លោក វន់ ពៅ ចាប់ផ្តើម​កាន់​ក្បាល​មេក្រូ​ឡើងវិញ​នៅ​ទីសាធារណៈ​បន្ទាប់ពី​អវត្តមាន​ជិត៦ខែ

លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ក្នុង​ការ​តវ៉ា​នា​ពេល​កន្លង​មក
លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ក្នុង​ការ​តវ៉ា​នា​ពេល​កន្លង​មក
រូបភាព​ឯកសារ

ដោយ ញឹម សុផល
លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បានចាប់ផ្តើម​បង្ហាញមុខ​ជា​លើកដំបូង​នៅមុខ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុងការ​ដឹកនាំ​តវ៉ា​មួយ​ជួយ​ដល់​ពលករ​ដែល​បំរើការ​ងារ​តាម​ផ្ទះ។ ការចាប់ផ្តើម​តវ៉ា​ជា​លើកដំបូង​របស់លោក វន់ ពៅ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ខកខាន មិនបាន​ដឹកនាំ​ការតវ៉ា​នានា​ចាប់តាំងពី​ដើមខែ​មករា ឆ្នាំ២០១៤​កន្លង​មក ដោយសារ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ឃុំឃាំង​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​តម្លើង​ប្រាក់ខែ​នៅមុខ​រោងចក្រ​យា​ក​ជី​ង។

សេចក្តីរាយការណ៍របស់ ញឹម សុផល
លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៦មិថុនា​នេះ បាន​ដឹកនាំ​ពលករ​ដែល​បំរើ​ការងារ​នៅតាម​ផ្ទះ​ប្រមាណ​ជា៣០នាក់ ដាក់​ញ្ញ​តិ​ទៅ​ក្រសួង​ការងារ​ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​នេះ​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ទាក់ទង​ទៅនឹង​សិទ្ធិ និង​លក្ខ​ខ័​ណ្ឌ​ការងារ​របស់​ពួកគេ។ វត្តមាន​របស់លោក វន់ ពៅ នៅ​ក្រសួង​ការងារ​នៅថ្ងៃនេះ​គឺជា​លើកដំបូង​ហើយ​ដែល​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​រូបនេះ​បាន​កាន់​ក្បាល​មេក្រូ​ឡើងវិញ ចេញមុខ​ដឹកនាំ​ការតវ៉ា​ជួយ​ទៅដល់​ពលករ បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ ដោយសារតែ​អាជ្ញាធរ​ចាប់​ដាក់​ឃុំ ហើយ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃទី៣០ខែឧសភា​កន្លងទៅនេះ។

លោក វន់ ពៅ ដែលមាន​ពាក់​មួយ​ស្លឹក​ឈរ​ពីមុខ​បដា​ត្រដាង​ដោយ​ពួក​អ្នក​តវ៉ា បាន​ថ្លែង​ថា នៅ​ក្នុង​ញត្តិ​ដែល​បាន​ដាក់ជូន​ក្រសួង​ការងារ រួមមាន​បី​ចំណុច​គឺ​ទីមួយ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សច្ចាប័ន ទៅលើ​អនុសញ្ញា​លេខ១៨៩ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ដែល​អនុសញ្ញា​នេះ​បានចែង​ទាក់ទង​ទៅនឹង​សិទ្ធិ​គ្រប់បែបយ៉ាង​របស់​ពល​ករ​បំរើ​ការងារ​តាម​ផ្ទះ។ ទី​ពីរ គឺ​ស្នើសុំ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​កម្ពុជា ដើម្បី​ឲ្យ​ច្បាប់​គ្របដណ្តប់​ទៅលើ​ពលករ​ដែល​បំរើការ​ងារ​តាម​ផ្ទះ​ដូចជា​វិស័យ​កាត់ដេរ និង​វិស័យ​នានា​មួយ​ចំនួន​ទៀត។

រីឯ​ចំណុច​ចុងក្រោយ​នោះ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​មាន​យន្តការ​ដោះស្រាយ និង​ទទួល​ពាក្យ​បណ្តឹង ព្រមទាំង​ធ្វើ​អធិការកិច្ច​ទៅលើ​ការងារ​បំរើ​តាម​ផ្ទះ​ផង ដែល​ការងារ​នេះ​ពលករ​បាន​ជួប​ប្រទះ​ការរំលោភ​សិទ្ធ​ជាច្រើន​ពី​ម្ចាស់ផ្ទះ។ ក្រសួង​ការងារ​មិនមាន​ការឆ្លើយតបភ្លាមៗទេ​ចំពោះ​សំណើរ​នេះ គឺ​បានត្រឹមតែ​ទទួល​ញ្ញ​តិ​ប៉ុណ្ណោះ ហើយ​គិត​មកទល់ពេលនេះ​ជា​លើក​ទី​បី​ហើយ​ដែល​អ្នកបំរើ​ការងារ​តាម​ផ្ទះ​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ។

ដោយសារ​មិនមាន​ច្បាប់​គ្រប់គ្រង​ច្បាស់លាស់​គេ​មិនដឹងថា កម្មករ​ដែល​បំរើការ​ងារ​តាម​ផ្ទះ​ដែល​ទទួលបាន​ប្រាក់ខែ​ប្រមាណ​ជា ៥ម៉ឺន​ទៅ១០ម៉ឺន​រៀល​ក្នុង​មួយខែ​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះទេ។ ទោះជា​យ៉ាងនេះ​ក្តី លោក វន់ ពៅ សន្យាថា​នឹង​ដឹកនាំ​តវ៉ា​ឲ្យ​ពលករ​បំរើការ​ងារ​តាម​ផ្ទះ ទទួលបាន​ការយកចិត្ត​ទុកដាក់​តាម​ផ្លួ​វ​ច្បាប់​ដូចជា​វិស័យផ្សេងៗដែរ។បន្ថែម​ពីនេះ​លោក​នឹង​មាន​គំរោង​ចេញមុខ​ក្នុង​ការជួយ​តវ៉ា​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment