បណ្ដាញសហគមន៍ប្រជាពលរដ្ឋ បាតុកម្មអហិង្សានៅខាងមុខរដ្ឋសភា ទាមទារឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣។
RFA/Van Vichar
ការវិភាគលើសេចក្ដីព្រាងច្បាប់ចំនួនបីពាក់ព័ន្ធនឹងវិស័យ តុលាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញថា សេចក្ដីព្រាងច្បាប់ទាំងនោះគឺអធម្មនុញ្ញភាព។
សេចក្ដីព្រាងច្បាប់ទាំងបីត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាដែលមានតែគណបក្សប្រជាជនកម្ពុជា អនុម័តគាំទ្រដោយគ្មានការកែប្រែ ហើយបច្ចុប្បន្នកំពុងនៅលើដៃរបស់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បី ពិនិត្យ ថាតើច្បាប់នេះមានធម្មនុញ្ញភាពឬអត់ មុននឹងថ្វាយព្រះមហាក្សត្រ ចុះព្រះហត្ថលេខាក្លាយជាច្បាប់នៅពេលខាងមុខ។
អ្នកសម្របសម្រួលគម្រោងអង្កេតសវនាការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា លោក ឌុច ពិសិដ្ឋ បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ នឹងបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ឯករាជ្យរបស់តុលាការ។
ការវិភាគរកឃើញថា បញ្ហាចម្បងមួយចំនួន ដូចជាការដាក់បញ្ចូលអំណាចនីតិប្រតិបត្តិ ដូចជាក្រសួងយុត្តិធម៌ ទៅក្នុងរចនាសម្ព័ន្ធការងារ និងចាត់ចែងកញ្ចប់ថវិកាហិរញ្ញវត្ថុរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គ ចៅក្រម ដែលជាស្ថាប័នមានតួនាទីធានាឯករាជភាពតុលាការ។ ការអនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃ អង្គចៅក្រម ត្រូវបានតែងតាំងដោយស្វ័យប្រវត្តិដោយមិនឆ្លងកាត់ការបោះឆ្នោតដោយ ស្ថាប័នមួយឯករាជ្យ ហើយថែមទាំងឲ្យក្រសួងយុត្តិធម៌ មានឥទ្ធិពលលើការដំឡើងថ្នាក់ និងឋានន្តរសក្ដិរបស់ចៅក្រមនិងព្រះរាជអាជ្ញា ព្រមទាំងត្រួតពិនិត្យលើកិច្ចការរដ្ឋបាល និងថវិការបស់សាលាជម្រះក្តីទាំងអស់។
លោក ឌុច ពិសិដ្ឋ បន្ថែមទៀតថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើការកែប្រែចំណុចមួយចំនួនដែលអាចប៉ះពាល់ ដល់វិស័យតុលាការនៅកម្ពុជា ប្រសិនបើចង់ឲ្យច្បាប់នេះអាចជំរុញឲ្យវិស័យយុត្តិធម៌មានលក្ខណៈល្អ ប្រសើរទៅថ្ងៃអនាគត៖ «យើងយកមាត្រាគោលនៃរដ្ឋធម្មនុញ្ញនេះទៅ ពិនិត្យលើសេចក្ដីព្រាងច្បាប់ទាំងបីនេះ ដែលបានយើងបានសិក្សាថា តើមានកន្លែងណាផ្ទុយមាត្រាទាំងនេះអត់ទេ។ ក្នុងរដ្ឋធម្មនុញ្ញគឺមាត្រា ៥១ ១២៨ និងមាត្រា ១៣២ ធានាឯករាជ្យនៃអំណាចតុលាការ និងការបែងចែកអំណាច»។
លោក ឌុច ពិសិដ្ឋ បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលចង់ឲ្យច្បាប់ទាំងបីនេះល្អប្រសើរនោះ ត្រូវដកអំណាចក្រសួងយុត្តិធម៌ចេញពីរចនាសម្ព័ន្ធគ្រប់គ្រង ដំណើរការ និងហិរញ្ញវត្ថុរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ បេក្ខភាពនៃការបោះឆ្នោតទាំងអស់មិនស្ថិតនៅក្រោមចំណុះអំណាច នីតិប្បញ្ញត្តិនិងអំណាចនីតិប្រតិបត្តិ។ ត្រូវដកអំណាចក្រសួងយុត្តិធម៌ចេញពីគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរសក្ដិតាមរយៈការបង្កើតឲ្យមានសមាសភាពមួយដែលកើតចេញពី ការបោះឆ្នោតជ្រើសរើសដោយភាពតំណាងចៅក្រម និងព្រះរាជអាជ្ញា ហើយក្រសួងយុត្តិធម៌ មិនត្រូវមានអំណាចលើថវិកាសាលាជម្រះក្តី។
បច្ចុប្បន្នច្បាប់នេះកំពុងស្ថិតនៅលើដៃរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យពីធម្មនុញ្ញភាពច្បាប់ទាំងនោះ។
អ្នកនាំពាក្យនិងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ កាលពីថ្ងៃទី១៧ មិថុនា មានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញទទួលបានសេចក្ដីព្រាងច្បាប់បញ្ជូនមកពី ព្រឹទ្ធសភាហើយ រង់ចាំតែប្រធានក្រុមប្រឹក្សាកោះអញ្ជើញសមាជិកដើម្បីពិភាក្សា៖ «មិនទាន់បានពិចារណាទេនូវបញ្ហានេះ ខ្ញុំបានមើលសម្រាប់ខ្លួនខ្ញុំផ្ទាល់ មិនទាន់បានគិតទេ»។
សមាជិករដ្ឋសភានិងព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា កាលពីខែឧសភា និងដើមខែមិថុនា បានអនុម័តសេចក្ដីព្រាងច្បាប់ទាំងបី ដោយមានកិច្ចពិភាក្សាតិចតួច និងគ្មានការកែប្រែពីសេចក្ដីព្រាងច្បាប់ដើមដែលបានដាក់ស្នើដោយ តំណាងរដ្ឋាភិបាល។
តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចពុំខ្វល់ នឹងការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិបានអនុម័តច្បាប់ទាំងបីនេះ បើទោះបីជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងព្រឹទ្ធសមាជិកគណបក្ស សម រង្ស៊ី ធ្វើពហិការកិច្ចប្រជុំរដ្ឋសភា និងព្រឹទ្ធសភាក៏ដោយ។ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ក៏បានស្នើឲ្យរដ្ឋាភិបាលផ្អាកសេចក្ដីព្រាងច្បាប់ទាំងនេះជា បណ្ដោះអាសន្នរង់ចាំកិច្ចពិភាក្សាបន្ថែមទៀត។
ក្រុមអ្នកច្បាប់ជាតិ និងអន្តរជាតិពិនិត្យឃើញថា ប្រសិនបើមិនមានការកែលំអទេនោះ ច្បាប់នេះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ការបែងចែកអំណាច ជាពិសេសរវាងរដ្ឋាភិបាលនិងតុលាការ ព្រមទាំងធ្វើអោយការអនុវត្តចុះទន់ខ្សោយ ដែលអាចនាំអោយសង្គមកម្ពុជា ធ្លាក់ក្នុងរបបផ្ដាច់ការ។ គេនៅរង់ចាំមើលសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងព្រះមហាក្សត្រដែលជាសេចក្ដីសង្ឃឹមចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដោយ យន់ សាមៀន
0 យោបល់:
Post a Comment