ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី16 មិថុនា 2014, 09:38 PM
រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរអនុញ្ញាតឲ្យមន្ត្រីរាជការឈប់សម្រាកមួយថ្ងៃ គឺនៅថ្ងៃទី១១ខែកក្កដា ដែលជាថ្ងៃគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋ។
សារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី១២ខែមិថុនា ឲ្យដឹងថា ការដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១០,១១និង១២ខែកក្កដាឆ្នាំ២០១៤។ សារាចរបន្តថាដើម្បីឲ្យមានឱកាសចូលរួមសម្តែងការគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិក និយោជិត កម្មករ ឈប់សម្រាកមួយថ្ងៃគឺនៅថ្ងៃសុក្រទី១១ខែកក្កដា។
សារាចរឲ្យដឹងទៀតថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន ព្រមទាំងកន្លែងកំសាន្តសប្បាយ ត្រូវផ្អាកការផ្សាយនូវទស្សនីយភាពការសម្តែង និងការប្រគំតន្ត្រីផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងក្នុងថ្ងៃទី១១ខែកក្កដា ដែលជាថ្ងៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ។សារាចរឲ្យដឹងទៀតថា នៅរាជធានីភ្នំពេញ គ្រប់ខេត្ត និងគ្រប់ទីប្រជុំជន និងគ្រប់វត្តអារាម ត្រូវចាត់តាំងដោតទង់ជាតិ ទង់សាសនា ទង់ជ្វាលា ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី និងថ្វាយព្រះរាជកុសល និងគោរពវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ។
ក្បួនដង្ហែព្រះបរមអដ្ឋិ«ព្រះបរមរតនកោដ្ឋ» នឹងចាប់ផ្តើមដោយថ្មើរជើងពីចំណុចទ្វារជ័យ បត់ឆ្វេងតាមមហាវិថីសុធារស បត់ឆ្វេងតាមវិថីសម្តេចព្រះធម្មលិខិតអ៊ុក បត់ឆ្វេងតាមមហាវិថីព្រះនរោត្តម ព័ទ្ធខាងលិចវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីសម្តេចព្រះសីហនុ បត់ឆ្វេងតាមមហាវិថីសម្តេចសុធារស និងចូលព្រះឧបោសថរតនារាមតាមទ្វារធំខាងកើត។
នៅថ្ងៃទី១១ខែកក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ នឹងត្រូវប្រារព្ធនៅទីតាំងនៅព្រះចេតិយនៃបរិវេណព្រះវិហារព្រះកែវមរកត។
ព្រះបាទនរោត្តមសីហនុ ប្រសូត្រនៅថ្ងៃអង្គារទី៣១ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ព្រះអង្គចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ខែតុលាឆ្នាំ ២០១២ វេលាម៉ោង១និង២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះរោគគាពាធ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ព្រះបរមរូបសម្តេចឪនៅខាងកើតវិមានឯករាជ្យ(រូបថតដោយតាំង វីដា)
0 យោបល់:
Post a Comment