មន្ត្រី​យោធា​ថៃ​តំណាង​មេ​រដ្ឋ​ប្រហារ​លោក​ប្រាយុទ្ធ ចាន់​អូបា ធ្វើសន្និសីទ​​សារព័ត៌មាន​ចំពោះ​មុខ​ក្រុម​អ្នក​កា​សែត​កម្ពុជា


ការ​ធ្វើ​សន្និសីទ​​កាសែត​របស់​មន្ត្រី​យោធា​ថៃ និងមន្ត្រី​ក្រសួង​ព័ត៌មាន​​កម្ពុជា

កោះសន្តិភាព
ការ​ធ្វើ​សន្និសីទ​​កាសែត​របស់​មន្ត្រី​យោធា​ថៃ និងមន្ត្រី​ក្រសួង​ព័ត៌មាន​​កម្ពុជា

ខេត្ត​បន្ទាយ​​មាន​ជ័យ​ ៖ ​អ្នក​យក​ព័ត៌​មាន​​មក​ពី​អង្គ​ភាព​​ទូរ​ទស្សន៍​ វិទ្យុ​ និង​កាសែត​​ជាង​១០០​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី​​២៧ មិថុនា ​បាន​ចាក​ចេញ​​ពី​​កម្ពុជា​តាម​​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ​ដើ​ម្បី​​ទៅ​​ជួប​ជា​មួយ​​ឧត្ត​ម​សេនីយ៍​យោធា​​ជាន់​ខ្ពស់​តំណាង​ឱ្យ​​លោក​ ប្រាយុទ្ធ​ ចាន​់អូចា មេ​​ដឹក​ន​ាំ​រដ្ឋ​​ប្រហារ​យោធា​ថៃ ដែល​ជំនួប​​ប្រជុំ​នេះ ​​ធ្វើ​ទ្បើង​​​នៅ​ទី​បញ្ជា​ការ​​យោធា​«​ស្រមោលស» ​ក្នុង​ស្រុក​​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​។ នេះ​បើ​​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ សុខ ​សុវ​ណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​​សារ​ព័ត៌​មាន​កម្ពុជា ​និង​ជា​អគ្គ​លេខា​ធិការ​​រង​​នៃ​បណ្តាញ​​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​អាស៊ាន​​​ (UMA) ប្រចាំ​កម​្ពុជា ។

លោក សុខ សុវណ្ណ បាន​ប្រាប់​តាម​​ទូរ​ស័ព្ទ​ថា ​ដំណើរ​​របស់​អ្នក​យក​ព័ត៌​មាន​​នេះ ដឹក​​នាំ​ដោយ​​លោក អ៊ុក ​គឹមសេង​ ទី​ប្រឹក្សា​​​​ក្រសួង​ព័ត៌​មាន​ និង​ជា​អគ្គ​នាយក​​រង​ទី​ភ្នាក់​ងារ​​សារ​ព័ត៌​មាន​ក​ម្ពុជា​​ (AKP) ។ អ្នក​កាសែត​កោះ​សន្តិ​​ភាព​កំពុង​ស្ថិត​នៅ​ទី​នោះ​ដែរ ។
លោក សុខ សុវណ្ណ បាន​ប្រាប់​ទៀត​ថា ​មាន​ប្រធាន​បទ​២ ដែល​​ត្រូវ​ចោទ​​សួរ​ក្នុង​ជំនួបនេះ​ គឺ​ ១-​ការ​បញ្ជូន​ពល​ករ​​ពី​ប្រទេស​ថៃ​ និង​២-​និយាយ​ពី​ទំហំ​​​ពាណិជ្ជ​កម្ម​​កម្ពុជា​-ថៃ​ តើធ្វើ​យ៉ាង​​ដូច​ម្តេច​នៅ​ពេល​ធ្វើ​សមាហរណ​កម្ម​​អាស៊ាន​​​នា​ពេល​ខាង​មុខ​ ​ ។ ក្រៅពី​​​ប្រធាន​ប​ទ​​​ទាំង​​២​ខាង​លើ​ ​​នៅ​មាន​សំណួរ​​ជា​ច្រើន​ទៀតដូច​ជា តើ​​ត្រូវ​ធ្វើ​យ៉ាង​​ណា​ ដើ​ម្បី​​ឱ្យ​ពលករ​​​ខុស​ច្បាប់​​បាន​នៅ​​ធ្វើ​ការ​បន្ត​​ដោយ​មិន​​ចាំ​បាច់ ​​ចាប់​បញ្ជូន​​ត្រទ្បប់​​មក​វិញ​ជា​ដើម ។ ​

លោក​ សុខ សុវ​ណ្ណ បន​្ត​ថា កាល​ពី​​ថ្ងៃទី​២៥ ​មិថុនា កន្លង​មក ​លោក​បាន​​ទៅ​ជួប​​មន្ត្រី​យោធា​​ថៃ​ថ្នាក់​​ឧត្ត​ម​សេនីយ៍​​ឯក និង​ឧត្ត​ម​​​សេនីយ៍​​ទោ​២រូប​រួច​ហើយ​នៅ​ស្រុក​​អារញ្ញ​ ហើយ​ត្រូវ​​បាន​ប្រាប់​​​ថា ការ​ជួប​​ជា​មួយ​​អ្នក​យក​ព័ត៌​មាន​​មាន​សារ​សំខាន់​​ណាស់ ដែល​គេ​ត្រូវ​​តែ​រក​អ្នក​​​បក​ប្រែ​​ដែល​ល្អ​បំផុត​​ ព្រោះ​​បើ​បក​​​ប្រែ​ខុស​​​​នឹ​ង​​ប៉ះ​ពាល់​​ដល់​​បញ្ហា​​ប្រទេស​ជាតិ ។ ​ជា​មួយ​នេះ ភាគី​​ថៃ​នឹង​​អញ្ជើញ​​អ្នក​​សារ​ព័ត៌​មាន​​​ទាំង​អស់​​ទៅ​ទស្សនា​​តំបន់​ អភិរក្ស​​​​ឈ្មោះ ប៉ាស៊ី​ដា នៅ​​ក្នុង​ខេត្ត​ស្រះ​កែវ ជាប់​ព្រំ​ប្រទល់​​ខេត្ត​បូរី​រ៉ាំ ហើយ​និង​ត្រទ្បប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​​​២​​៨ មិថុនា ។

នៅ​​ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​អ្នក​កាសែត​ខ្មែរ​ មន្ត្រី​យោធា​ថៃ​បាន​បដិ​សេធ​ថា​ មិន​បាន​ចាប់​បញ្ជូន​ពល​ករ​កម្ពុជា​មក​នោះ​ទេ ។ មន្ត្រី​យោ​ធា​​រូប​នោះ​បាន​ពន្យល់​ ទាក់​ទិន​និង​ការ​វិល​ត្រឡប់​នៃ​ពល​ករ​ខ្មែរ​នេះ​ គឺ​ ៖
១-ពល​ករ​ខ្លះ​បាន​​ផុត​កិច្ច​សន្យា​ការ​ងារ​ក៏​បាន​វិល​ត្រឡប់​ ។
២-រដូវ​វស្សា​ធ្លាក់​ភ្លៀង​ធ្វើ​ស្រែ​ចម្កា​ក៏​មាន​ការ​វិល​ត្រឡប់​មក​ធ្វើ​ស្រែ ។
៣-មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ​តែ​មាន​ពាក្យ​ចចាម​អារា៉ម​ថា​នឹង​ចាប់​​ដោយ​កម្លាំង​យោ​ធា ។

អ្នក​វិភាគ​យល់​ឃើញ​ថា​ ការ​បក​ស្រាយ​នេះ​មិន​មាន​អ្វី​ប្លែក​ដូច​ការ​អះ​អាង​ពី​មុន​មក​នោះ​ទេ តែ​បាន​ផ្ទុយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ គឺ​កា​រ​ចាប់​បញ្ចូល​ពល​ករ​ខ្មែរ​ជាង​២៥​ម៉ឺន​នាក់​ដូច​ទឹក​បាក់​ទំនប់​មក​ កាន់​ប្រទេស​ក្នុង​រយៈ​ពេល​ជាង​១០​ថ្ងៃ​​កន្លង​មក​នេះ​គឺ​ជា​ហេតុ​ការណ៍​ដែល ​មិន​ធ្លាប់​កើត​មាន​នោះ​ទេ ។ ការ​ចាប់​ពល​ករ​ខុស​ច្បាប់​បរ​ទេស​គឺ​ជា​កា​តព្វ​កិច្ច​របស់​ប្រទេស​នោះ​ ប៉ុ​ន្តែ​អ្វី​ដែល​មាន​ការ​តវា៉​នោះ​គឺ​​ដោយ​សារ​បាន​ឃើញ​ថា​ មិន​មាន​លក្ខណៈ​មនុស្ស​ធម៌​សោះ​ដូច​ជា​យក​រថ​យន្ត​បែន​ដឹក​មក​ចាក់​ដូច​ជា​ សត្វ​ ហើយ​បើ​តាម​សេច​ក្តី​រាយ​ការណ៍​នានា​ ពី​ពល​ករ​ដែល​បាន​ចាប់​ខ្លួន​នោះ​គឺ​អាច​ហៅ​បាន​ថា ជា​យុទ្ធ​នា​ការ​បោស​សម្អាត​ពល​ករ​បរ​ទេស​ខុស​ច្បាប់​ក៏​អាច​ថា​បាន​ ។

ទោះ​បី​ជា​បែប​ណា បញ្ហា​ពល​ករ​ខុស​ច្បាប់​បាន​ធូ​រ​ស្រាល​ហើយ​មក​ដល់​ពេល​នេះ​ នឹង​សង្ឃឹម​ថា ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់​ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ឬ​ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​មាន​នីតិ​វិធី​ របស់​រដ្ឋា​ភិបាល​ក្នុង​បំណង​ជំរុញ​ឱ្យ​ពល​ករ​​ខ្មែរ​ទាំង​អស់​ចូល​ប្រទេស​ គេ​ដោយ​ស្រប​ច្បាប់ ។រយៈ​ពេល​​១៩​ថ្ងៃ​​​​នៃ​ការ​ទទួល​ពល​ករ​ខុស​ច្បាប់​ខ្មែរ​ដែល​ភាគី​ថៃ​ បញ្ជូន​​​មក​យ៉ាង​គំហុក​ និង​តក់​ក្រហល់​​​ ត្រូវ​បាន​​​គណៈ​កម្ម​ការ​ទទួល​ពល​ករ​បាន​ប្រាប់​ថា​​​​ បញ្ចប់​ហើយ​​​​​នៅ​ថ្ងៃ​ទី​២៧ មិថុនា​ បន្ទាប់​ពី​ពលករ​សរុប​​​​​២០៤.៣៣២​នាក់ ត្រូវ​បាន​បញ្ជូន​​​មក​តាម​ច្រក​ទ្វារ​អន្តរ​​​ជាតិ​ប៉ោយ​ ប៉ែត ។

លោក ង៉ោ ម៉េង​ជ្រួន​​ អភិបាល​​ក្រុង​ប៉ោយ​ប៉ែត​ បាន​ប្រាប់​ថា នៅ​ពេល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពល​ករ​​ខ្មែរ​តាម​​ច្រក​ទ្វារ​អន្តរ​ ជាតិ​​ប៉ោយ​ប៉ែត​​ ក្រុង​ប៉ោយ​ប៉ែត​​​​ ខេត្ត​បន្ទាយ​មាន​ជ័យ​​​​​​ រយៈ​ពេល​១៩​ថ្ងៃ ចាប់​​ពី​ថ្ងៃ​ទី​៩ ដល់​ទី​២៧ មិថុុនា ២០១៤​​ ពលករ​​សរុប​ចំនួន​២០៤.៣៣២​​ នាក់​ក្នុង​នោះ​​ស្ត្រី​​៧៤.១៤០​នាក់ កុមារ​១៦.១១៣​នាក់ និង​រថយន្ត​ថៃ​ដែល​ដឹក​​​មក​ចំនួន​២.៣២៩​ជើង ។ ចំណែក​រថ​យន្ត​យោ​ធា​១៥០​គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចាំ​ដឹក​ពល​ករ​នោះ​ ក៏​បាន​វិល​ត្រឡប់​ទៅ​វិញ​អស់​ដែរ ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment