​វៀតណាម​ស្វែងរក​ការគាំទ្រ​ពី​ប្រធាន​សភា​កម្ពុជា ករណី​ជម្លោះដែនសមុទ្រ​ជាមួយ​ចិន​


ដោយ៖​ ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី26 មិថុនា 2014, 04:26 PM​

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ តាត ឧត្តម)

​ មន្ត្រីជាន់ខ្ពស់​ការបរទេស​វៀតណាម បាន​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ក្នុងករណី​ជម្លោះ​ដែនសមុទ្រ​ជាមួយ​មហាអំណាច​ចិន ខណៈ​ដែល​នាវា​របស់​ចិន​បាន​គំរាមកំហែង​លើ​នាវា​វៀតណាម​នៅក្បែរ​កោះ​ប៉ា​រ៉ា​ សែ​ល​។​

​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ធ្វើឡើង ក្នុង​ជំនួប​រវាង​ប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​បេសកម្ម​ជន​ពិសេស​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ផាម គួង វិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ទោះជា​យ៉ាងនេះក្តី នាយក​ខុទ្ទកាល័យ​រដ្ឋសភា លោក កែវ ពិ​សិទ្ធ មានប្រសាសន៍ថា តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​កម្ពុជា​មិន​មាន​សិទ្ធិ​លូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​បាន​នោះ ​ទេ​។ ហេតុនេះ សភា​កម្ពុជា​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បន្ត​ការដោះស្រាយ​បញ្ហា​ដោយ​អត់ធ្មត់​ថែមទៀត និង​គោរព​តាម​ច្បាប់​អន្តរជាតិ ដើម្បី​បញ្ចប់​ជម្លោះ​នោះ «សម្តេចលោកលើកឡើង លោកយល់ឃើញថា ស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺមានសារៈសំខាន់ណាស់ ហើយចំនុចទី៥ គឺលោកគាំទ្រចំពោះជំហរវិជ្ជមាន នៃដំណោះស្រាយបញ្ហា តាមរយៈជួបចរចាគ្នាថ្មីៗ រវាងភាគីចិនជាមួយវៀតណាម ហើយសម្តេចលោកជំរុញគាំទ្រឲ្យមានការចរចាបែបនេះបន្តទៀត»។

ប៉ុន្តែ​នៅពេល​សួរថា តើ​វៀតណាម​កំពុង​ស្វែងរក​ការគាំទ្រ​ពី​កម្ពុជា​ក្នុង​ជម្លោះ​ជាមួយ​ចិន​នេះ​ មែន​ទេ​? ​លោក កែវ ពិ​សិទ្ធ មានប្រសាសន៍ថា មន្ត្រី​វៀតណាម​គ្រាន់តែ​រាយការណ៍​ពី​ការវិវត្តន៍​ថ្មីៗ​នៃ​ជម្លោះ​នោះ​ ប៉ុណ្ណោះ​។

​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច យល់ថា ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រវាង​ភាគី​ចិន និង​វៀតណាម​នោះ កម្ពុជា​ទំនងជា​មិន​អាច​ឈរ​នៅ​កណ្តាល​បានទេ​។ លោក​បន្តថា កម្ពុជា​ប្រហែលជា​ទំនោរ​ទៅ​ចិន​ច្រើនជាង​វៀតណាម ដើម្បី​ប្រយោជន៍​របស់​កម្ពុជា «កម្ពុជា គឺជាឈ្នាន់មួយដ៏សំខាន់ ដែលបញ្ជូនទំនាក់ទំនងល្អជាមួយចិន ហេតុនេះហើយវៀតណាម សម្លឹងមកកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាសម្រួល ប៉ុន្តែពេលកម្ពុជាមានបញ្ហា ប្រទេសទាំងអស់ហ្នឹង អត់បានយកចិត្តទុកដាក់ អ៊ីចឹងវាលំបាក»។

​ករណី​ជម្លោះដែនសមុទ្រ​ចិន​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​នេះ គឺប្រទេសឥណ្ឌូនេស៊ី និង​ហ្វីលីពីន បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា លម្អៀង​ទៅ​រក​ប្រទេស​មហាអំណាច​ចិន កាល​ពី​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១២ កន្លងមក៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment