រធានរដ្ឋសភាបានចាប់ផ្តើមបើកវេទិកាដេញដោលរវាងសភា និងរដ្ឋាភិបាលដោយការស្វាគមន៍ និងអានសេចក្តីណែនាំមួយចំនួនដោយយោងតាមមាត្រានៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភាផង។
មុនផ្តល់មីក្រូអោយលោក ហ៊ុន ណេង សួរសំណួរទីមួយ លោក ហេង សំរិន បានប្រាប់លោក ស៊ុយ សែម ថាលោកមានពេលតែ៣០នាទីសម្រាប់ឆ្លើយសំណួរនីមួយៗរបស់តំណាងរដ្ឋសភា ដែលសំណួរទាំងអស់មាន៥ ។ ប្រធានគណកម្មការមហាផ្ទៃលោក ហ៊ុន ណេង បានផ្តើមសំណួរទីមួយជាមួយការអត្ថាធិប្បាយ និងនិយាយអំពីសាវតានៃគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ យ៉ាងវែង មុនផ្តល់ពេលវេលាអោយលោករដ្ឋមន្ត្រី ស៊ុយ សែម ឆ្លើយ។
សមាជិករដ្ឋសភា ៥រូប ត្រូវបានចាត់ចែងអោយសួរសំណួរទាំង៥ដែលត្រូវបានផ្ញើអោយលោក រដ្ឋមន្ត្រីជាមុនហើយនោះ។ ដើម្បីសួរសំណួរទាំង៥ អ្នកតំណាងរាស្ត្រទាំង៥សុទ្ធតែបានអានសំណួរនៅលើក្រដាស។ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឯណោះវិញ បានក្រោកឈឡើង ដៃកាន់ក្រដាសចម្លើយ ហើយអានចម្លើយប្រាប់សមាជិករដ្ឋសភា។
អ្នកកាសែត ដែលកំពុងនៅតាមដានវេទិកាឆ្លើយបំភ្លឺនៅក្នុងសភា ពីក្នុងបន្ទប់សារព័ត៌មានរបស់រដ្ឋសភា ចាប់ផ្តើមសួរគ្នា និងឆ្ងល់ថាអំពីរបៀបនៃការសួរដេញដោលរវាងសភា និងសមាជិករដ្ឋាភិបាល ខណៈពេលដែល អ្នកសួរ និងអ្នកឆ្លើយ សុទ្ធតែកាន់ក្រដាសអានរៀងខ្លួន។
បើទោះជាត្រូវបាន ប្រាប់មុនដោយប្រធានរដ្ឋសភាអំពីពេលវេលា៣០នាទីសម្រាប់ការផ្តល់ ចម្លើយនិមួយៗក៏ដោយ លោក ស៊ុយ សែម ដែលអានចម្លើយទីមួយ យូរពេលក្រែលដែរនោះ ត្រូវបានប្រធានរដ្ឋសភាកាត់សំដី ហើយរម្លឹកលោករដ្ឋមន្ត្រីអោយ«ផ្តល់ចម្លើយសង្ខេប ហើយឆ្លើយអោយចំៗនឹងសំណួរ ដោយមិនគួរផ្តល់ចម្លើយលម្អិតខ្លាំងពេកនោះទេ»។ ប្រធានរដ្ឋសភាបញ្ជាក់ថា ចំពោះព័ត៌មានលម្អិតមែនទែននោះ សូមលោករដ្ឋមន្ត្រីផ្តល់ឯកសារក្រដាសមកសមាជិករដ្ឋសភាដែលអាចអានបាន ដោយខ្លួនឯង។
នៅពេលដែលលោករដ្ឋមន្ត្រីត្រូវបានចម្លើយសង្ខេប ដោយត្រូវអានចម្លើយក្នុងក្រដាសដដែលនោះ ពេលខ្លះចម្លើយ និងសំណួរហាក់មិនស៊ីសង្វាក់គ្នាឡើយ អ្នកកាសែតដែលកំពុងតាមដានវេទិកា ក៏រអ៊ូរទាំដាក់គ្នា។ មានអ្នកកាសែត២នាក់ បាននិយាយថា វេទិកានេះមិនសំខាន់ឡើយ ហើយក៏ដើរចេញពីបន្ទប់ព័ត៌មាននេះទៅ។
សមាជិកសភាខ្លះ មុនអានសំណួរបានធ្វើអត្ថាធិប្បាយយ៉ាងច្រើន ដោយលើកសរសើរ និងគាំទ្រគម្រោងវារីអគ្គិសនីសេសានក្រោម២នេះផង។
ចុងក្រោយ អ្នកកាសែតត្រូវមករង់ចាំចាប់លោករដ្ឋមន្ត្រី ស៊ុយ សែម នៅក្រៅសាលប្រជុំសភា ដើម្បីសួរបញ្ជាក់លោករដ្ឋមន្ត្រីឡើងវិញអំពីគម្រោងវារីអគ្គិសនី សេសានក្រោម២ ដែលមានតម្លៃជិត១ពាន់លានដុល្លារនោះ។
0 យោបល់:
Post a Comment