ដោយ វោហារ ជាតិ
2013-03-26
ស្ដាប់ ឬ ទាញយកសំឡេង


០៤-សីហា-២០១១៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ថ្លែងក្នុងកិច្ចប្រជុំលើកទី១៧ នៃថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ នាវិមានសន្តិភាព រាជធានីភ្នំពេញ។
RFA/Sok Serey
រដ្ឋាភិបាលបានកំណត់ជ្រើសយកផលិតផលចំនួន ៩មុខមកផលិតនាំចេញបន្ថែមលើវិស័យកាត់ដេរដែលមានស្រាប់ ដើម្បីរក្សាអត្រាកំណើនសេដ្ឋកិច្ចឲ្យនៅថេរ។ នេះជាយុទ្ធសាស្ត្រថ្មី ក្នុងការធ្វើពិពិធកម្មខាងពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីថ្ងៃទី២៥ មីនា ក្នុងសិក្ខាសាលាមួយស្ដីអំពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម កម្ពុជា ឆ្នាំ២០១៣-២០១៨ នៅរាជធានីភ្នំពេញ។
ទិសដៅយុទ្ធសាស្ត្រពាណិជ្ជកម្មជាតិថ្មី ក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀតនេះ រដ្ឋាភិបាលនឹងធ្វើពិពិធកម្ម ឬភាសាសាមញ្ញហៅថា ការធ្វើឲ្យសម្បូរបែប ឬធ្វើឲ្យមានច្រើនមុខនៃផលិតផលនាំចេញ។ ការធ្វើពិពិធកម្មនេះមាន ៩មុខលើផ្នែកកសិកម្ម និងសេវាកម្មដូចជា ផលិតផលជ័រកៅស៊ូ អង្ករ ដំឡូងមី អាហារកែច្នៃ ការដំឡើងរោងចក្រផលិត និងវិស័យកាត់ដេរដែលមានស្រាប់។
សេដ្ឋកិច្ចកម្ពុជា សព្វថ្ងៃផ្អែកលើវិស័យកាត់ដេរស្ទើរតែទាំងស្រុង ខណៈដែលវិស័យទេសចរណ៍ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២។ ការប្រមូលឯកសារដែលចេញផ្សាយកន្លងទៅដោយអ្នកវិភាគសេដ្ឋកិច្ច អំពីការធ្វើពាណិជ្ជកម្មនៃឧស្សាហកម្មកាត់ដេរ ដែលចងក្រងដោយធនាគារជាតិកម្ពុជា បានបង្ហាញថា ការនាំចេញសរុបនៃវិស័យកាត់ដេរមានទឹកប្រាក់ជាង ៤ពាន់លានដុល្លារនៅឆ្នាំ២០១២។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសិក្ខាសាលានោះថា ការបង្កើនមុខផលិតផលបន្ថែមនេះ ដោយសារទំហំនៃការផលិតផ្នែកវិស័យកាត់ដេរកំពុងប្រឈមហានិភ័យ ដោយសារកម្មករបាននាំគ្នាធ្វើបាតុកម្ម និងកូដកម្មច្រើនពេក បណ្ដាលឲ្យអ្នកវិនិយោគទុនបរទេសមួយចំនួន ឈប់វិនិយោគនៅកម្ពុជា ដែលបញ្ហានេះមិនត្រឹមតែធ្វើឲ្យរដ្ឋាភិបាលបាត់ចំណូលទេ ថែមទាំងធ្វើឲ្យកម្មកររោងចក្រជាច្រើនបាត់បង់ការងារទៀតផង។
លោក ចម ប្រសិទ្ធ ដែលជាទេសរដ្ឋមន្ត្រីដែរនោះ ថ្លែងថា សេដ្ឋកិច្ចកម្ពុជា នឹងអាចស្លាប់ បើសិនកម្ពុជា នៅតែពឹងផ្អែកលើវិស័យកាត់ដេរតែមួយមុខ។ លោកថា ទៅថ្ងៃមុខ ការផលិតជ័រកៅស៊ូ និងដំឡូងមី គឺជាផលិតផលយ៉ាងសំខាន់ ដើម្បីជ្រោមជ្រែងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យមានលំនឹង។ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៣ មានចំនួន ៦,៥%។
ដោយឡែកចំពោះការនាំចេញកៅស៊ូវិញ លោករដ្ឋមន្ត្រីបង្ហើបឲ្យដឹងថា នឹងមានសក្ដានុពលជាងគេ ដោយសារដំណាំនេះអាចដាំដុះបានល្អនៅតាមបណ្ដាខេត្តភាគឦសាននៃ ប្រទេសកម្ពុជា ជាប់តំបន់ត្រីកោណជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម ជាតំបន់មានអាកាសធាតុត្រជាក់។
អគ្គនាយកនៃនាយកដ្ឋានចម្ការកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លី ផល្លា លោកមានប្រសាសន៍ថា នៅឆ្នាំ២០១២ កម្ពុជា មានចម្ការកៅស៊ូចំនួនជាង ៣០ម៉ឺនហិកតារ ហើយបាននាំចេញកៅស៊ូស្ងួត ឬកៅស៊ូក្រែប ប្រហែល ៦ម៉ឺន ៥ពាន់តោន។ ទីផ្សារកៅស៊ូកម្ពុជា ភាគច្រើននាំចេញទៅប្រទេសវៀតណាម និងទីផ្សារប្រទេសចិន ដែលមានតម្លៃប្រហែល ៣ពាន់ដុល្លារក្នុង១តោន ចំពោះកៅស៊ូគុណភាពលេខ១។
លោក លី ផល្លា មានប្រសាសន៍ថា បរិមាណនាំចេញជ័រកៅស៊ូ កម្ពុជា នឹងកើនឡើងខ្ពស់ក្នុងរយៈពេលជាង ១០ឆ្នាំទៀត ដោយសាររដ្ឋាភិបាលមានផែនការពង្រីកចម្ការកៅស៊ូបាន ៥០ម៉ឺនហិកតារ។
ម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូក្រែក ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម លោក ឡេង ធីវុធ លោកមានប្រសាសន៍គាំទ្រការអះអាងរបស់លោក លី ផល្លា។ លោកថា សព្វថ្ងៃក្រុមហ៊ុនចម្ការកៅស៊ូភាគច្រើន កំពុងស្ថិតក្នុងដំណាក់កាលដាំដុះ មិនទាន់បានទទួលផលលក់ពេញលេញនៅឡើយទេ ហើយស្របពេលនេះ លោកថាទីផ្សារក៏មិនសូវសម្បូរ រីឯតម្លៃកៅស៊ូក៏មិនសូវថ្លៃដែរ។
ដោយខ្វះទុន ខ្វះបច្ចេកទេស ប្រទេសកម្ពុជា នាំចេញកៅស៊ូក្រែបដែលមិនទាន់កែច្នៃ។
ទាក់ទងការធ្វើពិពិធកម្មរបស់រដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រពាណិជ្ជកម្មថ្មីនេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចក្នុងស្រុកអបអរ ដោយបញ្ជាក់ថា ជាយុទ្ធសាស្ត្រសមស្របតាមកាលៈទេសៈប្រែប្រួលនៃសេដ្ឋកិច្ចកម្ពុជា។ អ្នកវិភាគឯករាជ្យខាងសេដ្ឋកិច្ចកសិកម្ម លោក ស្រី ចន្ធី មានប្រសាសន៍ថា ការធ្វើពិពិធកម្មផ្នែកកែច្នៃម្ហូបអាហារ គឺការសំខាន់មួយក្នុងចំណោមពិពិធកម្មសំខាន់ផ្សេងទៀត ដូចជាផ្នែកវារីវប្បកម្មជាដើម។
ចំពោះការនាំចេញកៅស៊ូ លោកថា បើសិនជាមានការកែច្នៃកៅស៊ូនៅក្នុងស្រុក ដូចជាផលិតកង់ឡាន ម៉ូតូ និងផលិតផលជាច្រើនទៀតដែលផលិតពីជ័រកៅស៊ូរួចនាំចេញ អាចផ្ដល់ការងារក្នុងស្រុកបានផង និងអាចផ្ដល់ប្រាក់ចំណេញថែមទៀតពីការនាំចេញផលិតផលទាំងនោះផង។
ក៏ប៉ុន្តែ លោក លី ផល្លា ឲ្យដឹងថា បរិមាណជ័រកៅស៊ូដែលផលិតនៅកម្ពុជា សព្វថ្ងៃនៅមានកម្រិតតិចនៅឡើយ មិនអាចឆ្លើយតបទៅនឹងតម្រូវការរោងចក្រកែច្នៃបាននៅឡើយ ដោយលោកបង្ហើបថា ក្រុមហ៊ុនវិនិយោគបរទេសត្រូវការជ័រកៅស៊ូយ៉ាងហោចណាស់ប្រហែល ១លានតោនកន្លះ ក្នុងមួយឆ្នាំៗ ដើម្បីផលិតផលពីជ័រកៅស៊ូដើម្បីនាំចេញ តែកម្ពុជា មិនអាចផលិតជ័រកៅស៊ូបានតាមតម្រូវការនេះនៅឡើយទេនៅពេលនេះ៕
0 យោបល់:
Post a Comment