ដោយ៖ ណាត សុភភាព | ថ្ងៃអង្គារ ទី24 មិថុនា 2014, 05:38 PM,
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកវិភាគលើកឡើងនៅថ្ងៃអង្គារនេះ ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី គួរបង្ហាញខ្សែអាត់សំឡេងសន្ទនាគ្នាតាមទូរស័ព្ទ ដែលពិភាក្សាពីការបោះឆ្នោតជ្រើសតាំងសមាជិក គជប ដែលនាំឲ្យបន្តខ្វែងគំនិតគ្នា ហើយភាគីទាំងពីរបកស្រាយខុសគ្នា។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និចហ្វិច) លោក ហង្ស ពុទ្ធា យល់ថា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ គួរបង្ហាញខ្សែអាត់សំឡេងឲ្យសាធារណៈជនបានដឹង ពីការពិភាក្សាគ្នា ដែលផ្តោតលើការបោះឆ្នោតជ្រើសតាំង សមាជិក គជប នោះ «ប្រសិនជាគណបក្សទាំងពីរ យល់ថាជាសង្គមប្រជាធិបតេយ្យ នោះគ្មានការបិទបាំងជាមួយប្រជាពលរដ្ឋទេ។ អ៊ីចឹងខ្ញុំគិតថា ប្រជាពលរដ្ឋជាអ្នកផ្តល់ការសម្រេចប្រសិនជាគណបក្សទាំងពីរ មិនអាចសម្រេចបាន ឧទាហរណ៍ថា ៥០ភាគរយបូកមួយ ឬក៏ពីរភាគបី ទាំងពីរនាក់សម្រេចមិនបាន អ៊ីចឹងទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេច»។
កាលពីថ្ងៃទី៩ ខែមេសា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី បានសន្ទនាគ្នាតាមទូរស័ព្ទ រយៈពេលប្រហែល ៤៤នាទី ផ្តោតលើការបោះឆ្នោតដោយសមាជិកសភាជ្រើសតាំងសមាជិក គជប។ បន្ទាប់មក លោក សម រង្ស៊ី បកស្រាយថា ភាគីទាំងពីរបានឯកភាពគ្នាប្រើរូបមន្ត២ភាគ៣ ហើយថាពេលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងយល់ព្រមជាឯកឆ័ន្ទគឺល្អជាងសំឡេង២ភាគ៣ទៅទៀត។
ប៉ុន្តែនៅថ្ងៃទី ១២ ខែមិថុនា ក្រុមការងារគណបក្សទាំងពីរ បានជួបចរចារគ្នាជាថ្មី ជុំវិញកំណែទម្រង់ការបោះឆ្នោតនេះ តែគណបក្សទាំងពីរខ្វែងគំនិតគ្នា ដោយភាគីគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា រីឯបក្សប្រជាជនកម្ពុជា ទាមទារយករូបមន្តសំឡេង៥០%បូក១។ លោកព្រំ សុខា ធ្លាប់ អះអាងថា លោកនាយករដ្ឋមន្ត្រីមិនបានឯកភាពសំឡេង២ភាគ ៣ ដូចការអះអាងរបស់លោក សម រង្ស៊ីទេ ដោយលោកយល់ថា លោក សម រង្ស៊ី ស្តាប់ច្រឡំ។
អ្នកវិភាគឯករាជ្យ លោកស្រី ជា វណ្ណាត លើកឡើងថា បើថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ មានឆន្ទៈដោះស្រាយភាពជាប់គាំនយោបាយនៅកម្ពុជា មិនមានអ្វីពិបាកនោះទេ គឺថ្នាក់ដឹកនាំគួរយកបញ្ហាដាក់លើតុជជែកគ្នា រកដំណោះស្រាយរួមមួយ ដើម្បីបញ្ចប់ជម្លោះនេះ «គ្មានការពន្លត់ទាំងពីរហ្នឹង។ ទោះជជែកគ្នាតាមទូរស័ព្ទក្តី លោកសុំជួបទល់មុខគ្នាទៅវិញទៅមកក្តី ដំណោះស្រាយបញ្ហាហ្នឹងទៅ ប្រសិនណាគណបក្សហ្នឹងរួមគ្នា ចែកការងារគ្នាធ្វើទៅ ប្រហែលជាដោះស្រាយបញ្ហាសង្គមបានច្រើន»។
កាលពីថ្ងៃទី១២ ខែមិថុនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឯកភាពគ្នាដោយដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កើតជំពូកថ្មីមួយទៀត គឺជំពូកទី១៥ ស្តីពីអង្គការរៀបចំការបោះឆ្នោត។ ប៉ុន្តែនៅតែមានការខ្វែងគំនិតគ្នាលើការបោះឆ្នោតសម្តែងការទុកចិត្តលើ សមាសភាព គ.ជ.ប ថ្មីនេះ ដោយភាគីគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា រីឯបក្សប្រជាជនកម្ពុជា ទាមទារសំឡេង៥០%បូក១៕
0 យោបល់:
Post a Comment