សម្ភាសលោកសុខ សំអឿន៖ ពីរចំណុចធំៗ ដើម្បីក្លាយជា ការញុះញង់
| Updated on Tue 07 Jan, 2014 at 06:06 | 1836 views
រាល់ការញុះញង់ មិនប្រាកដថាត្រូវតែមានទណ្ឌកម្មនោះទេ។ ត្រូវតែ ធ្វើយ៉ាងណាកំណត់ឲ្យបានច្បាស់លាស់ ពីប្រភេទនៃ«ការញុះញង់»នោះ។ បើញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬកាន់អាវុធឲ្យប្រឆាំងរដ្ឋាភិបាល ទើបអាចចាត់ទុកថា ជាការញុះញង់ដែលត្រូវទទួលទោស។ បើជាការញុះញង់ នណាម្នាក់ឲ្យ«ស្នេហាជាតិ» ដែលមានន័យស្មើនឹងញុះញង់ កុំឲ្យកើតមាននូវហឹង្សានោះ ជាប្រភេទញុះញង់ដែរ តែវាមិនបានបង្កនូវអសន្តិសុខនោះទេ ផ្ទុយទៅវិញ វាជារឿងមួយល្អសម្រាប់ជាតិទៅវិញ។ នេះជាការលើកឡើងរបស់លោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។
សម្ភាស - ក្នុងកិច្ចសម្ភាសមួយជាមួយ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក សុខ សំអឿន បានបញ្ជាក់ថា អាចចាត់ទុកជាការ«ញុះញង់»បាន លុះត្រាតែការញុះញង់នោះ ឲ្យប្រព្រឹត្តនូវបទឧក្រិដ្ឋជាក់លាក់ណាមួយ នៅតាមទីសាធារណៈ ឬផ្សព្វផ្សាយជាសាធារណៈ ឬតាមខិតប័ណ្ណជាដើម ទោះបីមិនទាន់សម្រេចផលក៏ដោយ។ តែករណីនេះលោកបានបង្ហាញថា មិនចាំបាច់សម្រាប់មនុស្សដែលមានឥទ្ធិពល ឬគ្មាននោះទេ តែអ្វីដែលចាំបាច់នោះ ត្រូវរកឲ្យឃើញនូវអំពើរបស់គាត់ ថាតើគាត់ធ្វើការញុះញង់ត្រឹមកំរិតណា គាត់និយាយអ្វី? តើការលើកឡើងរបស់គាត់នោះ មានប៉ះពាល់ដល់សន្តិសុខជាតិ ឬច្បាប់រដ្ឋកំណត់ដែរឬទេ?
អ្នកឯកទេសច្បាប់នៅកម្ពុជារូបនេះ បានលើកជាឧទាហរណ៍ដូចជាញុះញង់ ក៨ដូចជាការលើកទឹកចិត្ត នរណាម្នាក់ ឲ្យទៅសម្លាប់នណាម្នាក់ផ្សេងទៀត ញុះញង់ឲ្យចាប់គេរំលោភ ឬញុះញង់ឲ្យមានការរើសអើង ដូចជាការរើសអើងពូជសាសន៍ជាដើម នេះទើបចាត់ទុកថាជាបទ«ញុះញង់» ហើយត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ព្រហ្មទណ្ឌ។ ដោយឡែកបើសិនជានណាម្នាក់ គ្រាន់តែជូនផ្កាទៅអ្នកដែលខ្លួនស្រឡាញ់ ឬស្នើរឲ្យនណាម្នាក់ មកស្រលាញ់ខ្លួនវិញនោះ មិនអាចទុកថាជាបទញុះញង់នោះទេ។
ក្នុងករណីដូចបានបង្ហាញខាងលើ បើពិនិត្យទៅលើនិយមន័យតាម ក្រមព្រហ្មទណ្ឌជាធរមាននៅកម្ពុជាមាត្រា២៨ បានចែងថា៖
«ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋឬ បទមជ្ឈិម ចំពោះបុគ្គលណាដែលជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទបជ្ឈិមតាមការណែនាំ ឬ ការបញ្ជា,បង្កឲ្យមានបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន។»
«អ្នកផ្តើមគំនិតនឹងត្រូវអាចផ្តន្ទាទោសបាន លុះត្រាតែបទឧក្រិដ្ឋ ឬ បទមជ្ឈិមត្រូវបានសម្រេច ឬ ប៉ុនប៉ង។ អ្នកផ្តើមគំនិតបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។»
នាយកប្រតិបត្តិនៃអង្គការ ក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា បានបន្តរថា ការញុះញង់ក្នុងន័យធម្មតា ដូចជាការបញ្ចូលចិត្តឲ្យនណាម្នាក់ធ្វើអ្វីមួយ ដើម្បីឲ្យបានសំរេចតាមគោលបំណង ដែលខ្លួនចង់បាន។ លោកបានបញ្ជាក់ថា ជាទូទៅជាគោលបំណង«អាក្រក់»។ តែបើពិនិត្យមើល តាមន័យច្បាប់ចខាងលើ «ញុះញង់» ជាការផ្តើមគំនិតឲ្យអ្នកណាមួយប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ បទមជ្ឈិម មានន័យស្មើនឹងអ្នកញុះញង់មិនបានប្រព្រឹត្តិ នូវបទល្មើសដោយខ្លួនឯងនោះទេ តែគាត់ជាអ្នកផ្តើមនូវគំនិត ក្នុងការប្រព្រឹត្តបទល្មើសនេះ។ ភាគច្រើនគេហៅអ្នកញុះញង់ថាជា«ចារីខាងគំនិត» រីឯអ្នកប្រព្រឹត្តជា«ចារីខាងអំពើ»។ ជាប្រព័ន្ធច្បាប់ខ្មែរ គេចាត់ទុកអ្នកញុះញង់ជា«អ្នកសមគំនិត»មិនមែនជាចារីទេ។
លោកបានចាត់ទុកថា ការញុះញង់ កើតឡើងតាមកត្តាពីរចំណុច៖
ទីមួយ«ការណែនាំ»អាចចោទថា«ញុះញង់» បាននោះ លុះត្រាតែអ្នកនោះ ឲ្យការណែនាំ ឬការបញ្ជាដល់អ្នកប្រព្រឹត្តផ្ទាល់ ឬមួយក៏ផ្តល់ពត៌មានដល់អ្នកប្រព្រឹត្តផ្ទាល់ ពីរបៀបប្រព្រឹត្ត ពីពត៌មាននៃគោលដៅ ដែលជាកម្មវត្ថុនៃការប្រព្រឹត្តជាដើម។
ជាឧទាហរណ៍៖ «ករណីលួច» ប្រាប់ពីកន្លែងទុកទ្រព្យ, ប្រាប់ពីពេលវេលាដែលម្ចាស់មិននៅផ្ទះដើម។ សរុបមកអ្នកនោះប្រាប់ពីពត៌មាន ដើម្បីសំរួលដល់ការប្រព្រឹត្ត។
ទីពីរ«ការបង្ករ»ដែលត្រូវបំពេញលក្ខខ័ណ្ឌបីយ៉ាង៖ ១-មានគំនិតច្បាស់លាស់ក្នុងការធ្វើបទល្មើស។ ២-ត្រូវសំដៅទៅលើបុគ្គលណាជាក់លាក់។ ៣- ត្រូវមានទម្ងន់ជម្រុញ ដូចជាការផ្តល់អំណោយ ការសន្យា ការគំរាមកំហែង ការញុះញង់ ការលួងលោម ឬការរំលោភអាជ្ញា ឬ អំណាច។ ឧទាហរណ៍៖ បើជនទីមួយ ចង់បំផ្លាញផ្ទះជនទីពីរ ដោយមិនចេញមុខធ្វើខ្លួនឯង តែជនទីមួយនេះបានបញ្ចុះបញ្ជូល ឲ្យជនទីបីផ្សេងទៀតជាអ្នកទៅដុតផ្ទះជនទីពីរចោល តាមរយៈការសន្យានានា ឬថានឹងឲ្យប្រាក់ជាដើម ឬក៏ជាការដាក់បញ្ជោផ្ទាល់លើជនទីបីនោះ (ដោយមិនអាចប្រកែកបាន) ឲ្យប្រព្រឹត្តិតែម្តង។
ជាមួយគ្នានេះផងដែរតាមក្រមព្រហ្មទណ្ឌដដែល មាត្រា៤៩៤ បានចែងថា៖
«ការញុះញង់ដែលអាចផ្តន្ទាទោសបាន បើអំពើនោះត្រូវបានប្រព្រឹត្តិឡើង ដោយសម្តីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។ ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុង ចំណោមសាធារណៈជន ឬតាំងឲ្យសាធារណៈជនមើល។ ដោយគ្រប់មធ្យោបាយ ទូរគមនាគមន៍ សោធទស្សន៍ សម្រាប់សាធារណៈជន។»
ហើយការញុះញង់ខាងលើនេះ ប្រសិនបើគ្មានប្រសិទ្ធិភាពទេ នឹងត្រូវផ្តន្ទាដាក់ពន្ធនាគារពីប្រាំមួយខែ ទៅពីរឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅបួនលានរៀល ស្របតាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌដដែលនេះ។
ទៅជាយ៉ាងណាក៏ដោយ ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន លោកសុខ សំអឿន ក៏បានធ្វើការរិះគន់ទៅលើប្រព័ន្ធតុលាការដែរ ថាមិនមានការអនុវត្តច្បាប់គ្រប់ជ្រុងជ្រោយ និងមិនបានធ្វើការបែងចែកឲ្យបានច្បាស់ និងដាច់ស្រលះពីគ្នានូវបទល្មើសនានា ពិសេសសូចករណី«ញុះញង់»នេះជាដើម។ លោកថាឲ្យតែមានករណីនេះកើតឡើង តុលាការតែងតែប្រមូលមកទាំងអស់ ហើយភាគច្រើនមិនសូវបានរួចខ្លួននោះទេ៕
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
0 យោបល់:
Post a Comment