ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ១១:១០
រាជធានីភ្នំពេញ ៖ គណបក្សជាប់ឆ្នោតទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់កំណត់ថ្ងៃណាមួយដើម្បីបន្តការចរចាជាថ្មីនៅឡើយទេ ខណៈដែលការចរចាកាលពីថ្ងៃទី១២ មិថុនា កន្លងមកនេះ មានការខ្វែងគំនិតគ្នាត្រង់គណបក្សប្រជាជនកម្បុជា រក្សា៥០+១ ចំណែកគណបក្សសង្គ្រោះជាតិចង់ឱ្យមានសំឡេងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសំឡេង២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
ការខ្វែងគំនិតគ្នានេះ ធ្វើឱ្យស្ថានភាពនយោបាយដែលគណបក្សសង្គ្រោះជាតិអះអាងថា កំពុងតែជាប់គាំងនោះ នឹងអូសបន្លាយឆ្ងាយទៅៗ ។ ចំណែកគណបក្សប្រជាជនកម្ពុជា ចង់ឱ្យការជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុម័តក្នុងសភាដោយសំឡេងភាគច្រើនដាច់ខាត គឺ៥០+១ រីឯខាងគណបក្សសង្គ្រោះជាតិ ចង់ឱ្យការបង្កើតជំពូកទី១៥ ក្នុងរដ្ឋធម្មនុញ្ញ បោះឆ្នោតអនុម័តជ្រើសរើសសមាសភាព គ.ជ.ប ដោយសំឡេង២/៣ នៃសមាជិករដ្ឋសភាទាំងមូល ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានក្រោយពេលចុះពីយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ មិថុនា ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដូចអ្វីដែលថ្នាក់ដឹកនាំគណបក្ស និងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស និងសមាជមហាជនបានប្រកាស គឺការកែទម្រង់ការបោះឆ្នោត ស្ថាប័នបោះឆ្នោតគឺជាអាទិភាព។
គណបក្សសង្គ្រោះជាតិចង់ឱ្យមានការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដែលអាចធ្វើឱ្យមានការជឿទុកចិត្តចំពោះការបោះឆ្នោតលើកក្រោយ ដោយឱ្យមានភាពសេរី និងយុត្តិធម៌ គួរឱ្យទុកចិត្តបាននោះ លុះត្រាតែ គ.ជ.ប មិនស្ថិតនៅក្រោមការត្រួតត្រារបស់គណបក្សនយោបាយណាមួយ ។ លោកបន្តថា ប្រសិនបើនៅតែយកសំឡេង៥០+១នោះ គ.ជ.ប នឹងនៅតែស្ថិតក្រោមការត្រួតត្រារបស់គណបក្សកាន់អំណាចដដែល ។ លោក កឹម សុខា បញ្ជាក់ថា ដូច្នេះជំហររបស់យើងគឺនៅតែទាមទារឱ្យមានការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប ដោយសំឡេង២ភាគ៣ ដដែល ហើយគណបក្សសង្គ្រោះជាតិដឹងថា ការចរចាគឺត្រូវតែមានអ្វីមួយនៅកណ្តាល ។ លោក កឹម សុខា ប្រកាសថា ដើម្បីឈានដល់ការយល់ព្រមចូលប្រជុំសភានោះ គណបក្សសង្គ្រោះជាតិបានដាក់របៀបវារៈចំនួន៣ទៅកាន់គណបក្សប្រជាជនកម្ពុជា ក្នុងនោះមាន ៖
ទី១-ការកែទម្រង់ស្ថាប័នបោះឆ្នោតផ្តើមចេញពីស្ថាប័នគ.ជ.ប ជាស្ថាប័នធម្មនុញ្ញ សមាសភាពគ.ជ.ប ត្រូវតែអនុម័តដោយសំឡេង២ភាគ៣ និងឱ្យមានស្ថាប័នមួយសម្រាប់ដោះស្រាយវិវាទដោយឯករាជ្យ ។
ទី២-កែទម្រង់រដ្ឋសភា គឺចង់ឱ្យមានតុល្យភាព និងទទួលស្គាល់លក្ខន្តិកៈរបស់គណបក្សប្រឆាំង ក្នុងការតាមដានសកម្មភាពរបស់រដ្ឋាភិបាល និងមានការងារជារដ្ឋាភិបាលស្រមោលដូចបណ្តាប្រទេសកាន់លទ្ធិប្រជាធិបេតយ្យសេរី ជាដើម ។ ទី៣-ចង់ឱ្យមានការបើកទូលាយប្រព័ន្ធផ្សាយវិទ្យុ ទូរទស្សន៍ ។គណបក្សសង្គ្រោះជាតិចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិត្រូវតែជារបស់អ្នកទំាងអស់គ្នា មិនមែនរបស់គណបក្សកាន់អំណាចតែឯងនោះទេ ។ លោក កឹម សុខា ថ្លែងទៀតថា ចំពោះការបង្កើតស្ថានីយទូរទស្សន៍គណបក្សសង្គ្រោះជាតិនោះ វាមិនមែនជាបញ្ហានោះទេ គ្រាន់តែបើកជាមួយបណ្តាក្រុមហ៊ុនឯកជននោះ ប៉ុន្តែគណបក្សសង្គ្រោះជាតិចង់ឱ្យមានលក្ខខណ្ឌច្បាស់លាស់មិនមែនបើកហើយចង់ដកឈប់ឱ្យបើកពេលណាក៏បាននោះឡើយ ។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិមានបំណងកែទម្រង់ការបោះឆ្នោត ដោយកន្លងមកគណបក្សសង្គ្រោះជាតិបានបន្ទន់ឥរិយាបថចរចាជាមួយគណបក្សប្រជាជនកម្ពុជា មិនលើកយកការកំណត់បោះឆ្នោតសាជាថ្មីនៅថ្ងៃណាមួយច្បាស់លាស់នោះទេ ។
លោក កឹម សុខា បង្ហាញថា គណបក្សសង្គ្រោះជាតិមិនចង់ឱ្យមានការជាប់គំាងនោះទេ ចំពោះការចរចា ប្រសិនបើគណបក្សប្រជាជនកម្ពុជាចង់ឱ្យមានការបោះឆ្នោតមួយត្រឹមត្រូវ ។ ការខ្វែងគំនិតគ្នាត្រង់គណបក្សសង្គ្រោះជាតិចង់បាន២ភាគ៣ និងគណបក្សប្រជាជនកម្ពុជាចង់រក្សា៥០បូក១នោះ កាលពីពេលថ្មីៗនេះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានព្រមានឈប់ចរចាថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ការខ្វែងគំនិតយក២ភាគ៣ទៀតនឹងឈប់មានការចរចាហើយ ។ គេហទំព័រមួយបានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាព្រមានគណបក្សសង្គ្រោះជាតិថា ការចរចានឹងមិនមានទៀតទេ បើគណបក្សសង្គ្រោះជាតិនៅតែរក្សាការទាមទារចំពោះការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប អនុម័តដោយសំឡេង២ភាគ៣នៃសំឡេងសមាជិករដ្ឋសភាទាំងមូលនោះ ។
ការលើកឡើងដូច្នេះ បន្ទាប់ក្រុមការងារគណបក្សជាប់ឆ្នោតទាំងពីរបានជួបគ្នាកាលពីថ្ងៃទី១២ មិថុនា ដោយបានព្រមព្រៀងគ្នាបង្កើតជំពូកទី១៥ថ្មី បន្ថែមនៅក្នុងរដ្ឋធម្មនុញ្ញដាក់ស្ថាប័នបោះឆ្នោតជាតិជាស្ថាប័នធម្មនុញ្ញ ។ ប៉ុន្តែគណបក្សទាំងពីរបានខ្វែងគំនិតគ្នាលើនីតិវិធីអនុម័តការបោះឆ្នោតជ្រើសរើសសមាសភាពគ.ជ.ប ដោយសំឡេង២ភាគ៣ និងការអនុម័តដោយសំឡេងច្រើនដាច់ខាតក្នុងសភា ។ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេស្រង់សម្ដីកាលពីពេលថ្មីៗនេះថា បើសិនជាតំណាងគណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរទាមទារដដែល គឺទាមទារឲ្យការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប អនុម័តដោយសំឡេង២/៣នៃសមាជិកសភានោះ ការជួបគ្នាចរចាបន្តនឹងមិនមានទៀតទេ ។
លោកបញ្ជាក់ថា «បើគាត់មិនចង់មានដំណោះស្រាយទេ មានតែបន្តអីុចឹងមួយអាណត្តិ ហើយ យើងឯកភាពគ្នាហើយទម្រង់ការបោះឆ្នោត យើងឱ្យជាស្ថាប័នមួយឯករាជ្យដោយចែង១ជំពូកទៀតនៅក្នុងរដ្ឋធម្មនុញ្ញទៀត យើងព្រមទាំងអស់ តែបើគាត់មិនព្រមទៀតយើងក៏មិនដឹងធ្វើម៉េចដែរ» ។ លោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគឯករាជ្យបានថ្លែងថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិគឺជាការចង់ឱ្យមានស្ថាប័ន គ.ជ.ប ឯករាជ្យ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាជាអ្នកចំណេញ ព្រោះថាគណបក្សប្រជាជនជាប់គាំងតែស្ថាប័ន គ.ជ.ប តែអំណាចនៅតែបន្តទៅមុខទៀត ។ ការជាប់គាំងនេះ បើ គ.ជ.ប មិនដំណើរការបោះឆ្នោតជាថ្មីមិនអាចទៅរួច ដូច្នេះគណបក្សប្រជាជនចំណេញដែលគណបក្សសង្គ្រោះជាតិ គួរតែគិតគូរពីបញ្ហានេះ។
លោកសុខ ទូច បន្តថា ប្រសិនបើគណបក្សទាំងពីរមានបំណងចរចាគ្នានោះ ពិតជាមានផ្លូវសម្រាប់ដោះស្រាយ ប៉ុន្តែការចរចារវាងគណបក្សទាំងពីរកន្លងមកនេះ ជាការចរចាគ្មានគោលការណ៍ច្បាស់លាស់ ពីព្រោះធ្វើឡើងគ្មានអ្នកសម្របសម្រួល គ្មានគោលបំណង និងធ្វើឡើងដោយគ្មានការរំពឹងទុកជាដើម ៕
0 យោបល់:
Post a Comment