លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បង់ក្លាដេស


លោកនាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ នៅ​ព្រលាន​យន្តហោះអន្ដរជាតិ កាល​ពី​ពេល​កន្លង​ទៅ
លោកនាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ នៅ​ព្រលាន​យន្តហោះអន្ដរជាតិ កាល​ពី​ពេល​កន្លង​ទៅ
RFI/Siv Channa

ដោយ ប៉ែន បូណា
ដូច​ការ​គ្រោង​ទុក លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដេស នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៦ ខែ​មិថុនា​នេះ។ អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មាន​កិច្ច​ព្រមព្រៀង​ចំនួន​៤ ដែល​ភាគី​ទាំង​ពីរ​គ្រោង​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​។ នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ ដែល​មាន​បំណង​ទិញ​អង្ករ​២​សែន​តោន​ក្នុង​មួយ​ឆ្នាំ​ពី​កម្ពុជា​។

សេចក្ដី​រាយការណ៍​របស់ ប៉ែន បូណា
 
16/06/2014

ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​ទៅ​កាន់​ប្រទេស​បង់ក្លាដេស មាន​រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​១៦ ដល់​១៨​មិថុនា។ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស លោកស្រី ហ្សេក ហាស៊ីណា ( Sheikh Hasina) ក្នុង​គោលដៅ​ពង្រឹង​ទំនាក់​ទំនង​ជា​ច្រើន​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា​។

ក្រសួង​ការ​បរទេស​បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​បង់ក្លាដេស នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្នា និង​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ផង​ដែរ​។ កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​ជា​រួម​មាន៖ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី, អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​វិទ្យាសាស្រ្ត និង បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម, កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​វប្បធម៌ និង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ជំរុញ និង ការ​ការពារ​វិនិយោគ​ផង​ដែរ​។

គណៈ​ប្រតិភូ​ដែល​អម​ដំណើរ​នាយករដ្ឋមន្រ្តី​រួមមាន លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ, លោក​ស្រី ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៀត​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បង់ក្លាដេស។ បង់ក្លាដេស​គឺ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ដែល​មាន​ប្រជាជន​ជាង ១៥០ លាន​នាក់​។

កាល​ពី​ខែ​មករា​ឆ្នាំ ២០០១ នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស លោកស្រី ហ្សេក ហស៊ីណា ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រួច​ហើយ​។ បន្ទាប់​មក ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១០ រដ្ឋមន្ត្រី​ការបរទេស​បង់ក្លាដេស លោក​ស្រី ឌីពូ ម៉ូនី បាន​អះអាង​ថា បង់ក្លាដេស​ចង់​ទិញ​អង្ករពី​កម្ពុជា​ចំនួន​២​សែន​តោន​ក្នុង​មួយ​ឆ្នាំ។ កម្ពុជា​និង​បង់ក្លាដេស ក៏​បាន​ចុះ​ហត្ថលេខា​លើក​លែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​លិខិត​ឆ្លង​ដែន​​ផ្លូវការ​ផង​ដែរ កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៣ កន្លង​ទៅ​៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment