សំនួរ ទាក់ទងនឹងការបោះឆ្នោត




សំនួរចម្លើយ​ទាក់ទង​នឹង​ការបោះឆ្នោត​ជាតិ
​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា ប្រព្រឹត្តទៅ​តាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​(​ច​.​ប​.​ត​.​រ​)​។​

​តើ​ការបោះឆ្នោត​ធ្វើឡើង​នៅពេល​ណា​?
​ការបោះឆ្នោត​ជាតិ​ធ្វើ​ឡើង​រាល់​៥​ឆ្នាំ​ម្តង នៅ​ថ្ងៃ​អាទិត្យ តាម​កាលបរិច្ឆេទ​កំណត់ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​។​

​អ្នកណា​ជា​អ្នក​រៀបចំ​ការបោះឆ្នោត​?
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) គឺជា​ស្ថាប័ន​ទទួល​បន្ទុក​រៀបចំ​កា​រ​បោះឆ្នោត​។​

​គ​.​ជ​.​ប មាន​សាខា​របស់​ខ្លួន​គឺ​គណៈកម្មការ​រាជធានី​/​ខេត្ត​រៀបចំ​ការបោះឆ្នោត (​ក​ធ​/​ខ​ប​) គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​/​សប​) និង គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះឆ្នោត​និង រាប់​សន្លឹកឆ្នោត (​គ​កប​/​គករ​)​។​

​តើ​នរណា​ខ្លះ​អាច​បោះឆ្នោត​បាន​?
​អ្នកបោះឆ្នោត​ត្រូវតែ​ជា​ពលរដ្ឋ​កម្ពុជា មាន​អាយុ​១៨​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​នៅ​ថ្ងៃ​បោះឆ្នោត និង​មាន​ទីលំនៅ​ក្នុង​ឃុំ​/​សង្កាត់ ទី​ដែល​គេ​ចង់​បោះឆ្នោត​។ លើសពីនេះ អ្នកបោះឆ្នោត​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​​នៅ​ការិយាល័យ​បោះ​ឆ្នោត​តែ​មួយ​ប៉ុណ្ណោះ​។ ពលរដ្ឋ​កម្ពុជា​ដែល​មាន​ទីលំនៅ​លើស​ពី​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​ជ្រើសរើស​ទីលំនៅ​ណាមួយ​ដើម្បី ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​។ អ្នក​​ជាប់ពន្ធ​ធនាគារ និង​ជន​វិកលចរិត​មិនត្រូវ​អនុញ្ញាតិ​ឲ្យ​បោះឆ្នោតទេ​។​

​បញ្ហា​ប្រឈម​មួយ​ដែល​អ្នកបោះឆ្នោត ដូច​ជា​កម្មករ​រោងចក្រ ខ្លះ​បាន​ជួបប្រទះ គឺ​ទី​លំនៅ​នៅក្នុង​អត្តសញ្ញាណប័ណ្ណ​សម្គាល់រ​បស់​គេ គឺ​ទី​កន្លែង​កំណើត​របស់​គេ ផ្ទាល់​តែម្តង ពោល​គឺ​ផ្សេង​ពី​ទី​ដែល​គេ​កំពុង​​ស្នាក់នៅ​។ ការ​នេះ​មានន័យ​ថា​គេ​ត្រូវតែ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ដំបូង​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​បន្ទាប់មក​ដើម្បី​ទៅ​បោះឆ្នោត​។​

​តើ​ខ្ញុំ​អាច​បោះឆ្នោត​បាន​ទេ បើ​ខ្ញុំ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​កម្ពុជា​?
​បច្ចុប្បន្ន ការបោះឆ្នោត​ធ្វើឡើង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ មានន័យ​ថា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​មិន​អាច​បោះឆ្នោត​ពី​បរទេស​បាន​ទេ បើ​ទោះបីជា​គេ​មាន​សិទ្ធិ បោះ​ឆ្នោត​ក៏​ដោយ​។​

​តើ​ខ្ញុំ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​របៀប​ណា​?
​ពលរដ្ឋ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន តែ​នៅ​ក្នុងអំឡុងពេល​ដែល​កំណត់ដោយគ​.​ជ​.​ប​ប៉ុណ្ណោះ​។ តាម​ធម្មតា ការចុះឈ្មោះ​បោះឆ្នោត​ធ្វើឡើង​នៅ​រវាង​ខែតុលា និង ធ្នូ​ដោយ​រយៈពេល​ចុះឈ្មោះ​ពិតប្រាកដ​​ខុសគ្នា​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយទៀត ទៅតាម​សេចក្តីសម្រេច​របស់​គ​.​ជ​.​ប​។​

​ដើម្បី​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន អ្នក​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​ឃុំ​/​សង្កាត់​ក្នុង​អំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ អ្នក​ត្រូវ​បង្ហាញ​ឯកសារ ដើម្បី​បញ្ជាក់​ថា​អ្នក​ជា​ពលរដ្ឋ​កម្ពុជា​​មាន​អាយុ​១៨​ឆ្នាំ​ឬ​លើសពី​នេះ​នៅ​ថ្ងៃ​បោះឆ្នោត និង​មាន​ទីលំនៅ​ក្នុង​ឃុំ​/​សង្កាត់​ដែល​អ្នក​មាន​គម្រោង​ទៅ​បោះឆ្នោត​។​

​ប្រសិនបើ​ខ្ញុំ​បាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ តើ​ខ្ញុំ​ធ្វើ​ដូចម្តេច​ដើម្បី​ធានា​ថា​ខ្ញុំ​ពិតជា​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​?
​អ្នក​អាច​ធ្វើការ​ផ្ទៀងផ្ទាត់ ថា​តើ​ឈ្មោះ​របស់​អ្នកមាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត តែ​នៅក្នុង​អំឡុងពេល​នៃ​ការចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ដូចដែល​បាន កំណត់​ដោយ​គ​.​ជ​.​ប​តែប៉ុណ្ណោះ និង​នៅ​ទីកន្លែង​ដែល​អ្នក​បាន​ទៅ​ចុះ​ឈ្មោះ​នោះ​។ ប្រសិនបើ​អ្នក​រក​ឈ្មោះ​ខ្លួនឯង​មិន​ឃើញ​នៅក្នុង​បញ្ជី​បោះឆ្នោត អ្នក​ត្រូវ​ប្តឹង ភ្លាមៗ​ទៅកាន់​ភ្នាក់ងារ​បោះឆ្នោត​ដែល​ពាក់ព័ន្ធ​។ បន្ទាប់​ពី​អំឡុងពេល​​នៃ​ការចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​បាន​កន្លងផុត គ​.​ជ​.​ប​ជាទូទៅ​មិន​ទទួល​បណ្តឹង ទាំងនោះ​ទៀត​ទេ​។ បច្ចុប្បន្ន អ្នកបោះឆ្នោត​ក៏​អាច​ស្វែងរក​ឈ្មោះ​របស់​ខ្លួនឯង​បាន​នៅ​លើ​គេហទំព័រ​របស់​ ​គ​.​ជ​.​ប ​ផងដែរ​។​

​តើ​ខ្ញុំ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ទីណា​?
​អ្នក​អាច​ទៅ​បោះឆ្នោត​បាន​តែ​នៅតាម​ការិយាល័យ​បោះឆ្នោត ដែល​មានឈ្មោះ​របស់​អ្នក​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​តែប៉ុណ្ណោះ​។ គ​.​ជ​.​ប​នឹង​បង្កើត​ការិយាល័យ បោះឆ្នោត​យ៉ាង​ហោច​ណាស់​មួយ​​នៅក្នុង​ឃុំ​/​សង្កាត់​និមួយៗ​។ ការិយាល័យ​មួយ នឹង​ត្រូវ​មាន​អ្នកបោះឆ្នោត​មិន​លើស​ពី​៧០០​នាក់​ទេ​។ តាមច្បាប់ ឈ្មោះ​និង​ទីតាំងនៃ​ការិយាល័យ​បោះឆ្នោត និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ហោច​​ណាស់​៣០​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត​។​

​តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​តាម​ខ្លួន​នៅ​ថ្ងៃ​បោះឆ្នោត​?
​អ្នក​ត្រូវ​តម្រូវ​ឲ្យ​យកឯក​សារ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​។ ឯកសារ​នោះ​អាច​ជា​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅ​គ្រួសារ សៀវភៅ​កំណើត អត្តសញ្ញាណប័ណ្ណ​ទាហាន អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល អត្តសញ្ញាណប័ណ្ណ​នគរ​បាល​ជាតិ សង្ឃដីកា និង​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដែល​ចេញ​ដោយ អាជ្ញាធរ ឃុំ​/​សង្កាត់​ជាដើម​។​

​ប្រសិនបើ​ខ្ញុំ​បាន​ពិនិត្យ​ផ្ទៀតផ្ទាត់​ឈ្មោះ​របស់​ខ្ញុំ​រួចរាល់​ហើយ​មុន​ថ្ងៃ​បោះឆ្នោត ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​ទៅដល់​ការិយាល័យ​បោះឆ្នោត ពុំ​មាន​ឈ្មោះ​របស់​ខ្ញុំ​នៅ​ទីនោះ​?
​បើ​ទោះបីជា​ច្បាប់​បោះឆ្នោត​ពុំ​បាន​បញ្ជាក់​ដោយ​ចំៗ ថា​តើ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត និង​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​ខ្លួន​រួច​ហើយ ត្រូវធ្វើ​ដូច​ម្តេច នៅពេលដែល​គេ​មិន​អាច​រក​ឈ្មោះ​​របស់​ខ្លួនឯង​ឃើញ​នៅតាម​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ក៏​ដោយ ច្បាប់​នេះ​បានចែង​ថា​ជន​ណា​ក៏​ដោយ អាច​ធ្វើ ពាក្យបណ្តឹង​ទៅកាន់​ភ្នាក់ងារ​រៀបចំ​ការបោះឆ្នោត​ដែល​ពាក់ព័ន្ធ និង​​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ អំពី​បញ្ហា​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​។​

​អ្នក​ណា​ខ្លះ​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​?
​អ្នក​ដែល​ចង់​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​រដ្ឋសភា ត្រូវ​មាន​សញ្ជាតិ​កម្ពុជា​ពី​កំណើត មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​បោះឆ្នោត និង​មាន អាយុ​យ៉ាងតិច​២៥​ឆ្នាំ​នៅ​ថ្ងៃ​បោះឆ្នោត និង​ត្រូវ​​ទទួលបាន​ការតែងតាំង​ដោយ​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​។​

​មាន​អ្នកខ្លះ​មិន​ត្រូវ​អនុញ្ញាតិ​ដោយ​ច្បាប់​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ទេ ដូចជា​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​តុលាការ មន្ត្រី​គ​.​ជ​.​ប កងកម្លាំង​នគរបាលជាតិ មន្ត្រី​កង​យុទ្ធ ពល​ខេមរភូមិន្ទ ក្នុង​មុខតំណែង​ ​និង​បព្វជិត្វ​សាសនា​។ លើសពីនេះ អ្នក​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ពី​បទឧក្រិដ្ឋ​ឬ​មជ្ឈិម ហើយ​ដែល​មិនទាន់ មាន​នីតិសម្បទា​ឡើងវិញ ក៏​មិន​អាច​ចូលរួម​ប្រកួតប្រជែង​​ក្នុង​ការបោះឆ្នោត​បានដែរ​។​

​គណបក្ស​ណា​ខ្លះ​ដែល​អាច​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​?
​គណបក្ស​ដែល​ចង់​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត ត្រូវតែ​ចុះឈ្មោះ​ជាមួយនឹង​គ​.​ជ​.​ប ក្នុងអំឡុងពេល​៧០​ថ្ងៃ​មុន​ការបោះឆ្នោត​មកដល់​។ គ​.​ជ​.​ប​ត្រូវ ចេញ​សេចក្តីសម្រេច​លើ​ពាក្យសុំ​ចុះ​​ឈ្មោះ ក្នុងអំឡុងពេល​៧​ថ្ងៃ​បន្ទាប់​ពី​ទទួលបាន​ពាក្យសុំ​នោះ​។ គ​.​ជ​.​ប​ត្រូវ​ជម្រាប​ដល់​គណបក្ស ក្នុងករណី​ពាក្យសុំ​នោះ មានការខ្វះចន្លោះ​។ គណបក្ស​មាន​ពេល​៥​ថ្ងៃ​ដើម្បី​បំពេញបន្ថែម សេចក្តី​​ខ្វះចន្លោះ​នោះ​។

​ចំពោះ​គណបក្ស​ដែល​ពាក្យសុំ​ចុះ​ឈ្មោះ​របស់​ខ្លួន ត្រូវបាន​បដិសេធ​ដោយ​គ​.​ជ​.​ប មាន​សិទ្ធិ​ប្តឹងតវ៉ា​ក្នុង​រយៈពេល​៥​ថ្ងៃ បន្ទាប់​ពី​គ​.​ជ​.​ប​បានចេញ​សេចក្តីសម្រេច នោះ​។ ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ត្រូវ​ចេញ​សេចក្តីសម្រេច​ទៅលើ​បណ្តឹងតវ៉ា ក្នុងអំឡុងពេល​១០​ថ្ងៃក្រោយ​ទទួលបាន​បណ្តឹងតវ៉ា​។​

​តើ​មាន​គោលការណ៍​អ្វីខ្លះ​ទាក់ទង​នឹង​ការឃោសនាបោះឆ្នោត​?
​គោលដៅ​នៃ​ការឃោសនាបោះឆ្នោត គឺ​ផ្តល់​ឧិ​កាស​ឲ្យ​គណបក្សនយោបាយ និង​បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត បញ្ចេញ​គំនិត​របស់​គេ ទៅកាន់​អ្នកបោះឆ្នោត ក្នុង​​លក្ខណៈ​បើកចំហ និង​ដោយ​សន្តិភាព​។ គណបក្ស​នយោបាយ​ឬ​បេក្ខជន មិនត្រូវ​ប្រើប្រាស់​ការ​គម្រាមកំហែង បំភិតបំភ័យ ឬ ហឹង្សា ប្រឆាំង​នឹង​ពលរដ្ឋ គណបក្សនយោបាយ ឬ បេក្ខជន​ដទៃទៀត​ ​ឬ​ញុះញង់​អ្នកគាំទ្រ​ខ្លួន​ឲ្យធ្វើ​របៀប​នេះ​ជំនួស​ខ្លួន​ទេ​។ ការពិន័យ​សម្រាប់​សកម្មភា​ពខុស​ច្បាប់ទាំង នេះ​រួម​មាន​ការហាមឃាត់​មិនឲ្យ​ចូលរួម​បោះឆ្នោត និង​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត ក៏​ដូច​ជា​ការ​​ផាក​ពិន័យ​ជា​ប្រាក់​ក្នុង​ចន្លោះ​ពី​៥​លាន​ទៅ​២៥​លាន​រៀល​។

​គណបក្សនយោបាយ​និង​បេក្ខជន អាច​ជួល​រោងកុន​រដ្ឋ​ឬ​ឯកជន កីឡាដ្ឋាន សួន​សាធារណៈ និង​សាលប្រជុំ​នានា ដរាបណា​គេ​បាន​ដាក់​ពាក្យសុំ​ប្រើប្រាស់​ទីតាំង ទាំង​នេះ​យ៉ាងតិច​៣​ថ្ងៃ​មុន​ពេល​ព្រឹត្តិការណ៍​នេះ​​ចាប់ផ្តើម​។ ​គណបក្ស​និង​បេក្ខជន​ត្រូវបញ្ជូន​ច្បាប់​ចម្លង​ពាក្សសុំ​មួយ​ច្បាប់​ទៅ​កាន់​គណៈកម្ម​ការបោះឆ្នោត​ឃុំ​/​សង្កាត់ ។ ម្ចាស់​ទីកន្លែង​ត្រូវ​ឆ្លើយតប​ទៅ​កាន់​អ្នកដាក់ពាក្យសុំ ក្នុងអំឡុងពេល​២៤​ម៉ោង​បន្ទាប់ពី​ទទួលបាន​ពាក្យសុំ​នោះ​។ ការប្រើប្រាស់​អាគា​រដ្ឋ និង​យានយន្ត​ក្នុង គោល ដៅ​ឃោសនា​បោះឆ្នោត​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​។​

​ការឃោសនាបោះឆ្នោត​មាន​រយៈពេល​៣០​ថ្ងៃ ហើយ​គ្រប់​សកម្មភាព​ឃោសនា ត្រូវ​បញ្ចប់​២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។​

​តើ​មាន​គោលការណ៍​អ្វីខ្លះ​ទាក់ទង​នឹង​ការទទួល​បាន​ពត៌មាន​បោះឆ្នោត​?
​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ដោយ​រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ទូរទស្សន៍ និង​វិទ្យុ ត្រូវ​ផ្សព្វផ្សាយ​ពត៌មាន​តាម​ការ​សំណើ​របស់​គ​.​ជ​.​ប ដោយ​ឥតគិតថ្លៃ ដើម្បី​ផ្សព្វផ្សាយ​សកម្មភាព​ទាក់ទង​​នឹង​ការបោះឆ្នោត និង​ដើម្បី​អប់រំ​អ្នកបោះឆ្នោត​។​

​តាមច្បាប់ គ​.​ជ​.​ប​ត្រូវ​ផ្សព្វផ្សាយ​សារ​នយោបាយ​របស់​គណ​បក្ស​ចូលរួម​ប្រកួតប្រជែង​ដោយ​ផ្អែកលើ​គោលការណ៍​”​អ្នក​មក​មុន នឹង​ត្រូវ​ទទួល​បានកា​រ​ផ្សព្វផ្សាយ មុនគេ​”​។​

​តើ​ក្រុម​ណាខ្លះ​ធ្វើការ​ទាក់ទង​នឹង​ការតាមដាន និង​សង្កេតការណ៍​បោះឆ្នោត​?
​ក្រុម​តាមដាន និង​សង្កេតការណ៍​បោះឆ្នោត​គឺជា​ក្រុម​មិន​ប្រកាន់​បក្សនយោបាយ ដែល​ធ្វើការ​សង្កេត​វិភាគ និង​រាយការណ៍​អំពី​សកម្មភាព​ទាក់ទង​នឹង​ការបោះឆ្នោត មុនពេល ក្នុងអំឡុងពេល និង​ក្រោយ​​ពេល​បោះឆ្នោត​។ ខាងក្រោម​គឺជា​ឧទាហរណ៍​នៃ​ក្រុមខ្លះៗ​ដែល​ធ្វើ​កិច្ចការ​ដូចដែល​បាន​រៀបរាប់​ពី​ខាងដើម​៖

គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL): http://www.comfrel.org/eng/
​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI):http://www.ndi.org/cambodia
​គណៈកម្មាធិការ​អព្យាក្រឹត និង យុត្តិធម៏​សំរាប់​ការបោះឆ្នោតដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​(NICFEC): http:///www.nicfec.wordpress.com/
​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី (ANFREL): http://anfrel.org/category/country-profiles/cambodia/

តើ​អ្នក​សង្កេតការណ៍​បោះឆ្នោត​គឺជា​អ្នកណា​?
​បុគ្គល​ដែល​ជា​”​អ្នកសង្កេតការណ៍​”​អាច​តាមដាន​រាល់​សកម្មភាព​បោះឆ្នោត​មុនពេល ក្នុងអំឡុងពេល​ ​និង​ក្រោយពេល​នៃ​ការបោះឆ្នោត​។ អ្នកសង្កេតការណ៍​មាន ប្រភេទ​ផ្សេងៗ​គ្នា​។ អ្នកសង្កេតការណ៍​​នយោបាយ​គឺជា​ភ្នាក់ងារ​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត ហើយ​ដើរតួ​​នាទី​ជា​អ្នកតំណាង​ឲ្យផល ប្រ យោ​ជន៍​គណបក្ស​នយោបាយ​របស់​គេ​រៀងៗ​ខ្លួន​។ គណបក្សនយោបាយ​ ​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត អាច​បញ្ជូន​អ្នកសង្កេតការណ៍​ពីរ​នាក់ សម្រាប់ ការិយាល័យបោះឆ្នោត​​និ​មួយៗ​។​

​រដ្ឋាភិបាល​បរទេស អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ក៏​អាច​បញ្ជូន​អ្នកសង្កេតការណ៍​​ឯករាជ្យ​មក​ចូលរួម​ដែរ​។ អ្នកសង្កេតការណ៍​ឯករាជ្យ ជា​អ្នក​ដែល មិនប្រកាន់​បក្សនយោបាយ និង​​ទទួលបន្ទុក​សង្កេតការណ៍​រាល់​សកម្មភាព​បោះឆ្នោត​ទាំងអស់ ដោយ​អព្យាក្រិត្យ​និង​មិន​លម្អៀង​។​

​អ្នកសង្កេតការណ៍​ទាំងអស់​ត្រូវតែ​ទ​ទូល​បាន​ការយល់ព្រម​ពី​គ​.​ជ​.​ប ដើម្បី​អាច​សង្កេតការណ៍​បាន ហើយ​ត្រូវមាន​ប័ណ្ណ​សង្កេតការណ៍​បោះឆ្នោត​ដែល​ចេញ​ដោយ​គ.ជ​.​ប ក្នុងអំឡុងពេល​បេសកកម្ម​​របស់គេ​។ អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ អាច​ធ្វើ​ដំណើរ​សង្កេត​នៅទីណា​ក៏បាន​ក្នុងប្រទេស​​កម្ពុជា ដោយ​មិន​ចាំបាច់ ត្រូវការ​ការអនុញ្ញាតិ​ជាមុន​។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​ជាតិ ត្រូវតែ​សង្កេតការណ៍​​នៅក្នុង​ខេត្ត​/​ក្រុង​ដែល​គេ​ត្រូវ​បាន​អនុញ្ញាតិ​រួចហើយនោះ​តែប៉ុណ្ណោះ​។​

​ប្រសិនបើ​អ្នក​ចង់​ក្លាយខ្លួនជា​អ្នកសង្កេតការណ៍​ឯករាជ្យ អ្នក​អាច​ស្វែងរក​មើល​ពត៌មាន​បន្ថែ​ម​ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​គ​.​ជ​.​ប ឬក៏​គេហទំព័រ​របស់ ខម​ហ្វ្រែល​។​

​តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច ប្រសិនបើ​ខ្ញុំ​មាន​បណ្តឹង​ទាក់ទង​នឹង​ការបោះឆ្នោត​?
​តាម​ច្បាប់​បោះឆ្នោត ជាដំបូង អ្នក​អាច​ធ្វើ​ពាក្យបណ្តឹង​ទៅ​កាន់​គណៈកម្មការ​បោះឆ្នោត​ឃុំ​/​សង្កាត់​(​គឃ​/​សប​) ទី​ដែល​បញ្ហា​នោះ​បាន​កើតឡើង​។ ប្រសិនបើ​អ្នក មិនពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​ ​គឃ​/​សប អ្នក​អាច​ប្តឹងតវ៉ា​ទៅ​កាន់​គណៈកម្មការ​ជាតិ​បោះឆ្នោត​រាជធានី​/​ខេត្ត​(​គ​ធ​/​ខ​ប​)​។ ប្រសិនបើ​​អ្នក​នៅ​តែ​មិន​ពេញចិត្ត នឹង​សេចក្តីសម្រេច​នេះ អ្នក​អាច​ប្តឹងតវ៉ា​បន្ត​ទៅ​កាន់​គ​.​ជ​.​ប​។ ក្រៅពីនេះ អ្នក​​ក៏​អាច​ធ្វើ​ពាក្យបណ្តឹង​ដោយ​ផ្ទាល់​ទៅកាន់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ផងដែរ​។​

​តើ​ខ្ញុំ​អាច​ទទួលបាន​ចំណេះដឹង​ទាក់ទង​នឹង​ការបោះឆ្នោត​បន្ថែម​ទៀត​តាម​វិធី​ណា​?
​មាន​ក្រុម​មួយចំនួន​នៅ​កម្ពុជា ដែល​មាន​កម្មវិធី​ទាក់ទង​នឹង​ការអប់រំ​អ្នកបោះឆ្នោត​។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយចំនួន អំពី​ក្រុម​ទាំងនោះ​៖ ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត​: http://www.necelect.org.kh/nec_english/

​កម្មវិធី​ឡូយ​៩ របស់​ប៊ី​ប៊ី​ស៊ី​(​កម្មវិធី​វិទ្យុ​និង​ទូរទស្សន៍​ដែល​មាន​គោលដៅ​ចែករម្លែក​ពត៌មាន​ទាក់ទង​​នឹង​ការចូលរួម​របស់​ពល​រដ្ឋ ដោយ​រួមទាំង​ការបោះឆ្នោត​ផង​)៖http://www.bbc.co.uk/mediaaction/publicationsandpress/research_cambodia_loy9_page.html

​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ខុម​ហ្វ្រែល​:
http://www.comfrel.org/eng/index.php?option=com_content&view=category&layout=blog&id=136&Itemid=1054

(​អត្ថបទ​នេះ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី៧​ ខែសីហា ឆ្នាំ២០១៣)
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment